សមាជិកបក្សកាន់អំណាច នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញម្នាក់ លោក ជួន ប៊ុនរឿន ប្ដឹងមន្ត្រីបក្សប្រឆាំង ២នាក់ ចំឈ្មោះ និងបក្សពួកថា បានបរិហារកេរ្តិ៍ និងញុះញង់ ក្នុងករណីជនមិនស្គាល់មុខស្ទាក់ដេញវាយចៅសង្កាត់កោះដាច់ជាប់ឆ្នោត មកពីគណបក្សប្រឆាំង លោក ស៊ិន បូណា កាលពីចុងខែកញ្ញា។ មន្ត្រីបក្សប្រឆាំង ដែលរងការប្ដឹងនេះថា មិនចាប់អារម្មណ៍នឹងពាក្យប្ដឹងទៅតុលាការរបបក្រុងភ្នំពេញទេ ព្រោះយល់ថា ជាការឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការវាយធ្វើបាបមន្ត្រី និងសកម្មជនបក្សប្រឆាំង។
ដើមបណ្ដឹង លោក ជួន ប៊ុនរឿន ឲ្យអាស៊ីសេរីដឹងថា មូលហេតុ ដែលលោកសម្រេចចិត្តប្ដឹង មន្ត្រីបក្សប្រឆាំង ២នាក់ គឺលោក អ៊ុំ សំអាន និងលោក ហេង ឡៃហ៊ួ ទៅតុលាការ ដោយសារអ្នកទាំងពីរបានប្រើប្រាស់គណនីហ្វេសប៊ុក (Account Facebook) មានឈ្មោះពិតប្រាកដ ក្នុងការចោទប្រកាន់លោក ខណៈលោកកំពុងពិភាក្សាជាមួយមេធាវី ដើម្បីប្ដឹងម្ចាស់គណនីហ្វេសប៊ុកផ្សេងទៀត រួមទាំងអ្នកប្រើប្រាស់គណនីហ្វេសប៊ុកក្លែងក្លាយផងដែរ។
ក្នុងពាក្យប្ដឹងទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ តុលា លោក ជួន ប៊ុនរឿន ប្ដឹងលោក អ៊ុំ សំអាន និងលោក ហេង ឡៃហ៊ួ ពីបទចោទ គឺបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ។ លោកទាមទារឲ្យតុលាការផ្ដន្ទាទោសតាមច្បាប់ និងសងជំងឺចិត្ត ចំនួន ១០០រៀល។
លោក ជួន ប៊ុនរឿន បញ្ជាក់ថា ការប្ដឹងនេះ ដើម្បីចង់បានយុត្តិធម៌ និងភាពស្អាតស្អំរបស់លោកមកវិញ ដោយសារលោកសង្កេតឃើញថា អ្នកគាំទ្របក្សប្រឆាំងព្រួតគ្នា ចោទប្រកាន់លោក ដោយគ្មានភស្តុតាង ដែលធ្វើឲ្យអាប់ឱនកិត្តិយសលោក និងក្រុមគ្រួសារ។ លោកបដិសេធថា លោកមិនមែនជាអ្នកដេញវាយចៅសង្កាត់កោះដាច់មកពីបក្សប្រឆាំង លោក ស៊ិន បូណា ទេ ព្រោះថ្ងៃនោះ លោកបាននាំក្រុមគ្រួសារទៅធ្វើបុណ្យដាក់បិណ្ឌ នៅខេត្តកំពង់ចាម៖ «ហើយគាត់សរសេរយូរៗ ទៅ អាគ្នាគាត់ហ្នឹង ប្រើប្រាស់ភាសារហូតដល់ វាមិនមែនជាគ្នាគាត់ទេ ប៉ុន្តែហ្វេសប៊ុកផ្សេងៗ ទៀតណា ដែលមានអាខោន (គណនី) មិនពិតហ្នឹង គាត់ដាក់សុទ្ធតែចំណាំមុខអាមេឃាតក ឲ្យមែនទែន បងប្អូនស្វាគមន៍វា ឃើញនៅកន្លែងណា។ ជារឿងមួយ ខ្ញុំហួសថ្លែងណាបង ហើយខ្ញុំដាក់ពាក្យបណ្ដឹងនេះ ដើម្បីបញ្ជាក់ទី១ បញ្ជាក់ឲ្យច្បាស់ថា ខ្ញុំអត់មានពាក់ព័ន្ធរឿងឃាតក រឿងអ្វីទេ។ អ៊ីចឹង កន្លែងការងារ ដើម្បីបញ្ជាក់ឲ្យគេដឹង កុំឲ្យគេរើសអើងខ្ញុំអ៊ីចឹងណាបង។ យើងដើម្បីបញ្ជាក់អ៊ីចឹង កុំឲ្យព្រោះថា មួយរយៈកាលកន្លងមកនេះ អ្នកខ្លះគេរាប់យើង អ្នកខ្លះ ក៏គេអត់ហ៊ានណាបង»។
សមាជិកបក្សកាន់អំណាចរូបនេះ ស្នើសុំកុំឲ្យមានការចោទប្រកាន់លោកបន្តទៀត ដោយគ្មានភស្តុតាង។ ទោះយ៉ាងណា លោកប្រាប់ថា លោកគ្មានបំណងទៅជួប លោក ស៊ិន បូណា ទេ ដើម្បីបកស្រាយទេ ដោយសារ លោកទាំងពីរ មិនដែលមានទំនាក់ទំនងជាមួយគ្នា។
ចៅសង្កាត់កោះដាច់ជាប់ឆ្នោតលោក ស៊ិន បូណា ត្រូវជនមិនស្គាល់មុខពីរនាក់ ធាក់ផ្ដួលម៉ូតូ និងយកដំបងដែក ដេញវាយសំពង រហូតបាក់ដៃម្ខាង រងរបួសធ្ងន់កាលពីនៅថ្ងៃទី២៥ ខែកញ្ញានេះ។ អំពើហិង្សានេះ កើតឡើងនៅពេលសកម្មជនគណបក្សប្រឆាំង កំពុងជិះម៉ូតូ តាមផ្លូវជាតិលេខ ៦A ម្តុំវត្តគៀនឃ្លាំង ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ជនដៃដល់ពាក់មួកសុវត្ថិភាពបិទមុខជិត និងមានកាំភ្លើងនៅចង្កេះទៀតផង។ លោក ស៊ិន បូណា រងគ្រោះបាក់ឆ្អឹងបីកំណាត់ នៅដៃឆ្វេង និងឈឺចុកចាប់ខ្លាំង នៅម្ដុំស្មា និងខ្នង។
ក្រោយមក អ្នកប្រើប្រាស់ហ្វេសប៊ុក បង្ហោះរូបថត សកម្មភាពរបស់ជនបិទមុខ ដេញវាយចៅសង្កាត់កោះដាច់ បណ្ដាលឲ្យពលរដ្ឋច្រើននាក់ ទាមទារឲ្យសមត្ថកិច្ច វែកមុខរកជនសង្ស័យ ឲ្យឃើញ។ ក្នុងនោះ ហ្វេសប៊ុករបស់ លោក អ៊ុំ សំអាន តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តសៀមរាប និងជាមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា មានទាំងលេខម៉ូតូរបស់ជនល្មើស បើសមត្ថកិច្ច ចង់ចាប់ជនសង្ស័យជាការងាយស្រួលបំផុត ប៉ុន្តែលោកគ្មានសង្ឃឹមទេ ហើយជនសង្ស័យនេះ អាចឡើងបុណ្យធំជាងមុន។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន យល់ថា បណ្ដឹងប្រឆាំងលោក ជាការរៀបចំតាមបញ្ជា របបក្រុងភ្នំពេញ ដោយសារប៉ុន្មានថ្ងៃនេះ លោករិះគន់សន្ធិសញ្ញាព្រំដែនជាមួយប្រទេសវៀតណាម។ លោក អ៊ុំ សំអាន ប្រាប់ថា សកម្មជនបក្សប្រឆាំងនៅខណ្ឌជ្រោយចង្វា បានដឹងរឿងនេះច្បាស់ ហើយប្រាប់លោក។ លោកមិនខ្វល់នឹងបណ្ដឹងនេះទេ តែលោកជំរុញឲ្យរបបក្រុងភ្នំពេញចាប់ខ្លួនជនបិទមុខយកមកផ្ដន្ទាទោស ទើបអាចជៀសផុតពីការចោទប្រកាន់ថា ជនបិទមុខ និងរបបក្រុងភ្នំពេញ ជាបក្ខពួកគ្នា ព្រួតធ្វើបាបសកម្មជនបក្សប្រឆាំងជាប្រព័ន្ធ៖ «មានសកម្មជនរបស់សង្គ្រោះជាតិ នៅជិតផ្ទះ គាត់អាចបញ្ជាក់ថា គាត់ (លោក ជួន ប៊ុនរឿន) ជាអ្នកវាយ។ ដូច្នេះ គាត់ចង់ដឹងថាម្ដេច អាហ្នឹងសកម្មជនគណបក្សសង្គ្រោះជាតិ អាចបញ្ជាក់បាន។ ប៉ុន្តែយ៉ាងណា ក៏យើងមិនអាចបញ្ចេញឈ្មោះរបស់គាត់ គាត់នៅទីតាំងណា ភូមិណានោះទេ។ ចោរ និងអាជ្ញាធរ វាតែមួយសព្វថ្ងៃនេះណា។ អ៊ីចឹង អ្នកណាចាប់អ្នកណា វាពិបាកដែរ ព្រោះការវាយចៅសង្កាត់របស់គណបក្សសង្គ្រោះជាតិហ្នឹង សកម្មជនគណបក្សសង្គ្រោះជាតិហ្នឹង គឺជាកើតឡើងរៀបចំ ជាប្រព័ន្ធតែម្ដង។ ដូច្នេះ មិនដឹងទៅរកអ្នកវាយហ្នឹងពីណាមកទេ ព្រោះវាយតែចៅសង្កាត់ហ្នឹងមួយឯណា វាយច្រើនហើយ គណបក្សសង្គ្រោះជាតិ តែមិនដែលរកឃើញមួយនៅឡើយទេ»។
គិតត្រឹម ដើមខែតុលានេះ សមត្ថកិច្ចរកមិនទាន់ឃើញជនសង្ស័យ ដែលប្រព្រឹត្តិអំពើហិង្សាលើចៅសង្កាត់កោះដាច់នៅឡើយទេ។ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរី នៅថ្ងៃទី៨ តុលាថា សមត្ថកិច្ចមានតម្រុយខ្លះហើយ ក្នុងករណីជនបិទមុខ វាយ លោក ស៊ិន បូណា តែមិនទាន់សន្និដ្ឋានទេ ព្រោះនៅស្រពិចស្រពិល៖ «មិន មិនទាន់មានសញ្ញាអ្វី បញ្ជាក់ជូនទេ។ យើងកំពុងធ្វើការស្រាវជ្រាវ។ យើងមិនទាន់ទទួលបានតម្រុយអ្វីច្បាស់លាស់នៅឡើយទេ មិនទាន់ហ៊ានថា។ នៅមិនទាន់ច្បាស់លាស់ យើងកំពុងតែខិតខំស្រាវជ្រាវ។ ធម្មតា សមត្ថកិច្ចស្រាវជ្រាវទាល់តែមានតម្រុយ។ ចង់ប្រាប់ថា មានតម្រុយ វាដូចជាអត់ត្រូវ ព្រោះអ្វីមិនទាន់ច្បាស់លាស់ ព្រោះថា យើងមិនមែនអត់តម្រុយសោះទេ មានតម្រុយហើយ តែវាអត់ទាន់ច្បាស់លាស់ យើងមិនទាន់ហ៊ានសន្និដ្ឋានថា ម្ដេចទេ»។
ករណី អំពើហិង្សាបែបនេះ បានកើតមានលើសកម្មជនបក្សប្រឆាំងនៅរាជធានីភ្នំពេញជាង ១០នាក់ហើយ ប៉ុន្តែសមត្ថកិច្ចគ្មានរកឃើញជនសង្ស័យបានម្នាក់នៅឡើយទេ។ ចំណែកសង្គមស៊ីវិលឃ្លាំមើលសិទ្ធិមនុស្សវិញយល់ថា បើសមត្ថកិច្ចមិនអាចស្វែងរកអ្នកប្រព្រឹត្តិមកផ្ដន្ទាទោសបាននោះទេ សាធារណជននឹងរិះគន់ថា ករណីហិង្សានេះ គឺជាការធ្វើទុក្ខបុកម្នេញ និងជាការគំរាមកំហែង សកម្មជនគណបក្សប្រឆាំង ដែលមានការរៀបចំជាប្រព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។