អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង​អះអាង​ថា នឹង​មាន​គ្នា​រាប់​រយ​នាក់​ត្រៀម​​ការពារ​លោក សម រង្ស៊ី វិល​ស្រុក​វិញ​

ដោយ វ៉ែន សុមេធ
2019-09-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះជាតិ ខែត្រ​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧។
មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះជាតិ ខែត្រ​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧។
Photo provided

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​​នៅ​ខេត្ត​ស្វាយរៀង​អះអាង​ថា មាន​មនុស្ស​រាប់​រយ​នាក់​អ្នកស្ម័គ្រចិត្ត​ធ្វើ​ជា​សន្តិសុខ​ទៅ​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម រង្ស៊ី ​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​។ អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​ទាំង​នោះ​សង្ឃឹម​ថា នៅ​ពេល​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍​នឹង​អាច​ស្ដារ​​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ប្រសើរ​ឡើង​វិញ​ជា​មិន​ខាន។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ខេត្ត​ស្វាយរៀង ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ដើម្បី​ការពារ​សុវត្ថិភាព​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៦ កញ្ញា​ថា នៅ​ពេល​នេះ​ពួក​លោក​ប្រមូល​គ្នា​បាន​ជាង ១០០​នាក់​ហើយ​ នៅ​ក្នុង​ខេត្ត​របស់​លោក​ ដើម្បី​ត្រៀម​ខ្លួន​ទៅ​ធ្វើ​ជា​សន្តិសុខ​ការពារ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។ ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ​អ្នក​ចូល​រួម​ជា​មួយ​ពួក​លោក​ភាគ​ច្រើន​ជា​អតីត​មន្ត្រី​ប៉ូលិស និង​ទាហាន​ ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ការពារ​ប្រទេស​ជូរ​ចត់ ​ហើយ​ពួក​គេ​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង ដើម្បី​ការពារ​លោក សម រង្ស៊ី ឱ្យ​ទៅ​ដល់​គោលដៅ​បាន៖ «យើង​ចេះ​តែ​ការពារ​មួយ​ដៃ​មួយ​ជើង​ម្នាក់​ទៅ​ បើ​ថា​ចង្កឹះ​មួយ​គេ​កាច់​បាក់​បើ​ចង្កឹះ​ច្រើន​គេ​កាច់​មិន​បាក់​ទេ​ បើ​ទៅ​ច្រើន​បើ​មាន​សកម្មភាព​អី​កើត​ឡើង​ធ្វើ​ម៉េច​បើ​វា​តម្រូវ​ការ​ត្រូវ​អីចឹង។ ព្រោះ​បើ​របប​សព្វ​ថ្ងៃ​តាម​ដាន​ដូច​រាល់​ថ្ងៃ​អីចឹង​ខ្ញុំ​ខ្លាច​វិល​ទៅ​របប​​ខ្មែរ​ក្រហម​វិញ​ ព្រោះ​របប​នេះ​ខ្ញុំ​ធ្លាប់​ជួប​ហើយ​ គឺ​ជូរចត់​ណាស់​ ខ្ញុំ​កម្សត់​មែន​ទែន គឺ​ហូប​មិន​ឆ្អែត​ គេ​ដឹក​ស្រូវ​យក​ទៅ​ឱ្យ​ចិន​ ហើយ​យក​មក​វិញ​មាន​តែ​គ្រាប់​កាំភ្លើង​មក​សម្លាប់​តែ​ខ្មែរ​គ្នា​ឯង​ ខ្ញុំ​ខ្លាច​របប​នេះ​កើត​ឡើង​វិញ»

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​ លោក ម៉ៅ វិបុល មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​​ទាំង​​នោះ​ ទៅ​​ការ​ពារ​​លោក​ សម រង្ស៊ី ដោយ​ស្មារតី​ស្រឡាញ់​​ជាតិ​ ហើយ​ពួក​គេ​នឹង​ហ៊ាន​ពលី​ជីវិត​ការពារ​លោក សម រង្ស៊ី ​ទៅ​​ដណ្ដើម​យក​ប្រជាធិបតេយ្យ​​ពី​របប​ក្រុង​ភ្នំពេញ​ជូន​ពលរដ្ឋ​វិញ​បាន​។ លោក បន្ថែម​ថា ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង​​ភាគ​ច្រើន​ស្អប់​ខ្ពើម​របប​ដឹក​នាំ​សព្វ​ថ្ងៃ ​ដែល​បាន​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ហើយ​ពួក​គាត់​បាន​ត្រៀម​ខ្លួន​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោយ​មិន​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ​ឡើយ ពីព្រោះ​ពួក​គាត់​សង្ឃឹម​ថា នៅ​ពេល​លោក​សម រង្ស៊ី ធ្វើ​មាតុភូមិ​និវត្តន៍​នឹង​មាន​ដំណោះស្រាយ​នយោបាយ៖ «ខ្លះ​ហ៊ាន​ប្ដូរ​ស្លាប់​ឱ្យ​តែ​ប្រទេស​មាន​ការ​ផ្លាស់​ប្ដូរ​ ហើយ​គាត់​មិន​រាថយ​ទេ​ ឱ្យ​តែ​លោក​ប្រធាន​ចូល​មក​នៅ​ពេល​ណា​គឺ​គាត់​នឹង​ចូល​រួម​នៅ​ពេល​នោះ​។ព្រោះ​ពួកគាត់​និយាយ​គ្មាន​ឱកាស​ណា​ល្អ​ដូច​ពេល​នេះ​ អីចឹង​សុខចិត្ត​ចំណាយ​ថវិកា​ផ្ទាល់​ ដើម្បី​ចូល​រួម​តែ​ម្ដង»

លោក សម រង្ស៊ី បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត ថា​លោក​នឹង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស គ្រោង​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។ ទោះ​ជា​យ៉ាង​ណា​ក្ដី របប​ក្រុង​ភ្នំពេញ​បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ដែរ អំពី​វិធានការ​លើ​លោក សម រង្ស៊ី និង​អ្នក​ហែហម ប្រសិន​បើ​ហ៊ាន​វិល​ចូល​កម្ពុជា​តាម​កាល​កំណត់​មែន​នោះ។ កាល​ពី​ថ្ងៃ​ទី២៥ ខែ​សីហា​លោក ហ៊ុន សែន បាន​បង្ហោះ​សារ​លែបខាយ​ឌឺដង​ដាក់​លោក សម រង្ស៊ី​ ថា កុំ​ឲ្យ​ភ្លេច​ពាក្យ​សន្យា វិល​ចូល​ស្រុក​ខ្មែរ​វិញ​ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។ លោក ហ៊ុន សែន បញ្ជាក់​ថា​ ពន្ធនាគារ​ក៏​កំពុង​រង់ចាំ​ស្វាគមន៍​លោក សម រង្ស៊ី ប្រសិន​បើ​មេ​បក្ស​ប្រឆាំង​រូប​នេះ​មក​ដល់​កម្ពុជា​វិញ​នោះ។

អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់​អាស៊ី​សេរី​ថា របប​លោក​រង់ចាំ​ស្វាគមន៍​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ជា​និច្ច​ ហើយ​សមត្ថកិច្ច​ក៏​ត្រៀម​អនុវត្តន៍​ច្បាប់​តាម​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ដែរ។ លោក​អះអាង​ទៀត​ថា អ្នក​ដែល​ទៅ​អម​ដំណើរ​ការពារ​លោក សម រង្ស៊ី ចូល​មក​កម្ពុជា​គឺ​ជា​ទង្វើ​ខុស​ច្បាប់​ ក៏​​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ខុស​ច្បាប់​ត្រង់​មាន​ត្រា​ណា​មួយ​នោះ​ទេ៖ «បើ​កាលណា​ការពារ​ប្រឆាំង​នឹង​ដែន​អំណាច​របស់​អាជ្ញាធរ​ក៏​ខុស​ច្បាប់​ដែរ។ ដូច្នេះ​កិច្ចការពារ​ថា តើ​គាត់​មាន​ព្រំដែន​ដែន​ពី​​ជ្រុង​ណា​ដល់​ជ្រុង​ណា នេះ​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ពិចារណា»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការ លីកាដូ (Licadho) លោក អំ សំអាត លើក​ឡើង​ថា​ ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ជា​រឿង​មួយ​ផ្សេង​ដាច់​ដោយ​ឡែក​ ហើយ​សមត្ថកិច្ច​ក៏​មិន​អាច​​​រារាំង​ពលរដ្ឋ​មិន​ឱ្យ​ជួប​បុគ្គល​ណា​ម្នាក់​បាន​ដែរ​ ពី​ព្រោះ​ប្រជាពលរដ្ឋ​ទៅ​អម​ដំណើរ​អ្នក​នយោបាយ​ណា​ម្នាក់​ វិល​ចូល​ស្រុក​ គឺ​ជា​សិទ្ធិ​សេរី​ភាព​​របស់​ពលរដ្ឋ ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ ទទូច​ឱ្យ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​ គណបក្ស​ប្រឆាំង​ផ្សះផ្សា​គ្នា​ឡើង​វិញ ប្រសើរ​ជាង​ការ​ឈ្លោះ​ទាស់ទែង​គ្នា​នាំ​ឱ្យ​ខាត​បង់​ដល់​សេដ្ឋកិច្ច​ជាតិ៖‍ «ហើយ​ទិដ្ឋភាព​បច្ចុប្បន្ន​យើង​មាន​ការ​បារម្ភ​ខ្លាច​លោក​មាន​ការ​ផ្អាក ឬ​ក៏​ផ្ដាច់ EBA ឬ​ក៏ GSP គឺ​វា​ប៉ះពាល់​កម្មករ​រាប់​សែន​នាក់​ ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​ជា​មួយ​កម្មករ​រាប់​លាន​ក៏​ប៉ះពាល់​ដែរ ដូច្នេះ​យើង​អត់​ចង់​ឃើញ​ករណី​អីចឹង​ទេ»

លោក​ ម៉ៅ វិបុល ឱ្យ​ដឹង​ថា ​អ្នក​គាំទ្រ​គណបក្ស​លោក​ប្រមាណ ១០០​នាក់​ក្នុង​មួយ​ខេត្ត​នៅ​ទូទាំង​ប្រទេស​ គឺ​ពួកគាត់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ដើម្បី​ទៅ​ធ្វើ​ជា​សន្តិសុខ​​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ លោក​បន្ត​អះអាង​ទៀត​ថា សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ក៏​ពុះ​កញ្ជ្រោល​បន់​ឱ្យ​​ឆាប់​ដល់​ថ្ងៃ​ទី៩ វិច្ឆិកា​ដែរ ដើម្បី​ពួក​គេ​ទៅ​ទទួល​លោក សម រង្ស៊ី ធ្វើ​មាតុភូមិ​និវត្តន៍​ ចូល​មក​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល