លោក ប៉ាន សុខ​សុវណ្ណ​នី សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កណ្ដាល ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ

ដោយ សុជីវី
2020-08-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ប៉ាន សុខសុវណ្ណនី (កណ្ដាល) សកម្មជន​បក្ស​ប្រឆាំង កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។
លោក ប៉ាន សុខសុវណ្ណនី (កណ្ដាល) សកម្មជន​បក្ស​ប្រឆាំង កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។
រូប៖ ហ្វេសប៊ុក​ឈ្មោះ នារី បេះដូង​ព្រះ​អាទិត្យ

មន្ត្រី​ពន្ធនាគារ បាន​ដោះលែង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល លោក ប៉ាន សុខ​សុវណ្ណ​នី ហើយ នៅ​ថ្ងៃ​ទី៣ សីហា ក្រោយ​អ្នកទោស​នយោបាយ​រូប​នេះ អនុវត្ត​ទោស​ពន្ធនាគារ​គ្រប់​ចំនួន ១៨ខែ។ លោក ប៉ាន សុខ​សុវណ្ណ​នី ហៅ​ការ​ជាប់​ឃុំ ១៨ខែ​នេះ ជា​អំពើ​អយុត្តិធម៌ ដោយសារ​មិនបាន​ប្រព្រឹត្តិ បទល្មើស​ជេរ​ប្រមាថ និង​ញុះញង់ ឲ្យ​ប្រព្រឹត្តិ​បទល្មើស ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

លោក ប៉ាន សុខ​សុវណ្ណ​នី ប្រាប់​អាស៊ី​សេរី នៅ​ពេល​បាន​ចេញពី​ពន្ធនាគារ​ព្រៃស​ភ្លាមៗ ថា លោក​នៅ​រក្សា​ជំហរ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល ហើយ​លោក​សោកស្ដាយ​ចំពោះ​ការចោទប្រកាន់​ដោយ​អយុត្តិធម៌​កន្លង​មក​នេះ។ លោក​ថា ការ​ចោទ​ប្រកាន់​អយុត្តិធម៌​នេះ បង្កើត​ជា​រឿង​ឈឺ​ចាប់​សម្រាប់​គ្រួសារ​លោក​ទាំងមូល ដោយសារ​ពេល​ចាប់ខ្លួន​លោក គឺ​ភរិយា​កំពុង​មាន​ផ្ទៃ​ពោះ និង​រស់​នៅ ភៀស​ខ្លួន ក្នុង​ប្រទេស​ថៃ ឯ​ម្ដាយ​ជរា កំពុង​ឈឺ​ធ្ងន់ នៅ​ស្រុក​កំណើត។ លោក​ថា ជីវិត​ក្នុង​ពន្ធនាគារ​រយៈ​ពេល ១ឆ្នាំ​កន្លះ​មក​នេះ ពោរពេញ​ដោយ​ភាព ឈឺ​ចាប់​ក្នុង​ចិត្ត សឹង​តែ​មិន​អាច​ទ្រាំ​បាន។

លោក​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់ ៤បទ​ល្មើស គឺ ញុះញង់ ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ ជេរប្រមាថ​រដ្ឋាភិបាល ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង រួមគំនិតក្បត់។ តែ​សាលាឧទ្ធរណ៍ សម្រេច ១បទ​ល្មើស​វិញ គឺ បទ​ជេរប្រមាថ។

ពេល​នេះ កូន​ប្រុស​លោក​កើត​បាន​អាយុ​ជាង ១ខួប​ហើយ។ លោក ប៉ាន សុខ​សុវណ្ណ​នី មាន​បំណង ទៅ​ជួប​ប្រពន្ធ និង​កូន ក្នុង​ប្រទេស​ថៃ នៅ​ពេល​ឆាប់ៗ នេះ ដើម្បី​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ។

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល