បក្ស​ប្រឆាំង​កំណត់​យក​ប្រទេស​ថៃ​ជាទី​តាំង​ឆ្លង​កាត់​មក​កម្ពុជា

ដោយ ហេង រស្មី
2019-11-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ សន ចាន់រដ្ឋា/RFA

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជា​ផ្លូវ​ការ​កំណត់​យក​ព្រំដែន​ថៃ​ជា​ចំណុច​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​នៅ​ថ្ងៃ​ទី៩​ វិច្ឆិកា​ខាង​មុខ​នេះ។ មន្ត្រី​រដ្ឋាភិបាល​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​នេះ​ តែ​នៅ​រក្សា​ជំហរ​ថា​ នឹង​ចាប់​ខ្លួន​លោក​ សម រង្ស៊ី​ នៅ​ពេល​ឈាន​ជើង​ចូល​ដល់​ប្រទេស​កម្ពុជា​ភ្លាម។

លោក​ អេង ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២​ វិច្ឆិកា​ថា មូល​ហេតុ​ដែល​គណបក្ស កំណត់​យក​ព្រំ​ដែន​កម្ពុជា​ថៃ​ជា​ចំណុច​ឆ្លង​ដែន​ចូល​កម្ពុជា​នោះ គឺ​ដោយសារ​តែ​ថៃ ជា​ប្រទេស​ឯករាជ្យ​មិន​ដូច​ប្រទេស​វៀត​ណាម​ និង​​ ប្រទេស​ឡាវ​ទេ។ លោក​បញ្ជាក់​ប្រទេស​វៀតណាម និង​ឡាវ​ គឺ​ជា​ប្រទេស​ដែល​រណប​របប​លោក​ ហ៊ុន សែន។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ជ្រើស​រើស​ប្រទេស​នេះ​ជាទី​តាំង​សម្លាប់​ឆ្លង​កាត់​ទេ៖ «វា​មិន​អាច​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ទេ ​ពី​ព្រោះ​យើង​ចូល​ក្នុង​ប្រទេស​កម្ពុជា​ យើង​ចូល​ដោយ​ដៃ​ទទេ​ទេ។ ឧទាហរណ៍​យើង​ដើរ​ចូល​ដោយ​ថ្នើរ​ជើង​តើ។ យើង​មាន​ស្អី​ទៅ​ប៉ះ​ទង្គិច។ បើ​យើង​នាំ​អាវុធ​ នាំ​អាវុធ​ខុស​ច្បាប់​ នាំ​គ្រឿង​ញៀន​ចូល​ អា​ហ្នឹង​បាន​វា​នាំ​ទៅ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ ប៉ុន្តែ​យើង​ដើរ​ចូល​ទៅ​ដោយ​ខ្លួន​យើង​ទទេ​ ដោយ​អត់​មាន​អ្វី​ទាំង​អស់ ​គឺ​យើង​ចូល​ដោយ​ថា ​ក្នុង​នាម​យើង​ជា​ពលរដ្ឋ​ខ្មែរ​វា​ទៅ​ប៉ះ​យ៉ាង​ម៉េច

ការ​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ព្រំដែន​ប្រទេស​ថៃ​នេះ បាន​កើត​​មាន​ឡើង​ស្រប​ពេល​របប​ក្រុង​ភ្នំពេញ​បាន​ដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ ដោយ​បំពាក់​អាវុធ​ទំនើបៗ​តាម​ក្រវ៉ាត់​ព្រំ​ដែន​ប្រទេស​កម្ពុជា​នឹង​ប្រទេស​ថៃ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​របប​ក្រុង​ភ្នំពេញ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ រួម​ទាំង​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ក្នុង​ការ​រារាំង​ និង​ទប់ស្កាត់​មិន​ឲ្យ​លោក​ សម រង្ស៊ី​ ធ្វើ​មាតុភូមិ​និវត្តន៍​ចូល​មក​កម្ពុជា។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី២ វិច្ឆិកា​នេះ បញ្ជាក់​ថា បើ​ទោះ​ជាមាន​ការ​គំរាមកំហែង ការ​រារាំង​ ការ​ទប់ស្កាត់​គ្រប់​មធ្យោបាយ និង​ការ​បំភ្លៃ​ព័ត៌មាន​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​ សម រង្ស៊ី​ និង​ថ្នាក់​ដឹកនាំ​នៅ​តែ​កំណត់​យក​ព្រំ​ដែន​ថៃ​ ជា​ចំណុច​ឆ្លង​កាត់​ចូល​មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី៩ ខាង​មុខ​នេះ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន បញ្ជាក់​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ស្វាគមន៍​ដំណើរ​និវត្តន៍​របស់​លោក សម រង្ស៊ី។ លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​លោក​ សម រង្ស៊ី​ ឈាន​ជើង​ដល់​ប្រទេស​កម្ពុជា​ភ្លាម​អាជ្ញាធរ​នៅ​តាម​ព្រំដែន​នឹង​ចាប់​ដាក់​ខ្នោះ​បញ្ជូន​មក​មន្ទីរ​ឃុំឃាំង​ភ្លាម៖ «បាទ! នេះ​ជា​ការ​បង្កើន​សមត្ថភាព​ក្នុង​ការ​រៀបចំ​សណ្តាប់​ធ្នាប់​ជា​សារធារណៈ ពី​ព្រោះ​គាត់​បាន​ប្រកាស​ថា គាត់​នឹង​រៀបចំ​កង​កម្លាំង​បែរ​អាវុធ​ទៅ​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល ដែល​តុលាការ​បាន​ចោទ​ប្រកាន់ អាហ្នឹង​ជា​សកម្មភាព​រដ្ឋប្រហារ។ ដូច្នេះ​យើង​មិន​មើល​ស្រាល ចំពោះ​ករណី​នេះ​ទេ»

សម្រាប់​មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ឃ្លាំ​មើល​តំណើរ​ការ​រំលោភ​សិទ្ធិមនុស្ស​បាន​ដាក់​ការ​ព្រួយ​បារម្ភ​ពី​សភាព​ការ​កំពុង​តាន​តឹង​រវាង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង និង​កម្លាំង​គាំទ្រ​របប​ក្រុង​ភ្នំពេញ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត​បញ្ជាក់​ថា​ លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប៉ះ​ទង្គិច​រវាង​កម្លាំង​គាំទ្រ​ទាំង​ពីរ ដែល​អាច​ឈាន​ទៅ​រក​អំពើ​ហិង្សា។ លោក​បញ្ជាក់​ថា នេះ​មិន​មែន​ជា​ជម្រើស​ល្អ​ទេ សម្រាប់​គណបក្ស​ទាំង​ពីរ ហើយ​បែរ​ជា​មក​គិតគូរ​ពី​ឧត្តម​ប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​ធំ​វិញ​នោះ​ល្អ​ជាង៖ «បើ​សិន​ជា​យើង​យក​ជម្រើស​នៃ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា ឬ​ក៏​ការ​ប៉ះ​ទង្គិច​ដោយ​អំពើ​ហិង្សា​នោះ កម្ពុជា​យើង​ក៏​កាន់​តែ​ធ្លាក់​ចុះ​ទៅ​ទៀត ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ហើយ​ប្រឈម​មុខ នឹង​ការ​បាត់​បង់​នៃ​ផ្នែក​សេដ្ឋកិច្ច​ជា​បន្ត​ទៀត។ ជា​ពិសេស គឺ​ការ​អនុគ្រោះ​ពន្ធផ្សេងៗ ដូច EBA និង GSP ហើយ​អាច​នឹង​មាន​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​បន្ថែម​ទៀត បើសិន​ជា​កម្ពុជា​យើង​មាន​ការ​ប៉ះ​ទង្គិច​ផ្នែក​ហិង្សា​នោះ​បាទ»

មន្រ្តី​ថៃ​មិន​បញ្ចេញ​ឈ្មោះ​អះអាង​ថា ថៃ​ទទួល​បាន​សំណើ​ចាប់​ខ្លួន លោក សម រង្ស៊ី​និង​មន្រ្តី​មួយ​ចំនួន​ទៀត​ទេ ប៉ុន្តែ​ថៃ​គ្រាប់​តែ​ហាម​ឃាត់​អ្នកស្រី មូរ សុខហួរ ចូល​ទឹក​ថៃ ព្រោះ​ថៃ​មិន​ចង់​ពាក់ព័ន្ធ​នឹង​នយោបាយ​ស្រុក​ខ្មែរ។

នៅ​សល់​តែ​មួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​ ដល់​ថ្ងៃ​កំណត់​ដែល​លោក​ សម រង្ស៊ី​ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ វិល​ចូល​មាតុប្រទេស​វិញ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់ ដែល​កំពុង​ធ្វើ​ការ​និង​ប្រកប​មុខ​របរ​រក​ទទួល​ទាន​ក្នុង​ប្រទេស​ថៃ បាន​សម្រុក​ចាក​ចេញ​មក​កម្ពុជា​តាម​ច្រក​ព្រំដែន​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល