បក្ស​ប្រឆាំង​ថា របប​ភ្នំពេញ​កំពុង​យក​លំនាំ​ខ្មែរ​ក្រហម​ករណី​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​របស់​ខ្លួន

ដោយ ថន ថារ៉ូ
2019-09-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស​សង្គ្រោះជាតិ ក្នុង​កិច្ច​ប្រជុំ​នៅ​សហរដ្ឋអាមេរិក ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​នេះ កាល​ពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៩។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស​សង្គ្រោះជាតិ ក្នុង​កិច្ច​ប្រជុំ​នៅ​សហរដ្ឋអាមេរិក ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​នេះ កាល​ពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៩។
RFA/Sorn Chanratha

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បាន​ចោទ​ប្រកាន់​ថា របប​ក្រុងភ្នំពេញ​កំពុង​យក​លំនាំ​តាម​របប​ខ្មែរ​ក្រហម​រឿង​ធ្វើទុក្ខបុកម្នេញ មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​កាន់តែ​ខ្លាំង​ឡើង ស្រប​ពេល​លោក សម រង្ស៊ី ដាក់​គម្រោង​ចូល​មាតុប្រទេស​វិញ​នៅ​ក្នុង​ដើមខែ​វិច្ឆិកា​ខាង​មុខ។ មន្ត្រី​គណបក្ស​កាន់អំណាច​បដិសេធ​នឹង​ការ​ចោទប្រកាន់​នេះ។ ការ​ចោទប្រកាន់​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​លោក ម៉ក់ សោ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ទ្រាំង ខេត្ត​តាកែវ ត្រូវ​ប្រធាន​ឃុំ​ខាង​គណបក្ស​កាន់អំណាច​កោះហៅ​មក​សាកសួរ ក្រោយពី​លោក​បាន​ចូលរួម​កាន់​បិណ្ឌ​​១២ និង​សកម្មជន​គណបក្ស​ស​ង្គ្រោះជាតិ ២​នាក់​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត​កណ្ដាល​រង​នៅ​ការ​គំរាមកំហែង​ជា​បន្ត​បន្ទាប់ ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។

លោក អេង ឆៃអ៊ាង ចាត់​ទុក​ការ​គំរាម​នេះ​ថា ប្រៀប​បីដូច​ជា​របប​ខ្មែរក្រហម​ក៏ប៉ុន្តែ​ខុសគ្នា​បន្តិច​ត្រង់​ថា​មិន​បាន​កោះហៅ​មនុស្ស​យក​ទៅ​សម្លាប់ តែ​ទម្រង់​នៃ​ការគាបសង្កត់​សេរីភាព​មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង​មាន​រូបភាព​ដូចគ្នា។

ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ទ្រាំ​ខេត្ត​តាកែវ ខាង​គណបក្ស​សង្គ្រោះជាតិ លោក ម៉ក់ សោ បញ្ជាក់​ថា លោក​បាន​ឃើញ​លិខិត​កោះ​អញ្ជើញ​រួចហើយ តែ​លោក​មិន​តក់ស្លុត​នោះ​ទេ។ លោក​បញ្ជាក់​ថា លោក​នឹង​ចូលរួម​បំភ្លឺ​ដោយសារតែ​លោក​មិន​បាន​ប្រព្រឹត្តិ​អ្វី​ខុស​ច្បាប់​ទេ៖ «សូម​អំពាវនាវ​ដែរ​ជា​ការ​ព្រួយបារម្ភ​របស់​ខ្ញុំ បើ​អស់លោក​ណា​អាច​ជួយ​ឃ្លាំមើល​អំពី​បញ្ហា​ខ្ញុំ​បាន»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​មាន​គោលការណ៍​ណាមួយ​បង្កើត​វប្បធម៌​គំរាមកំហែង ឬ​បំភិតបំភ័យ​ប្រជាពលរដ្ឋ​នោះ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ មានតែ​ខិតខំ​ថែរក្សា​សណ្ដាប់ធ្នាប់ សន្តិសុខ និង​សុវត្ថិភាព​ជូន​ពលរដ្ឋ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល