បក្ស​ប្រឆាំង​គ្រោង​ស្នើ​ឱ្យ​អាមេរិក​ការពារ​សន្តិសុខ​លោក សម រង្ស៊ី ពេល​​វិល​ទៅ​កម្ពុជា

ដោយ ហេង រស្មី
2019-09-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។
កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។
RFA/Sorn Chanratha

គណបក្សប្រឆាំង​គ្រោង​សំណូមពរ​ឱ្យ​សហរដ្ឋអាមេរិក​ជួយ​ការពារ​សន្តិសុខ​លោក សម រង្ស៊ី ពេល វិលត្រឡប់​ចូលកាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​ថ្ងៃ​ទី​៩ ខែ វិច្ឆិកា​ខាងមុខនេះ។ មន្ត្រី​របប​ក្រុងភ្នំពេញ​ថា សហរដ្ឋអាមេរិក​គ្មាន​ឥទ្ធិពល​មក​លើ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន សែន ទេ។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ គ្រោង​ជួប​ជាមួយ​សមាជិក​សភា​ព្រឹទ្ធសភា មន្ត្រី​ក្រសួង​ការបរទេស មន្ត្រី​ក្រសួងការពារជាតិ​នៅ​មន្ទីរ​បញ្ចកោណ​សហរដ្ឋអាមេរិក និង​ជាមួយ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​បណ្ដា​រដ្ឋ​មួយ​ចំនួន និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កាណាដា​ផង​ដែរ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ១០​ថ្ងៃ នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​និង​ប្រទេស​កាណាដា។

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ នៅ​សហរដ្ឋអាមេរិក លោក ប៉ុន សៅរី ប្រាប់​អាស៊ីសេរី​ថា​គណបក្ស​ប្រឆាំង​មាន​គម្រោង​ស្នើសុំ​ឱ្យ​សហរដ្ឋអាមេរិក​ជួយ​ការពារ​សន្តិសុខ​ដល់​លោក សម រង្ស៊ី នៅ​ពេល​លោក​គ្រោង​វិលត្រឡប់​ចូលកាន់​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់​ថា គណបក្ស​ក៏បាន​ស្នើ​ឱ្យ​សមាជិកសភា និង​ព្រឹទ្ធិ​សភា​សហរដ្ឋអាមេរិក​ឱ្យ​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ និង​ជួយ​តាមដាន​លើ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ផង​ដែរ៖ «អ្វី​ទាំងអស់​ដែល​យើង​ប្រឹង​ធ្វើ និង​ការ​ពិភាក្សា​របស់​ប្រធាន​ស្ដីទី​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​យើង​ហ្នឹង គឺ​ដើម្បី​បុព្វហេតុ និង​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស​ការ​ធ្វើ​ឱ្យ​មាន​ការ​​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា។ ការ​នាំ​មក​នូវ​សន្តិភាព​ប្រាកដ​ដោយ​ចិរភាព ហើយ​និង​ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ហើយ​យើង​នឹង​​សំណូមពរ​ឱ្យ​សហរដ្ឋអាមេរិក​ទាំងអស់​ជួយ​ធ្វើ​យ៉ាងណា​ជំរុញ​ទៅលើ​កត្តា​ទាំងអស់​នេះ»

អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​បញ្ជា​ដល់​កងកម្លាំង​ប្រដាប់​អាវុធ និង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់​ឱ្យ​ត្រៀម​ចាប់ខ្លួន​លោក សម រង្ស៊ី ក្រោយ​ពេល​ទទួល​ដំណឹង​​នៃ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី។ចំណែក​ឯ​ក្រសួងការបរទេស​កម្ពុជា បាន​បញ្ជាក់​ថា បាន​ផ្ញើ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ទៅ​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​នៅ​ក្នុង​តំបន់​អាស៊ាន ដើម្បី​ឱ្យ​ត្រៀម​ចាប់ខ្លួន​លោក សម រង្ស៊ី។

អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន បញ្ជាក់​ថា គម្រោង​សុំ​អន្តរាគមន៍​របស់​គណបក្ស​សង្គ្រោះជាតិ​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នេះ គ្រាន់តែ​ជា​ល្បែង​ភូត​កុហក​មហាជន​តែប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា សហរដ្ឋអាមេរិក​គ្មាន​ឥទ្ធិពល​ណាមួយ​មក​បង្គាប់​បញ្ជា​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធ្វើតាម​អ្វី​ដែល​ខ្លួន​ចង់​បាន​​នោះ​ទេ៖ «យើង​អត់​មានការ​ព្រួយ​អារម្មណ៍​ទេពី​ព្រោះ​អ្វីៗ ​ស្ថិត​នៅ​លើ​ការអនុវត្ត​ច្បាប់​ពីព្រោះ​មិនមែន​ជា​រឿង​នយោបាយ។ សហរដ្ឋអាមេរិក​គ្រាន់តែ​ជា​ការ​បញ្ចេញ​អារម្មណ៍​តែ​គ្មាន​ឥទ្ធិពល​ណា​មក​បង្គាប់បញ្ជា​កម្ពុជា​ទេ»

អ្នក​ហ៊ាន​និយាយ​រិះគន់​ឥត​សំចៃ​លើ​របប​ក្រុងភ្នំពេញ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក គឹម សុខ មានប្រសាសន៍ថា សហរដ្ឋអាមេរិក​អាច​ជា​សាក្សី​ដឹង​ឮ​នៅ​ក្នុង​ដំណើរ​និវត្តន៍​របស់​លោក​សម រង្ស៊ី។ លោក​មាន​ជំនឿ​ថា សហរដ្ឋអាមេរិក​មិន​អាច​អន្តរាគមន៍​ជាក់ស្ដែង​ប្រសិនបើ​មាន​ហេតុការណ៍​ណាមួយ​កើត​មាន​ឡើង​​ធ្ងន់ធ្ងរ​នៅ​ពេល​នោះ៖ «ដំណាក់កាល​នេះ​បើ​ចង់​ឱ្យ​សហរដ្ឋអាមេរិក ឬក៏​រដ្ឋបាល​សហរដ្ឋ​អាមេរិក​យកចិត្តទុកដាក់​លើ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់​តែ​ខ្លាំង​ទាល់តែ​លោក សម រង្ស៊ី ចូល​ស្រុក​ប្រាកដ​មែន ហើយ​ដំណើរ​ចូល​ស្រុក​របស់​គាត់​ទាក់ទាញ​ការ​អម​ដំណើរ​ដោយ​ផ្ទាល់​ពី​សមាជិកសភា ជាន់​​ទាប និង​ព្រឹទ្ធសមាជិក​អាមេរិក​ដែរ។បែបនេះ​បើ​ចង់ ឬ​មិន​ចង់ រដ្ឋបាល​នៃ​សហរដ្ឋអាមេរិក​នឹង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ហើយ​ជំរុញ​ល្បឿន​សន្ទុះ​នៃ​ការ​វែកផ្លូវ​រក​ដំណោះស្រាយ​នៃ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដែរ»

មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ថា ដំណើរ​វិល​ចូល​ប្រទេស​កម្ពុជា​លើក​នេះ​គឺ​ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ​មួយ​យ៉ាង​ពិត​ប្រាកដ​នៅ​កម្ពុជា ដោយសារតែ​គណបក្ស​ប្រឆាំង​អះអាង​ថា របប​ក្រុង​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រយៈពេល​ជាង​៤០​ឆ្នាំ​មកនេះ បាន​រង​ការរិះគន់​ជា​អន្តរជាតិ​ថា បាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ រហូតដល់​សហគមន៍​អឺរ៉ុប​ព្រមាន​ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ ពន្ធ EBA និង GPS ពី​សហរដ្ឋអាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល