រដ្ឋាភិបាល​បញ្ជាក់​ថា មន្ត្រី​ជាន់​ខ្ពស់​ចិន​ធ្លាប់​បាន​មក​ទស្សនកិច្ច​នៅ​​កម្ពុជា​ តាម​រយ:​កិច្ច​សហ​ប្រតិបត្តិការ

ដោយ អូន ភាព
2020-02-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទំព័រ​មុខ​គេហទំព័រ​ ABC អូស្ត្រាលី ចុះផ្សាយពីមន្ត្រី​យោធា​ចិន​មក​ទស្សនកិច្ច​ស្ងាត់ៗ​នៅ​កម្ពុជា មុន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ្រូន​នៅ​កោះកុង។
ទំព័រ​មុខ​គេហទំព័រ​ ABC អូស្ត្រាលី ចុះផ្សាយពីមន្ត្រី​យោធា​ចិន​មក​ទស្សនកិច្ច​ស្ងាត់ៗ​នៅ​កម្ពុជា មុន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ្រូន​នៅ​កោះកុង។
Screenshot

មន្ត្រី​ក្រសួង​ការពារ​ជាតិ​​​អះ​អាង​ថា មន្ត្រី​ជាន់​ខ្ពស់​ចិន​ធ្លាប់​បាន​មក​ធ្វើ​​ទស្សនកិច្ច​នៅ​កម្ពុជា​ច្រើន​ដង ​ប៉ុន្តែ​​មិន​បាន​បញ្ជាក់​ថា​ ​ជា​មន្ត្រី​យោធា​ចិន ហើយ​ពួក​គេ​បាន​មក​ធ្វើ​​អ្វី​ឲ្យ​ជាក់លាក់​ទេ។​​ ​​ការ​លើក​ឡើង​នេះ​ស្រប​ទៅ​នឹង​ការ​ផ្សាយ​ព័ត៌មាន​បរទេស ដែល​ថា​ មន្ត្រី​យោធា​ចិន​មួយ​ក្រុម​ បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​អាថ៌កំបាំង កាល​ពី​ចុង​ខែ​ធ្នូ​ គឺ​ប៉ុន្មាន​សប្ដាហ៍ មុន​ពេល​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​​ ដែល​គេ​ហៅ​ថា​ ដ្រូន​(drone) បាន​ធ្លាក់​នៅ​ជិត​ក្រុម​ហ៊ុន​ចិន​មួយ​ឈ្មោះ Union Development Group (UDG)

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​លោក​ ​ទៀ​ បាញ់​ ​បាន​ប្រាប់​អាស៊ី​សេរី​​នៅ​ថ្ងៃ​ច័ន្ទ​ទី១៧ ខែ​កុម្ភៈ​ថា ការ​ស៊ើប​អង្កេត​នៃ​ការ​ធ្លាក់​យន្តហោះ​ដ្រូន​នៅ​តែ​ធ្វើ​បន្ត​នៅ​ឡើយ​ ​ប៉ុន្តែ​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ដំបូង​បង្ហាញ​ថា​យន្ត​ហោះ​ដ្រូន​នេះ​អាច​ហោះ​ចេញ​ពី​ក្រុម​ហ៊ុន​ចិន​ ​(UDG) នៅខេត្តកោះកុង។

លោក​ថាការ​ធ្លាក់​យន្ត​ហោះ​ដ្រូន​នេះ​ ​មិន​មាន​អ្វី​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សន្តិសុខ​ជាតិ​ទេ​ ដោយវាគ្រាន់តែ​ជា​ការ​បង្ហោះ​សាក​ល្បង​​ប៉ុណ្ណោះ។ តែ​ទោះ​យ៉ាង​ណា លោក​បញ្ជាក់​ថា មន្ត្រី​បច្ចេកទេស​កំពុង​បន្ត​ស៊ើប​អង្កេត​លើ​ករណី​នេះ ហើយ​មក​ដល់​ពេល​នេះ ពួក​គេ​មិន​ទាន់​បាន​រាយ​ការណ៍​ឲ្យ​បាន​ពិស្ដារ​នៅ​ឡើយ​ទេ៖ «យើង​ឃើញ​ថា​វា​មាន​សញ្ញា​​ហាក់​ដូច​ជា​មក​ពី​ខាង​ចិន​មែន គឺ​ខាង​ចិន​ហ្នឹង​ហោះ​មក​តែ​វា​មិន​ទាន់​ជាក់​លាក់​យើង​កំពុង​តែ​សិក្សា​មើល​ទៀត»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់​ទង​លោក លី តាក់ខៃ ដែល​គេ​ស្គាល់​ថា ជា​អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន​ចិន ​UDG តាម​ទូរស័ព្ទ ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​រឿង​នេះ ប៉ុន្តែ​អ្នក​ទទួល​ទូរស័ព្ទ​នេះ​ប្រាប់​ថា លោក​មិន​មែន​ជា លី តាក់ខៃ ទេ ហើយ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់។

យន្តហោះ​ដ្រូន​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ថ្ងៃ​ទី​១៦ ​ខែ​មករា ​ឆ្នាំ​២០១៩​ នៅ​ចម្ងាយ​ ៧​គីឡូ​ម៉ែត្រ​ពី​ក្រុមហ៊ុន​ចិន UDG ក្នុង​ទឹក​ដី​ស្រុក​គិរី​សាគរ​ ខេត្ត​កោះ​កុង។

ក្រុម​ហ៊ុន​ UDG បាន​ទទួល​ដី​សម្បទាន​ចំនួន ៤ម៉ឺន ៥ពាន់​ហិកតារ (៤៥.០០០)​ ដើម្បី​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​សាង​សង់​វាល​យន្ត​ហោះ​ខ្នាត​ធំ​ និង​កំពុង​ផែ​ទឹក​ជ្រៅ។ កន្លង​មក​សារ​ព័ត៌មាន​អាមេរិក​ធ្លាប់​បាន​ចុះ​ផ្សាយ​ថា តំបន់​នេះ​នឹង​អាច​ត្រូវ​គេ​ប្រើ​ប្រាស់​សំ​រាប់​កងទ័ព​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ទាំង​រដ្ឋាភិបាល​កម្ពុជា​និង​ចិន​ ធ្លាប់​បាន​បដិសេធ​ថា​កំពង់​ផែ​ទឹក​ជ្រៅ​ និង​ព្រលាន​យន្តហោះ​ដែល​កំពុង​សាង​សង់​នេះ គឺ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍។

ចំណែក​សារ​ព័ត៌មាន ABC របស់​អូស្ត្រាលី​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៥ កុម្ភៈ​ថា គណ:​ប្រតិភូ​ជាន់​ខ្ពស់​ឯកទេស​ខាង​ផែន​ទី​របស់​កងទ័ព​ចិន​បាន​មក​បំ​ពេញ​ទស្សន​កិច្ច​ជា​សម្ងាត់​នៅ​កម្ពុជា ៣សប្តាហ៍​មុន​ពេល​មាន​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​ដ្រូន​​នៅ​ក្បែរ​ក្រុម​ហ៊ុន​ ​UDG

លោក ទៀ បាញ់ បាន​ថ្លែង​បដិសេធ​ទៅ​នឹង​ការ​លើក​ឡើង​របស់​សារ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​កន្លង​មក​នេះ​ថា ជា​រឿង​មិន​ពិត ហើយ​នេះ​គ្រាន់តែ​ជា​ការ​ចោទ​ប្រកាន់​គ្មាន​ភស្តុតាង​ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា​មាន​មន្ត្រី​ចិន​ធ្លាប់​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ច្រើន​លើក​តាម​រយ:កិច្ច​សហ​ប្រតិបត្តិការ​ផ្សេងៗ ជា​មួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា តែ​ពួកគេ​មិន​បាន​មក​ធ្វើ​កិច្ច​ការ​ដូច​ការ​ចោទ​ប្រកាន់​របស់​កាសែត​បរទេស​ឡើយ៖ «ខ្ញុំ​បាន​និយាយ​ហើយ​ថា​កិច្ច​សហ​ប្រតិបត្តិការ​មិន​ថា ប្រទេស​ចិន ឬ​ប្រទេស​ណា​ទេ រឿង​កិច្ច​សហប្រតិបត្តិការ​គ្នា គឺ​ច្បាស់​ណាស់​​ គេ​ត្រូវ​តែ​មាន​ចាត់​បញ្ជូន​មន្ត្រី​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ពិភាក្សា​រក​ដំ​ណោះ​ស្រាយ»

លោក​បន្ត​ថា សារ​ព័ត៌មាន​បរទេស​​មាន​ចេតនា​អាក្រក់ ចង់​យក​រឿង​បង្កើត​មូលដ្ឋាន​ទ័ព​​ទៅ​ពាក់​ព័ន្ធ​ជា​មួយ​​ក្រុម​ហ៊ុន​ចិន​មួយ​ដែល​បាន​ទទួល​ដី​សម្បទាន​ដើម្បី​អភិវឌ្ឍន៍​ទៅ​ជា​តំ​បន់​ទេសចរ​។

ទោះ​បី​ជា​យ៉ាង​ណា​សារ​ព័ត៌មាន ABC (អូស្ត្រាលី) បាន​ទទួល​ឯក​សារ​មួយ​បញ្ជាក់​ពី​ទំនាក់ទំនងជិត​ស្និទ្ធ​រ​វាង​កងទ័ព​ជើង​អាកាស​កម្ពុជា និង​កងទ័ព​រំដោះ​ប្រជាជន​ចិន ហើយ​ឯក​សារ​នោះ​​​សរសេរ​​ថា​ “ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​យោធា​រវាង​កម្ពុជា​និង​ចិន គណ:ប្រតិភូ​ផ្នែក​ផែន​ទី​ និង​អង្កេត​ការណ៍​កងទ័ព​របស់​ចិន ​​មួយ​ក្រុម​មាន​គ្នា ៦នាក់ ដឹក​នាំ​ដោយ​ឧត្ដមសេនីយ៍​ទោ សុង មីងវូ (Song Ming Wu) នាយក​រង​សាកល​វិទ្យាល័យ​វិស្វកម្ម​ព័ត៌មាន​វិទ្យា​នៃ​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន និង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី២៤ ខែ​ធ្នូ”។

ឯកសារ​ក៏​បាន​​បញ្ជាក់​ដែរ​​ថា អនុព័ន្ធយោធា​ចិន​ប្រចាំ​​នៅ​កម្ពុជា វរសេនីយ៍ឯក លី នីងយ៉ា (Li Ningya) ដែល​ជា​អ្នក​សរសេរ​លិខិត​នោះ បាន​ស្នើ​សុំ​ឱ្យ​ភាគី​កម្ពុជា​រៀបចំ​បន្ទប់​ស្នាក់នៅ​ពិសេស​នៅ​ឯ​វាល​យន្តហោះ​ភ្នំ​ពេញ​ ភ្នាក់ងារ​ប៉ូលិស និង​អ្នកបកប្រែ​មួយ​ចំនួន ដើម្បី​ទទួល​គណៈប្រតិភូ​យោធា​ចិន​មួយ​ក្រុម​នេះ៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល