មេធាវី​ថា ភស្តុតាង​បាន​មក​ពី​ការ​ឆែកឆេរ​ទីស្នាក់ការ​បក្ស​សង្គ្រោះជាតិ​មិន​អាច​យក​ជា​ការ​បាន

ដោយ វ៉ែន សុមេធ
2019-11-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ក្នុង​ចំណោម​មេធាវី​ដទៃ​ទៀត លោក សំ សុគង់ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦។
មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ក្នុង​ចំណោម​មេធាវី​ដទៃ​ទៀត លោក សំ សុគង់ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

មន្ត្រី​តុលាការ​របប​ក្រុងភ្នំពេញ បាន​ដឹកនាំ​កងកម្លាំង​អាជ្ញាធរ​ភូមិ និង​សង្កាត់​ច្រើន​នាក់ ចុះទៅ​ឆែកឆេរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ដើម្បី​រក​ភស្តុតាង​បន្ថែម​ទៀត ក្នុង​សំណុំរឿង​ចោទប្រកាន់​ក្រុម​សន្តិសុខ​ដេក​យាម​អគារ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ សរុប ១០​នាក់ ពី​បទ​រួមគំនិត​ក្បត់ជាតិ ជាមួយ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​។ មេធាវី​ការពារ​ក្ដី​ឱ្យ​មនុស្ស​ទាំង​១០​នាក់ ប្រាប់​ថា ភស្តុតាង​បន្ថែម ដែល​រឹបអូស​បាន មិន​អាច​យក​ជា​ការ​បាន​ទេ ដោយសារ​គ្មាន​វត្តមាន​ភាគី​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​ជនសង្ស័យ។

ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ បាន​ចុះ​លើ​កំណត់ហេតុ​ចាប់​យក​វត្ថុ​តាង​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច ដកហូត​បាន​ទូដែក​មួយ​គ្រឿង ឯកសារ​ចំនួន ៥​កេស និង​ឯកសារ​ផ្សេងទៀត ចំនួន ៣​បាវ។ អាជ្ញាធរ​របប​ក្រុងភ្នំពេញ​អះអាង​ថា ទូដែក និង​ឯកសារ​ទាំងនោះ គឺជា​តម្រុយ​វត្ថុ​តាង​បន្ថែម​ទៀត។

ការ​ចុះ​ទៅ​ឆែកឆេរ​នេះ ធ្វើ​ឡើយ​ក្រោយពេល​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហ៊ាង បាន​ចោទប្រកាន់​មនុស្ស​ទាំង ១០​នាក់ ពី​បទ​រួមគំនិត​ក្បត់ជាតិ ហើយ​បញ្ជូន​ឱ្យ​ចៅក្រម​ស៊ើបសួរ ឈ្មោះ កូយ សៅ ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា។ មេធាវី​ការពារ​ក្ដី​ក្នុង​សំណុំ​រឿង​នេះ​ប្រាប់​ថា មនុស្ស​ទាំង ១០​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ មាន​អ្នកខ្លះ​ជា​សន្តិសុខ​យាម​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ខ្លះ​ជា​អតីត​អង្គរក្ស​លោក សម រង្ស៊ី និង​ខ្លះ​ទៀត ជា​ពលរដ្ឋ​នៅ​ក្បែរ​នោះ មក​សុំ​បត់ជើង​ក្នុង​បង្គន់ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ទាំងអស់ បញ្ជូន​ទៅ​តុលាការ។ ពួកគេ​ទាំង ១០​នាក់ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ពី​ក្នុង​អគារ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាលពី​ល្ងាច ថ្ងៃ​ទី​៥ វិច្ឆិកា ក្រោម​ហេតុផល​ថា អាជ្ញាធរ​ខណ្ឌ​មានជ័យ ចុះ​ធ្វើ​កិច្ចការ​រដ្ឋបាល។

ជុំវិញ​ករណី​ចៅក្រម​ចុះ​ឆែកឆេរ​អគារ​ទីស្នាក់ការ​គណបក្សប្រឆាំង រក​ភស្តុតាង​បន្ថែម​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការ​ចុះ​ឆែកឆេរ​នេះ​បានទេ នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា​។ តែ​យ៉ាងណា អធិការ​ខណ្ឌ​មានជ័យ លោក ម៉េង វិមានតារា ប្រាប់​ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​របប​ក្រុងភ្នំពេញ (Freshnews) ថា វត្ថុតាង ដែល​សមត្ថកិច្ច​ដកហូត​បាន មាន​ទូដែក​១ ឯកសារ ៣​បាវ និង ៥​កេស​នោះ ជា​វត្ថុតាង​សង្ស័យ​ពាក់ព័ន្ធ​ផែន​ការ​ធ្វើ​រដ្ឋប្រហារ និង​ជា​ភស្តុតាង ដែល​នាំ​ឱ្យ​មានការ​ឈាន​ទៅ​ដល់​ការ​បិទ​ទីស្នាក់ការ​បក្ស​ប្រឆាំង​នៅ​សង្កាត់​ចាក់អង្រែលើ​ជា​បណ្ដោះអាសន្ន។

មេធាវី​ការពារ​ក្ដី​ឱ្យ​មនុស្ស​ទាំង ១០​នាក់​នេះ គឺ​លោក​មេធាវី សំ សុគង់។ លោក​ងឿង​ឆ្ងល់​ពី​នីតិវិធី​តុលាការ ដែល​ចុះទៅ​ឆែកឆេរ​រក​ភស្តុតាង ដោយ​គ្មាន​ជូនដំណឹង​ទៅ​ក្រុម​មេធាវី​ការពារ​ជន​សង្ស័យ​។ លោក​ថា ក្នុង​ផ្លូវច្បាប់ ភស្តុតាង ដែល​កើត​ចេញ​ទង្វើ តែ​ម្ខាង​បែបនេះ មិន​អាច​យក​ជា​ការ​បាន​រួច​បាត់​ទៅ​ហើយ​។ ទោះ​យ៉ាង​ណា លោក​ថា ក្រុម​មេធាវី​នឹង​ពិភាក្សា​គ្នា ប្ដឹង​បដិសេធ​ភស្តុតាង​ទាំងនេះ។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​លើ​កូនក្ដី​ទាំង ១០​នាក់​វិញ លោក​យល់ថា តំណាង​អយ្យការ និង​ចៅក្រម​ស៊ើបសួរ សួរ​របៀប​បង្គ្រប់​កិច្ច និង​បង្ហាញ​ចេតនា សួរ​សំណួរ​ដាក់​បន្ទុក​លើ​មនុស្ស​ទាំង​១០​នាក់​។ លោក​មេធាវី​ថា មន្ត្រី​តុលាការ​សួរ​កូនក្ដី​លោក បាន​តែ ២​នាក់​ទេ តែ​សម្រេច​ចោទប្រកាន់ និង​ដាក់​ពន្ធនាគារ​ទាំង ១០​នាក់ ពី​បទ​ចូលរួម​គំនិត​ក្បត់​ដូចគ្នា​។ លោក​ថា ចៅក្រម​ស៊ើបសួរ លោក កូយ សៅ មិន​បាន​ប្រាប់​ថា នឹង​បន្ត​នីតិវិធី​លើ​កូនក្ដី​ទាំង ១០​នាក់​របស់​លោក នៅ​ពេល​ណា​តទៀត​ឱ្យ​ប្រាកដ​ទេ៖ «ក្រុម​មេធាវី​ការពារ​យល់​ឃើញ​ថា បើ​កាលណា មាន​ការ​ឆក​ល្វែង ឬ​រំលោភ​នៅ​ក្នុង​នីតិវិធី​នៃ​ការ​ឆែកឆេរ​នេះ គឺ​ភស្តុតាង​ទាំងឡាយ ដែល​តុលាការ​ចោទប្រកាន់ ឬ​សមត្ថកិច្ច​ដកហូត​បាន នៅ​ពេល​ដែល​មេធាវី​មិន​បាន​ចូលរួម​ហ្នឹង គឺជា​ភស្តុតាង​មិន​អាច​យកជាការ​បាន​ទេ​។ មិន​អាច​យក​ជា​ភស្តុតាង​នៅ​ក្នុង​សំណុំរឿង​ហ្នឹង​បានទេ»

មកដល់​ថ្ងៃ​ទី​៨ វិច្ឆិកា របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៨១​នាក់ និង​សកម្មជន​ចំនួន ១៩៩​នាក់​ផ្សេងទៀត ត្រូវ​រង​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពី បទ​បាន​ចូលរួម​អំពើ​ក្បត់ជាតិ ជាមួយ​មេដឹកនាំ​គណបក្សប្រឆាំង​។ គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ធំៗ លើ​ពិភពលោក ថ្កោលទោស​របប​ក្រុងភ្នំពេញ ក្នុង​យុទ្ធនាការ​បង្ក្រាប​លើ​សកម្មជន​បក្ស​ប្រឆាំង​នេះ។

ទោះ​យ៉ាងណា លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុងភ្នំពេញ មិន​ខ្វាយខ្វល់​នឹង​ការ​ថ្កោលទោស​ពី​ក្រុម​លោក​សេរី​ទេ។ លោក​បាន​ចេញ​បញ្ជា​ទៅ​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា ឱ្យ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្ត​ទៀត បើ​ទោះ​នៅ​ក្រោយ​ថ្ងៃ​ទី​៩ វិច្ឆិកា​ក៏ដោយ បើ​សិន​លោក សម រង្ស៊ី នៅតែ​បន្ត​ផែនការ​វិល​ចូល​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល