តុលាការ​កោះ​ហៅ​លោក សម រង្ស៊ី​ ជា​លើក​ទីពីរ​ ឱ្យ​​ចូល​​បំភ្លឺ​តាម​​បណ្ដឹង​លោក ស ខេង

ដោយ អាស៊ីសេរី
2019-08-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។
រូបថត៖ ហ្វេសប៊ុក Sam Rainy

តុលាការ​ក្រុង​ភ្នំពេញ​កោះហៅ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ជា​លើក​ទីពីរ ឱ្យ​ចូល​​ឆ្លើយ​បំភ្លឺ​តាម​បណ្ដឹង​របស់​លោក ស ខេង ដែល​​ប្ដឹង​លោក​​ពី​បទ​ញុះញង់។ ដីកា​កោះ​លើក​​ទីពីរ​របស់​អយ្យការ​អម​​​​តុលាការ​ក្រុង​ភ្នំពេញ ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី១២ សីហា តម្រូវ​ឱ្យ​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បង្ហាញ​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី២៨ សីហា ខាង​មុខ នៅ​ចំពោះ​មុខ​​ព្រះរាជ​អាជ្ញា​រង​លោក សេង គីមឡាក់។

ការ​កោះហៅ​លោក សម រង្ស៊ី ជា​លើក​ទី​ពីរ​នេះ ដោយសារ​លោក​មិន​បាន​ចូល​ខ្លួន​តាម​ដីកា​កោះ​លើក​ទី​មួយ ដែល​តុលាការ​គ្រោង​សាកសួរ​លោក​ កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា កន្លង​ទៅ។

ឧប​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ដាក់​ពាក្យ​ប្ដឹង​លោក សម រង្ស៊ី ពី​បទ​ញុះញង់ កាល​ពី​ដើម​ខែ​កក្កដា កន្លងទៅ បន្ទាប់​ពី​លោក សម រង្ស៊ី បាន​ចោទ​ថា លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ឱ្យ​សម្លាប់​លោក ហុក ឡង់ឌី ហើយ​កូន​ប្រុស​លោក ហុក ឡង់ឌី គឺ​លោក ឌី វិជ្ជា កំពុង​រៀបចំ​ផែន​ការ​សងសឹក​ឱ្យ​ឪពុក​វិញ។ លោក សម រង្ស៊ី អះអាង​ទៀត​ថា ផែន​ការ​សងសឹក​នេះ​មាន​ការ​គាំទ្រ​ពី​លោក ស ខេង ដោយសារ​មន្ត្រី​ជាន់​ខ្ពស់​របប​ក្រុង​ភ្នំពេញ​រូប​នេះ​បាន​ដឹង​ខ្លួន​ថា លោក ហ៊ុន សែន មាន​គម្រោង​កម្ចាត់​លោក ដើម្បី​លើក​បន្តុប​កូន​ប្រុស​ទាំង៣ ឱ្យ​កាន់​តំណែង​កំពូល។ លោក ស ខេង បញ្ជាក់​ថា នេះ​ជា​បណ្ដឹង​លើក​ទី​មួយ​ហើយ​ក្នុង​ជីវិត​របស់​លោក ហើយ​បំណង​របស់​លោក​ក្នុង​ការ​ដាក់​បណ្ដឹង​នេះ គឺ​ដើម្បី​ដាស់​តឿន​អ្នក​នយោបាយ​ឱ្យមាន​ក្រម​សីលធម៌ និង​ចៀស​វាង​ការ​ប្រឌិត​ព័ត៌មាន​ញុះញង់។

ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​ជឿជាក់​ថា លោក ស ខេង ធ្វើ​បែប​នេះ ដើម្បី​តម្រូវ​ចិត្ត​លោក ហ៊ុន សែន ប៉ុណ្ណោះ ហើយ​ចំណាត់​ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ គឺ​ជា​រឿង​នយោបាយ មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ពិត​ប្រាកដ​ឡើយ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង បាន​ប្រតិកម្ម​ថា លោក ស ខេង មិន​គួរ​លេងសើច​ជាមួយ​តុលាការ​អាយ៉ង​បែប​នេះ​ឡើយ ព្រោះ​អាច​ធ្វើ​ឱ្យ​បាត់​ភាព​ថ្លៃថ្នូរ​របស់​ខ្លួន។ លោក​ជំរុញ​ឱ្យ​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ដាក់​ពាក្យ​ប្ដឹង​លោក​ទៅ​តុលាការ​បារាំង​វិញ ព្រោះ​តុលាការ​បារាំង​មាន​ឯករាជ្យ​ពិត​ប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល