ពលរដ្ឋ​មួយ​ចំនួន​ថា មេ​ឃុំ​ដែល​គេ​លើក​បន្តុប មិន​សូវ​បម្រើ​ពលរដ្ឋ​ដិតដល់​ទេ​ជាង ២​ឆ្នាំ​នេះ

ដោយ សុ ជីវី
2020-03-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី "ទិវា​ជាតិ​ទីក្រុង​ស្អាត" នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី "ទិវា​ជាតិ​ទីក្រុង​ស្អាត" នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។
ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា រយៈពេល​ជាង ២​ឆ្នាំ​មកនេះ គឺ​មេឃុំ​ចៅសង្កាត់​ដែល​រដ្ឋាភិបាល​ក្រុងភ្នំពេញ​លើក​បន្តុប បន្ទាប់ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧​នោះ មិនសូវ​បាន​យកចិត្តទុកដាក់​បម្រើ​ពលរដ្ឋ​បាន​ដិតដល់​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា បញ្ហា​នេះ​កើតឡើង​ដោយសារ​មាន​គណបក្ស​តែមួយ​ដឹកនាំ​ឃុំ​សង្កាត់ ទើប​ធ្វើ​ឱ្យ​មន្ត្រី​មូលដ្ឋាន​ជិះ​សេះ​លែងដៃ​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ត្រួត​ពិនិត្យ។

ចាប់​តាំង​ពី​អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំជាង​គេ​កាលពី​ឆ្នាំ​២០១៧​មក គឺ​តំណែង​មេឃុំ​ចៅសង្កាត់​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ​ជិត​៥០០​ឃុំ​សង្កាត់ ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​នោះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមូល​យក​ទៅ​គ្រប់​គ្រង។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ថា ចាប់​តាំង​ពី​អាជ្ញាធរ​ប្លន់​តំណែង​មេឃុំ​ដែល​លោក​បោះឆ្នោត​ជូន កាល​ពី​ឆ្នាំ​២០១៧​មក គឺ​អាជ្ញាធរ​ឃុំ​នេះ​ហាក់​មិនសូវ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ដូច​កាល​ដែល​មាន​គណបក្ស​ប្រឆាំង​នៅ​ធ្វើការ​ជាមួយ​គណបក្ស​កាន់អំណាច​នោះ​ទេ​។ ពលរដ្ឋ​រូប​នេះ បញ្ជាក់​ថា ផល​លំបាក​របស់​មេឃុំ​ឯក​បក្ស​នេះ ដូចជា​ការ​ធ្វើ​លិខិតស្នាម​ជូន​ពលរដ្ឋ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​យឺតយ៉ាវ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ធុញទ្រាន់ ព្រោះ​ផ្លូវ​ភក់​ពិបាក​ធ្វើដំណើរ​ក្នុង​រដូវវស្សា និង​មាន​ដី​ហុយ​ពិបាក​ដកដង្ហើម​ក្នុង​រដូវប្រាំង​ជាដើម៖ «គឺ​គាត់​ធ្វើ​អី​តាម​ការចាត់តាំង​ទេ គឺ​គាត់​គ្មាន​រក​វិធីសាស្ត្រ​យ៉ាងម៉េច​ប្រទេស​រីក​ចំរើន​អត់​ទេ គឺ​គាត់​ធ្វើការ​តាមតែ​គោលការណ៍​តែ​ថ្នាក់លើ​បញ្ជា​ប៉ុណ្ណឹង។ គោរព​ថ្នាក់​ទៅ​មិនសូវ​យក​មតិ​របស់​ប្រជាពលរដ្ឋ​ទៅ​ដោះស្រាយ វា​មាន​បញ្ហា​ដូចជា​អយុត្តិធម៌​ខ្លះៗ​នៅ​ក្នុង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ប្រយោជន៍​សាធារណៈ​ការ​ថែរក្សា​រចនា​សម្ព័ន្ធ​អីហ្នឹង​វា​គ្មាន​ផែន​ការណ៍​ច្បាស់លាស់​ទេ»

ស្រដៀង​គ្នា​ដែន​នេះ​ដែរ ប្រជាពលរដ្ឋ​ម្នាក់ទៀត​នៅ​ឃុំ​តាំងក្រសាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម រៀបរាប់​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​លោក​រាប់​រយ​គ្រួសារ​មិន​ពេញចិត្ត​នឹង​មេឃុំ​គណបក្ស​ប្រជាជន​នោះ​ទេ ដែល​បាន​កាន់​តំណែង​ដោយសារ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ពីព្រោះ​អាជ្ញាធរ​ឃុំ​នេះ​មិន​បម្រើ​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ឡើយ ជាក់ស្ដែង​កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​ពួកគាត់​បាន​ផ្ដិត​ស្នាម​មេដៃ​ប្រមាណ​២០០​នាក់ ទាមទារ​ឱ្យ​មេឃុំ​នេះ​លុបចោល​គម្រោង​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​ចេញ ប៉ុន្តែ​អាជ្ញាធរ​មិន​ធ្វើតាម​ពួកគាត់​នោះ​ទេ ផ្ទុយទៅវិញ​គឺ​ក្រុម​ឈ្មួញ​ខិលខូច​កាយ​ដី​ភ្នំ​លក់​ដោយ​សេរី​។ ពលរដ្ឋ​រូប​នេះ បន្ថែម​ថា ពួកគាត់​ចង់បាន​មេឃុំ​ថ្មី​ដែល​មាន​ចំណេះដឹង ទាំង​ផ្នែក​ការ​អភិវឌ្ឍ និង​ចេះ​ជួយ​ដោះស្រាយ​ជម្លោះ​របស់​ប្រជាពលរដ្ឋ​ដោយ​សុក្រឹត និង​យុត្តិធម៌៖ «ណាមួយ​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត​គាត់​ដោយសារ​មាន​អាជ្ញាប័ណ្ណ មួយ​ចេញពី​អភិបាលខេត្ត​ប្រាប់​ថា ទុក​ជាទី​ទួល​សុវត្ថិភាព​ហើយ គាត់​នៅតែ​ឱ្យ​មេភូមិ​ផ្សព្វផ្សាយ​ប្រាប់​ប្រជាពលរដ្ឋ​ថា ត្រូវតែ​គេ​មក​យក​អីចឹង។ ប្រជាពលរដ្ឋ​ប្រាប់​ទី​អស់ហ្នឹង​ជាទី​ទួល​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ទាំងពីរ​ខេត្ត​ហើយ សមគួរ​តែ​អ៊ំ​កុំ​ឱ្យ​ក្រុមហ៊ុន​គេ​ចូល​មក​អីចឹង ដល់​តែ​គាត់​នៅតែ​ឱ្យ​គេ​ចូល​មក​ធ្វើ​សកម្មភាព។ អាណត្តិ​ក្រោយ​ប្រហែល​គេ​មិន​បោះ​ឆ្នោត​ឱ្យ​គាត់​ធ្វើ​មេឃុំ​ទេ»

ចំណែក​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក ប៊ុន សុទ្ធី វិញ អះអាង​ថា លោក​សោកស្ដាយ​ជា​ខ្លាំង​ដែល​បាត់បង់​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ដែល​ពួកគេ​បោះឆ្នោត​ជូន​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ។ លោក​បន្ត​ថា ចៅសង្កាត់​បច្ចុប្បន្ន​ដែល​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បំពេញការងារ​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ ពីព្រោះ​កន្លង​ទៅ​ឱ្យ​តែ​អ្នកគាំទ្រ​គណបក្សប្រឆាំង​ស្ទើរតែ​គ្រប់គ្នា​តែង​ជួប​ការ​លំបាក​នៅ​ពេល​ទៅ​រក​សេវាកម្ម​ពី​អាជ្ញាធរ​សង្កាត់​នេះ ដូចជា​ការ​ធ្វើ​លិខិតស្នាម ដើម្បី​ខ្ចី​ប្រាក់​ពី​ធនាគារ ឬ​បញ្ជាក់​សំបុត្រកំណើត​តែង​យឺតយ៉ាវ ក្រោយ​ហេតុផល​ថា ខ្វះ​នេះ​ខ្វះ​នោះ​ដោះសា​ជា​រៀង​រហូត៖ «ជាក់ស្ដែង​មាន​អ្នក​ដែល​ខ្ញុំ​ស្គាល់​គាត់​ត្អូញត្អែរ​ថា កាល​មុន​មាន​បក្ស​២ បើ​បក្ស​មួយ​ធ្វើ​មិនកើត​ទៅ​រក​បក្ស​មួយទៀត វា​រាង​លឿន​ជាង​នេះ ដល់​តែ​ពេល​មាន​តែមួយ​អីចឹង ដល់​គាត់​ពឹង​តែមួយ ដល់ពេល​ចិត្ត​គេ​មិន​ចង់​ធ្វើ ព្រោះ​គេ​ស្អប់​យើង​ពី​ណា​មក​គេ​ថា​អ្នកនេះ​មកពី​បក្ស​នេះ​បក្ស​អីចឹង​ឯកសារ​នៅ​ទុកចោល​គាំង អ្នកខ្លះ​ធ្វើ​ឱ្យ​គាត់​យក​លុយ​ហើយ​ធ្វើ​មក​ឯកសារ​ខុស​ដល់​សុំ​ឱ្យ​តែ​គាត់​អត់​កែ​ទេ ហើយ​ស្ដីឱ្យ​ប្រជាពលរដ្ឋ​ទៀត»

លោក​បន្ថែម​ថា អាជ្ញាធរ​ចៅសង្កាត់​ប៉ោយប៉ែត​មិនសូវ​យកចិត្ត​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​ទេ ទើប​ធ្វើ​ឱ្យ​ផ្លូវថ្នល់​នៅ​តំបន់​ព្រំដែន​នេះ​មិន​សូវ​មាន​ការ​អភិវឌ្ឍ និង​មាន​សំរាម​គរ​តាម​ដង​ផ្លូវ ហើយ​មាន​ក្លិនស្អុយ​ពិបាក​ដក​ដង្ហើម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ទៀត​ផង ពីព្រោះ​ជា​តំបន់​ឆ្លងកាត់​របស់​ភ្ញៀវ​ទេសចរ​បរទេស។

ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ខ្លះ​មាន​យោបល់​ផ្ទុយ​ពី​ការ​លើកឡើង​នេះ។ ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត លោក រី ជេត្ថា រៀបរាប់​ថា ថ្វីត្បិតតែ​អាជ្ញាធរ​សង្កាត់​ប៉ោយប៉ែត​ទើបតែ​ឡើង​កាន់​តំណែង​ប្រមាណ ២​ឆ្នាំ​ក្ដី ក៏​លោក​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់​លោក​សង្កាត់​នេះ ព្រោះ​ធ្វើ​ការងារ​រហ័សរហួន ហើយ​បាន​ធ្វើ​ផ្លូវថ្នល់​ថ្មីៗ​ជាច្រើន​កន្លែង​ធ្វើ​ឱ្យ​លោក​ធ្វើដំណើរ​បាន​ស្រួល​ជាង​ពេលមុន៖ «ខ្ញុំ​អត់​ទេ តែ​ទៅ​មេឃុំ​ធ្វើ​ហើយ ធម្មតា​យើង​ទៅ​មិនមែន​មេឃុំ​ធ្វើ​ឱ្យ​យើង​តែ​ម្នាក់​ណា មាន​គ្រប់គ្នា​ដែរ គេ​ធ្វើ​យូរ​តិច​ក៏​មិន​អី ព្រោះ​អី​គេ​មិន​ធ្វើ​សម្រាប់​តែ​យើង​ម្នាក់​ណា បើ​ថា​លឿន​ក៏​យឺត​តិច​ក៏​យើង​ថា​មិនល្អ​ដែរ ប៉ុន្តែ​យើង​មើល​ឃើញ​ដែរ​ការងារ​គេ​ច្រើន​អីចឹង​មិន​ថា​យើង​ទៅ​ធ្វើ​តែ​ម្នាក់​ឯង​ណា»

ទាក់ទង​នឹង​បញ្ហា​នេះ ចៅសង្កាត់​ប៉ោយប៉ែត លោក ភោគ លន់ មាន​ប្រសាសន៍​ថា លោក​ប្រឹង​ធ្វើ​ការងារ​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​ពី​ការ​នឿយ​ហាត់ និង​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។ លោក​ចៅសង្កាត់​ដែល​មាន​ពលរដ្ឋ​រស់នៅ​ជាង​៥​ម៉ឺន​នាក់​(៥០,០០០)​រូប​នេះ​បន្ថែម​ថា រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​ដែល​លោក​គ្រប់គ្រង​នោះ តែងតែ​មាន​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​គណបក្ស​នយោបាយ​ទៅ​រក​សេវាកម្ម​នៅក្នុង​សង្កាត់​របស់​លោក​យ៉ាង​កុះករ​ជា​រៀងរាល់ថ្ងៃ​ទៀត​ផង៖ «មិន​គិត​រឿង​ការបែងចែក​អីចឹង​ទេ អីចឹង​យើង​រស់នៅ​ម៉េច​សាមគ្គី​ផ្ទៃក្នុង​បាន ម៉េច​ជាតិ​តែមួយ​បាន សង្គម​តែមួយ​។​ទាល់តែ​យើង​ត្រូវតែ​អនុវត្ត​ខ្មែរ​តែមួយ​ប្រជាពលរដ្ឋ​តែមួយ​រដ្ឋាភិបាល​តែមួយ​សាសនា​តែមួយ​។​អីចឹង​វា​យើង​វា​មិន​អាច​មានការ​បែងចែក​អីចឹង​បានទេ»

ទោះជា​យ៉ាង​នេះ​ក្ដី​ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង លើកឡើង​ថា មេឃុំ​ចៅសង្កាត់​សព្វថ្ងៃ​នេះ​ធ្វើការ​ងារ​បែប​ជិះ​សេះ​លែងដៃ ដោយ​មិន​មាន​គណបក្ស​ណា​ត្រួតពិនិត្យ​ការងារ​របស់​ខ្លួន​ឡើយ ពីព្រោះ​រដ្ឋាភិបាល​ជា​គណបក្ស​តែមួយ។ លោក​សង្កាត់​ធ្ងន់​ថា ការដឹកនាំ​បែបនេះ​មិនល្អ​នោះ​ទេ ព្រោះ​មាន​ចំណុច​ចន្លោះប្រហោង​ច្រើន​ដែល​អាជ្ញាធរ​មូលដ្ឋាន ប្រព្រឹត្ត​អំពើពុករលួយ​ងាយស្រួល​ជាង​មាន​គណបក្ស​ច្រើន​ធ្វើ​ការងារ​រួមគ្នា​នៅ​ឃុំ​សង្កាត់​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​មានការ​ព្រួយបារម្ភ​ទៀត​ថា ស្រប​ពេល​ដែល​កញ្ចប់​ថវិកា​ដែល​ថ្នាក់​ជាតិ​ទម្លាក់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឆ្នាំ​២០២០​កាន់តែ​ច្រើន​នោះ គេ​រឹតតែ​ត្រូវ​មានការ​ប្រុង​ប្រយ័ត​ខ្លាំង ក្នុង​ការ​ចាយវាយ​ថវិកា​ទាំងនោះ​ឱ្យ​បាន​ជា​ប្រយោជន៍​សាធារណៈ​ពិតប្រាកដ៖ «ហើយ​អីចឹង​ធ្វើ​ឱ្យ​ការសម្រេចចិត្ត​ហ្នឹង​គឺ អត់​សូវ​បាន​សួរនាំ​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​បើសិនជា​យើង​មានការ​ត្រួតពិនិត្យ​តុល្យភាព​នោះ​គឺ​ធ្វើ​ឱ្យ​ការអភិវឌ្ឍន៍​នៅ​ថ្នាក់ក្រោម​ជាតិ​ហ្នឹង​វា​អាច​ធ្វើ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ហ្នឹង​ការ​យកចិត្តទុកដាក់​ខ្ពស់ ហើយ​ហ្នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​គ្រប់​លទ្ធភាព​ដែល​ខ្លួន​មាន ដើម្បី​បំពេញ​ទៅតាម​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ទៅវិញ​បាទ»

រដ្ឋាភិបាល​ក្រុងភ្នំពេញ​បាន​អនុម័ត​ថវិកា​ឃុំ​-​សង្កាត់ នៅ​ឆ្នាំ​២០២០​នេះ ដែល​គិត​ជា​មធ្យម​ក្នុង​ឃុំ​សង្កាត់​នីមួយៗ​មាន​ជាង​១២​ម៉ឺន​ដុល្លារ​អាមេរិក​(១២២.០០០)​។ ក្នុង​នោះ​ថវិកា​សម្រាប់​ចំណាយ​អភិវឌ្ឍន៍​មូលដ្ឋាន ប្រមាណ ៧​ម៉ឺន​ដុល្លារ ដែល​ចំនួន​នេះ គឺ​កើន​ឡើង​ទ្វេដង​បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៨។

ការបោះឆ្នោត​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤​កន្លងទៅ គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ៤៨៩​ឃុំ និង​មាន​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ចំនួន ៥​ពាន់ ៧​នាក់​(៥០០៧)​។ សមាជិក​ក្រុមប្រឹក្សា​ទាំងនេះ​បាន​ចូលកាន់​តំណែង​ប្រមាណ ៣​ខែ​ប៉ុណ្ណោះ ក៏​ត្រូវ​បញ្ចប់​តួនាទី​វិញ ដោយសារតែ​តុលាការ​របប​ក្រុងភ្នំពេញ​រំលាយ​បក្ស​នេះ កាល​ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ឃុបឃិត​ជាមួយ​បរទេស ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន​។ ប៉ុន្តែ​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​មើល​ឃើញ​ថា ការចោទប្រកាន់​នេះ​ជា​រឿង​នយោបាយ ហើយ​ថា ការ​រម្លាយ​គណបក្ស​ស​ង្គ្រោះជាតិ គឺ​ដោយសារ គណបក្ស​ប្រជាជន​កម្ពុជា​ខ្លាច​ចាញ់​ការបោះឆ្នោត​ឆ្នាំ​២០១៨ ពីព្រោះ​ពេលនោះ អ្នកគាំទ្រ​គណបក្សប្រឆាំង​មាន​ប្រហាក់ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល