សកម្មជន​បក្ស​ប្រឆាំង​ប្ដេជ្ញា​មិន​ចូល​សារភាព​តាម​ការ​អូស​ទាញ​ពី​របប​ក្រុងភ្នំពេញ​ទោះ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ

ដោយ ហេង រស្មី
2019-10-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦។
ទិដ្ឋភាព​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់ របប​លោក ហ៊ុន សែន ប្ដេជ្ញា​ថា​មិន​ចូល​សារភាព ដើម្បី​បាន​រួច​ទោសពៃរ៍នោះ​ឡើយ ព្រោះ​ពួកគាត់​គ្មាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទប្រកាន់​ទេ។ ជាង​នេះ​ទៅ​ទៀត ពួកគាត់​សច្ចា​ថា​នឹង​នៅតែ​ប្ដេជ្ញា​ដង្ហែ​រលោក សម រង្ស៊ី វិល​ចូល​មាតុប្រទេស​វិញ នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា​ខាងមុខនេះ។

ប្រធាន​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ លោកស្រី យ៉ែម វណ្ណណែត ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​ចោទប្រកាន់​របស់​តុលាការ​ខេត្ត​នេះ ប្រាប់​អាស៊ី​សេរី​​ថា ការ​អំពាវនាវ​ពី​របប​ក្រុងភ្នំពេញ មិន​អាច​ធ្វើ​ឱ្យ​ឆន្ទៈ​របស់​លោកស្រី​ផ្លាស់ប្ដូរ​ទេ​។ លោកស្រី​បញ្ជាក់​ថា ការចូលរួម​សកម្មភាព​នយោបាយ គឺជា​សិទ្ធិ​ដែល​មាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​សកម្មភាព​របស់​អ្នកស្រី​កន្លង​មក ក៏​គ្មាន​អ្វី​ពាក់ព័ន្ធ​ទៅ​រក​ការ​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ​នោះ​ដែរ​៖ «នាង​ខ្ញុំ​មិន​ទៅ​ចូល​សារភាព​អី​ទេ។ ដោយសារតែ​នាង​ខ្ញុំ​មិន​មាន​កំហុស​អ្វី​ផង រឿង​អី​ដែល​ខ្ញុំ​ចូល​ទៅ​សារភាព​ហើយ​ទី​២​នោះ​គឺថា​ខ្ញុំ​អត់​មាន​ជំនឿ​ទៅលើ​ប្រព័ន្ធ​តុលាការ​ស្រុក​ខ្មែរ​ដោយសារ​តុលាការ​នៅ​ស្រុក​ខ្មែរ​ធ្វើ​ទៅតាម​គេ​បញ្ជា​។ អ៊ីចឹ​ង​! ខ្ញុំ​អត់​ទៅ​ចូលរួម​សារភាព​អ្វី​ទេពី​ព្រោះ​ខ្ញុំ​អត់​មាន​កំហុស»

ការ​បញ្ជាក់​ជំហរ​របស់​លោកស្រី យ៉ែម វណ្ណណែត បាន​កើតមានឡើង​ក្រោយពី​តុលាការ​ខេត្តត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី៤ ខែ​តុលា បាន​ចោទប្រកាន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​នាក់​បន្ថែម​ទៀត​ពី​បទ «​រួមគំនិត​ក្បត់​» ដែល​នៅ​ក្នុង​នោះ​មាន​លោកស្រី​ម្នាក់​ផង​ដែរ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំង​ពីរ​នាក់ ទៀត​ដែល​តុលាការ​ខេត្ត​ត្បូងឃ្មុំ បាន​ចោទប្រកាន់​រួមមាន​៖ សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ លោក ស៊ឹម ស៊ាងឡេង ហៅ វេង និង​ប្រធាន​ក្រុម​ប្រឹក្សាឃុំ​ដូនតី ស្រុក​ពញាក្រែក លោកស្រី មាន ឡា។

គ្រាន់តែ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ចុងក្រោយ​នេះ តុលាការ​បួន​ខេត្ត​ផ្សេងៗ​គ្នា រួមមាន​ខេត្ត​កំពង់ចាម ស្វាយរៀង ប៉ៃលិន និង​ខេត្ត​ត្បូងឃ្មុំ​នេះ​ផង បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​បន្តបន្ទាប់ ដោយ​ចោទ​ប្រកាន់​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ សរុប ៩នាក់ ពី​បទ​រួមគំនិត​ក្បត់ ដោយសារតែ​ការ​បង្ហាញ​ជំហរ​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។

តុលាការ​ទាំង​បួន​ខេត្ត​នេះ ប្រើ​ទម្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន ស្ទើរតែ​ដូចគ្នា​ទាំងស្រុង ដោយ​គ្រាន់តែ​ដូរ​ឈ្មោះ​អ្នក​ដែល​ត្រូវ​បាន​ចោទប្រកាន់​ប៉ុណ្ណោះ​។ ខុស​ពី​ដីកា​ចោទប្រកាន់​លើ​មន្ត្រី​បក្ស​ប្រឆាំង​មុនៗ លើក​នេះ​តុលាការ​ទាំង​បួន សុទ្ធ​តែ​បង្កប់​សារ​អំពាវនាវ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង ចូល​សារភាព ដើម្បី​ជា​ថ្នូរ​នឹង​ការ​មិន​យក​ទោស។

សារ​ពី​ស្ថាប័ន​តុលាការ​នេះ មាន​ភាព​ស៊ី​សង្វាក់​គ្នា​ជាមួយ​សារ​របស់​លោក ហ៊ុន សែន ដែល​ទើបនឹង​ថ្លែង​កាលពី​ថ្ងៃ​ទី៣ ខែ​តុលា ដោយ​គំរាម​ផង និង​លួង​ឱ្យ​ចូល​សារភាព​ផង៖ «ហើយ​អ្នក​នៅ​ក្នុង​ស្រុក កុំ​ព្រហើន​! កុំ​ព្រហើន​! ហើយ​បើសិនជា​អ្នក​បែរជា​ជ្រុល​ចូលរួម អ្នក​សារភាព​ឱ្យ​ត្រង់ នឹង​រួច​ទោស»

អ្នកវិភាគ​នយោបាយ​បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​សារ​អំពាវនាវ ឱ្យ​អ្នក​ដែល​តុលាការ​មិនទាន់​កាត់​សេចក្ដី​ថា​មានទោស ទៅ​ចូល​សារភាព​ដូច្នេះ ជា​ការ​បង្ខិតបង្ខំ​​មួយ និង​ជា​ទម្លាប់​មិន​គួរ​យក​មក​អនុវត្ត​ទាល់តែសោះ ព្រោះ​វា​បង្ហាញ​ឱ្យ​ឃើញ​ការប្រព្រឹត្ត​ខុស​របស់​អាជ្ញាធរ​ទៅវិញ។

សារ​អំពាវនាវ​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សារភាព និង​ចុះចូល​នេះ របប​លោក ហ៊ុន សែន ធ្លាប់​ធ្វើ​ដែរ កាលពី​ក្រោយ​រម្លាយ​គណ​បក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ មិន​បាន​ជោគជ័យ​ទេ។

សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ទូទាំង​ប្រទេស សុខចិត្ត​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ឬ​បន្ត​ជីវភាព​ជា​ប្រជាពលរដ្ឋ​សាមញ្ញ ជាជាង​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ដែល​បាន​រម្លាយ​គណបក្ស​ខ្លួន​។ ជាង​នេះ​ទៅ​ទៀត ភាគច្រើន​លើសលប់ នៃ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ទាំង ១១៨​នាក់ ដែល​រង​ការ​ហាមឃាត់​សិទ្ធិ​នយោបាយ មិន​ព្រម​ចុះចូល ឬ​សំ​សិទ្ធិ​នយោបាយ តាម​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល