សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​មួយ​ចំនួន​ជួប​ជុំ​គ្នា​​ថ្លែង​​សារ​ជូន​ពរ​​ថ្ងៃ​កំណើត​​លោក កឹម សុខា

ដោយ វ៉ែន សុមេធ
2019-06-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​តាម​វីដេអូ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha's Facebook Page
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​តាម​វីដេអូ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha's Facebook Page
Photo courtesy of Kem Sokha's Facebook Page

សកម្មជន​គណបក្សប្រឆាំង​នៅ​តាម​ខេត្ត​មួយ​ចំនួន​បាន​ជួបជុំគ្នា​ថ្លែង​សារ​ជូនពរ​ថ្ងៃកំណើត​លោក កឹម សុខា និង​គាំទ្រ​មនសិការ​របស់​លោក​ដែល​បាន​លះបង់​សេចក្ដី​សុខ​ផ្ទាល់ខ្លួន​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា សកម្មភាព​នេះ​ជា​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ដោយសារ​ពួកគាត់​ស្រលាញ់​ទង្វើ​របស់​លោក កឹម សុខា។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ ១០០​នាក់ នៅ​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​ថ្លែង​សារ​ជូនពរ​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ទី​២៧​មិថុនា។ ពួកគាត់​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​មួយ​នេះ​នៅតែ​ស្មោះស្ម័គ្រ និង​ចាត់​ទុក​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដដែល។

ជំទប់​ទី​១​ជាប់ឆ្នោត​ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ​គណបក្ស​សង្គ្រោះជាតិ លោក មាស ឈាង ប្រាប់​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ថា ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយជ្រំ​កាន់តែ​ច្រើន​គាំទ្រ​លោក កឹម សុខា ដោយសារ​ស្រលាញ់​មនសិការ​ដែល​លោក​បាន​លះបង់​សេចក្ដី​សុខ​ផ្ទាល់ខ្លួន ដូចជា​សុខចិត្ត​ទៅ​រស់នៅ​ក្នុង​ពន្ធនាគារ និង​ជាប់ឃុំ​នៅ​ក្នុង​ផ្ទះ​បាត់បង់​សិទ្ធិ​សេរីភាព ដោយ​មិន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ៖ «ពលរដ្ឋ​គាត់​ចាត់ទុកថា​ជា​មនុស្ស​ដែល​គ្មាន​កំហុស​ទេ គឺ ជា​រឿង​នយោបាយ​ហើយ​គេ​ចាប់​គាត់​ទាំង​គ្មាន​ទោសកំហុស ហើយ​រាស្ត្រ​ក៏​គាត់​យល់​ដែរ ដូច្នេះ​ឆន្ទៈ​បេះដូង​ពលរដ្ឋ​នៅតែ​គោរព​ដូច​តែ​ពីមុន។ ឥឡូវ​មាន​ផែន​ការណ៍​អី​ដែល​ត្រូវ​ធ្វើ​គឺ​ធ្វើ​បាន​ភ្លាម មិន​ថយ​ទេ​នៅតែ​ខ្លាំង​លើស​មុន ខ្លាំង​ជាង​គណបក្ស​ប្រជាជន​កម្ពុជា ថ្វីបើ​គណបក្ស​នេះ​បាន​ឱកាស​ប្រើប្រាស់​យុទ្ធសាស្ត្រ​គ្រប់​រូបភាព​ជាង ១​ឆ្នាំ​ហើយ​ក្ដី ក៏​មិន​ទាញ​យក​ចេះ​ដូង​ពី​ប្រជាពលរដ្ឋ​មិនបាន​ទេ»

ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​កំពង់ចាម​ឯណោះ​វិញ គឺ លោក ថាន សុរិទ្ធ ថ្លែង​ថា សកម្មជន​គណបក្សប្រឆាំង នៅ​គ្រប់​ស្រុក​ក្នុង​ខេត្ត​មួយ​នេះ មួយ​កន្លែងៗ​មាន​អ្នកចូលរួម​ចន្លោះ​ពី ២០ ទៅ ៥០​នាក់​បាន​ជួបជុំគ្នា​ថ្លែង​សារ​ជូនពរ​ថ្ងៃកំណើត​លោក កឹម សុខា ដោយ​មិន​ខ្លាច​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​នោះ​ឡើយ។ លោក​បន្ត​ថា មូលហេតុ​ដែល​គាំទ្រ លោក កឹម សុខា ដោយសារ​ប្រធាន​គណបក្ស​រូប​នេះ អាច​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ​បាន និង​អាច​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​រីក​ចម្រើន​ប្រសើរ​ជាង​បច្ចុប្បន្ន។ បន្ថែម​ពី​នេះ លោក​ថា ទោះបី​ត្រូវ​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ក៏ដោយ ក៏​លោក កឹម សុខា មិន​តក់ស្លុត មិន​ចុះ​ញ៉ម​ហើយ​នៅតែ​រក្សា​គោលជំហរ​ស្មោះត្រង់​ចំពោះ​ជាតិ​ដដែល ដូច្នេះ​ហើយ​បានជា​ពួកគាត់​ស្រលាញ់​នឹង​គាំទ្រ៖ «ទោះបីជា​គាត់​នៅ​ក្នុង​ពន្ធនាគារ​ឬ​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ​ក៏ដោយ បើសិនជា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​សួរសុខទុក្ខ​វិញ មាន​ប្រជាពលរដ្ឋ​ទៅ​ច្រើន​ណាស់ បាទ​ទៅ​ច្រើន​មែនទែន​ខ្ញុំ​និយាយ​មិន​ចេញ ក៏ប៉ុន្តែ​ដោយសារតែ​តុលាការ​ហាមឃាត់ ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​ថ្នាក់ដឹកនាំ​របស់​យើង​ទាំង​ពលរដ្ឋ​គាត់​បានតែ​នឹក​គុណ និង​ថ្លែងអំណរគុណ​លោក កឹម សុខា នៅតែ​ក្នុង​ចិត្ត​តែ​ប៉ុណ្ណឹង»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ចាប់អារម្មណ៍​នឹង​ការ​គាំទ្រ​របស់​សកម្មជន​បក្ស​ប្រឆាំង​នេះ​ទេ ព្រោះ​លោក​យល់ថា នេះ​គ្រាន់តែ​ជា​សកម្មជន​មួយ​ក្ដាប់​តូច ដែល​សម្ដែង​ការ​ស្រលាញ់​រាប់អាន​លោក​កឹម សុខា ។​

«ច្រើន​ឱ្យ​តែ​លើស​ពី​២ ទៅ​គឺ​វា​ច្រើន​ហើយ ក៏ប៉ុន្តែ​ច្រើន​ចំពោះ​គណបក្ស​ផ្សេង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បើ​គណបក្ស​ប្រជាជន​ច្រើនជាង​នៅតែ​ឈ្នះ ដូច្នេះ​រឿង​ច្រើន​យើង​មិនទាន់​សន្មត​យ៉ាង​ណា​ទេ លុះត្រាតែ​យើង​រាប់​សន្លឹកឆ្នោត​បាន​យើង​ដឹង​ថា តើ​ច្រើន​កម្រិត​ណា ប៉ុន្តែ​គាត់​និយាយ​ថា ច្រើន​គឺ​គាត់​និយាយ​នៅ​ក្នុង​ភូមិ​ឃុំ​ដែល​គាត់​រស់នៅ»

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើកឡើង​ថា នេះ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ ដែល​ពួកគាត់​គោរព​ស្រលាញ់​លោក កឹម សុខា។ លោក​បន្ត​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​បុគ្គល​ណា​ក៏​ដោយ ប្រសិនបើ​បុគ្គល​នោះ​បាន​ធ្វើអំពើ​ល្អ​កើត​ចេញពី​សកម្មភាព​នយោបាយ និង​គោលការណ៍​របស់​បុគ្គល​នោះ​នឹង​មាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ ហើយ​ការ​ស្រលាញ់​បែបនេះ​គឺជា​សេចក្ដី​ស្មោះស្ម័គ្រ​កើត​ចេញពី​បេះដូង៖ «មិន​ងាយ​ទេ​បុគ្គល​មានការ​គាំទ្រ​ក្នុង​ការ​ចូលរួម​នឹង​ការ​តាមដាន​ដោយ​ទឹកចិត្ត​ដោយ​បេះដូង​បែបនេះ​មិន​ងាយ​យក​ស្អី​មក​ផ្ដាច់​ពី​បេះដូង​គាត់​បានទេ។ អីចឹង​មានន័យ​ថា ទាល់តែ​សកម្មភាព​របស់​គាត់​តាំង​ពីមុន​ដល់​ចប់​វា​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពេញចិត្ត​ខ្លួន អីចឹង​គាត់​នៅ​តែ​មាន​ការ​ទាមទារ​មានការ​ចង់បាន បាន​ន័យ​ថា បុគ្គល​នោះ​ជា​ថ្នាក់ដឹកនាំ​របស់​គាត់»

កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ អាជ្ញាធរ​របប​ឯកបក្ស លោក ហ៊ុន សែន ចាប់ខ្លួន​លោក កឹម សុខា នៅ​គេហដ្ឋាន​របស់​លោក​ទាំង​កណ្ដាលអធ្រាត្រ ដោយ​ចោទ​ប្រកាន់​ថា បាន​រួម​គំនិត​ជាមួយ​បរទេស​ក្បត់ជាតិ។ សមត្ថកិច្ច​បាន​យក​លោក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ក្បែរ​ព្រំដែន​វៀតណាម តាំងពី​ពេលនោះ​មក រហូតដល់​ខែ​តុលា ឆ្នាំ​២០១៨ ទើប​បញ្ជូន​លោក មក​ឃុំខ្លួន​ក្នុង​ផ្ទះ នៅ​ឯ​ទីក្រុង​ភ្នំពេញ​វិញ។ រហូត​មក​ទល់​ពេលនេះ​តុលាការ​មិនទាន់​បង្ហាញ​ភស្តុតាង​ណាមួយ​បញ្ជា​ថា​លោក កឹម សុខា បាន​ធ្វើ​អ្វី​ខុស​នៅឡើយ​ទេ។

នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​អាយុ​៦៧​ឆ្នាំ​របស់​លោក កឹម សុខា នេះ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​នីមួយៗ​បាន​ផ្ញើ​សារ​ជូនពរ​ផង និង​អំពាវនាវ​ឱ្យ​មានការ​ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ពេញលេញ ដើម្បី​ឱ្យ​កម្ពុជា មាន​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស ហើយ​ដើម្បី​រក្សា​បាន​ការ​អនុគ្រោះ​ពន្ធ (EBA) ពី​សហគមន៍​អឺរ៉ុប និងGSP ពី​សហរដ្ឋអាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល