មន្ត្រី​បក្ស​ប្រឆាំង​ដឹកនាំ​អ្នក​គាំទ្រ​ឆ្ពោះ​ទៅ​ព្រំដែន​ថៃ​ដើម្បី​ត្រៀម​ធ្វើ​មាតុភូមិនិវត្តន៍​តាម​ប៉ោយប៉ែត

ដោយ ខែ សុណង
2019-11-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រីគណបក្សសង្គ្រោះជាតិ លោក សន សុវណ្ណថេត និងអ្នកគាំទ្រ នៅ​ថ្ងៃទី៨ វិច្ឆិកា ចុះ​ទៅ​ព្រំដែន​ក្នុង​​ស្រុក​អារញ្ញ ខេត្តស្រះកែវ ប្រទេស​ថៃ ដើម្បី​​ត្រៀម​វិល​ចូល​ស្រុក​វិញ នៅ​​ថ្ងៃ​​ទី៩ ខែ​​វិច្ឆិកា ឆ្នាំ២០១៩។
មន្ត្រីគណបក្សសង្គ្រោះជាតិ លោក សន សុវណ្ណថេត និងអ្នកគាំទ្រ នៅ​ថ្ងៃទី៨ វិច្ឆិកា ចុះ​ទៅ​ព្រំដែន​ក្នុង​​ស្រុក​អារញ្ញ ខេត្តស្រះកែវ ប្រទេស​ថៃ ដើម្បី​​ត្រៀម​វិល​ចូល​ស្រុក​វិញ នៅ​​ថ្ងៃ​​ទី៩ ខែ​​វិច្ឆិកា ឆ្នាំ២០១៩។
រូប៖ ដោយលោក សន សុវណ្ណថេត

មន្ត្រី​គណបក្សប្រឆាំង​ដែល​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​ចាប់ផ្ដើម​ដឹកនាំ​អ្នកគាំទ្រ​គណបក្ស​នេះ​ជា​ច្រើន​នាក់ ចេញពី​ទីក្រុង​បាងកក និង​តាម​បណ្ដា​ខេត្ត​ក្បែរ​ខាង​ឆ្ពោះ​ទៅ​ព្រំដែន​ថៃ​ជាប់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ត្រៀម​ធ្វើ​មាតុភូមិនិវត្តន៍​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា។ ស្របគ្នា​ដែរ​នេះ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ពង្រាយ​កងកម្លាំង​យាម​ការពារ​តាម​ព្រំដែន​នៅ​ក្នុង​ច្រក​នេះ​យ៉ាង​តឹងតែង ដើម្បី​ទប់ស្កាត់​មន្ត្រី​គណបក្ស​ប្រឆាំង​វិល​ចូល​ស្រុក​វិញ។

ប្រធាន​ផ្នែក​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក សន សុវណ្ណថេត ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា​ថា លោក និង​អ្នកគាំទ្រ​ប្រមាណ ២០​នាក់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ព្រំដែន​កម្ពុជា។

លោក​បន្ត​ថា ចំណុច​គោលដៅ​ដែល​ត្រូវ​វិល​ចូល​ស្រុក​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដោយ​ចាប់ផ្ដើម​ឆ្លងដែន​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ដដែល​។ លោក​អំពាវនាវ​សុំ​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង និង​ក្រៅ​ស្រុក​រួម​កម្លាំង​គ្នា​ឱ្យ​បាន​ច្រើន​កុះករ​នៅ​ច្រក​ទ្វារព្រំដែន​ប៉ោយប៉ែត ដើម្បី​ចូលរួម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ៖ «គោលដៅ​របស់​យើង​គឺ​ត្រូវ​រួម​កម្លាំង​គ្នា​ទោះ​ពី​មជ្ឈដ្ឋាន​ណា​ក៏​ដោយ គឺ​យើង​អំពាវនាវ​ឱ្យ​របប​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស​និង​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ។ បើកាលណា​ពេលនេះ​យើង​មិន​ចូល​ទៅ​ទេ ហើយ​របប​លោក​ហ៊ុន សែន នៅតែ​ព្រងើយកន្តើយ​អន្តរជាតិ​នឹងដាក់​សម្ពាធ និង​កាត់ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​EBA និង GSP ។ ដូច្នោះ​ទោះបីជា​ប្រឈម​នឹង​របប​លោក​ហ៊ុន សែន ចាប់​ដាក់គុក​ក៏​យើង​មិន​ខ្វល់​ដែរ»

លោក​បន្ថែម​ថា អ្នក​​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា​មាន​រាប់​ពាន់​នាក់​ហើយ ដែល​ភាគច្រើន​អ្នកគាំទ្រ​គណបក្សប្រឆាំង​មកពី​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន និង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ។ លោក​បន្ត​ថា គណបក្ស​លោក​បាន​ត្រៀម​រថយន្ត​ចំនួន ៣០០​គ្រឿង ដើម្បី​ដឹកនាំ​ជញ្ជូន​អ្នកគាំទ្រ​ទាំងឡាយ ដែល​គ្មាន​មធ្យោបាយ​ធ្វើដំណើរ​ទៅ​កម្ពុជា ហើយក៏​បាន​ប្រគល់​រថយន្ត​ទាំងនោះ​ដល់ដៃ​មេក្រុម​របស់​អ្នកគាំទ្រ​រួចរាល់​ហើយ​ដែរ។

ស្របគ្នា​នេះ​ដែរ​អភិបាលខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ​ចុះ​ពិនិត្យ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុង​សង្កាត់​ប៉ោយប៉ែត កាលពី​រសៀល​ថ្ងៃ​ទី​៧ វិច្ឆិកា​។ គេហទំព័រ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ឱ្យ​ដឹង​ថា អាជ្ញាធរ​ដើរ​ត្រួតពិនិត្យ​គ្រប់​ទីកន្លែង តាម​ព្រៃ​មាត់​អូរ​ក្បែរ​ច្រកទ្វារ​ព្រំដែន​ប៉ោយប៉ែត និង​ដាក់​ពង្រាយ​កងទ័ព​យាម​ការពារ​យ៉ាង​តឹងតែង ដើម្បី​ទប់ស្កាត់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា។

ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​បញ្ជូន ប៉ូលិស ទាហាន និង​មន្ត្រី​កងរាជអាវុធហត្ថ សរុប​ប្រមាណ ៦០០​នាក់ ដោយមាន​កាំភ្លើង​គ្រប់​ដៃ ដាក់​ប្រចាំការ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ក្រុង​ប៉ោយប៉ែត​។ កម្លាំង​ទាំងនោះ អាជ្ញាធរ​បាន​ដាក់​ពង្រាយ ចាប់ពី​ច្រកទ្វារ​ព្រំដែន​តាម​ផ្លូវ​ជាតិ​លេខ​៥ រហូតដល់​សង្កាត់​និមិត្ត។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ថា ការ​​ដាក់​កងទ័ព​ដ៏​ច្រើន​នេះ គឺជា​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ ធ្វើ​ឱ្យ​កម្លាំង​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ភាគី​ម្ខាង​ទៀត​ចុះ​ខ្សោយ។

អ្នក​សម្របសម្រួល និង​អង្កេត​អង្គការ​ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស យល់ថា ការ​ដាក់​កម្លាំង​ដ៏​ច្រើន​ស្អេកស្កះ​របស់​អាជ្ញាធរ​នេះ គឺជា​យុទ្ធសាស្ត្រ​បំភិតបំភ័យ​ដល់​សកម្មជន​បក្ស​ប្រឆាំង​និង​អ្នកគាំទ្រ ដើម្បី​រាំង​ខ្ទប់​កុំ​ឱ្យ​ពួកគេ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា។ លោក​បន្ត​ថា​ស្ថានការណ៍​សព្វថ្ងៃ​មិនទាន់​តឹងតែង​ដល់​កម្រិត ដែល​ត្រូវ​ដាក់​កងកម្លាំង​សន្ធឹកសន្ធាប់​នៅ​តាម​ព្រំដែន​បែបនេះ​ទេ​។ ទោះជា​យ៉ាងណា​លោក​អះអាង​ថា យុទ្ធសាស្ត្រ​នេះ​មិនបាន​ប្រយោជន៍​ដល់​សង្គមជាតិ​ឡើយ ផ្ទុយទៅវិញ​ធ្វើឱ្យ​អ្នកទេសចរ​ភ័យខ្លាច​មិន​ហ៊ាន​ចូល​មក​កម្សាន្ត​កម្ពុជា ហើយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ពាក់ព័ន្ធ​នឹង​ទេសចរ​បាត់បង់​ប្រាក់ចំណូល៖ «ប្រហែលជា​គាត់​ព្រួយបារម្ភ​ស្ថានភាព​ផ្សេងៗ​ទៀត ដែល​មិន​អាច​កំណត់ទុក​ជាមុន​បាន ជាពិសេស​ក្រែង​លោ​មាន​កម្លាំង​មហាជន​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ បាន​ដាក់​កម្លាំង​ច្រើន​បែបនេះ​។​ព្រោះ​ខ្ញុំ​គិត​ថា បើសិនជា​សកម្មជន​តែ​ប៉ុន្មាន​នាក់​នោះ មិន​បាច់​ដាក់​ប៉ូលិស​ដ៏​ច្រើន​បែបនេះ​ទេ មាន​ប៉ូលិស​តែ ៥​នាក់​ក៏​ចាប់​បាន​ហើយ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​នៅតែ​ទទូច​ឱ្យ​ដល់​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង ឱ្យ​ត្រូវរ៉ូវ​គ្នា​ឡើងវិញ ដើម្បី​កុំ​ឱ្យ​មានការ​ប៉ះទង្គិច​បង្ហូរ​ឈាម​គ្នា​កើតឡើង​នៅ​ពេល​ខាងមុខ ដែល​នាំ​ឱ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ជាតិ ជាពិសេស ធ្វើ​ឱ្យ​កម្មករ​រោងចក្រ​អត់​ការងារ​ធ្វើ​ដោយសារ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ EBA និង GSP

លោក សន សុវណ្ណថេត ថ្លែង​ថា អ្នកគាំទ្រ​គណបក្សប្រឆាំង​រាប់​រយ​នាក់​ហើយ បាន​ទៅដល់​ព្រំដែន​ក្បែរ​កម្ពុជា និង​មួយ​ចំនួនធំ​ទៀត​ត្រៀម​ចេញពី​ទីក្រុង​បាងកក ឆ្ពោះទៅ​តំបន់​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​តែម្ដង​។ លោក​អះអាង​ទៀត​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​ដាក់​ពង្រាយ​កង​កម្លាំង​រាប់រយ​នាក់​យ៉ាង​នេះ​ក្ដី ក៏​ពួកគាត់​នៅតែ​វិលត្រឡប់​ទៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ដដែល ដោយ​មិន​មានការ​រាថយ​ឡើយ៕

(អភិបាល​ខេត្ត​បន្ទាយ​មានជ័យ លោក អ៊ុំ រាត្រី ដឹក​នាំ​កម្លាំង ចម្រុះ​ចុះ​ត្រួត​ពិនិត្យ​កងទ័ព​នៅ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​រសៀល ថ្ងៃ​ទី៧ វិច្ឆិកា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ)