បក្ស​ប្រឆាំង​ថ្កោលទោស​របប​ក្រុង​ភ្នំពេញ​ករណី​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ​៦​នាក់​ទៀត

ដោយ សេក បណ្ឌិត
2019-09-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​យុវជន​គណបក្ស​សង្រ្គោះជាតិ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ លោក យ៉ាត ភារម្យ។
ប្រធាន​យុវជន​គណបក្ស​សង្រ្គោះជាតិ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ លោក យ៉ាត ភារម្យ។
Photo Provided

គណបក្ស​សង្គ្រោះ​ជាតិ ថ្កោលទោស​របប​ក្រុងភ្នំពេញ ចំពោះ​ការ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ​៦​នាក់​​ថែមទៀត កាលពី​ថ្ងៃ​ទី​១៣ និង​១៤ កញ្ញា​។ មន្ត្រី​​របប​ក្រុងភ្នំពេញ អះអាង​ថា ការ​ចាប់ខ្លួន​មនុស្ស​ទាំង​ ៦​នាក់​នោះ ជា​ការ​អនុវត្ត​ច្បាប់។ សមត្ថកិច្ច​ចោទប្រកាន់​សកម្មជន​ទាំងនោះ​ពី​បទ​ទៅ​ទទួល​យក​ផែនការ​​ប្រឆាំង​សាលដីកា និង​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ ពី លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី។

គណបក្សប្រឆាំង ហៅ​ការ​ចាប់ខ្លួន​សកម្មជន​ទាំង​ ៦​នាក់ បន្ថែម​ទៀត​នេះ ជា​ទង្វើ​រំលោភបំពាន​ច្បាប់​យ៉ាង​កំរោល និង​ជា​សកម្មភាព​ព្រៃផ្សៃ ដូច​របប​ខ្មែរក្រហម ដែល​ប្រើប្រាស់​វិធី​បង្ក្រាប​លើ​មនុស្ស​ស្លូតត្រង់​គ្មាន​កំហុស ឱ្យ​បាក់ស្បាត លែង​ហ៊ាន​ងើប​តវ៉ា​ទាមទារ​រក​យុត្តិធម៌ និង សិទ្ធិ​សេរីភាព​របស់​ខ្លួន។

សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ទី​១៤ កញ្ញា​បង្ហាញ​ថា សមត្ថកិច្ច​របប​ក្រុងភ្នំពេញ បាន​ចាប់​សកម្មជន​បក្ស​​ប្រឆាំង​​យ៉ាង​ហោច​ណាស់​ ៦នាក់​​ថែម​ទៀត នៅ​រយៈពេល​ ២​ថ្ងៃ ដោយ​គ្មាន​បង្ហាញ​ដីកាចាប់ខ្លួន ឬ​មូលហេតុ​នៃ​ការ​សម្រុកចូល​ចាប់ខ្លួន​ឡើយ​។ មនុស្ស​ទាំង ​៦​នាក់​នោះ រួមមាន ប្រធាន​យុវជន​​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ លោក យ៉ាត ភារម្យ ត្រូវ​ចាប់ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ សមាជិក​ទ្រទ្រង់​គណបក្ស​សង្គ្រោះ​​ជាតិ​​រាជធានី​ភ្នំពេញ លោក ទុំ ប៊ុនថន ត្រូវ​បាន​ចាប់ខ្លួន នៅ​ខេត្ត​សៀមរាប និង​​អតីត​​អ្នក​អាន​​ព័ត៌មាន​ក្នុង​​បណ្ដាញ​​ហ្វេសប៊ុក (facebook) របស់ លោក សម រង្ស៊ី គឺ​​កញ្ញា យូ ចាន់ធានី ត្រូវ​​បាន​​ចាប់​ខ្លួន នៅ​​កន្លែង​ធ្វើ​ការ​​ក្នុង​​ធនាគារ​ ABA នៅ​​រាជធានី​​ភ្នំពេញ​។ អ្នក​​ទាំង​៣ ត្រូវ​​បាន​អាជ្ញាធរ​​របប​​ក្រុង​ភ្នំពេញ ចាប់​ខ្លួន ថ្ងៃ​​ទី​១៣ កញ្ញា​។ ចំណែក​​សកម្មជន​ ៣​នាក់​ទៀត ជា​សមាជិក​បក្ស​ប្រឆាំង​​នៅ​​ខេត្ត​​កណ្ដាល គឺ​សមាជិក​​គណៈកម្មាធិការ​​ប្រតិបត្តិ​​ស្រុក​​ស្អាង លោក លី ម៉េងឃាង មេឃុំ​​ជាប់​ឆ្នោត ឃុំ​​សំរោង​​ធំ ស្រុក​​កៀន​ស្វាយ លោក លី លីន និង​​ជំទប់​​ទី​១ ជាប់​ឆ្នោត​នៅ​ឃុំ​ព្រែកស្ដី ស្រុក​កោះធំ លោក ឈុន ថៃយុទ្ធ។ សកម្មជន​​បក្ស​​ប្រឆាំង​​ខេត្ត​​កណ្ដាល​​ទាំង ៣​នាក់ ត្រូវ​​បាន​​អាជ្ញាធរ​ចាប់​​ខ្លួន នៅ​​ថ្ងៃ​​ទី​១៤ កញ្ញា។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ប្រាប់​ថា សកម្មជន​ជា​ស្ត្រី​អ្នកអាន​ព័ត៌មាន​ម្នាក់ គឺ​កញ្ញា យូ ចាន់ធានី ត្រូវ​បាន​តុលាការ​​​ក្រុងភ្នំពេញ​សម្រេច​ដាក់​ពន្ធនាគារ​ព្រៃ​ស (​ម​២) ហើយ នៅ​ព្រលប់​ថ្ងៃ​ទី​១៤ កញ្ញា​។ លោក​ថា តុលាការ និង​អាជ្ញាធរ ប្រើ​ហេតុផល​ចោទ​មិន​សម​ទំនង ដើម្បី​ធ្វើ​ទុក​បុក​ម្នេញ​សកម្មជន​បក្ស​ប្រឆាំង៖ «ម្សិលមិញ គឺ​ដឹង​តែ​ម្នាក់​ទេ គឺ​កញ្ញា យូ ចាន់ធានី ល្ងាច​ម៉ោង​ ៦​ហ្នឹង​ ត្រូវ​​បាន​​គេ​​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ "ម​២" ហៅ​​ថា ពន្ធនាគារ​ព្រៃ​ស​។ អ៊ីចឹង​ម្នាក់ទៀត គឺ​អត់​​បាន​​ដឹង​ទេ ដោយសារ​​យើង​​ទាក់ទង​​អត់​​បាន គឺ​​បាន​​ដំណឹង​​តែ​​ម្នាក់ គឺ​​កញ្ញា យូ ចាន់ធានី»

សមត្ថកិច្ច​នៃ​របប​ក្រុងភ្នំពេញ បាន​ចោទប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​ថា បាន​​ទៅ​​ទទួល​​យក​​ផែនការ​​ប្រឆាំង​​សាលដីកា​​តុលាការ​​កំពូល និង​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​​ប្រទេស​​ម៉ាឡេស៊ី កាល​ពី​​ខែ​​សីហា។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​អាស៊ីសេរី​នៅ​យប់​ថ្ងៃ​ទី​១៥ កញ្ញា ហៅ​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​មាន​ចេតនា​បិទបាំង​ផែនការ​ទុច្ចរិត​របស់​គណបក្ស​ខ្លួន ដែល​លោក ជិន ម៉ាលីន ហៅថា ជា​ក្រុម​ចលនា​ក្រៅច្បាប់។ មន្ត្រី​របប​ក្រុងភ្នំពេញ​រូប​នេះ ប្រាប់​ថា​ដើមហេតុ​នៃ​ការ​ចាប់ខ្លួន​សកម្មជន​ទាំងនោះ ដោយសារ​សកម្មជន​ទាំងនោះ បានធ្វើ​សកម្មភាព​​តាម​​ការ​​អំពាវនាវ​​របស់​​គណបក្ស​​ប្រឆាំង​។ លោក ជិន ម៉ាលីន ណែនាំ​ឱ្យ​គណបក្ស​​សង្គ្រោះ​ជាតិ រក​មេធាវី និង​ជំនួយ​ផ្នែក​ច្បាប់​ដល់​សកម្មជន​ទាំងនោះ ជាជាង​ការ​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល៖ «គួរតែ​រៀបចំ​ជំនួយ​​ផ្នែក​​ច្បាប់​ផ្ដល់​ឱ្យ​សកម្មជន​របស់​ខ្លួន​នៅ​កម្ពុជា ដូចជា ការ​ផ្ដល់​មេធាវី​ការពារ​ក្ដី ដល់​ពួកគេ​ទាំងនោះ ជាដើម ល និង ល ពីព្រោះ ថា ពួកគេ​បាន​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​នៅ​កម្ពុជា ដោយសារតែ​ការ​អំពាវនាវ និង​ផែន​ការដែល​ខ្លួន​រៀបចំ​។ ដូច្នេះ​ខ្លួន​ត្រូវ​មាន​កាតព្វកិច្ច​ផ្នែក​សីលធម៌​មួយ គួរតែ​ផ្ដល់​ជំនួយ​ផ្នែក​​ច្បាប់ និង​មេធាវី​ការពារ​ក្ដី​ដល់​អ្នក​ទាំងអស់​នោះ។ ជា​គោលការណ៍​ច្បាប់ សកម្មភាព​របស់​សកម្ម​ជន​ទាំងអស់​នោះ មិនមែន​ជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​​ជួបជុំ ឬ​សម្ដែង​មតិ​អ្វី​ទេ។ ប៉ុន្តែ​វា​ជា​ការ​បំពាន​ច្បាប់​នៅ​កម្ពុជា បាន​ន័យ​ថា សកម្មភាព​ទាំងឡាយ​ណា ដែល​ធ្វើឡើង​ក្នុង​ចេតនា​គាំទ្រ​ដល់​អង្គការ​ចាត់តាំង​ខុស​ច្បាប់​ណាមួយ ឬក៏​ធ្វើឡើង​តាម​ការ​អំពាវនាវ និង​ផែនការ ដែល​រៀបចំ​ដោយ​អង្គការ​ចាត់តាំង ឬក៏​ចលនា​ខុសច្បាប់​ណាមួយ ជា​ការ​បំពានច្បាប់​នៅ​កម្ពុជា»

ប៉ុន្តែ ភរិយា​របស់​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ លោក យ៉ាត ភារម្យ គឺ​លោកស្រី មិន មុំ បដិសេធ​ថា ប្ដី​មិនដែល​ធ្វើអំពើ​ខុសច្បាប់ ឬ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ឡើយ​។ លោកស្រី​អះអាង​ថា គ្រួសារ លោកស្រី​ក្រីក្រ​ណាស់ គ្មាន​លទ្ធភាព​ប្រឆាំង​រដ្ឋាភិបាល​ទេ។ លោកស្រី​ថា កុំ​ថា​ធ្វើ​លិខិត​ឆ្លងដែន​ចេញ​ក្រៅ​ប្រទេស សូម្បី​អាហារ​ហូប​រាល់ថ្ងៃ ក៏​មាន​ការ​ខ្វះខាត​ដែរ​។ លោកស្រី​អះអាង​ថា លោក យ៉ាត ភារម្យ មិន​បាន​ចេញ​ក្រៅ​ប្រទេស​​ទៅ​ជួប​លោក សម រង្ស៊ី ទេ ហើយ​លោកស្រី​បាន​ទាមទារ​ឱ្យ​ប៉ូលិស​ដោះលែង​ស្វាមី​វិញ​ជាបន្ទាន់៖ «ថ្ងៃនេះ ខ្ញុំ​អត់​ទាន់​បាន​ដឹង​ដំណឹង​ប្ដី​ខ្ញុំ​ទេ​បង តែ​ខ្ញុំ​បាន​ស្ដាប់​អាស៊ីសេរី ខាង​ប៉ូលិស​ស្អី​គេ ដែល​ចោទ​ប្ដី​ខ្ញុំ​ថា ត្រៀមខ្លួន​ដើម្បី​ទៅ​ទទួល​លោក សម រង្ស៊ី ចុះ​មក​អី​ឯណា នៅ​ម៉ាឡេស៊ី​អី​ឯណា គឺ​ខ្ញុំ​សូម​បដិសេធ ព្រោះ​ខ្ញុំ​ជា​ជន​ក្រីក្រ​គ្មាន​លុយ​ធ្វើ​លិខិត​ឆ្លងដែន (Passport) សម្រាប់​ទៅ​ទទួល​គាត់​ទេ​។ តែ​សុំ​ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​ផង​។ ចា​!​ ប្ដី​ខ្ញុំ​អត់​បាន​ទៅ​ម៉ាឡេស៊ី​អ្វី​ទេ​។ កុំ​ចោទ​មនុស្ស ដែល​ស្មោះត្រង់ ចោទ​ទម្លាក់កំហុស​ឱ្យ​គាត់​អ៊ីចឹង ព្រោះ​ខ្ញុំ​ជា​ជន​ក្រីក្រ រកតែ​លុយ​ទិញ​បាយ​ស៊ី​មិន​គ្រប់​ផង។ ខ្ញុំ​គ្មាន​លុយ​ឯណា ទៅ​ធ្វើ​ប៉ាសស្ព័រ។ អ៊ីចឹង​​សូម​ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​ផង ព្រោះ​ដល់​ខែ​បុណ្យទាន​ហើយ ខ្ញុំ​ចង់​ជួបជុំ​គ្រួសារ​ខ្ញុំ»

គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ ​សកម្មជន​បក្ស​ប្រឆាំង​មូលដ្ឋាន​ចំនួន ២៦​នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​​ចាប់ឃុំ​ខ្លួន ដោយសារ​ពួកគេ​ហ៊ាន​រិះគន់​របប​ក្រុងភ្នំពេញ អំ​ពី​បញ្ហា​​លទ្ធិ​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល