មេ​ឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ហ៊ុន សុគង់ ត្រូវ​សមត្ថកិច្ច​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ

ដោយ ថន ថារ៉ូ
2019-09-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សុគង់ មេឃុំ​បុស្សខ្នុរ ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ២០១៩។
លោក ហ៊ុន សុគង់ មេឃុំ​បុស្សខ្នុរ ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ២០១៩។
Provided photo

មេឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ហ៊ុន សុគង់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​កំពង់ចាម និង​ត្រូវ​ចោទ​ប្រកាន់​ចំនួន​ពីរ​បទ​ល្មើស។ ភរិយា​លោក ហ៊ុន សុគង់ ហៅ​ការ​ចោទ​ប្រកាន់​នេះ​ជា​រឿង​អយុត្តិធម៌ ព្រោះ​ស្វាមី​លោកស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក (ADHOC) ខេត្ត​កំពង់ចាម អ្នកស្រី ធីម ណារីន ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី១០ ខែ​កញ្ញា​ថា មេ​ឃុំ​គណបក្ស​សង្រ្គោះ​ជាតិ លោក ហ៊ុន សុគង់ រង​ការ​ចោទ​ប្រកាន់​ចំនួន​ពីរ​បទ​ល្មើស គឺ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍ និង​បទ​ល្មើស​សម​គំនិត​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស។ អ្នកស្រី​បន្ត​ថា សមត្ថកិច្ច​បាន​យក​លោក ហ៊ុន សុគង់ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់​ចាម​តាំង​ពី​ថ្ងៃ​ទី៧ កញ្ញា​មក​ម៉្លេះ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​សហការ ឬ​ផ្ដល់​ព័ត៌មាន​នេះ​ឲ្យ​អ្នក​ស្រី ដែល​ជា​សង្គម​ស៊ីវិល​បាន​ដឹង​នោះ​ទេ។ អ្នកស្រី​បញ្ជាក់​ថា អង្គការ​អាដហុក​នឹង​បន្ត​តាម​ដាន​ករណី​ចោទ​ប្រកាន់​នេះ​បន្ត​ទៀត៖ «ខាង​អាដហុក​នឹង​តាម​ដាន​ឃ្លាំ​មើល​ការ​វិវឌ្ឍ​នេះ ដើម្បី​ឲ្យ​ដឹង​ថា តើ​គាត់​មាន​មេធាវី ឬ​មាន​អ្នក​តំណាង​ស្រប​អ្នក​ច្បាប់​ហើយ ឬ​នៅ​ព្រោះ​ថា មក​ដល់​យើង​ឃើញ​មាន​ទាំង​អ្នក​តំណាង និង​សាច់ញាតិ​គាត់​មិន​ទាន់​បាន​ជួប​លោក ហ៊ុន សុគង់ នៅ​ឡើយ​ទេ»

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ លោក ឯម​ កុសល នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ប៉ុន្តែ​ទូរស័ព្ទ​ចូល គ្មាន​អ្នក​ទទួល។ ចំណែក​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​កំពង់ចាម លោក ជុំ ណារ៉ាន់ ក៏​អាស៊ី​សេរី​មិន​អាច​សុំ​បំភ្លឺ​បាន​ដែរ។

ភរិយា​លោក ហ៊ុន សុគង់ លោកស្រី ខាន់ សុគន្ធា ឲ្យ​អាស៊ី​សេរី​ដឹង​ថា លោកស្រី​បាន​ចូល​ជួប​ស្វាមី​​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់​ចាម​រួច​ហើយ នៅ​រសៀល​ថ្ងៃ​ទី១០ កញ្ញា។ លោកស្រី​បន្ត​ថា ស្វាមី​បាន​ប្រាប់​ថា សមត្ថកិច្ច​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​រូប​គាត់​ ដោយសារ​គាត់​បាន​ទៅ​ជួប​លោក សម រង្ស៊ី នៅ​​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៥ សីហា​កន្លង​ទៅ។ លោកស្រី​ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ​លោក​ស្រី​កំពុង​ពឹង​មេធាវី ដើម្បី​ជួយ​ការពារ​ក្តី​ឱ្យ​ស្វាមី​លោកស្រី។ លោកស្រី ខាន់ សុគន្ធា ចាត់​ទុក​ការ​ចោទ​ប្រកាន់​ស្វាមី​នេះ គឺ​ជា​រឿង​នយោបាយ ព្រោះ​ស្វាមី​លោក​ស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ៖ «គាត់​អត់​បាន​ធ្វើ​អី​ខុស​គាត់​ទៅ​រក​ស៊ី​ធម្មតា ចាប់​មនុស្ស​មក​ឃុំ​ទុក​អត់​ប្រាប់​ឲ្យ​បង​ប្អូន​ដឹង ខ្ញុំ​មាន​អារម្មណ៍​អយុត្តិធម៌ និង​ជា​ការ​រំលោភ​សិទ្ធិ»

កម្លាំង​នគរបាល​បាន​ចាប់​ខ្លួន​មេ​ឃុំ​បុស្ស​ខ្នុរ​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ហ៊ុន សុគង់ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ​កាល​ព្រឹក​ថ្ងៃ​ទី៥ កញ្ញា។ លោក​ត្រូវ​បាន នគរបាល​ចាប់​ខ្លួន​ ពេល​លោក​ប្រកប​មុខរបរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ទី​នោះ និង​ត្រូវ​បាន​បញ្ជូន​មក​សាក​សួរ​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា។ មន្ត្រី​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា ការ​ចាប់​ខ្លួន​នេះ​ សមត្ថកិច្ច​មិន​បាន​បង្ហាញ​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​នោះ​ទេ។

គិត​ត្រឹម​ដើមខែ​កញ្ញា​នេះ មាន​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន ២១នាក់​ហើយ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ ចំណែក​ចំនួន​អ្នក​ដែល​​ត្រូវ​បាន​កោះ​ហៅ​វិញ​មាន ១៥៦នាក់។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថា ការ​ចាប់​ខ្លួន និង​ការ​កោះ​ហៅ​នេះ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ភ័យ​ខ្លាច​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ការ​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់ កាន់​តែ​ធ្វើ​ឲ្យ​កម្លាំង​ទៅ​ទទួល​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ កាន់​តែ​កើន​ឡើង​ទៅ​វិញ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល