រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​បារម្ភ​រឿង​ខ្មែរ-​វៀតណាម​ប៉ះ​ទង្គិច​គ្នា​ដោយសារ​បញ្ហា​ព្រំដែន

ដោយ សេក បណ្ឌិត
2015-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​វៀតណាម ប្រឈម​មុខ​ដាក់​គ្នា​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​វៀតណាម ប្រឈម​មុខ​ដាក់​គ្នា​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo Provided

មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​សង្គម​ស៊ីវិល​​សោកស្ដាយ​ចំពោះ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តំបន់​ព្រំដែន​នៅ​​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា រវាង​ពលរដ្ឋ​ខ្មែរ និង​វៀតណាម ពេល​ពលរដ្ឋ​ខ្មែរ​ចុះ​ពិនិត្យ​ព្រំដែន។ ក្រុម​សង្គមស៊ីវិល​អះអាង​ថា បញ្ហា​នេះ​នឹង​អាច​ក្លាយ​ជា​ជម្លោះ​ជាតិ​សាសន៍​ធ្ងន់ធ្ងរ ប្រសិន​បើ​ពុំ​មាន​ការ​ដោះស្រាយ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​ដោយ​ការ​ទទួល​ខុស​ត្រូវ តម្លាភាព និង​យុត្តិធម៌​ឲ្យ​បាន​ឆាប់​នោះ​ទេ។

បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម ចាប់​ផ្តើម​ឡើង​កម្ដៅ​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ពលរដ្ឋ​វៀតណាម បញ្ចេញ​ហិង្សា​លើ​ព្រះសង្ឃ ពលរដ្ឋ និង​តំណាងរាស្ត្រ​ខ្មែរ ដែល​ឈឺ​ឆ្អាល​រឿង​ព្រំដែន​នេះ។

ហេតុការណ៍​កើត​ឡើង​ចុង​ក្រោយ​នេះ គឺ​នៅ​ពេល​ព្រះសង្ឃ ប្រជាពលរដ្ឋ ក្រុម​យុវជន អ្នក​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ ២០៣ ត្រង់​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង ដែល​គេ​សង្ស័យ​ថា វៀតណាម​រំកិល​ចូល​ដី​ខ្មែរ​ប្រមាណ ១០​គីឡូម៉ែត្រ​ពី​បង្គោល​ចាស់។ ចំណុច​ព្រំដែន​នេះ គឺ​នៅ​ទល់​មុខ​នឹង​ស្រុក​ម៉ុកហ័រ (Moc Hoa) ខេត្ត​ឡុងអាន (Long An) ប្រទេស​វៀតណាម។

​ដំណើរ​ទស្សនកិច្ច​ព្រំដែន​នេះ បាន​បង្ក​ឲ្យ​ផ្ទុះ​អំពើ​ហិង្សា ដោយ​ពលរដ្ឋ​វៀតណាម មាន​ដំបង​គ្រប់​ដៃ​ដេញ​វាយ​សំពង​ពលរដ្ឋ​ខ្មែរ​រាប់ទាំង​តំណាងរាស្ត្រ​ផង បង្ក​ឲ្យ​មាន​ការ​តបត​ទៅ​វិញ​ទៅ​មក​រង​របួស​ស្នាម​ទាំង​សង​ខាង។ ខាង​វៀតណាម ក្រៅ​ពី​ពលរដ្ឋ ក៏​មាន​កង​ទាហាន​វៀតណាម ប្រដាប់​ដោយ​អាវុធ​វែង​នៅ​ពី​ក្រោយ​ផង និង​នៅ​លាយឡំ​គ្នា​ក្នុង​ហេតុការណ៍​ប្រទាញប្រទង់​គ្នា​នោះ​ផង​ដែរ៖ «សំឡេង​តវ៉ា»

​ពាក់ព័ន្ធ​រឿង​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​ការ​ប្រើ​ហិង្សា​ដោយ​ពលរដ្ឋ​វៀតណាម នៅ​តាម​ខ្សែ​បន្ទាប់​ព្រំដែន ខេត្ត​ស្វាយរៀង បាន​អំពាវនាវ​សូម​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ដោយ​ម៉ត់ចត់​ជុំវិញ​បញ្ហា​ព្រំដែន ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ត្រូវ​កោះហៅ​មន្ត្រី​ទូត​វៀតណាម ប្រចាំ​កម្ពុជា ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា និង​ការ​រំកិល​ព្រំដែន​នៅ​តំបន់​ផ្សេង​ទៀត។

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ លោក អូ វីរៈ មាន​ប្រសាសន៍​ថា រឿង​ហិង្សា​នេះ​មិន​គួរ​កើត​មាន​សោះ​ឡើយ ហើយ​ថា រឿង​នេះ​ទំនង​ជា​រដ្ឋាភិបាល​វៀតណាម បាន​រៀបចំ​ទុក​មុន ហើយ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ថ្នាក់ក្រោម​អនុវត្ត។ លោក​បញ្ជាក់​ថា ពលរដ្ឋ​រស់​នៅ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋាភិបាល​កុម្មុយនិស្ត មិន​ងាយ​ហ៊ាន​ធ្វើ​អ្វី​មួយ​ដោយ​ចេញ​ពី​ទឹក​ចិត្ត​ខ្លួនឯង​នោះ​ទេ។

លោក អ៊ូ វីរៈ៖ «ប្រទេស​កុម្មុយនិស្ត​នេះ បើសិនជា​រដ្ឋាភិបាល​វៀតណាម អត់​ឲ្យ​រៀបចំ​ទេ ទៅ​មិន​រួច​ទេ។ មាន​ទាំង​រៀបចំ​ដំបង មាន​ទាំង​ទាហាន​ស្អីៗ​ហ្នឹង គឺ​រឿង​អី​គេ​អនុញ្ញាត​ឲ្យ​ធ្វើ? ប្រហែលជា​រដ្ឋាភិបាល​វៀតណាម ចង់​ឲ្យ​កើតឡើង​អ៊ីចឹង។ ខ្ញុំ​មើល​ទៅ​ជា​រឿង​មួយ​ដើម្បី​ដាក់​សម្ពាធ​មក​ប្រទេស​កម្ពុជា ឲ្យ​ប្រទេស​កម្ពុជា ឈ្លោះ​គ្នា​រវាង​រដ្ឋាភិបាល​និង​គណបក្ស​ប្រឆាំង ហើយ​ជា​សម្ពាធ​មួយ​សម្រាប់​រដ្ឋាភិបាល​បន្ថែម​ទៀត សម្រាប់​រក​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​វៀតណាម ហ្នឹង»

ចំណែក​អាជ្ញាធរ​វៀតណាម វិញ គឺ​ប្រធាន​ការិយាល័យ​នយោបាយ​នៃ​អង្គភាព​ការពារ​ព្រំដែន​ប្រចាំ​ខេត្ត​ឡុងអាន លោក ង្វៀន វ៉ាន់គ្វាន់ (Nguyen Van Quan)  ឆ្លើយ​តប​ថា តំបន់​ដែល​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​នោះ​​ជា​ទឹក​ដី​វៀតណាម ហើយ​លោក​មិន​ចាត់​ទុក​ហេតុការណ៍​នោះ​ថា ជា​ការ​ប៉ះទង្គិច​គ្នា​នោះ​ទេ៖ «ក្នុង​ការ​គ្រប់គ្រង​ព្រំដែន ភាគី​ទាំង​២ អាច​មាន​ការ​មិន​យល់​គ្នា។ យើង​ដោះស្រាយ​ជាមួយ​គ្នា មិន​មាន​ការ​ប៉ះ​ទង្គិច​អ្វី​នោះ​ទេ»

ទោះ​យ៉ាង​ណា រឿង​នេះ​មិន​ទាន់​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្ងប់​ចិត្ត​ឡើយ ហើយ​អះអាង​ថា វៀតណាម​កំពុង​រំលោភ​លើ​បូរណភាព​ទឹក​ដី​ខ្មែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាល​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មិថុនា គឺ​ក្រោយ​មួយ​ថ្ងៃ​បន្ទាប់ពី​ផ្ទុះ​អំពើ​ហិង្សា បាន​ថ្កោលទោស​វៀតណាម ដែល​ប្រើ​ហិង្សា​បង្ក​របួស​ដល់​ពលរដ្ឋ​ខ្មែរ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រំដែន​ខេត្ត​ស្វាយរៀង​នោះ។

លោក​អះអាង​ថា ពលរដ្ឋ​ខ្មែរ និង​អ្នក​តំណាងរាស្ត្រ​ទាំង​នោះ​ឋិត​នៅ​ក្នុង​ទឹកដី​ខ្មែរ ដែល​គ្រាន់តែ​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ភូមិ​បាត់​ស្រែ និង​ពិនិត្យ​មើល​បង្គោល​ព្រំដែន​ដែល​បាន​បោះ​គួរ​ឱ្យ​សង្ស័យ​ប៉ុណ្ណោះ៖ «ជា​សិទ្ធិ​របស់​យើង។ យើង​ធ្វើ​ដំណើរ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា យើង​ទៅ​សួរ​សុខ​ទុក្ខ ហើយ​ទៅ​ជួយ​ការពារ​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​តាម​ព្រំប្រទល់​ដែន ដោយ​ពួកគាត់​បាត់បង់​ដីស្រែ ដីចម្ការ​របស់​ពួកគាត់ ហើយ​ដីស្រែ ដីចម្ការ​ទាំង​នេះ គឺ​ជា​ទឹក​ដី​កម្ពុជា របស់​យើង​ទាំង​អស់​គ្នា»

​លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា បញ្ហា​កើត​អំពើ​ហិង្សា​តាម​ព្រំដែន នឹង​ជំរុញ​ឲ្យ​កើត​មាន​ការ​រើស​អើង​ពូជ​សាសន៍ ឬ​ហិង្សា​ពូជ​សាសន៍ ហើយ​អាច​ជា​គ្រោះថ្នាក់​មួយ​សម្រាប់​ប្រទេស​កម្ពុជា៖ «រឿង​ហ្នឹង​មិន​ងាយ​ទេ! ប្រទេស​កម្ពុជា ងាក​ទៅ​ចិន ងាក​ទៅ​ប្រទេស​ដទៃ​ទៀត ក៏​ជា​រឿង​មួយ​គ្រោះថ្នាក់។ ប្រទេស​កម្ពុជា អាច​មាន​បញ្ហា​ជម្លោះ​ប្រទេស​មហា​តំបន់​ដែរ។ អា​ហ្នឹង​ក៏​រឿង​ប្រវត្តិសាស្ត្រ​ជូរចត់ ដោយសារ​យើង​ជា​កូនអុក​អ៊ីចឹង​ដែរ​កាល​ជំនាន់​សង្គ្រាម​ត្រជាក់»

ដោយ​ឡែក​អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី ក៏​មើល​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ។ លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​គ្មាន​អំពើ​ហិង្សា​កើត​ឡើង គួរ​តែ​មាន​ការ​ដោះស្រាយ​រួម​គ្នា​ក្នុង​នាម​រដ្ឋ​មួយ ក្នុង​នាម​ព្រះមហាក្សត្រ​ដែល​ធានា​នូវ​អធិបតេយ្យភាព បូរណភាព​ទឹក​ដី អាច​កោះ​អញ្ជើញ​ឥស្សរជន​នយោបាយ ទាំង​ក្នុង និង​ក្រៅ​រដ្ឋាភិបាល អ្នក​ជំនាញ​ទាំង​អស់​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ជួប​ប្រជុំ​គ្នា ដើម្បី​រក​យុទ្ធសាស្ត្រ​រួម​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ចំពោះ​បញ្ហា​ព្រំដែន​កម្ពុជា។

លោក កែម ឡី៖ «របក​គំហើញ​នៃ​ការ​សិក្សាស្រាវជ្រាវ​តាម​បែប​ចូល​រួម​ភាគី​ចម្រុះ នោះ​បង្ហាញ​ឲ្យ​យើង​អំពី​ដំណោះស្រាយ​ដោយ​មាន​ប្រសិទ្ធភាព​យូរ​អង្វែង ហើយ​អាច​មាន​និរន្តរភាព។ ជា​ចុង​បញ្ចប់​ទិន្នន័យ​ដែល​យើង​បាន ដើម្បី​ផ្ដល់​ក្ដី​សុខ​ដល់​ពលរដ្ឋ​ជំនាន់​ក្រោយ​វា​ទាល់តែ​រដ្ឋាភិបាល​ហ្នឹង​ប្ដឹង យក​យន្តការ​ចុង​ក្រោយ ហើយ​មាន​ទំនុក​ចិត្ត មាន​ឧត្ដម​ភាពជា​លក្ខណៈ​អន្តរជាតិ ជាពិសេស​តុលាការ​ទីក្រុង​ឡាអេ ហ្នឹង គាត់​កាត់ក្ដី​ទៅ​វា​ចប់​សព្វគ្រប់ ខាត​ប៉ុន្មាន ចំណេញ​ប៉ុន្មាន អា​ហ្នឹង​វា​ចប់​ក្នុង​ជំនាន់​មនុស្ស​កំពុងតែ​ដឹកនាំ​បច្ចុប្បន្ន​ហ្នឹង»។​

ទាក់ទង​បញ្ហា​នេះ​ដែរ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​សោកស្ដាយ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​តំបន់​ព្រំដែន​កន្លង​មក​នោះ។ លោក​ថា ការ​បំផុស​រឿង​ព្រំដែន​មិន​មែន​ជា​ចលនា​របស់​ប្រជាពលរដ្ឋ​ទេ គឺ​ជា​ការ​ផ្ដួចផ្ដើម​ដោយ​បក្ស​ប្រឆាំង។ លោក​បន្ត​ថា រដ្ឋាភិបាល​នឹង​ពង្រឹង​សមត្ថកិច្ច​អាជ្ញាធរ​ដែនដី​ដើម្បី​កុំ​ឲ្យ​មាន​ចលនា​ណាមួយ​ដែល​នាំ​ឲ្យ​បង្ក​ហិង្សា​នៅ​តាម​ព្រំដែន​បន្ត​ទៀត ដើម្បី​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការងារ​តាម​ច្បាប់​ការទូត​ដោយ​សន្តិវិធី។

នៅ​ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តំបន់​ព្រំដែន​ខេត្ត​ស្វាយរៀង​នោះ អ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន ឲ្យ​ដឹង​ថា ពលរដ្ឋ​វៀតណាម កាន់​ដំបង​គ្រប់​ដៃ និង​យោធា​វៀតណាម កាន់​អាវុធ បាន​រារាំង​តំណាងរាស្ត្រ យុវជន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​មើល​ការ​សង់​ផ្លូវ​របស់​វៀតណាម ​លើ​ដី​ខ្មែរ និង​ទៅ​មើល​បង្គោល​ព្រំដែន​លេខ ២០៣។ ការ​រារាំង​នោះ​ហើយ ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ​វៀតណាម និង​យុវជន ប្រជាពលរដ្ឋ​ខ្មែរ ដែល​បណ្ដាល​ឲ្យ​ខ្មែរ​របួស​ធ្ងន់ និង​ស្រាល​ជាង ១០​នាក់ ក្នុង​នោះ តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក រៀល ខេមរិន្ទ្រ ព្រះសង្ឃ​មួយ​អង្គ និង​ពលរដ្ឋ​ពីរ​រូប​រង​របួស​ធ្ងន់។

ការ​ប៉ះ​ទង្គិច​គ្នា​នេះ ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​សំដែង​​ការ​ព្រួយ​បារម្ភ​ថា បញ្ហា​ព្រំដែន​នេះ បើសិនជា​រដ្ឋាភិបាល​ទាំង​ពីរ​ដែល​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ មិន​មាន​យន្តការ​ដោះស្រាយ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ​មាន​ការ​គំនុំគំកួន​គ្នា ពិសេស​នឹង​អាច​ឈាន​ដល់​ការ​រើសអើង​ជាតិ​សាសន៍​នៃ​ប្រជាពលរដ្ឋ​ទាំង​ពីរ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

ហានិភ័យ

ពី តាកែវ

ផៃស៊ីផានហាមខ្មែរមិនឲ្យមើលពិនិត្យទឹកដីខ្មែរ តែខាងអាជ្ញាធរយួន គេមិនដែលហាមប្រជាជនគេទេ មានតែតាមការពារ ជំរុញឲ្យជនជាតិយួនចូលលុកលុយកាន់កាប់ដីខ្មែរថែមទៀត គេមិនចោលម្សៀតមាយាទថោកដូចម្សៀត្រកូលផៃនោះទេ។

Jun 30, 2015 09:25 PM

អ្នក​អាន​អនាមិក

ការប៉ះទង្គិចគ្នា ដោយសារបញ្ហាជាតិសាសន៍
គឺវានឹងមិនកើតឡើងបានទេ ព្រោះមេដឹកនាំខ្មែរ
នឹងបង្ក្រាបស្មារតីជនជាតិឯង ដោយមិនជួយជ្រោមជ្រែង
អ្វីទាំងអស់។ អស់លោកធ្វើព្រងើយ ចំពោះរឿងនេះ។
សរសេរត្អូញត្អែរទៅគេ គេមិនទាំងយកចិត្តទុកដាក់
នឹងពាក្យសំដី របស់រដ្ឋាភិបាលខ្មែរផង។
យួនវាមើលងាយខ្មែរ ដូចឆ្កែក្រោមផ្ទះ
មិនស្មើនឹងវានោះទេ។ ។ អាហ្នឹងហើយ
ពួកយួន។

Jun 30, 2015 02:53 PM

អ្នក​អាន​អនាមិក

កុំអោយមានបញ្ហាច្រើន ទៅថ្ងៃមុខ រដ្ឋាភិបាលកម្ពុជា ត្រូវដេញជនជាតិវៀតណាម អោយទៅប្រទេស វា វិញទៅ !

Jun 30, 2015 10:19 AM

អ្នក​អាន​អនាមិក

>. ជនកំសាកញី ផៃ ស៊ីផាន បើខ្លាច ជនបរទេស វៀតណាម នៅអោយស្ងៀមទៅ ឬ ទៅនៅប្រទេសវៀតណាមទៅ កុំនៅ ប្រទេសកម្ពុជា នាំអោយចង្អៀត !

Jun 30, 2015 10:13 AM

អ្នក​អាន​អនាមិក

ខ្មែរធើកុំភ័យមើ! ចក្រភពកុលសម្ពន្ធរស់ជាបក្ខមិនចាំបាច់ត្រូវការផែនទី មិនត្រូវការទឹកដីទេ។

Jun 30, 2015 09:51 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល