សកម្មជន​បក្ស​ប្រឆាំង​ជាង ៧០​នាក់ ត្រូវ​បាន​ដោះលែង​បណ្ដោះអាសន្ន

ដោយ ថន ថារ៉ូ
2019-11-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​  និង​ជាអតីត​អ្នកអាន​ព័ត៌មាន​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះជាតិ កញ្ញ យូ ចាន់ធានី។
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជាអតីត​អ្នកអាន​ព័ត៌មាន​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះជាតិ កញ្ញ យូ ចាន់ធានី។
Photo courtesy

មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​មាន​សកម្មជន​ជាង ៧០​នាក់​ហើយ ដែល​ជាប់​ចោទ​ពី​បទ​''​ញុះញង់ និង​រួមគំនិត​ក្បត់​'' ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។ សកម្មជន​បក្ស​ប្រឆាំង និង​មន្ត្រី​សិទ្ធិមនុស្ស ទាមទារ​ឱ្យ​តុលាការ​របប​ក្រុងភ្នំពេញ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំងស្រុង ដើម្បី​បង្ហាញ​ពី​ការ​បង្រួប​បង្រួម​ជាតិ និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

មេធាវី​ដែល​កាន់​សំណុំរឿង​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​លោក សំ សុខគង់ ឱ្យ​អាស៊ីសេរី​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា តុលាការ បាន​ដោះលែង​អ្នក​ជាប់ឃុំ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ចំនួន ៧៥​នាក់​ហើយ​តាម​បទបញ្ជា​របស់​លោក ហ៊ុន សែន។ ទោះ​យ៉ាង ណា​ក្តី​នៅ​មាន​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត ដែល​ជាប់ចោទ​ពី​បទ​ល្មើស​ផ្សេងៗ តែ​ជា​រឿង​នយោបាយ​ដែរ​នោះ មិនទាន់​ត្រូវ​បាន​ដោះលែង​នៅ​ឡើយ​ទេ។ លោក សំ សុគង់ ឱ្យ​ដឹង​ថា ក្រុម មេធាវី​ការពារ​ក្តី នឹង​បន្ត​កិច្ចការ​របស់​ខ្លួន​ទៀត ដើម្បី​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ទាំង ស្រុង និង​ដោះលែង​អ្នកនយោបាយ​ដទៃ​ទៀត ដែល​ខ្លះ​ជាប់ឃុំ​តាំងពី​យូរ​មក​ហើយ ដូចជា លោក ចៅ វាសនា និង​លោក គង់ ម៉ាស់ ព្រមទាំង​យុវជន គង់ រ៉ៃយ៉ា ជាដើម៖ «មកដល់​ថ្ងៃនេះ​ប្រហែល​ដោះលែង​ទាំងស្រុង​ហើយ ព្រោះ​ខ្ញុំ បូក​ពី​ម្សិលមិញ​មាន​ចំនួន ៧៥​នាក់​ហើយ»

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា ប្រាប់​អាស៊ីសេរី​ថា សកម្មជន​បក្ស​ប្រឆាំង​ត្រូវ​បាន​ដោះលែង​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក​មិន​ទាន់​បូក​តួលេខ​ជាក់លាក់​នោះ​ទេ​។ លោក​បន្ត​ថា ការ​ដោះលែង​ខ្លះ​យឺត ដោយសារ​ការ​បំពេញ​បែបបទ និង​ការ​បញ្ជូន​ឯកសារ​ដោះលែង​ពី​ខាង​តុលាការ៖ «ពេលណា​គេ​រៀបចំ​បញ្ជូន​ឯកសារ​ដីកា​ដោះលែង​មក​ដល់​ខាង​ពន្ធនាគារ គឺ​យើង​ចាត់ចែង​តាម​នឹង​ភ្លាម»

តុលាការ​របប​ក្រុងភ្នំពេញ បាន​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ តាំងពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ប៉ុន្តែ​ភាគច្រើន​ដោះលែង​នៅ​ពេល​យប់ ក្រោយ​ពី​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ដោះលែង និង​បញ្ឈប់​ការ​ចាប់ចង ឬ​ធ្វើទុក្ខបុកម្នេញ ដល់​អ្នក​ទោស​នយោបាយ ដែល​ត្រូវ​រង​ការ​បង្ក្រាប​ក្នុង​កំឡុង​ពេល​យុទ្ធនាការ ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កន្លង​មក។

សកម្មជន​បក្ស​ប្រឆាំង​មិន​ពេញចិត្ត​នឹង​របប​ក្រុងភ្នំពេញ​ដែល​ដោះលែង​បណ្ដោះអាសន្ន​នេះ​ទេ ពីព្រោះ​ថា ពួកគេ​គ្មាន​កំហុស ហើយ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោទ​បទ​ចោទ​ទាំងអស់។

សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ គឺ​កញ្ញា យូ ចាន់ធានី ដែល​ពន្ធនាគារ​បើក​ទ្វា​ដោះលែង​នៅ​ម៉ោង​៧​យប់ កាលពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា រៀបរាប់​ថា អាជ្ញាធរ និង​តុលាការ​បាន​ចាប់​ឃុំ​ខ្លួន និង​ចោទប្រកាន់​កញ្ញា ព្រមទាំង​សកម្មជន​បក្ស​ប្រឆាំង​ដទៃ​ទៀត​នោះ អយុត្តិធម៌​បំផុត​។ ដូច្នេះ ការ​ដោះលែង​បណ្ដោះអាសន្ន មិនទាន់​អាច​ផ្ដល់​យុត្តិធម៌ និង​សេរីភាព​ពេញលេញ​ដល់ក​ញ្ញា និង​អ្នក​ដទៃ​ទៀត ឡើយ ។ កញ្ញា យូ ចាន់ធានី ទាមទារ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោលការ​ចោទ​ប្រកាន់​លើ​កញ្ញា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត ព្រោះ​កញ្ញា និង​អ្នក​ឯទៀត គ្មាន​សមត្ថភាព​ទៅ​ញុះញង់ ឬ​បង្កើត​កម្លាំង​ក្បត់ជាតិ​ទេ។ អ្នកអាន​ព័ត៌មាន​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី រូប​នេះ បន្ត​ថា រឿង​ដែល​កាន់តែ​ហួសចិត្ត​ទៀត​នោះ គឺ​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ តុលាការ​បាន​ដាក់​លក្ខខណ្ឌ​មិន​ឱ្យ​កញ្ញា​ធ្វើ​សកម្មភាព​នយោបាយ មិន​ឱ្យ​ចេញ​ក្រៅ​ប្រទេស មិន​ឱ្យ​ផ្លាស់ប្ដូរ​ទីលំនៅ ត្រូវ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល ១​ខែ​ម្តង និង​ត្រូវ​បង្ហាញខ្លួន​តាម​ដីកាកោះ​របស់​តុលាការ​ជាដើម៖ «ជា​ការ​គាប់​សង្កត់ និង​ជា​សម្ពាធ​មួយ​សម្រាប់​យុវជន​ទាំងអស់ ព្រោះ​ការ​បញ្ចេញមតិ​ទោះ​ក្នុង​ន័យ​គាំទ្រ ឬ​មិន​គាំទ្រ​គឺ​ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់​គាត់​មាន​សិទ្ធិ​បញ្ចេញ​របស់​​គាត់ ប៉ុន្តែ​នៅ​ពេល​ហាមប្រាម​បែបនេះ គឺ​មិន​ចង់​ឱ្យ​ពលរដ្ឋ​ដឹងឮ​រឿង​សង្គម​ទាំងមូល​តែម្ដង។ បើ​ការ​ដោះលែង​ដើម្បី​បង្រួបបង្រួម​ជាតិ គឺ​គាត់​លើកលែង​បទ​ចោទ​នេះ​ហើយ មិនមែន​ដាក់​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​អ៊ីចឹង​ទេ។ នៅ​ពេល​ដាក់​អ៊ីចឹង គឺថា​គ្រប់​សកម្មភាព​របស់​យើង​គឺ​មិន​អាច​ចូលរួម អី​បាន​ទាំងអស់»

កញ្ញា យូ ចាន់ធានី រិះគន់ ចំពោះ​ស្ថានភាព​រស់នៅ​ក្នុង​ពន្ធនាគារ​ថា មាន​ភាព​ចង្អៀន​ណែន​ពិបាក ដេក និង​រស់នៅ ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។

សកម្មជន​បក្ស​ប្រឆាំង​នៅ​ស្រុក​គៀនស្វាយ ខេត្ត​កណ្តាល​ម្នាក់ទៀត ដែល​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដែរ លោក លី ម៉េងឃាង ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ពេញចិត្ត​ចំពោះ​ការ​បន្ត​រក្សា​បទ​ចោទ និង​ដាក់​លោក​ឱ្យ​ឋិត​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ទេ ព្រោះ​លោក​មិន​ប្រព្រឹត្ត​ទង្វើ​ខុសច្បាប់ ឬ​ខុសឆ្គង​ចំពោះ​ជាតិ​និង​រដ្ឋាភិបាល​នោះ​ទេ​។ លោក​បន្ត​ថា តុលាការ​បាន​ដាក់​លក្ខខណ្ឌ​ឱ្យ​លោក ត្រូវ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​រៀងរាល់ថ្ងៃ​ច័ន្ទ គឺ​មួយ​សប្ដាហ៍​ម្តង មិន​ឱ្យ​ចេញ​ក្រៅ​ប្រទេស និង​មិន​ឱ្យ​ផ្លាស់ប្ដូរ​លំនៅ​ឡើយ៖ «ការ​ដោះលែង​នេះ​ខ្ញុំ​មិន​ពេញចិត្ត​ទេ​ដោយសារ​មិនបាន​ផ្ដល់​សេរី ភាព​ឱ្យ​ខ្ញុំ​ទាំងស្រុង ។​ខ្ញុំ​ចង់បាន​សេរីភាព​ទាំងស្រុង​របស់ខ្ញុំ​មកវិញ​ក្នុងនាម​ជា​ពលរដ្ឋ ព្រោះ​អី​ការ ចោទប្រកាន់​មក​លើ​ខ្ញុំ​នោះ​មិន​ពិត​ទេ។ ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់ គ្រាន់តែ​ធ្វើ​អី្វ​ដែល​សិទ្ធិ​របស់ខ្ញុំ​ត្រូវ​មាន​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង»

ចំណែក​ស្ថានភាព​រស់នៅ​ក្នុង​ពន្ធនាគារ​វិញ លោក​រៀបរាប់ មិនសូវ​ខុសគ្នា​ទេ គឺ​ត្រូវ​រស់នៅ​ក្នុង​សភាព​ណែន​ចង្អៀត ត្រូវ​ដេក​ក្បែរ​បង្គន់ និង​មាន​ភាព​ស្អុះស្អាប់​ខ្លាំង​។ លើស​ពី​នេះ​ទៀត ឆ្មាំ​ពន្ធនាគារ បាន​បិទ​សិទ្ធិ​លោក និង​អ្នកទោស​ផ្សេងទៀត មិន​ឱ្យ​និយាយ​រកគ្នា​ឡើយ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា អ្នក​ជាប់ឃុំ​ពាក់ព័ន្ធ​នឹង​បទ​ចោទ រួមគំនិត​ក្បត់​ជាមួយ​លោក សម រង្ស៊ី ដែល​មាន​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ គឺ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​អស់ហើយ គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ដែល​មាន​ចំនួន​ជាង ៧០​នាក់។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង ដែល​ជាប់ឃុំ​ក្នុង​បទល្មើស​ផ្សេងទៀត​នោះ គឺ​ការ​ដោះលែង ឬ​មិន​ដោះលែង គឺ​អាស្រ័យ​លើ​ចៅក្រម​ស៊ើបសួរ ដោយ​ផ្អែកលើ​នីតិវិធី និង​លទ្ធផល​នៃ ការស៊ើបអង្កេត​ជាក់ស្ដែង។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ ព្រមាន​ថា ថ្វី​ដ្បិតតែ​មានការ​ដោះលែង​បណ្ដោះអាសន្ន​ក្តី ក៏ សកម្មជន​បក្ស​ប្រឆាំង​ទាំងនេះ នឹង​ត្រូវ​ចាប់​ឃុំ​ខ្លួន​វិញ​ភ្លាម បើ​ហ៊ាន​ល្មើសច្បាប់​។ លោក​មិន​បញ្ជាក់​ថា ល្មើសច្បាប់​បែប​ណា​នោះ​ទេ ខណៈ​ដែល​កន្លងមក នៅ​ពេល​សកម្មជន​បក្ស​ប្រឆាំង ជួបជុំ​បរិភោគ​នំ​បញ្ចុក និង​ថ្លែង​សារ​គាំទ្រ​លោក សម រង្ស៊ី និង​លោក កឹម សុខា ក៏​ត្រូវ​បាន​ចាប់ខ្លួន និង​កោះហៅ​ទៅ​សួរនាំ​ដែរ៖ «ដោយសារ​មានការ​ស្នើសុំ និង​ការ​ដឹង​អំពី​កំហុស​របស់​ខ្លួន​នេះ ចៅក្រម​ស៊ើបសួរ​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ឋិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ អ៊ីចឹង​ទេ ប្រសិនបើ​អ្នក​ទាំងនោះ​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​នោះ ចៅក្រម​ស៊ើបសួរ​អាច​សម្រេច​លុប​ចោល​នូវ​លក្ខខណ្ឌ​ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ​ហើយ អាច​យក​មក​ឃុំ​វិញ​ដើម្បី​ដំណើរការ​នីតិវិធី​បន្ត​ទៅ​ទៀត ផ្អែក​តាម​បញ្ញត្តិ​ច្បាប់​ជា​ធរមាន»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ គ្រាន់តែ​ធ្វើ​ឱ្យ​សកម្មជន​ទាំងនោះ​សប្បាយ ចិត្ត​ឡើងវិញ​ខ្លះ ដោយ​បាន​រួមរស់​ជាមួយ​គ្រួសារ​។ ប៉ុន្តែ ពួកគាត់ មិន​ទទួល​បាន​សេរីភាព​ពេញ លេញ​ទេ គឺ​ប្រៀប​ដូចជា​កាំបិត​នៅ​ចាំ​ភ្ជង់​ក​របស់​ពួកគាត់​រហូត ដោយសារ​តុលាការ​នៅតែ​រក្សា​បទ​ចោទ និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ដដែល​។ លោក​ពិនិត្យ​ឃើញថា សកម្មភាព​របស់​សកម្ម​ជន​បក្ស​ប្រឆាំង​ទាំងនេះ មិន​ប្រព្រឹត្ត​អ្វី​ខុស​ដូច​ការចោទប្រកាន់​ទេ គឺ​ពួកគាត់​គ្រាន់តែ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បន្ត​ថា ការសម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​នេះ​គ្រាន់តែ​ការ​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ​នៅ​កម្ពុជា​ខ្លះ​ប៉ុណ្ណោះ ប៉ុន្តែ​មិនទាន់​គ្រប់គ្រាន់​ក្នុង​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នោះ​ទេ៖ «ទោះបីជា​មានការ​បន្ធូរបន្ថយ​ទៅលើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ឯកឧត្តម កឹម សុខា និង​ដោះលែង​សកម្មជន​នយោបាយ​ទៀត​ក៏ដោយ គឺ​គ្រាន់តែ​បន្ធូរបន្ថយ​ស្ថានភាព​នយោបាយ​មួយ​ចំណែក​ប៉ុណ្ណោះ។ អ្វី​ដែល​សហគមន៍​អឺរ៉ុប ទាមទារ​ឱ្យ​ស្តារ​ឡើងវិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នោះ​គឺ​រដ្ឋាភិបាល ត្រូវតែ​បង្កើន​ការ​វិវឌ្ឍ​ន៍​ជា​វិជ្ជមាន​បន្ត​ទៀត ជាពិសេស​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​ដោយ​សន្តិវិធី​ឱ្យ​វិលត្រឡប់​ទៅ​រក​នៅ​សិទ្ធិ​សេរីភាព នៃ​ការ​ធ្វើ​នយោបាយ បើក​លំហ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​សម្រាប់​សហជីព​ឡើងវិញ ទើប​គេ​ហៅថា​ស្ដារ​ឡើងវិញ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​។ ជាពិសេស​ការបោះឆ្នោត​អាណត្តិ​ក្រោយនេះ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​តម្លាភាព និង​យុត្តិធម៌​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ អាច​ប្រកួតប្រជែង​ដោយ​តម្លាភាព»

វិធានការ​របប​ក្រុងភ្នំពេញ​ក្នុង​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​លើ​លោក កឹម សុខា និង​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង ឱ្យ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល ដែល​សហភាព​អឺរ៉ុប​ដាក់​របាយការណ៍​វាយតម្លៃ​បឋម​អំពី​ករណី​រំលោភ​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ជូន​រដ្ឋាភិបាល​កម្ពុជា មុននឹង​ឈាន​ទៅ​សម្រេច​ចិត្តជា​ផ្លូវការ​ថា តើ​ត្រូវ​ដកហូត ឬ​មិន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ហៅ​ថា EBA របស់​សហភាព​អឺរ៉ុប។ សហភាព​អឺរ៉ុប​ទុក​ពេល​ឱ្យ​របប​លោក ហ៊ុន សែន មួយ​ខែ ដើម្បី​ឆ្លើយតប​របាយការណ៍​នេះ ហើយ​សហភាព​អឺរ៉ុប នឹង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ស្ថាពរ​របស់​ខ្លួន​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២០ ខាងមុខនេះ។

គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា មន្ត្រី និង​សកម្មជន​មូលដ្ឋាន​របស់​ខ្លួន ចំនួន ៨៨​នាក់ ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​ចាប់ខ្លួន ក្នុង​ឆ្នាំ​២០១៩។ ចំណែក​អ្នក​មាន​ដីកា​ឱ្យ​តាម​ចាប់ខ្លួន​ពី​តុលាការ និង​ដីកា​កោះហៅ​បំភ្លឺ​ពី​នគរបាល មាន​ជាង ២០០​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល