ខុមហ្វ្រែល​រក​ឃើញ​ថា តំណាង​រាស្ត្រ​រដ្ឋសភា​ឯក​បក្ស ១២៥រូប មិន​បាន​ជួយ​ពលរដ្ឋ​ទាមទារ​រក​យុត្តិធម៌

ដោយ សេក បណ្ឌិត
2020-05-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋសភា​ឯកបក្ស បើក​សម័យ​ប្រជុំ​លើក​ទី១ នីតិកាលទី៦ កាល​ពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ២០១៨។
រដ្ឋសភា​ឯកបក្ស បើក​សម័យ​ប្រជុំ​លើក​ទី១ នីតិកាលទី៦ កាល​ពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ២០១៨។
រូប៖ ហ្វេសប៊ុក រដ្ឋសភា

អង្គការ​ខុមហ្វ្រែល (COMFREL) បង្ហាញ​របាយការណ៍​ថ្មី​មួយ ដោយ​រក​ឃើញ​ថា តំណាង​រាស្ត្រ​បក្ស​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ទៅ​មូលដ្ឋាន​ដើម្បី​ពង្រឹង​បក្ស​ តែ មិន​សូវ​ខ្នះខ្នែង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ​ទេ។ អ្នក​នាំ​ពាក្យ​រដ្ឋសភា ចាត់​ទុក​របាយការណ៍​នេះ ផ្ទុយ​ពី​ការ​ពិត។

អង្គការ ខុមហ្វ្រែល រក​ឃើញ​ថា តំណាងរាស្ត្រ​ទាំង ១២៥រូប ក្នុង​ឆ្នាំ​ទី១ នៃ​នីតិកាល​ទី៦ នេះ នៅ​មិន​ទាន់​មាន​តំណាងរាស្ត្រ​ណា​ម្នាក់ ចេញ​មុខ​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ដែល​ទាមទារ​រក​យុត្តិធម៌​នោះ​ឡើយ។ អង្គការ​នេះ​រក​ឃើញ​ទៀត​ថា ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋសភា​ឯក​បក្ស បាន​ធ្លាក់​ចុះ បើ​ធៀប​រដ្ឋសភា​ពហុបក្ស​កាល​ពី​អាណត្តិ​មុនៗ ព្រោះ​មិន​ឃើញ​តំណាងរាស្ត្រ​ណា​ម្នាក់ និយាយ​ពី​ភាព​អសកម្ម​របស់​អាជ្ញាធរ ដោះ​ស្រាយ​បញ្ហា​ជូន​ពលរដ្ឋ សួរ​ដេញដោល​លើ​ការ​អនុវត្ត​ច្បាប់ និង​សេចក្ដី​ស្នើ​ច្បាប់​ក្នុង​សម័យ​ប្រជុំ​នោះ​ឡើយ

របាយការណ៍​របស់​អង្គការ​ខុមហ្វែ្រល​បន្ថែម​ថា ក្នុង​ចំណោម​តំណាង​រាស្ត្រ​ចំនួន ១២៥រូប មាន​តំណាងរាស្ត្រ​តែ ៥៥រូប​ទេ ដែល​ចុះ​មូលដ្ឋាន ហើយ​ការ​ចុះ​នោះ​ទៀតសោត គឺ​ដើម្បី​សួរ​សុខ​ទុក្ខ​ពលរដ្ឋ និង​សរសើរ​អាជ្ញាធរ​មូលដ្ឋាន​ប៉ុណ្ណោះ។ លើស​ពី​នេះ គណៈកម្មការ​ជំនាញ​រដ្ឋសភា​ទាំង ១០ គឺ​មាន​តែ​គណៈកម្មការ​ចំនួន ៨ ប៉ុណ្ណោះ ដែល​ចេញ​ធ្វើ​សកម្មភាព។

អង្គការ ខុមហ្វ្រែល ទទួល​ស្គាល់​ថា គណៈកម្មការ​ជំនាញ​រដ្ឋសភា ធ្លាប់​កោះហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​មក​សួរ​នាំ​ដែរ ក៏​ប៉ុន្តែ​មិន​បាន​ផ្ដោត​លើ​បញ្ហា​អយុត្តិធម៌​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ជា​ពិសេស​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី ការ​កាប់​ព្រៃ​ឈើ និង​ការ​ប្រើ​កម្លាំង​ហួស​ហេតុ​ជា​ដើម។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ នៃ​អង្គការ​ខុមហ្វ្រែល (COMFREL ) លោក កន សាវាង្ស សង្កេត​ឃើញ​ថា ស្ថាប័ន​រដ្ឋសភា​ឯក​បក្ស មិន​សូវ​ខ្វល់ខ្វាយ អន្តរាគមន៍​រាល់​ក្តី​កង្វល់​របស់​ពលរដ្ឋ​នោះ​ឡើយ ព្រោះ​ពុំ​មាន​កម្លាំង​ណា​មួយ រុញ​ច្រាន​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ។ លោក​ថា តំណាង​រាស្ត្រ​ទាំង​នោះ មិន​បាន​រិះគន់​កែ​តម្រូវ​ភាព​អសកម្ម​របស់​ស្ថាប័ន​នីតិប្រតិបត្តិ ដើម្បី​ឱ្យ​ប្រសើរ​ឡើង​រាល់​ការ​អនុវត្ត​ច្បាប់​នោះ​ឡើយ ផ្ទុយ​ពី​រដ្ឋសភា ដែល​មាន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចូលរួម៖ តួនាទី​ត្រួត​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក នូវ​អង្គ​នីតិប្រតិបត្តិ​ក៏​ដោយ និង​នីតិបញ្ញត្តិ​ក៏​ដោយ វា​នៅ​ក្នុង​ចន្លោះ​ប្រហោង​ហើយ វា​អត់​បាន​ពេញលេញ​ទេ។ អា​នេះ អ្វី​ដែល​ឯក​បក្ស គឺ​វា​អ៊ីចឹង អ្វី​ដែល​សំខាន់​សូម​ឱ្យ ទោះ​បី​ឯក​បក្ស​ក៏​ដោយ ដោយសារ​តែ​ខ្លួន​គ្រប់គ្រង​ទាំង​អស់ អង្គ​នីតិ​ប្រតិបត្តិ និង​អង្គ​នីតិបញ្ញត្តិ តំណាង​រាស្ត្រ​ត្រូវ​ពិនិត្យ​ឡើង​វិញ ទាក់ទង​ភាព​អសកម្ម​ផ្សេងៗ និង​អយុត្តិធម៌​ផ្សេងៗ ទាក់ទង​បញ្ហា​ដីធ្លី​ជា​ដើម​ហ្នឹង»

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ចាត់​ទុក​ការ​រក​ឃើញ​របស់​អង្គការ​ខុមហ្រ្វែល នេះ​ថា ខុស​ពី​ការ​ពិត។ លោក​ថា តំណាង​រាស្ត្រ​ទាំង​អស់ ចុះ​មូលដ្ឋាន​យ៉ាង​សកម្ម ដើម្បី សួរ​សុខ​ទុក្ខ​ពលរដ្ឋ និង​ដោះ​ស្រាយ​ក្តី​កង្វល់​របស់​ពលរដ្ឋ។ លោក​ថា មាន​តំណាង​រាស្ត្រ​ខ្លះ បាន​ជួយ​ផ្ដល់​សេវា​សុខភាព ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ និង​មាន​តំណាង​រាស្ត្រ​ខ្លះ​ទៀត ជួយ​អន្តរាគមន៍​ទៅ​រដ្ឋមន្ត្រី​ថ្នាក់​ក្រសួង នៅ​ពេល​ពលរដ្ឋ​ពឹង​ពាក់៖ «ការ​អះអាង​របស់​អង្គការ​ខុមហ្វ្រែល​មិន​ត្រឹម​ត្រូវ​ទេ ការងារ​ចុះ​មូលដ្ឋាន​ច្រើន​ណាស់ ខ្លះ​ទៅ​ដោះ​ស្រាយ​បញ្ហា​ទូទៅ​ទាំង​អស់ គាត់​អាច​ដោះ​ស្រាយ​នៅ​មូលដ្ឋាន​មិន​បាន គាត់​អាច​ទៅ​ដោះ​ស្រាយ​ជាមួយ​រដ្ឋមន្ត្រី ក្រសួង​ថែម​ទៀត។ មិន​បាច់​ដោះ​ស្រាយ​ផ្លូវ​ការ​ទេ គាត់​ដោះ​ស្រាយ​ការ​ទាក់ទង​របស់​គាត់​ជា​ឯក ឬ​ក៏​ជា​មិត្តភ័ក្ដិ​ក៏​បាន​ដែរ»

ទោះ​ជា​យ៉ាង​ណា អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត យល់​ថា របាយការណ៍​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត ព្រោះ​លោក​សង្កេត​ឃើញ​ថា តំណាង​រាស្ត្រ​ឯក​បក្ស​ទាំង ១២៥ រូប មិន​បាន​បំពេញ​តួនាទី​បម្រើ​ពលរដ្ឋ​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ និង រិះគន់​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល ដើម្បី​កែ​លម្អ​នោះ​ឡើយ។ លោក​យល់​ថា ភាព​អសកម្ម​នេះ គឺ​ដោយ​សារ​តំណាង​រាស្ត្រ​ទាំង​នោះ ឋិត​ក្រោម​អំណាច​នីតិប្រតិបត្តិ៖ «យើង​មើល​ឃើញ​សកម្មភាព​គាត់ មិន​អាច​ស្វែង​រក​ការ​ពិត នៃ​បញ្ហា​របស់​ពលរដ្ឋ ដើម្បី​មក​ជជែក​ក្នុង​រដ្ឋសភា ដើម្បី​ឱ្យ​សភា​ចេញ​យន្តការ​ដោះ​ស្រាយ​វិបត្តិ​ដោះ​ស្រាយ​ភ្លាមៗ ទេ។ សកម្មភាព​របស់​គាត់ បម្រើ​ផល​ប្រយោជន៍​បក្ស»

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ខុមហ្រ្វែល លោក កន សាវាង្ស អំពាវនាវ​ដល់​តំណាង​រាស្ត្រ​ឱ្យ​កែ​លម្អ​ភាព​អសកម្ម​ទាំង​ឡាយ​ ដោយ​ងាក​មួយ​​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ផុលផុស​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល