សង្គម​ស៊ីវិល​និង​គ.ជ.ប​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ពិនិត្យ​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ដោយ ដែន អយុធ្យា
2013-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។
ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។
RFA/Tin Zakariya

សារ​អំពាវ​នាវ​នេះ កើត​មាន​នៅ​គ្រា​កាលបរិច្ឆេទ​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​ ឬ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ឆ្នាំ​២០១៣​ របស់ គ.ជ.ប នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ខាង​មុខ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​កន្លង​មក​គ្មាន​ឈ្មោះ​បោះ​ឆ្នោត ដោយសារ​មាន​ការ​ធ្វេសប្រហែស​មិន​បាន​ទៅ​ពិនិត្យ​​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដែល គ.ជ.ប ធ្វើ​បច្ចុប្បន្នភាព​ជា​រៀង​រាល់​ឆ្នាំ។ ដូច្នេះ​ហើយ​បាន​ជា​អង្គការ​សង្គម​​ស៊ីវិល  អ្នក​នយោបាយ និង​មន្ត្រី គ.ជ.ប ដាស់​តឿន​ឲ្យ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ឲ្យ​បាន​គ្រប់​គ្នា។

​លោក​បណ្ឌិត ហង្ស ពុទ្ធា​ ជា​នាយក​​ប្រតិបត្តិ​​គណៈកម្មាធិការ​អព្យាក្រឹត​និង​ឯករាជ្យ​ដើម្បី​ការ​បោះ​ឆ្នោត​​ដោយ​​​​​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា និចហ្វិក (NICFEC)។ លោក​បាន​ចាត់​ទុក​ការ​ងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់ គ.ជ.ប ថា​មាន​សារសំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប ព្រោះ​នាំ​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ​ឬ​បោះ​ឆ្នោត​សភា​​​​នៅ​ថ្ងៃ​អនាគត។

ផ្ដើម​ពី​បញ្ហា​នេះ លោកបណ្ឌិត ហង្ស ពុទ្ធា ​ទទូច​ដល់​ប្រជាពលរដ្ឋ ពិសេស​​​​យុវជន​ដែល​ទើប​គ្រប់​អាយុ​បោះ​ឆ្នោត ត្រូវ​​ទៅ​ពិនិត្យ​បញ្ជី និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​​គ្នា​ នៅ​តាម​ឃុំ-​សង្កាត់​ ក្នុង​មូលដ្ឋាន​ខ្លួន​​រស់​នៅ នៅ​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា ខាង​មុខ៖ «ប្រតិទិន​គឺ​ដល់​ពេល​ចុះ​ឈ្មោះ​ប្រចាំ​ឆ្នាំ​ទៀត​ហើយ សម្រាប់​ការ​បោះ​ឆ្នោត។ គោរព​អញ្ជើញ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ សូម​ចំណាយ​ពេល​វេលា​ជា​ចាំបាច់ ដើម្បី​ទី​១ ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត បើ​សិន​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​ត្រូវ​តែ​ដោះស្រាយ ឬ​ក៏​ធ្វើ​ពាក្យ​បណ្ដឹង​ដើម្បី​ជម្រាប​ជូន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ឬ​ក៏​ស្មៀន​ឃុំ​សង្កាត់ កែ​សម្រួល ឬ​ក៏​ចុះ​ឈ្មោះ​ឡើង​វិញ​ជា​ការ​ចាំបាច់។ ហើយ​ទី​២ ប្រជាពលរដ្ឋ​ត្រូវ​តែ​រក្សា​ទុក និង​ត្រូវ​តែ​ដឹង​ឲ្យ​ច្បាស់​ថា តើ​ឯកសារ​ណា​ខ្លះ​ដែល​ខ្លួន​អាច​យក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន។ ធ្វើ​យ៉ាង​នេះ​គឺ​ពលរដ្ឋ​នឹង​បាន​បំពេញ​តួនាទី​ជា​ម្ចាស់​ឆ្នោត​ដោយ​ត្រឹមត្រូវ»

ប្រធាន​គណៈកម្មការ​សហជីព​សេវាកម្ម​អាស៊ាន ប្រចាំ​កម្ពុជា លោក ភួង សុវណ្ណ ក៏​បាន​ផ្ញើ​សារ​ទៅ​មន្ត្រី​រាជការ​គ្រប់​ក្រសួង​ស្ថាប័ន និង​ប្រជាពលរដ្ឋ ពិសេស​​យុវជន ត្រូវ​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជា​ថ្មី​ទៀត នៅ​តាម​ឃុំ-សង្កាត់​ខ្លួន​រស់​នៅ​កុំ​បី​ខាន។ លោក​ថា ពលរដ្ឋ​មិន​ត្រូវ​ខក​ខាន​ក្នុង​ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​នេះ​ទេ ព្រោះ​បើ​ធ្វេសប្រហែស នឹង​មិន​មាន​ឈ្មោះ​បោះ​ឆ្នោត​​​នៅ​ពេល​ខាង​មុខ​ទៀត​ទេ។

លោក ភួង សុវណ្ណ៖ «រួសរាន់​ឡើង ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​ឡើង​វិញ ដើម្បី​កាត់​បន្ថយ​ជម្លោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ទៀត។ នេះ​មាន​សារសំខាន់​ណាស់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បំពេញ​នូវ​កាតព្វកិច្ច​ឲ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី និង​ម្ចាស់​អំណាច ឬ​ជា​អ្នក​កំណត់​ជោគវាសនា​អនាគត​ប្រទេស​ជាតិ​ខ្លួន​នោះ»

ដូច​គ្នា​ដែរ លោក សន ជ័យ ជា​មន្ត្រី​សម្របសម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​ប្រចាំ​អាស៊ី​ប៉ូព៌ា និង​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា ​ថ្លែង​ថា ពលរដ្ឋ​ទូទៅ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត មិន​ថា​ពលរដ្ឋ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ ឬ​យុវជន​ដែល​ទើប​គ្រប់​អាយុ​បោះ​ឆ្នោត​ទេ ដាច់​ខាត​ត្រូវ​តែ​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ទាំង​អស់​គ្នា​នៅ​ឆ្នាំ​២០១៣​នេះ។

លោក សន ជ័យ៖ «ខ្ញុំ​គិត​ថា អាជ្ញាធរ​នៅ​ថ្នាក់​មូលដ្ឋាន ជា​ពិសេស​ក្រុម​ដែល​ធ្វើ​ការ​នៅ​កម្រិត​ឃុំ​សង្កាត់​ហ្នឹង ត្រូវ​តែ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ។ ព្រោះ​ថា កន្លង​ទៅ​យើង​ឃើញ​ថា មាន​ការ​សុំ​ចុះ​ឈ្មោះ​របស់​ពលរដ្ឋ​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ ឬ​ក៏​អាជ្ញាធរ​បាន​យក​បញ្ហា​រដ្ឋបាល​មក​និយាយ​ជាមួយ​ប្រជាពលរដ្ឋ ដូច​ជា​ត្រូវ​ស៊ើប​សួរ​ច្រើន ទោះ​បី​ជា​ពួកគាត់​មាន​អ្នក​ធានា​ក៏ដោយ។ នេះ​ជា​ចំណុច​រាំង​ស្ទះ​មួយ​ដល់​ដំណើរ​ការ​ចុះ​ឈ្មោះ ជា​ពិសេស​ពលរដ្ឋ ឬ​យុវជន​ដែល​ទើប​គ្រប់​អាយុ​បោះ​ឆ្នោត។ ចំណុច​នេះ មិន​គួរ​ឲ្យ​កើត​ឡើង​ជា​បន្ត​ទៀត​ទេ គឺ​ត្រូវ​តែ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដូចជា​ករណី​ផ្លាស់ប្ដូរ​ទីលំនៅ ឬ​ក៏​ត្រូវ​មក​ចុះ​ឈ្មោះ​កន្លែង​ថ្មី ខ្ញុំ​គិត​ថា ត្រូវ​តែ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ»

​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​ ឬ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ​ច្បាប់​បោះ​ឆ្នោត​ត្រូវ​ឲ្យ​ធ្វើ​ជា​រៀង​រាល់ ១​ឆ្នាំ​ម្តង​ ហើយ​ឆ្នាំ​២០១៣ នេះ ​ការ​ពិនិត្យ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី មាន​រយៈពេល ២០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា។

​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ឲ្យ​ដឹង​ថា តាម​ប្រតិទិន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នៅ​តាម​សាលា​ឃុំ-​សង្កាត់ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា។ តាម​ពេល​វេលា​នេះ លោក​​​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ​បោះ​ឆ្នោត ឬ​ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​រួច​ក្តី ត្រូវ​ទៅ​ជួប​មន្ត្រី​តាម​ឃុំ-​សង្កាត់ ដែល​ទទួល​បន្ទុក​ចុះ​ឈ្មោះ​បោះ​​ឆ្នោត​ឲ្យ​បាន​ទាន់​ពេល​វេលា​កំណត់។

លោក ទេព នីថា៖ «ជា​ពិសេស​ទៀត​បង​ប្អូន​ប្រជាពលរដ្ឋ​ពុំ​ទាន់​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត សូម​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ដែល​នឹង​ធ្វើ​នៅ​តាម​សាលា​ឃុំ​សង្កាត់​ដែល​បង​ប្អូន​កំពុង​រស់​នៅ ពី​ថ្ងៃ​ទី​១ ខែ​តុលា ដល់​ថ្ងៃ​ទី​២០ ខែ​តុលា។ ក្នុង​ករណី​ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​ស្លាប់ ក៏​សុំ​រាយការណ៍​ប្រាប់​ស្មៀន​ឃុំ-​សង្កាត់ ដើម្បី​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ឬ​ឃើញ​ឈ្មោះ​ខុស ទិន្នន័យ​ផ្សេងៗ ក៏​អាច​យក​ឯកសារ​ឲ្យ​​បាន​ច្បាស់លាស់​ទៅ​ជួប​ស្មៀន​ឃុំ​សង្កាត់​ដើម្បី​កែ​តម្រូវ»

ចំណែក​លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ស្នើ​ឲ្យ​ម្ចាស់​ឆ្នោត​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។ លោក​ថា ករណី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​តស៊ូ​មតិ​ឲ្យ​ដើម្បី​​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ថាប័ន គ.ជ.ប មាន​ដំណើរ​ការ​ល្អ​សម្រាប់​ការងារ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ។

លោក យ៉ែម បុញ្ញឫទ្ធិ៖ «ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​សិន។ ក៏​ប៉ុន្តែ​ជា​គោលជំហរ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ យើង​នឹង​លុប​បញ្ជី​នេះ​ចោល ហើយ​រៀប​ចំ​ធ្វើ​បញ្ជី​ថ្មី​នៅ​ពេល​មាន​កំណែ​ទម្រង់​ស្ថាប័ន​នេះ ពេល​ខាង​មុខ។ យើង​រៀបចំ​សើរើ​ធ្វើ​បញ្ជី​ឈ្មោះ​ថ្មី​ឡើង​វិញ ដោយ​មាន​ការ​ចុះ​ទៅ​តាម​ភូមិ ឬ​តាម​ឃុំ ដើម្បី​ស្រង់​ឲ្យ​បាន​ពិត​ប្រាកដ​អ្នក​ដែល​មាន​ឈ្មោះ ហើយ​ជៀសវាង​កុំ​ឲ្យ​ខុស​អក្ខរាវិរុទ្ធ»

​​បញ្ហា​នេះ សេចក្តី​ប្រកាស គ.ជ.ប ក៏​បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ដែល​ទើប​ផ្លាស់ប្ដូរ​ទី​លំនៅ ឬ​អ្នក​ពុំ​ធ្លាប់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត អ្នក​ទើប​គ្រប់​អាយុ​បោះ​ឆ្នោត (អាយុ ១៨​ឆ្នាំ គិត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣) និង​អ្នក​​​ធ្លាប់​បាត់​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​កន្លង​ទៅ ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជា​ថ្មី​ដោយ​ផ្ទាល់​នៅ​តាម​ឃុំ-​សង្កាត់​​ក្នុង​មូលដ្ឋាន​ខ្លួន។

ការ​ចុះ​ឈ្មោះ​នេះ លោក ទេព​ នីថា ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ត្រូវ​នាំ​យក​ទៅ​ជា​មួយ​នូវ​ឯកសារ​មួយ ឬ​ច្រើន ដែល​​​​អាច​​បញ្ជាក់​លក្ខខណ្ឌ ៤​​ចំណុច មាន​ដូចជា បញ្ជាក់​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ ភេទ អាយុ និង​ទីលំនៅ។

​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ កន្លង​ទៅ ​មាន​ឥស្សរជន​នយោបាយ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ខ្លះ បាន​រិះ​គន់​ពី​ការ​បាត់​ឈ្មោះ ឬ​រក​មិន​ឃើញ​ឈ្មោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​តាម​​ការិយាល័យ ឬ​មណ្ឌល​បោះ​ឆ្នោត​នានា ក្នុង​ថ្ងៃ​បោះ​ឆ្នោត។ ផ្ដើម​ពី​បញ្ហា​នេះ មន្ត្រី គ.ជ.ប បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ត្រូវ​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​ឲ្យ​បាន​គ្រប់​គ្នា ពិសេស​យុវជន​ទើប​​គ្រប់​អាយុ​បោះ​ឆ្នោត ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​ និង​មាន​សិទ្ធិ​បោះ​ឆ្នោត​ឲ្យ​បាន​ទាំង​អស់​គ្នា នៅ​ថ្ងៃ​អនាគត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

អ្នក​អាន​អនាមិក

ប្រជាជនមិនមានជំនឿលើអាពីរក្បាលសួស្តីនិងនីថាទេ។ធើមិនដឹងមិន
លឺនៅតែបន្តប្រើវាទៀត។ប្រុងមកធើស៊ីនៅអាណត្តិក្រោយទៀតឬ??

យើងមិនទុកចិត្តឲ្យមន្ត្រីCPPមកធ្វើគជបបានទេ?ជាអជ្ញាកណ្តាល
ផងជាកីឡាករផង?

Oct 01, 2013 02:28 AM

អ្នក​អាន​អនាមិក


_. អោយ ប្រជាពលរដ្ឋ ទៅចុះឈ្មោះ និងពិនិត្យឈ្មោះ បោះឆ្នោត នៅខែ ភ្លៀង ទឹកកំពុងលិចផ្ទះ ល្ហេមល្ហាម រកកន្លែងជ្រកមិនបានផង មានពេលអែណា ទៅចុះឈ្មោះ និងពិនិត្យឈ្មោះ បោះឆ្នោត _. ..លោកអុឹម សួរស្តី . ទេព និថា អគតិ អែងបានផ្ទះម៉ាសុីនត្រជាក់ ដេកស្រួល មិនដឹងសុខទុក្ខប្រជាពលរដ្ឋ ទេ ឫ អី . ត្រូវចេះគឹតផង ! . ( (..ត្រូវដូរពេលវេលាទៅខែប្រាំង វិញ )

Sep 30, 2013 10:57 PM

អ្នក​អាន​អនាមិក

._ ល្អដែរ គ.ជ.ប អត់ចេះគឹត អោយ ប្រជាពលរដ្ឋ ទៅចុះឈ្មោះ និងពិនិត្យឈ្មោះ បោះឆ្នោត នៅខែ ភ្លៀង ទឹកកំពុងលិចផ្ទះ រ ហេម រ ហាមរកកន្លែងជ្រកមិនបានផង មានពេលអែណា ទៅចុះឈ្មោះ និងពិនិត្យឈ្មោះ បោះឆ្នោត ត្រូវចេះគឹតផង ! ._ យកល្អត្រូវលើកពេល ទៅខែប្រាំង វិញ . សូមអរគុណ._

Sep 30, 2013 10:24 PM

អ្នក​អាន​អនាមិក

_. បើចង់បានប្រជារាស្ត្រ បោះឆ្នោត អោយបានច្រើន គ្រប់ៗគ្នា . ត្រូវដូរ ពេលវេលា ត្រូវ លើក ពេលទៅបោះ ឆ្នោត នៅខែ មិនា វិញ . គឺជារដូវប្រាំង ប្រជារាស្ត្រ គាត់ ងាយស្រួលធ្វើដំណើរ ! ._ ចុះឈ្មោះ និងពិនិត្យឈ្មោះ ក៏លើកពេល ទៅ ខែប្រាំងដែរ . ដូចជា ខែ គុម្ភះ . មិនា . មេសា . ឱសភា . ជ្រើស រើសខែណាក៏បានដែរ ! . សូមអរគុណ -

Sep 30, 2013 11:32 AM

អ្នក​អាន​អនាមិក

ធ្វើនៅខែប្រាំងម្តេចបាន ព្រោះនេះជាយុទ្ធសាស្រ្តពួកទមិឡ។

Oct 01, 2013 02:15 AM

អ្នកអានក្លែមមឹគ

ពី សមុទ្ររាម

ពួកបង្កររឿងអើយ! រូតរះនាំមីដើម មីចុងតូវឲ្យទាន់ពេល!..ពិសេសពួកខាំប្រែត(Comfrel )!
...ហើយកុំភ្លេចថតដាក់ក្រោមកន្ទេលផង!..កុំស្រែកតាប៉ែ គេបន្លំលួចៗដដែលៗ..គួរនាំគ្នាប្រើខួរក្នុងផ្លូវល្អផងតូវ!..គឺខ្លួនឯងអសមត្ថភាពទេ!..

Sep 30, 2013 10:13 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល