តើ​ជំនួប​លោក ហ៊ុន សែន និង កឹម សុខា អាច​ឈាន​ទៅ​បញ្ចប់​វិបត្តិ​នយោបាយ​វិញ​ឬ​យ៉ាងណា?

ដោយ ទីន ហ្សាការីយ៉ា
2020-05-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។
ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក Chantha Muth

អ្នកជំនាញ​ខាង​កិច្ចការ​អន្តរជាតិ​មើល​ឃើញ​ជំនួប​រវាង លោក កឹម សុខា និង លោក ហ៊ុន សែន គឺជា​កាយវិការ​ល្អ​មួយ​សម្រាប់​មេដឹកនាំ​គូបដិបក្ខ អាច​រក​ផ្លូវ​ដោះស្រាយ​វិបត្តិ​នយោបាយ​នា​ពេល​បច្ចុប្បន្ន។

ក្រុម​អ្នកវិភាគ​មើលឃើញ​ថា ជំនួប​រវាង​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បុណ្យ​សព​ម្ដាយក្មេក​របស់​លោក​ជា​គំរូ​ល្អ​មួយ​សម្រាប់​មេដឹកនាំ​ប្រទេស បង្ហាញ​ពី​ការ​អត់ឱន យោគយល់ និង​អនុគ្រោះ​ឱ្យ​គ្នា ក៏ប៉ុន្តែ​ពុំ​មានន័យថា នឹង​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។

អ្នកវិភាគ​នយោបាយ​និរទេស​ខ្លួន ដែល​ង​តែងតែ​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់​នោះ លោក គឹម សុខ មាន​ប្រសាសន៍ថា ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ​នេះ ហាក់​មានការ​ប្រុងប្រយ័ត្ន​រៀងៗ​ខ្លួន មានន័យថា នៅ​ក្នុង​ជំនួប​នេះ ប្រាកដជា​លោក កឹម សុខា អាច​បាន​ជជែក​ពី​ការស្វែងរក​ផ្លូវ​ដើម្បី​ឈាន​ទៅ​មាន​ដំណោះស្រាយ​នយោបាយ​ណាមួយ ប៉ុន្តែ លោក ហ៊ុន សែន មិន​ហ៊ាន​បន្ធូរ​សេរីភាព​នយោបាយ​ឱ្យ​លោក កឹម សុខា ដល់​កម្រិត ដែល​នឹង​អាច​ធ្វើ​ឱ្យ​ខូច​ផែនការ​អំណាច​ត​ត្រកូល​ហ៊ុន​របស់​លោក​នោះ​ទេ​៖ «លោក កឹម សុខា បង្ហាញ​ជំហរ​ត្រូវ​ផ្លូវ​ក្នុង​ការ​ទាមទារ​ឱ្យ​មានការ​ផ្សះផ្សា​ជាតិ ហើយ​ជម្លោះ​នយោបាយ​ពិតជា​ត្រូវ​សម្រុះសម្រួល​គ្នា​តាម​ផ្លូវ​នយោបាយ​មែន ក៏ប៉ុន្តែ​គាត់​មិន​អាច​ងាក​ចេញ​ពី​គោលការណ៍​ទាមទារ​យុត្តិធម៌​សម​នឹង​ទទួល​យក​បាន ដូចដែល​គាត់​ធ្លាប់​បាន​សន្ទនា​ជាមួយ​អង្គទូត​នានា​កន្លងមក​នោះ​ទេ»

លោក កឹម សុខា បាន​ដឹកនាំ​ក្រុម​មេធាវី​របស់​លោក និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ម្ដាយក្មេក​លោក ហ៊ុន សែន កាល​ល្ងាច​ថ្ងៃ​ទី​៥ ឧសភា។ នេះ​ជា​លើក​ទី​១​ហើយ ដែល​លោក កឹម សុខា ចេញ​មុខជា​សាធារណៈ​ចូលរួម​ពិធី​បុណ្យ​សព​ម្ដាយក្មេក​លោកនាយក​រដ្ឋមន្ត្រី ក្រោយពី​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​តុលាការ​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ​ត្រពាំង​ផ្លុង និង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ក្នុង​រយៈពេល​ប្រមាណ ៤​ឆ្នាំ​មកនេះ។

នៅ​ក្នុង​រូបថត​ដែល​គេ​យក​មក​ផ្សព្វផ្សាយ​នោះ លោក កឹម សុខា បាន​ជួប​អង្គុយ​សន្ទនា​ដោយ​ផ្ទាល់​ជាមួយ​លោក ហ៊ុន សែន ក្នុង​សំលៀកបំពាក់​កាន់ទុក្ខ​រយៈពេល​ជិត ១​ម៉ោង ប៉ុន្តែ​មក​ទល់​ពេល​នេះ គេ​មិនទាន់​ដឹង​ថា តើ​លោក កឹម សុខា បាន​ជជែក​ពី​រឿង​អ្វីខ្លះ​ជាមួយ​លោក ហ៊ុន សែន ក្រៅពី​ចូលរួម​សំដែង​ការ​សោកស្ដាយ និង​សារ​រំលែក​ទុក្ខ​នោះ?

អាស៊ីសេរី​មិនអាច​ទាក់ទង​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​លោក ចាន់ ចេន អ្នកស្រី​មេធាវី ម៉េង សុភា​រី និង​មន្ត្រី​ខុទ្ទកាល័យ​របស់លោក គឺ​លោក មុត ចន្ថា ដែល​បាន​ទៅ​ចូលរួម​ជាមួយ​លោក កឹម សុខា ដែរនោះ បាន​នៅឡើយ​នៅឡើយ​ទេ មក​ទល់​ថ្ងៃទី​៦ ឧសភា នេះ។ ប៉ុន្តែ​មន្ត្រី​ខុទ្ទកាល័យ លោក កឹម សុខា គឺ​លោក មុត ចន្ថា បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​យ៉ាងខ្លី​ថា «នៅ​ក្នុង​ជំនួប​នោះ គឺ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា បាន​សំណេះសំណាល​សួរសុខទុក្ខ​គ្នា ចូលរួម​មរណទុក្ខ និង​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។ លោក​សរសេរ​បន្តថា លោក កឹម សុខា តែងតែ​ប្រកាន់ខ្ជាប់​នូវ​មនោសញ្ចេតនា​ប្រកប​ដោយ​ភាតរភាព ព្រហ្ម​វិហារធម៌ និង​ស្មារតី​ខ្មែរ​តែមួយ ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​មាន​ទុក្ខ​លំបាក»

ទាក់ទង​នឹង​បញ្ហា​នេះ លោក គឹម សុខ យល់​ថា លោក កឹម សុខា បាន​ចែករំលែក​មេរៀន​ចិត្តធម៌​ដល់​លោក ហ៊ុន សែន ទោះជា​លោក​ត្រូវ​បាន​របប​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ ហើយ​សំណុំរឿង​កំពុង​នៅ​លើ​ដៃ​តុលាការ​នៅឡើយ​ក្ដី តែ​លោក កឹម សុខា ហ៊ាន​ធ្វើ​ល្អ អត់ឱន និង​អនុគ្រោះ​ដល់​លោក ហ៊ុន សែន ដើម្បី​ជា​ការ​រំឭក​ដាស់តឿន​ថា «​ទង្វើ​ចិត្តធម៌ ការ​អត់ឱន និង​ការ​អនុគ្រោះ​នោះ មនុស្ស​ទូទៅ​សុទ្ធតែ​អាច​ធ្វើ​បាន​ហើយ​ត្រូវ​នឹង​ការ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ដែរ​”​។ ទោះបីជា​លោក កឹម សុខា បង្ហាញ​ពី​ក្ដី​អនុគ្រោះ មិន​ប្រកាន់​យកទោស​ពៃរ៍​វិញ​បែបនេះ​ក្ដី ក៏​លោក គឹម សុខ មើល​មិនទាន់​ឃើញ​ថា លោក ហ៊ុន សែន អាច​បន្ទន់​ឥរិយាបថ​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ​៖ «ពីព្រោះ​ការ​បាត់​អំណាច​របស់​លោក ហ៊ុន សែន បាត់​អ្វីៗ​ទាំងអស់ ហើយ​ការ​បាត់​បែបនេះ នឹង​ធ្វើ​ឱ្យ​លោក​ប្រឈម​នឹង​ផ្លូវច្បាប់​ធ្ងន់ធ្ងរ​ណាស់ បើសិនជា​មិន​មាន​ដំណោះស្រាយ​ច្បាស់លាស់​។ ម្យ៉ាងទៀត​បើសិនជា​លោក ហ៊ុន សែន ព្រម​ស្រុះស្រួល​នយោបាយ​ទៅ​ចុះ តែ​លោក ហ៊ុន សែន មាន​នយោបាយ​បរទេស​នៅ​ពីក្រោយ​ក្រាស់ក្រែល​ណាស់ ចិន​និង​យួន តើ​ចិន​និង​យួន​ព្រម​ហើយ​ឬ​នៅ?»

ផ្ទុយ​ពី​ការ​មើល​ឃើញ​របស់​លោក គឹម សុខ នេះ ចំពោះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ ឯម សុវណ្ណារ៉ា វិញ មាន​ប្រសាសន៍​ថា ជំនួប​រវាង លោកនាយក​រដ្ឋមន្ត្រី​នេះ គឺជា​ចំណុច​ចាប់ផ្ដើម​មួយ​អាច​ឆ្ពោះ​ទៅ​រក​ផ្លូវ​ចរចា​នៅ​ពេល​ខាងមុខ ទោះជា​នៅ​ពេល​នេះ មិន​ទាន់​មាន​លទ្ធផល​អ្វី​ជា​វិជ្ជា​មាន​ក្ដី គ្រាន់តែ​ការចរចា​ណាមួយ​នោះ ត្រូវការ​ប្រើ​ពេល​យួរ​ទៀត​៖ «យន្តការ​ចរចា​ជា​យន្តការ​ល្អ​បំផុត ទី​២ លោក​កឹម សុខា ប្រកាន់​ថា មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ ដែល​ជា​ប្រការ​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងអស់ នេះ​ជា​កិច្ចការ​មួយ​ដែល​ល្អ​សម្រាប់​អ្នកនយោបាយ​យក​មក​ពិចារណា ហើយ​អាច​ជា​នយោបាយ​មួយ​សម្រាប់​ឈាន​ទៅ​ដល់​ការ​ចរចា​នា​ពេល​អនាគត»

ទោះបីជា​ជំនួប​រវាង​លោក ហ៊ុន សែន និង លោក កឹម សុខា នេះ មិន​ទាន់​បង្ហាញ​តម្រុយ​ចរចា​នយោបាយ​ភ្លាមៗ​ក្ដី ប៉ុន្តែ​ក្រុម​អ្នកវិភាគ​អះអាង​ថា បើសិនជា​លោក ហ៊ុន សែន មិន​បន្ទន់​ឥរិយាបថ​នយោបាយ​ទេ ហើយ​នៅតែ​ចង់​រក្សាទុក​អំណាច​ត​វង្ស​ត្រកូល​នោះ កម្ពុជា​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ ក្នុង​ពេល​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ជំងឺ​កូវីដ​-១៩​ផង និង វិបត្តិ​កម្ពុជា​ឥត​ការងារ​ធ្វើ​កាន់តែ​ច្រើន​ផង ក្រោយ​ពី​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផង​នោះ។

អ្នកវិភាគ​ពន្យល់​ថា ដោយសារតែ​កម្ពុជា​រង វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​សង្គម​ផង ហើយ​ដើម្បី​បង្ហាញ​ពី​នយោបាយ​ចិត្តធម៌ និង​អនុគ្រោះ​របស់​លោក​ផង​នោះ លោក ហ៊ុន សែន អាច​នឹង​ផ្លាស់ប្ដូរ​ជំហរ​នយោបាយ​ងាក​មក​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​វិញ នៅ​នា​ទី​ចុង​ក្រោយ​ក៏​ថា​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល