សកម្មជន​បក្ស​ប្រឆាំង​ភៀស​ខ្លួន​នៅ​ថៃ​ប្រកាន់​ជំហរ​វិល​ចូល​ស្រុក​វិញ​ទោះ​រដ្ឋាភិបាល​បង្កើន​ការ​ចាប់​អ្នក​ប្រឆាំង

ដោយ យន់ សាមៀន
2019-10-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​ថៃ ក្នុង​ពេល​ជួបជុំ​គ្នា នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ២០១៩។
មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​ថៃ ក្នុង​ពេល​ជួបជុំ​គ្នា នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ២០១៩។
រូប៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ

សកម្មជន​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​ភៀសខ្លួន​រក​កន្លែង​សុវត្ថិភាព​នៅ​ប្រទេស​ថៃ​ អះអាង​ថា​ ថ្វីបើ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​សកម្មជន​បក្ស​នេះ​ជា​បន្តបន្ទាប់​ក្ដី​ ក៏​ពួក​គេ​នៅ​តែ​ប្រកាន់​ជំហរ​អម​ដំណើរ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ​ដដែល។ ពួក​គាត់​នៅ​តែ​សង្ឃឹម​ថា​ មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ធ្វើ​​នឹង​អាច​ធ្វើ​ឱ្យ​​វិបត្តិនយោបាយ​នៅ​កម្ពុជា​​បាន​ប្រសើរ​ឡើង​វិញ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ និយាយ​ថា​ ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​នេះ​ជា​បន្ត​បន្ទាប់ ដោយសារ​របប​ដឹក​នាំ​សព្វ​ថ្ងៃ​ភ័យ​ខ្លាច​កម្លាំង​មហាជន​ចូល​រួម​អម​ដំណើរ​លោក​ សម រង្ស៊ី ច្រើន​ ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​អំណាច​ដឹក​នាំ​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ។

ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក ឃិន រឿន ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​៥​ តុលា​ថា ​ការ​ចាប់​ចង​សកម្មជន​បក្ស​​លោក​កន្លង​មក​ គឺ​ជា​ល្បិច​បំភ័យ​ដល់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​លោក​បន្ថែម​ថា​ យុទ្ធសាស្ត្រ​អារ​ក​មាន់​បន្លាច​ស្វា​នេះ គឺ​មិន​បាន​ជោគជ័យ​ឡើយ ពី​ព្រោះ​ពលរដ្ឋ​ភាគ​ច្រើន ធ្លាប់​ឆ្លង​កាត់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​បែប​នេះ​រួច​មក​ហើយ។សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា លោក​គ្រោង​នឹង​ត្រឡប់​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា​ខាង​មុខ​ ដើម្បី​ទៅ​រៀបចំ​សកម្មជន​បក្ស​នៅ​តាម​មូលដ្ឋាន​ឱ្យ​សាមគ្គី​គ្នា​ជា​ធ្លុងមួយ ត្រៀម​ទទួល​លោក សម រង្ស៊ី ធ្វើ​មាតុភូមិ​និវត្តន៍​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា៖ «យើង​ធ្វើ​ការ​ជា​មួយ​គ្នា​កន្លង​មក​យើង​តែង​តែ​រៀប​មុន​ជា​ពិសេស​ទីតាំង​ឈរ​ជើង ដើម្បី​ទទួល​លោក សម រង្ស៊ី ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​អ្វី​កើត​ឡើង​ដោយ​យថាហេតុ​ ព្រោះ​យើង​ធ្លាប់​ធ្វើ​បាតុកម្ម​ជា​ច្រើន​ដង​ហើយ​មិន​ដែល​មាន​បញ្ហា​ទេ ដោយសារ​យើង​ធ្វើ​ការ​ជា​ប្រព័ន្ធ ព្រោះ​យើង​អត់​មាន​ឱ្យ​កាស​ទៀត​ទេ ដោយសារ​​លោក​ប្រធាន​ក៏​អាយុ​ច្រើន ហើយ​លោក ហ៊ុន សែន​ ក៏​អាយុ​ច្រើន​ហើយ អីចឹង​វា​អត់​មាន​ពេល​យូរ​ទៀត​ទេ ហើយ​ប្រទេស​ជាតិ​យើង​មាន​ជន​បរទេស​នៅ​ពី​ក្រោយ​ជា​ពិសេស​យួន​ និង​ចិន»

រីឯ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ម្នាក់​ទៀត​ លោក ញ៉ែម វាន ថ្លែង​ថា មាន​តែ​កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ​ទេ ដែល​អាច​ជួយ​ឱ្យ​ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​នេះ​ប្រសើរ​ឡើង​វិញ​បាន។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា លោក​នឹង​សកម្មជន​ជា​ច្រើន​នាក់​ទៀត ដែល​ភៀស​ខ្លួន​នៅ​ថៃ​ គឺ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ដើម្បី​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ស្មោះស្ម័គ្រ​នឹង​គណបក្ស​ប្រឆាំង​ ដោយសារ​ស្អប់ខ្ពើម​របប​ដឹក​នាំ​សព្វ​ថ្ងៃ​ ដែល​បាន​ចាប់​ប្រជាពលរដ្ឋ​ដាក់​គុក​ទាំង​គ្មាន​កំហុស ដោយ​ចោទ​ប្រកាន់​ពួក​គាត់​ថា ​ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ហើយ​បាន​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «ខ្ញុំ​ចង់​បាន​សង្គម​មួយ​ចែក​គ្នា​រស់​មិន​ចង់​បាន​អ្នក​ដែល​រស់​ស្រួល​ដែល​ជា​ក្រុម​ថ្នាក់​ដឹក​នាំ​សព្វ​ថ្ងៃ​នោះ​ទេ ចំពោះ​ពលរដ្ឋ​ដែល​គ្មាន​ខ្នង​បង្អែក​រក​តែ​ដី​ធ្វើ​ផ្ទះ​នៅ​មិន​ចង់​បាន​ផង ព្រោះ​ខ្ញុំ​ដើរ​ជា​ច្រើន​កន្លែង​មក​ហើយ​ ឃើញ​តែ​ពលរដ្ឋ​ទឹក​ភ្នែក។ របប​ផ្ដាច់ការ​ចាប់​បាន​តែ​ពលរដ្ឋ​ទន់​ខ្សោយ​ទេ​តែ​ពលរដ្ឋ​ច្រើន​រួម​គ្នា​គឺ រត់​អស់​ហើយ»

រហូត​មក​ដល់​ពេល​នេះ លោក សម រង្ស៊ី នៅ​តែ​ប្រកាស​ជំហរ​ត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ រីឯ​របប​ក្រុង​ភ្នំពេញ​ក៏​បញ្ជាក់​ជា​បន្ត​បន្ទាប់​​ថា នឹង​ចាប់​លោក សម រង្ស៊ី និង​អ្នក​ហែហម ប្រសិន​បើ​ហ៊ាន​វិល​ចូល​កម្ពុជា​មែន​នោះ។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ អាជ្ញាធរ​របស់​លោក​ ហ៊ុន សែន បង្កើន​ការ​ចាប់​ខ្លួន សកម្មជន ដែល​ធ្វើ​យុទ្ធនាការ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក ដោយ​ចោទ​ប្រកាន់​ពួក​គេ​ថា រួម​គំនិត​ក្បត់​ជាតិ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន​ មាន​ប្រសាសន៍​ថា លោក​មិន​ជឿ​ថា លោក​ សម រង្ស៊ី នឹង​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ទេ ព្រោះកន្លង​មក ប្រធាន​ស្ដី​ទី​គណបក្ស​ប្រឆាំង​រូប​នេះ ធ្លាប់​ប្រកាស​អ៊ីចឹង​ជា​ច្រើន​ដង តែ​លោក​​មិន​បាន​ចូល​ស្រុក​ដូច​ការ​សន្យា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​គំរាម​ថា ពលរដ្ឋ​ដែល​ទៅ​អម​ដំណើរ​​ក្រុម​បក្ស​ប្រឆាំង​នោះ​ អាច​ប្រឈម​​បញ្ហា​ផ្លូវ​ច្បាប់ ព្រោះ​លោក សម រង្ស៊ី ជា​ទណ្ឌិត​មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ៖ «ហើយ​ទី២ ទណ្ឌិត ដែល​ទៅ​ហ្នឹង​ក្នុង​នាម​ខ្លួន​ឯង​ជា​ប្រធាន​ស្ដីទី​គណបក្ស​ អ៊ីចឹង​គណបក្ស​នឹង​ត្រូវ​រំលាយ​រួច​ហើយ វា​អត់​មាន​ត្រូវ​ច្បាប់​ទេ ពី​ព្រោះ​យើង​ដឹង​ថា សាលដីកា​របស់​តុលាការ​កំពូល​ជា​សាលដីកា​ស្ថាពរ​ និង​បិទ​ផ្លូវ​តវ៉ា ដូច្នេះ រាល់​អ្នក​ណា​គាំទ្រ​ជន​ណា​ ដែល​មាន​ដីកា​ពី​តុលាការ​ជន​នោះ គឺ​ផ្ទុយ​ពី​សាលដីកា​តុលាការ​ហើយ»

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក​ សឹង សែន​ករុណា មាន​ប្រសាសន៍​ថា​ ការ​ចូល​រួម​កិច្ចការ​នយោបាយ​ មិន​ខុស​ច្បាប់​ឡើយ ព្រោះ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ម្នាក់ៗ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ទោះ​ជា​យ៉ាង​ណា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ នៅ​តែ​ទទូច​ឱ្យ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​ប្រឆាំង​រក​ផ្លូវ​​ចរចា​ត្រូវ​រ៉ូវ​គ្នា​ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​​ឡើង​វិញ ដើម្បី​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ៖ «ដូច្នេះ យើង​ចង់​ឃើញ​ការ​ដោះ​ស្រាយ​ដោយ​ទទួល​យក​អនុសាសន៍​ពី​អង្គការ​សហប្រជាជាតិ​ ជា​ពិសេស​អ្នក​ស្រី​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ដែល​លោក​ស្រី​បាន​លើក​ឡើង​កន្លង​មក​ យើង​គួរ​តែ​ទទួល​យក​មក​កែប្រែ​ឥរិយាបថ ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​ចូល​រួម​ប្រកួត​ប្រជែង​នយោបាយ​ដោយ​សន្តិវិធី​ ដោយ​សេរី​ត្រឹមត្រូវ​ និង​យុត្តិធម៌​ឡើង​វិញ​ ដើម្បី​ស្ដារ​មុខ​មាត់​ប្រទេស​នៅ​លើ​ឆាក​អន្តរជាតិ»

គិត​ត្រឹម​ថ្ងៃ​ទី៥ តុលា​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣០នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ ​ស្រប​ពេល​សកម្មជន​ជា​ច្រើន​នាក់​ផ្សេង​ទៀត បាន​រត់​ភៀសខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព​ ដើម្បី​គេច​ចេញ​ពី​ការ​តាម​​យាយី និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។

លោក សឹង សែន​ករុណា​ យល់​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត​នេះ​ ពុំ​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​ទេ​ ផ្ទុយ​ទៅ​វិញ ​គឺ​កាន់​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ជិត​កន្លះ​នគរ​កាន់​តែ​ក្ដៅ​ក្រហាយ ហើយ​ស្អប់ខ្ពើម​រដ្ឋាភិបាល​ទៅ​វិញ​ទេ។

មន្ត្រី​បក្ស​ប្រឆាំង ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​សង្ឃឹម​ថា នៅ​ពេល​លោក​សម​ រង្ស៊ី វិល​ចូល​ស្រុក ធ្វើ​ឱ្យ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នឹង​មាន​ដំណោះ​ស្រាយ។ ពួក​គេ​ យល់​ថា​របប​ក្រុង​ភ្នំពេញ​ ប្រហែល​មិន​ហ៊ាន​ចាប់​លោក​សម រង្ស៊ី នោះ​ទេ ពី​ព្រោះ​មាន​ប្រជាពលរដ្ឋ​ជិត​កន្លះ​នគរ​នឹង​ចូល​រួម​អម​ដំណើរ​លោក ហើយ​ប្រសិន​បើ​អាជ្ញាធរ​ចាប់​ខ្លួន​លោក​មែន​នោះ គឺ​ពួកគេ​នឹង​ងើប​តវ៉ា​ប្រឆាំង​របប​ដឹក​នាំ​សព្វ​ថ្ងៃ ហើយ​សហគមន៍​អន្តរជាតិ​នឹង​ដាក់​សម្ពាធ​ដល់​កម្ពុជា​ជា​ពុំ​ខាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល