គណបក្ស​ប្រឆាំង​មិន​បោះ​ឆ្នោត​គាំទ្រ​លើ​សេចក្ដី​ព្រាង​ច្បាប់​ទូទាត់​ថវិកា​ជាតិ​ឆ្នាំ​២០១៣

ដោយ ម៉ម មុនីរតន៍
2015-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ក្នុង​រដ្ឋសភា ក្នុង​ថ្ងៃ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៣ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥។
ទិដ្ឋភាព​ក្នុង​រដ្ឋសភា ក្នុង​ថ្ងៃ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៣ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Morm Moniroth

រដ្ឋសភា បាន​អនុម័ត​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៣ ទាំង​ចម្រូងចម្រាស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា។ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិការ​មិន​បោះ​ឆ្នោត​គាំទ្រ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ សូម្បី​មួយ​សំឡេង​ឡើយ ខណៈ​ដែល​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​គ្រប់គ្រង​អំណាច បោះ​ឆ្នោត​គាំទ្រ ៦៧​សំឡេង​ក្នុង​ចំណោម​សមាជិក​សភា​ដែល​បាន​ចូលរួម​ប្រមាណ ១០១​នាក់។ ការ​មិន​បោះ​ឆ្នោត​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ហាក់​ដូចជា​មិន​ខ្វល់​ទំនាក់ទំនង​រវាង​គណបក្ស​កាន់​អំណាច ដែល​ជា​ដៃគូ​សន្ទនា​របស់​ខ្លួន​នោះ។

ចំណែក​អង្គការ​មិន​មែន​រដ្ឋាភិបាល​វិញ ចាត់​ទុក​ការ​ធ្វើ​ពហិការ​មិន​ចូលរួម​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​របស់​តំណាង​រាស្ត្រ​គណបក្ស​ដែល​មាន​សំឡេង​ភាគ​តិច​នៅ​ក្នុង​រដ្ឋសភា គឺ​ជា​រឿង​ត្រឹមត្រូវ នៅ​ពេល​ដែល​ពួក​គេ​មើល​ឃើញ​ថា ច្បាប់​នេះ​មិន​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​ទេ​នោះ។

អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ឃ្លាំ​មើល​ដំណើរ​ការ​របស់​រដ្ឋសភា ហៅ​ការ​ប្ដេជ្ញា​ចិត្ត​មិន​ចូលរួម​បោះ​ឆ្នោត​គាំទ្រ​លើ​សេចក្ដី​ព្រាង​ច្បាប់ សម្រាប់​ទូទាត់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នេះ ថា​គឺ​ជា​យន្តការ​ដ៏​ប្រសើរ ដោយ​ហេតុ​ថា ការ​ចំណាយ និង​ការ​ប្រមូល​ពន្ធ​រក​ឃើញ​ថា ខ្វះ​តម្លាភាព និង​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​របស់​ជាតិ។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១២ កន្លង​ទៅ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ដោយ​បញ្ជាក់​ថា គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០១៣ មាន​ទឹក​ប្រាក់​ជាង ១២​លាន​លាន​រៀល ស្មើ​ប្រមាណ​ជាង ៣,១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ថវិកា​ជាតិ​ឆ្នាំ​២០១៣ នេះ កើន​ឡើង​ប្រមាណ ១២,៩% ធៀប​នឹង​ថវិកា​ជាតិ​ឆ្នាំ​២០១២ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ជិត ៣​ពាន់​លាន​ដុល្លារ​នោះ។

លោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិកា​អនាគត យល់​ឃើញ​ថា ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត​ហើយ​នេះ នឹង​ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​ចំណាយ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ទូទាត់​នៃ​ចំណូល​នោះ​ទេ។ លោក​ចាត់​ទុក​ថា វា​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្ដាយ ដែល​រដ្ឋសភា​នៅ​បន្ត​អនុម័ត​ច្បាប់​ទាំង​ប្រទាំង​ប្រទើស​ដូច​នេះ។ លោក អ៊ូ វីរៈ បន្ត​ថា «ចំពោះ​ខ្ញុំ​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង គឺ​ជា​រឿង​ចាំបាច់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ហើយ​គួរ​តែ​ជំរុញ​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​ហ្នឹង»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា រដ្ឋសភា​បាន​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​សម្រាប់​ទូទាត់​ថវិកា​ជាតិ​ឆ្នាំ​២០១៣។ ក្នុង​ចំណោម​សមាជិក​សភា​សរុប​ដែល​បាន​ចូលរួម​ប្រមាណ ១០១​សំឡេង គឺ​មាន​តែ ៦៧​សំឡេង​គាំទ្រ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ដែល​ជា​សមាជិក​សភា​មក​ពី​ខាង​គណបក្ស​គ្រប់គ្រង​អំណាច។ ដោយឡែក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ វិញ បន្ត​នៅ​ស្ងៀម មិន​លើក​ដៃ​ឡើយ​សូម្បី​តែ​ម្នាក់ ដោយ​រួម​ទាំង លោក សម រង្ស៊ី ផង ពុំ​បាន​បោះ​ឆ្នោត​គាំទ្រ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទេ។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៣ មាន ៣​ជំពូក និង ១១​មាត្រា។ ជំពូក​ទី​២ ដែល​រដ្ឋសភា​បាន​អនុម័ត​ទាំង​ចម្រូងចម្រាស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ស្ដីពី​ការ​គ្រប់គ្រង​ថវិកា​ជាតិ​នៅ​ថ្នាក់​មូលដ្ឋាន។ ការ​អនុម័ត​ច្បាប់​នេះ ហាក់​ដូចជា​ងាយ​ស្រួល​ណាស់ ដោយ​តំណាង​រាស្ត្រ​មក​ពី​ខាង​គណបក្ស​គ្រប់គ្រង​អំណាច ចាំ​តែ​អង្គុយ​លើក​ដៃ។ ដោយឡែក​វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​វិញ នៅ​ពេល​ដែល​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ថ្លែង​ការពារ​ជំហរ​របស់​ខ្លួន​ប្រឆាំង​នឹង​ច្បាប់​នេះ លោក ហ៊ុន សែន ក៏​កំពុង​រវល់​ចុច​ទូរស័ព្ទ ហាក់​មិន​ខ្វល់​នឹង​ការ​ថ្លែង​របស់​គណបក្ស​ប្រឆាំង​អ្វី​ឡើយ។ ក្រៅ​ពី​នេះ ទិដ្ឋភាព​នៅ​ខាង​ក្រៅ​នៃ​របង​រដ្ឋសភា​ឯណេះ​វិញ គឺ​ច្រក​ចេញ​ចូល​ទាំង​តូច និង​ធំ​របស់​រដ្ឋសភា ត្រូវ​បាន​ដាក់​របាំង​ការពារ​យ៉ាង​តឹងរ៉ឹង​បំផុត អម​ដោយ​កម្លាំង​ចម្រុះ​ជាច្រើន​ផង​ពុំ​ធ្លាប់​មាន។ ការ​បិទ​ច្រក​ចូល​នេះ ត្រូវ​គេ​រាយការណ៍​ថា ដើម្បី​ទប់ស្កាត់​ការ​រំខាន​របស់​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​ច្បាប់​អង្គការ និង​សមាគម ដែល​ប៉ុនប៉ង​សុំ​កិច្ច​អន្តរាគមន៍​ពី​សភា មិន​ឲ្យ​អនុម័ត​ច្បាប់​នេះ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នោះ ដោយ​រិះគន់​ថា លុយ​ដែល​រដ្ឋ​ចំណាយ​នេះ គឺ​ជា​ការ​ចំណាយ​ដែល​ខ្ជះខ្ជាយ បណ្ដាល​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​លុយ​ជាច្រើន​លាន​រៀល ដោយសារ​អំពើ​ពុក​រលួយ និង​ខ្វះ​តម្លាភាព។ លើស​ពី​នេះ​ទៀត ការ​ចំណាយ​នៅ​ថ្នាក់​ក្រោម​ជាតិ គឺ​មិន​ដល់ ២០០​លាន​ដុល្លារ​ផង។ ហេតុ​នេះ ជា​ចំនួន​មួយ​ដ៏​តិចតួច និង​ពុំ​អាច​បំពេញ​តម្រូវ​ការ​ចាំបាច់​បាន ដែល​នាំ​ឲ្យ​ការ​អនុវត្ត​នៅ​ថ្នាក់​មូលដ្ឋាន​ពុំ​បាន​ល្អ​ប្រសើរ។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ការពារ​ថា ការ​ពិត​ថវិកា​ដែល​បាន​ចំណាយ​នៅ​ថ្នាក់​ក្រោម​ជាតិ​នេះ គឺ​ពុំ​បាន​ចំណាយ​ខុស​គោលដៅ ឬ​ធ្វើ​អ្វី​មួយ​ដែល​ពុំ​ស្រប​ទៅ​នឹង​គម្រោង​ថវិកា​ជាតិ​ទេ។ ផ្ទុយ​ទៅ​វិញ តាម​រយៈ​យន្តការ​បោះ​ឆ្នោត និង​កំណែ​ទម្រង់​ដទៃ​ទៀត គឺ​ជា​ស្នូល​ដ៏​ចម្បង​នៃ​ការ​បណ្ដុះបណ្ដាល​ផ្នែក​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​មូលដ្ឋាន។ លោក ស ខេង បន្ត​ថា «ខ្ញុំ​សូម​បញ្ជាក់​ថា​មាន​តែ ២ ទេ គឺ​ធនធាន​មនុស្ស និង​ធនធាន​ថវិកា។ បើ​យើង​ចង់​ផ្ទេរ​អំណាច​បាន​ប៉ុណ្ណា វា​ទាល់​តែ​សមត្ថភាព​ធនធាន​មនុស្ស​នៅ​នឹង​មូលដ្ឋាន​នោះ អាច​នឹង​ទទួល​រ៉ាប់រង​បាន​ដែរ។ យើង​មិន​អាច​ធ្វើ​ទៅ​លើ​រំលោភ​ការ​ជាក់ស្ដែង​បាន​ទេ»

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ ក៏​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា រដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​អំណាច បាន​ចំណាយ​លុយ​លើស​គម្រោង​ថវិកា​ជាតិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង​ហួស​ប្រមាណ ជាពិសេស​ការ​ខ្ចី​បុល​ពី​បរទេស​បន្ថែម​លើ​ថវិកា​ជាតិ​ដែល​មាន​ស្រាប់។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ងឹម ញ៉េង រក​ឃើញ​ថា សម្រាប់​ច្បាប់​ថវិកា​ជាតិ​ដែល​អនុម័ត​ឲ្យ​ខ្ចី​លុយ គឺ​កំណត់​ត្រឹម ១៨០​ពាន់​លាន​លាន​រៀល ក៏ប៉ុន្តែ​រដ្ឋ​បាន​ខ្ចី​លើស​ចំនួន​កំណត់​រហូត​ដល់​ទៅ​ជាង ២៨០​ពាន់​លាន​លាន​រៀល (២៨០​ពាន់ ៦៧៤​លាន​លាន​រៀល) ដែល​ស្មើ​ប្រមាណ ១៥៥,៩% ដែល​ជា​កំណើន​នៃ​កម្ចី​ដ៏​ខ្ពស់​ពី​ច្បាប់​កំណត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

១២​លាន​លាន​រៀល ស្មើ​ប្រមាណ​ជាង ៣,១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ?????

Jul 01, 2015 12:52 AM

ក្មេងវត្តមុន៧មករា

ពី ភ្នំពេញ

បើយើងនិយាយពីឈ្មោះសមរង្សីនោះគឺយើងនិយាយពីការកែប្រែសម្រេច
ការបោះឆ្នោតពី២/៣មក៥០+១។បានសេចក្ដីថាហ៊ុនសែនឥតត្រូវការដំណាង
បក្សសង្រ្គោះជាតិទាំង៥៥សម្លេងទេសុំលោកសមរង្សីឈប់ប្រឹងស្រែកទៅ។តើ
លោកសមរង្សីនៅព្យាបាទរាស្រ្តខ្មែរដល់ណាទៀត?ល្មមគ្រប់គ្រាន់ហើយ។

Jun 30, 2015 02:11 PM

គេហទំព័រ​ទាំងមូល