"កម្ពុជា​ជួប​វិបត្តិ​ចាក់​ស្រេះ ១​ឆ្នាំ ក្រោយ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ឯក​បក្ស​ខ្វះ​ភាព​ស្រប​ច្បាប់"

ដោយ មាន ឫទ្ធិ
2019-09-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​សណ្ឋាគារ​អ៊ីមភើរៀល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២០ មករា ២០១៥។
លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​សណ្ឋាគារ​អ៊ីមភើរៀល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២០ មករា ២០១៥។
RFA

អស់​រយៈពេល ១​ឆ្នាំ​ហើយ ដែល​គណបក្ស​កាន់អំណាច​របស់​លោក ហ៊ុន សែន បាន​ជម្នះ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ឯក​បក្ស​អាណត្តិ​ទី​៦ ក្រោយពី​បាន​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត «​ក្លែងក្លាយ​» ធ្វើឡើង​ដើម្បី​តែ​បង្គ្រប់​កិច្ច ហើយ​ត្រូវ​រង​ការរិះគន់ និង​ថ្កោលទោស​ជុំ​ទិស​នោះ​។ សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក របប​ថ្មី​នេះ​ថា ខ្វះ​ភាព​ស្របច្បាប់ ហើយ​កំពុង​ទាមទារ​ឱ្យ​របប​នេះ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ។

តើ​អ្នក​ជំនាញ​វាយតម្លៃ​យ៉ាង​ដូចម្តេច​ដែរ ចំពោះ​ស្ថានភាព​ដែល​កម្ពុជា​បាន​ជួបប្រទះ ក្នុង​រយៈពេល​១​ឆ្នាំក្រោយ​ការ​បង្កើត​រដ្ឋសភា​ឯក​បក្ស និង​រដ្ឋាភិបាល​អាណត្តិ​ទី​៦​ខ្វះ​ភាព​ស្របច្បាប់​នេះ?

មួយ​ឆ្នាំ​ក្រោយ​របប​ឯក​បក្ស​របស់​លោក ហ៊ុន សែន ជម្នះ​ដំណើរការ បើ​ទោះ​បី​ជា​ខ្វះ​ការ​ទទួល​ស្គាល់​ពេញមុខ​ពេញមាត់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​នោះ អ្នក​​ជំនាញ​មើល​ឃើញ​ថា កម្ពុជា​កំពុងតែ​ញាំញី​ដោយ​បញ្ហា​ចាក់​ស្រេះ​ស្ទើរ​គ្រប់​វិស័យ។ ពួកគេ​យល់ស្រប​គ្នា​ថា ប្រសិនបើ​គ្មាន​ចំណាត់​ការ​ជាក់លាក់​ណាមួយ​ក្នុង​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ ទាំង​ពី​សហគមន៍​អន្តរជាតិ និង​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួនឯង​នោះ​ទេ នោះ​ហេតុការណ៍​​នេះ នឹង​រឹត​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​ស្ថានភាព​កាន់តែ​អាក្រក់ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ អាច​ផុងខ្លួន​ចូល​ក្នុង​អន្ទាក់​ដណ្ដើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​សាជាថ្មី ដូចដែល​កម្ពុជា​បាន​ហែល​ឆ្លង​កាល​ពី​ពេល​អតីតកាល។

លោក គល់ បញ្ញា អតីត​នាយក​ប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) មើល​ឃើញ​ថា កម្ពុជា​បាន​ហែល​ឆ្លង​នូវ​បញ្ហា និង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន ចំនួន​៥ ក្នុង​រយៈពេល​ ១​ឆ្នាំ​កន្លង​មក​នេះ។ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​៦ កញ្ញា ចំ​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ជម្នះ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន នោះ លោក គល់ បញ្ញា ថា ផល​ប៉ះ​ពាល់​​ទាំង​៥​ នោះ រួមមាន​ដូចជា ផល​ប៉ះពាល់​ផ្នែក​ច្បាប់ ដោយសារតែ​ការ​មិន​គោរព​រដ្ឋធម្មនុញ្ញ​ជាតិ និង​ច្បាប់​អន្តរជាតិ ព្រោះ​គ្មាន​ភាព​សេរី​ពហុបក្ស ការ​បន្ត​អូស​បន្លាយ​វិបត្តិ​នយោបាយ ការ​រុញច្រាន​កម្ពុជា​ឱ្យ​ធ្លាក់​ចូល​វិបត្តិ​សេដ្ឋកិច្ច និង​អស្ថិរភាព​ផ្នែក​សន្តិសុខ​ទាំង​ក្នុង​ប្រទេស និង​ក្នុង​តំបន់​ជាដើម៖ «ប្រជាពលរដ្ឋ​ម្នាក់ៗ​ជា​បុគ្គល​ពី​គណបក្ស​ប្រឆាំង ពី​សង្គម​ស៊ីវិល ពី​អ្នក​សារព័ត៌មាន គឺថា​ជួប​នូវ​ការ​គំរាមកំហែង​ជានិច្ច​ពី​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន នេះ​ជា​រឿង​ដែល​កើតឡើង ហើយ​ការ​គំរាមកំហែង​ចេះតែ​កើន​ឡើង​ជានិច្ច​។ មួយវិញទៀត​បញ្ហា​សន្តិសុខ​ជម្លោះ​ក្នុង​តំបន់​ក៏​ចេះតែ​កើន​ឡើង​ដែរ ព្រោះ​បាន​រុញ​ប្រទេស​កម្ពុជា​យើង​ធ្លាក់ ឬ​អាច​ប្រឈម​ទៅ​ក្នុង​ជម្លោះ​នៅ​ក្នុង​តំបន់ ធ្វើ​ឱ្យ​មានការ​បារម្ភ​ក្នុងចំណោម​ប្រទេស​អាស៊ាន ឬ​ប្រទេស​នានា​ថា ប្រទេស​កម្ពុជា​យើង​ងាក​ទៅ​រក​ចិន ហើយ​បាន​បង្កើន​នូវ​ការ​ទំនាក់ទំនង​ខាង​វិស័យ​ការពារ​អី​ជាដើម ធ្វើ​ឱ្យ​ប្រទេស​ក្នុង​អាស៊ាន​មួយ​ចំនួន គេ​មិន​សប្បាយចិត្ត»

បើ​តាម​លោក គល់ បញ្ញា ដដែល បញ្ហា​អវិជ្ជមាន​ចុងក្រោយ​ដែល​លោក​មើល​ឃើញ ១​ឆ្នាំក្រោយ​ការ​ជម្នះ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ឯក​បក្ស​ខ្វះ​ភាព​ស្រប​ច្បាប់​​នេះ នោះ​គឺ​មាន​ការ​កើន​ឡើង​ការរំលោភ​អំណាច​កាន់តែ​ខ្លាំង​ទៅលើ​ស្ថាប័នរដ្ឋ ជាពិសេស​ការរំលោភ​ដែន​អំណាច​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ និង​កង​កម្លាំង​ប្រដាប់​អាវុធ៖ «គឺ​រឿង​បញ្ហា​នៃ​ការ​កើន​ឡើង​ការរំលោភ​អំណាច​របស់​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​ស្ថាប័ន​ទាំងអស់​នេះ ហើយ​នឹង​ការ​កើន​ឡើង​នៃ​អំពើ​ពុក​រលួយ និង​ការ​កើន​ឡើង​នៃ​ការ​លម្អៀង​ខាង​នយោបាយ ទាំង​ខាង​តុលាការ កងកម្លាំងប្រដាប់អាវុធ គឺ​ថា​មាន​បញ្ហា​លម្អៀង​ទៅ​ខាង​នយោបាយ ធ្វើ​ឱ្យ​ស្ថាប័ន​ដំណើរការ​មិន​មាន​ប្រសិទ្ធភាព»

បន្ថែម​លើ​ការវាយតម្លៃ​របស់​លោក គល់ បញ្ញា នេះ បណ្ឌិត មាស នី មើល​ឃើញ​ពី​កត្តា​ពីរ​ធំៗ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ក្រោយ​ការ​ជម្នះ​បង្កើត​រដ្ឋសភា និង រដ្ឋាភិបាល​​ថ្មី​មកនេះ​។ កត្តា​ធំៗ​ទាំងពីរ​នោះ លោក​ថា បញ្ហា​ប្រទាញប្រទង់​នៃ​ការរៀបចំ​ការបោះឆ្នោត បង្ក​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​នៅតែ​មិន​សប្បាយ​ចិត្ត និង​ការដឹកនាំ​ប្រទេស​តាម​បែប​ឯក​បក្ស​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ប្រញាប់ប្រញាល់​ទៅ​បង្កើត​ស្ថាប័ន​ក្រុមប្រឹក្សា​ជាតិ​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​ជា​ស្ថាប័ន​មិន​ទៀងទាត់៖ «សម្រាប់​មតិ​អន្តរជាតិ គឺ​គេ​នៅតែ​បង្ហាញ​នូវ​ភាព​មិន​ទុកចិត្ត ហើយ​ក្នុង​ហ្នុង​ក៏​យើង​ឃើញ​មាន​នូវ​ភាព​មិន​សប្បាយចិត្ត​ក្នុង​ចំណោម​ពលរដ្ឋ គាំទ្រ​គណបក្ស​ប្រឆាំង​ផង​ដែរ ក្រោយ​ពេល​ដែល​គណបក្ស​របស់​ពួកគាត់​ត្រូវ​បាន​គេ​រម្លាយ​។ នេះ​គឺ​ដោយសារតែ​ការបោះឆ្នោត​ហ្នុង មិន​មាន​ស្ថាប័ន​ឯករាជ្យ​ណាមួយ ដែល​ចេញ​មុខ​មក​អះអាង​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ថា ការ​បោះឆ្នោត​នេះ​ពិតជា​សេរី និង​យុត្តិធម៌​។ ទាំងនេះ​សុទ្ធតែ​ជា​ភាព​ចម្រូងចម្រាស»

អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ប្រតិកម្ម​តប​ពី​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។ ក៏ប៉ុន្តែ កាលពី​ថ្ងៃ​ទី៥ កញ្ញា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «កម្ពុជា និង​លទ្ធិប្រជាធិបតេយ្យ​» រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ងី ចន្ទ្រផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អះអាង​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​រីក​ដុះដាល​ទៅមុខ​ជានិច្ច ពោល​គឺ​មិនបាន​ដើរ​ថយក្រោយ​ដូច​ការចោទប្រកាន់​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​​នោះ​ឡើយ៖ «តាំងពី​យើង​បោះឆ្នោត​ឆ្នាំ​១៩៩៣ រហូតដល់​បច្ចុប្បន្ន​នេះ ប្រជាធិបតេយ្យ​យើង​មានការ​ជំរុញ​ប្រកប​ដោយ​ផ្លែផ្កា នីតិរដ្ឋ សេរីភាព​គ្រប់យ៉ាង​របស់​​ប្រជាជន សេរីភាព​របស់​សារព័ត៌មាន និង​ការ​បញ្ចេញ​មតិ សកម្មភាព​របស់​បណ្ដា​ញ​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល និង​រាល់​សេវា​សាធារណៈ និង​សុវត្ថិភាព​សំឡេង​ប្រឆាំង​នៃ​ការបោះឆ្នោត សុទ្ធតែ​បានការ​ពារ»

ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ លោក គល់ បញ្ញា យល់ថា សហគមន៍​ជាតិ និង​អន្តរជាតិ នឹង​នៅតែ​បន្ត​ការ​ថ្កោលទោស និង​ទិតៀន​ជា​បន្ត​បន្ទាប់​​ទៅ​ទៀត ដែល​អាចធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ជាពិសេស​រដ្ឋាភិបាល នឹង​ជួបប្រទះ​នូវ​ការ​បាត់បង់​កិត្តិយស និង​ថា កម្ពុជា​លែង​ជា​ប្រទេស​មួយ​ដែល​មាន​ការ​គោរព​​ច្បាប់ និង​សិទ្ធិមនុស្ស​ត្រឹមត្រូវ​នោះ​ទេ​។ លោក គល់ បញ្ញា ព្រមាន​ថា កម្ពុជា​នឹង​ជៀស​មិន​ផុត​ពី​បញ្ហា​អស្ថិរភាព​ផ្នែក​នយោបាយ ដោយសារ​ការ​ផ្ទុះ​ការ​ទាមទារ និង​ការ​តវ៉ា​កាន់តែ​ខ្លាំង​ឡើង​ពី​សំណាក់​ក្រុម​នយោបាយ​បក្ស​ប្រឆាំង៖ «ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​ឃើញ​ថា ការ​ទាមទារ ខ្ញុំ​ឃើញ​កាន់តែ​កើន​ឡើង​ដោយសារ​ការ​ស្ងៀមស្ងាត់​របស់​គេ មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ។ ម្ល៉ោះហើយ​ពួកគេ បង្កើន​នូវ​ការ​ទាមទារ​យ៉ាង​ខ្លាំង​ក្លា ដើម្បី​ដាក់​សម្ពាធ​ធ្វើ​យ៉ាងម៉េច​ឱ្យ​គេ​អាច​បាន​ចូលរួម​នៅ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ដំណើរការ​បោះឆ្នោត​មួយ​ឱ្យ​បាន​ត្រឹមត្រូវ​នា​ពេល​ខាងមុខ​។ ទាំងនេះ ខ្ញុំ​មើល​ទៅ គឺថា​អាច​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​​បញ្ហា​ស្ថិរភាព​នយោបាយ ដោយសារតែ​ពួកគេ​នឹង​អាច​ប្រើ​កម្លាំង​តទល់​ជាមួយ​នឹង​កម្លាំង​ខាង​អ្នក​មាន​អំណាច ដើម្បី​ឱ្យ​ប្រាកដប្រជា​ថា ពួកគេ​នឹង​បាន​ចូលរួម​ក្នុង​ដំណើរការ​នា​ពេល​ខាងមុខ​នេះ»

បណ្ឌិត មាស នី ហៅ​ហេតុការណ៍​នយោបាយ​បច្ចុប្បន្ន​នេះ​ថា កំពុង​ដើរ​ដល់​ដំណាក់កាល​ទ័ល​ច្រក ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​អនុវត្ត​នីតិវិធី​ថ្លឹង​ថ្លែង​ថា តើ​ត្រូវ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឬ​យ៉ាងណា ខណៈ​សហរដ្ឋអាមេរិក​ឯណោះ​ដំណើរការ​នីតិវិធី​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​របប​ក្រុងភ្នំពេញ រួម​មាន​ការ​​រឹតត្បិត​ទិដ្ឋាការ និង​ការ​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ​។ លោក​ថា ដំណោះស្រាយ​យ៉ាងណា​នោះ ភាគី​ខ្មែរ​នឹង​ចៀស​មិន​ផុត​ពី​ការ​ប្រឈម​​មុខ​ដាក់គ្នា​ក្នុង​ពេល​ខាងមុខ ដែល​គេ​មិន​អាច​ទស្សន៍ទាយ​ដឹង​ជាមុន​ថា នឹង​មាន​ព្រឹត្តិការណ៍​អ្វី​កើតមានឡើង​នោះ​ទេ៖ «រឿង​សំខាន់​ហ្នឹង​សួរ​ថា តើ​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ត្រូវ​គិត ឬ​ទុក​ឱ្យ​អន្តរជាតិ​គិត? យើង​ដឹង​ហើយ​ថា បើ​យើង​ទុក​ឱ្យ​អន្តរជាតិ​គិត គឺ​មិនមែន​ជា​រឿង​របស់​គេ​ទេ។ តែ​ជា​រឿង​របស់​យើង​។ អ៊ីចឹង​អ្វី​ដែល​គេ​ធ្វើ គឺ​គេ​ធ្វើ​ទៅតាម​ដំណើរ ទៅតាម​នីតិវិធី​របស់​គេ។ ដូច្នេះ​យើង​ត្រូវ​ទទួល​ស្គាល់។ ខ្ញុំ​គិត​ថា​ការ​បណ្ដុះ​នូវ​គំនិត​ពឹង​ផ្អែកលើ​បរទេស​ដែល​យើង​មាន​ច្រើន​ជំនាន់​មក​ហើយ​នោះ គួរតែ​នាំគ្នា​កាត់បន្ថយ​ដើម្បី​ទុក​ឱកាស​សម្រាប់​ឱ្យ​ខ្មែរ​និង​ខ្មែរ​ចេះ​និយាយ​គ្នា​ផង។ ដោយសារតែ​យើង​ពឹង​គេ​ច្រើន​ពេក​ហ្នឹង​ហើយ ដែល​យើង​លែង​ពឹង​លើ​គ្នាឯង លែង​និយាយ​រកគ្នា​ឯង ហើយ​ឈ្លោះ​គ្នា ឈ្លោះ​ឥតមាន​ពេល​បញ្ចប់»

យ៉ាងណាក៏ដោយ បណ្ឌិត មាស នី ចង់​ឃើញ​ពលរដ្ឋ​ខ្មែរ​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​កាន់តែ​សកម្ម​នៅ​ក្នុង​សង្គម និង​នយោបាយ​តាម​បែប​អហិង្សា តែ​មិនមែន​តាម​បែប​បដិវត្ត​ពណ៌​នោះ​ទេ ព្រោះ​លោក​ថា បើ​កើត​មានរឿង​នោះ​មែន បើ​កម្ពុជា​ដោះស្រាយ​រួច​នោះ វា​មិន​ជា​បញ្ហា​នោះ​ទេ តែ​បើ​ដោះស្រាយ​មិន​រួច ការណ៍​នោះ​អាច​បណ្ដាល​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​បង្ហូរ​ឈាម​គ្នា​គ្មាន​ទី​បញ្ចប់។ លោក​ស្នើ​ឱ្យ​ពលរដ្ឋ និង​អ្នកនយោបាយ​ខ្មែរ មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឱ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ជាថ្មី​ម្ដង​ទៀត ដែល​ជា​ការ​ដណ្ដើម​ឥទ្ធិពល​គ្នា​របស់​ប្រទេស​មហា​អំណាច​នោះ ព្រោះ​លោក​ថា មហា​អំណាច​​នឹង​ទាញ​កម្ពុជា​ឱ្យ​បម្រើ​ផលប្រយោជន៍​របស់​ប្រទេស​គេ ហើយ​អ្នក​ដែល​បន្ត​ចាញ់​គឺ​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល