សកម្មជន​បក្ស​ប្រឆាំង​បន្ត​ជួប​ប្រជុំ​គ្នា​ពង្រឹង​សាមគ្គី​ត្រៀម​ទទួល​លោក សម រង្ស៊ី

ដោយ សុ ជីវី
2019-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។
លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។
Photo: RFA

គិត​មកដល់​ថ្ងៃ​ទី​២៧ សីហា នៅ​សល់​តែ​៧៤​ថ្ងៃ​ទៀត​ទេ ដល់ពេល​លោក សម រង្ស៊ី វិល​ទៅ​ស្រុក​ខ្មែរ​វិញ​ហើយ គឺ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាងមុខ​។ នៅ​ក្នុង​ពេលនេះ សកម្មជន​គណបក្សប្រឆាំង​នៅ​តាម​ខេត្ត​មួយ​ចំនួន បន្ត​ជួប​ប្រជុំគ្នា​ពង្រឹង​សាមគ្គីភាព​កាន់តែ​ខ្លាំង ដើម្បី​ត្រៀមខ្លួន​ទៅ​ទទួល​ថ្នាក់​ដឹកនាំ​របស់​ពួកគាត់​វិល​ចូល​ស្រុក​វិញ​។ ពួកគាត់​សង្ឃឹមថា ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នឹង​មាន​​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ជាមិនខាន។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ខេត្ត​បាត់ដំបង លោក ឡី សុខុន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៧ សីហា​ថា ចាប់​តាំង​ដឹង​ថ្ងៃ​វិល​ចូល​ស្រុក​ជាក់លាក់​របស់ លោក សម រង្ស៊ី មក គឺ​ពួក​លោក​តែងតែ​ជួប​ប្រជុំគ្នា​ជា​ញឹកញាប់ ដូចជា បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ ជួប​ប្រជុំគ្នា​តាម​ហាង​កាហ្វេ និង​នៅ​ក្នុង​ពិធី​បុណ្យទាន​ផ្សេងៗ។ លោក​បន្ត​ថា ពួក​លោក​សប្បាយចិត្ត និង​មានការ​ពុះកញ្ជ្រោល​បន់​ឱ្យ​តែ​ដល់​ថ្ងៃ​កំណត់ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ឱ្យ​បាន​ឆាប់ៗ ដើម្បី​ទៅ​ទទួល​លោក ឱ្យ​មក​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា៖ «អ្នកណា​មិន​ចង់​ជួប​ឪពុក​របស់​យើង​អ្នកណា​មិន​ចង់​មាន​សេចក្ដី​សុខ​ជាមួយ​ឪពុក​យើង អ្វី​ដែល​សំខាន់​ការ​វិល​ត្រឡប់​មក​នេះ គឺ​ការផ្លាស់ប្ដូរ​របប​នយោបាយ ប្ដូរ​ពីរ​របប​ផ្ដាច់ការ​មក​របប​ប្រជាធិបតេយ្យ​ពិតប្រាកដ យើង​ចង់បាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់នៅ ក្នុង​ការ​ប្រកប​អាជីវកម្ម»

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ប៉ៃលិន ឯណោះ​វិញ អ្នកស្រី វ៉ែន ដារា មាន​ប្រសាសន៍​ថា មួយ​រយៈ​ចុងក្រោយ​នេះ សកម្មជន​គណបក្ស​របស់​អ្នកស្រី​នៅ​តំបន់​ខ្មែរក្រហម​ផ្ដាច់​ខ្លួន បាន​ពង្រឹង​សាមគ្គី​គ្នា​កាន់តែ​ខ្លាំង ហើយ​ពួកគេ​ជ្រើស​យក​ការ​ជួប​គ្នា​ក្នុង​ពិធី​បុណ្យទាន ពិធី​ឡើងផ្ទះ និង​ពេល​​ធ្វើ​ដំណើរ​ទៅ​ចម្ការ៖ «ឥឡូវនេះ​ខ្ញុំ​ចង់​ធ្វើ​សារ​រឿង​ផ្ដាច់​ពន្ធ​ដែរ ប៉ុន្តែ​ដល់ពេល​គិត​ទៅ​ថា​កុំ​ឱ្យ​ខាត​ដល់​ការងារ​របស់​ពួកគាត់ បើ​យើង​បាន​ត្រៀមខ្លួន​ស្រេច​ហើយ​ឱ្យ​តែ​គាត់​មក​នឹង​ទៅ​ទទួល​ហើយ ទោះបី​ប្រឈមមុខ​យ៉ាងម៉េច​ក៏ដោយ នៅតែ​ទៅ។ កាល​ពី​មុន​តស៊ូ​ក្នុង​ព្រៃ​ផង ទូល​គ្រាប់ ទូល​អង្ករ​ចង់​ងាប់​នៅតែ​ធ្វើ​បាន ដល់​ពេល​​នេះ​តស៊ូ​ដើម្បី​ការ​បញ្ចេញ​មតិ​យើង​ខ្លាច​អី»

មួយរយៈ​ចុងក្រោយ​នេះ សកម្មជន​គណបក្សប្រឆាំង​ចាប់ផ្ដើម​ផុលផុស​ពង្រឹង​សាមគ្គី​គ្នា​ឡើងវិញ​ស្ទើរ​គ្រប់​ខេត្ត ដើម្បី​ត្រៀមខ្លួន​ចាំ​ទទួល​លោក សម រង្ស៊ី ក្នុង​រូបភាព​ខុសៗ ​គ្នា ដោយ​អ្នកខ្លះ​ជួប​ប្រជុំគ្នា​តាម​ផ្ទះ និង​ខ្លះ​ទៀត​ជួប​ជជែក​គ្នា​តាម​ពិធីជប់លៀង និង​បុណ្យទាន ជាដើម​។​

ក្រុម​ការងារ​គណបក្ស​សង្គ្រោះជាតិ ខេត្ត​បន្ទាយមានជ័យ លោក ជាតិ ខេមរា ថ្លែង​ថា មូល​ដែល​ពួក​លោក​ជួប​ប្រជុំ​គ្នា​ញឹកញាប់ ដោយសារ​ចង់​ស្ដារ​ប្រជាធិបតេយ្យ​ឱ្យ​រស់​ឡើងវិញ និង​ចង់​ឱ្យ​កម្ពុជា​រីក​ចំរើន​ជឿនលឿន ដូច​ប្រទេស​លោក​ខាងលិច​ដែរ៖ «ផុលផុស​ខ្លាំង​បើ​និយាយ​ទៅ​បើ​យើង​ប្រៀបធៀប​ឆ្នាំ​២០១៨ គឺ​ខុសគ្នា​៣​ដង​ឯណោះ មានន័យ​ក្នុងចំណោម​ ១០​នាក់​យ៉ាង​ហោច​ណាស់​​មាន​​មនុស្ស ៨​នាក់​ទៅ​ហើយ​មាន​អារម្មណ៍​ពុះកញ្ជ្រោល​អីចឹង ដូច​សឹង​តែ​ថា ទៅ​កន្លែង​ណា​ក៏​ពួកគាត់​សួរ​ថា យ៉ាងម៉េច​ហើយ​គាត់​មកវិញ​ថ្ងៃ​ណា ហើយ​ពិតប្រាកដ​ទេ។ យើង​ថា​វា​ច្បាស់​ហើយពី​ព្រោះ​គម្រោង​របស់​គាត់​គឺ ផ្សាយ​ទូលំទូលាយ យើង​ទន្ទឹង​ចាំ​ឱ្យ​តែ​ដល់​ពេល​វេលា​ទេ»

គណបក្ស​សង្គ្រោះជាតិ​ប្រកាសថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាងមុខ ដែល​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ។ ទោះជា​យ៉ាងណា របប​ក្រុងភ្នំពេញ​បាន​បញ្ជាក់​​ម្តង​ហើយ​ម្តង​ទៀត​អំពី​វិធានការ​លើ​លោក សម រង្ស៊ី និង​អ្នក​ហែហម ប្រសិនបើ​ហ៊ាន​វិល​ចូល​កម្ពុជា​តាម​កាលកំណត់​មែន​នោះ។ កាល​ពី​ថ្ងៃ​ទី​២៥ សីហា​កន្លង​ទៅ លោក ហ៊ុន សែន បាន​បង្ហោះ​សារ​លែប​ខាយ​ឌឺដង​ដាក់​លោក សម រង្ស៊ី កុំ​ឱ្យ​ភ្លេច​ពាក្យសន្យា ថា វិល​ចូល​ស្រុក​ខ្មែរ​វិញ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​។ លោក ហ៊ុន សែន បញ្ជាក់​ថា ពន្ធនាគារ​ក៏​កំពុង​រង់ចាំ​ស្វាគមន៍​លោក សម រង្ស៊ី ប្រសិន​បើ​មេ​បក្ស​ប្រឆាំង​រូប​នេះ​មកដល់​កម្ពុជា​វិញ​នោះ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន មាន​ប្រសាសន៍ថា លោក​គ្មាន​ជំនឿ​ថា ​លោក​សម រង្ស៊ី នឹង​វិល​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​ទេ​។ លោក​បន្ថែម​ថា កន្លងមក​ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​រូប​នេះ ប្រកូក​ប្រកាស​ជា​ច្រើនដង​រួច​មក​ហើយ តែ​លោក​មិន​បាន​ចូល​ស្រុក​ដូច​ការសន្យា​នោះ​ទេ​។ ទោះជា​យ៉ាងណា​លោក​គំរាម​ថា ពលរដ្ឋ​ដែល​ទៅ​អម​ដំណើរ​នោះ អាច​ប្រឈម​បញ្ហា​ផ្លូវច្បាប់ ព្រោះ​លោក សម រង្ស៊ី ជា​ទណ្ឌិត​មាន​ដីកា​ចាប់ខ្លួន​ពី​តុលាការ៖ «ហើយ​ទី​២​ទណ្ឌិត​ដែល​ទៅ​នឹង ក្នុងនាម​ខ្លួនឯង​ជា​ប្រធាន​ស្ដីទី​គណបក្ស អ៊ីចឹង​គណបក្ស​នឹង​ត្រូវ​រំលាយ​រួចហើយ វា​អត់​មាន​ត្រូវ​ច្បាប់​ទេ ពីព្រោះ​យើង​ដឹង​ថា សាលដីកា​របស់​តុលាការ​កំពូល​ជា​សាលដីកា​ស្ថាពរ​និង​បិទ​ផ្លូវ​តវ៉ា ដូច្នេះ​រាល់​អ្នកណា​គាំទ្រ​ជន​ណា​ដែល​មាន​ដីកា​ពី​តុលាការ​ជន​នោះ​គឺ ផ្ទុយ​ពី​សាលដីកា​តុលាការ​ហើយ»

អ្នក​សម្របសម្រួល និង​អង្កេត​អង្គការ​ ខុមហ្វ្រែល (comfrel) លោក កន សាវា​ង្ស លើកឡើង​ថា ការចូលរួម​កិច្ចការ​នយោបាយ និង​ការចូលរួម​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី គឺជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ម្នាក់ៗ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ទោះជា​យ៉ាងណា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ឱ្យ​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​គណបក្សប្រឆាំង​រក​ផ្លូវ​ចរចា​ត្រូវរ៉ូវ​គ្នា ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ប្រសើរ​ជាង​ទាស់ទែង​គ្នា​នាំ​ឱ្យ​ខាតបង់​ប្រយោជន៍​ជាតិ៖ «គឺ​មានតែ​អ្នកនយោបាយ​ទេ​ដែល​លោក​អាច​ធ្វើ​ការ​ជជែក ជាពិសេស​យើង​មើល​ឃើញ​ហើយ ការ​ទាមទារ​របស់​សហគមន៍​ជាតិ និង​អន្តរជាតិ ទាក់ទង​លើ​ការងារ​រឿង​សិទ្ធិមនុស្ស និង​រឿង​សិទ្ធិ​នយោបាយ​អី​ជាដើម​នឹង​ដែល​ត្រូវ​គិត​ពិចារណា​ឡើងវិញ»

សកម្មជន​បក្ស​ប្រឆាំង​សង្ឃឹមថា នៅ​ពេល​ដែល​លោក សម រង្ស៊ី វិល​ចូល​ស្រុក ពេលនោះ​នឹង​មាន​ដំណោះស្រាយ​នយោបាយ​ជាក់​ជាមិនខាន។ ពួកគេ​យល់ថា លោក ហ៊ុន សែន មិន​ហ៊ាន​ចាប់​ខ្លួន​​លោក សម រង្ស៊ី ដូច​ការព្រមាន​ឡើយ ពីព្រោះ​ប្រទេស​ប្រជាធិបតេយ្យ ដូចជា សហរដ្ឋអាមេរិក​និង សហភាព​អឺរ៉ុប ជាដើម យល់​ច្បាស់​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ហើយ​ប្រទេស​ទាំងនោះ​នឹង​ដាក់​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​លើ​របប​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល