ជន​ពិការ​ម្នាក់​នៅ​សៀមរាប​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ រក្សា​ជំហរ​រិះ​បញ្ហា​សង្គម​ក្នុង​ន័យ​ស្ថាបនា

ដោយ សុ ជីវី
2019-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​ពិការ​ជើង​ពី​កំណើត លោក ភុន យុទ្ធ (រូប​អង្គុយលើ​រទេះ​រុញ) ជាមួយ​ភរិយា និងកូនស្រី បន្ទាប់​ពី​ត្រូវ​បាន​ដោះលែង នៅ​ថ្ងៃ​ទី៣០ ធ្នូ ២០១៩។
ជន​ពិការ​ជើង​ពី​កំណើត លោក ភុន យុទ្ធ (រូប​អង្គុយលើ​រទេះ​រុញ) ជាមួយ​ភរិយា និងកូនស្រី បន្ទាប់​ពី​ត្រូវ​បាន​ដោះលែង នៅ​ថ្ងៃ​ទី៣០ ធ្នូ ២០១៩។
Photo courtesy of Adhoc

ជន​ពិការ​ជើង​ពី​កំណើត​ដែល​និយាយ​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល ត្រូវ​បាន​ដោះលែង​ចេញពី​ពន្ធនាគារ​ខេត្ត​សៀមរាប​ហើយ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ​។ ការ​ដោះលែង​នេះ ធ្វើឡើង​៤​ថ្ងៃ​ក្រោយ សាលាឧទ្ធរណ៍​សម្រេច​ឱ្យ​ជនពិការ​រូប​នេះ មាន​សេរីភាព ដោយ​កាត់​តម្រឹម​និង​ព្យួរទោស​នៅ​សល់​។ លោក ភុន យុទ្ធ អះអាង​ថា លោក​នឹង​បន្ត​ប្រើ​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​លើកឡើង​ពី​ភាព​អវិជ្ជមាន​ក្នុង​សង្គម ដើម្បី​ចូលរួម​កែ​ល្អ​សង្គម​កម្ពុជា​ឱ្យ​បាន​ល្អ​ប្រសើរ។

ក្រោយ​ពី​ចេញពី​ពន្ធនាគារ ជន​ពិការ​ជើង​ពី​កំណើត លោក ភុន យុទ្ធ សម្ដែង​អារម្មណ៍​សប្បាយ​រីករាយ ដោយ​បាន​ជួបជុំ​ប្រពន្ធ​និង​កូនស្រី​វិញ។ លោក​ថា នីតិវិធី​ដោះលែង​រូបលោក ហាក់​ដូចជា​យឺតយ៉ាវ ដោយ​ត្រូវ​ចំណាយ​ពេល​អស់​ជាច្រើន​ថ្ងៃ​។ ទោះបីជា​យ៉ាងណា លោក​សូម​ថ្លែងអំណរគុណ ដល់​ចៅក្រម​សាលាឧទ្ធរណ៍ អង្គការ​សង្គម​ស៊ីវិល ដែល​ជួយ​គាំពារ​លោក​ផ្នែក​ច្បាប់ និង​សប្បុរស​ទាំងអស់ ដែល​តែងតែ​ជួយឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ ក្នុង​ពេល​អំឡុង​ពេល​លោក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​រយៈពេល​ជាង ៥​ខែ​មក​នេះ៖ «អរគុណ​ដល់​អង្គការ​អាដហុក និង​លីកាដូ និង​មួយ​ទៀត គឺ​យូអ៊ិន។ ខ្ញុំ​ឃើញ​លោក​មក​ជួយ​សុំ​ដែរ ហើយ​បងប្អូន​សប្បុរសជន​នៅ​ក្រៅ​ប្រទេស និង​តុលាការ​សាលាឧទ្ធរណ៍​ដែល​កាត់​ព្យួរទោស​ខ្ញុំ ។ អរគុណ​បងប្អូន​ដែល​បាន​ពេញចិត្ត និង​គាំទ្រ​ខ្ញុំ»

លោក ភុន យុទ្ធ ឱ្យ​ដឹង​ថា លោក​និង​ប្រពន្ធ នឹង​បន្ត​មុខរបរ​វេញខ្សែ​ដៃ​ចេញ​ជា​ឈ្មោះ​ខ្មែរ និង​អង់គ្លេស លក់​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដើម្បី​បាន​កម្រៃ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ និង​ដោះស្រាយ​បំណុល​ដែល​គ្រួសារ​លោក​ជំពាក់​គេ នៅ​ពេល​លោក​ជាប់ឃុំ​។ ចំពោះ​ទីតាំង​លក់​វត្ថុ​អនុស្សាវរីយ៍​នេះ លោក​មិនទាន់​ដឹង​ថា ម្ចាស់​កន្លែង នឹង​អនុញ្ញាត​ឱ្យ​លោក លក់​បាន​ទៀត​ដែរ​ឬ​ទេ។

ថ្វី​ត្បិត​ពិការ​ជើង​ទាំងសងខាង​ក៏ដោយ ក៏​បុរស​រូប​នេះ នៅតែ​ប្រកាន់​ជំហរ ចូលរួម​កែ​ល្អ​សង្គម​កម្ពុជា​ឱ្យ​បាន​ល្អ​ប្រសើរ តាមរយៈ​ការ​និយាយ​រិះគន់​បញ្ហា​សង្គម ក្នុង​ន័យ​ស្ថាបនា​តទៅ​ទៀត៖ «ឥឡូវ​នេះ គឺថា​មានការ​ព្យួរទោស​ខ្ញុំ មិន​ឱ្យ​ខ្ញុំ​និយាយ​ពី​បញ្ហា​នយោបាយ និង​សង្គម​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​និយាយ​រិះគន់​ដដែល ពីព្រោះ​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​។ ខ្ញុំ​នៅតែ​រិះគន់​ធម្មតា តាម​បែប​ស្ថាបនា ព្រោះ​នៅ​ស្រុក​​ខ្មែរ​មិន​ខ្វះ​ទេ​កន្លែង​រិះគន់​។ ខ្ញុំ​ឃើញ​ច្រើន ក្រែងលោ ខ្ញុំ​រិះគន់​ទៅ គេ​ឈឺ​អ្វី ខ្ញុំ​មិន​ដឹង​ទេ​។ គេ​ឈឺ ព្រោះ​ការ​រិះគន់​របស់ខ្ញុំ​ច្រើនតែ​គេ​ឈឺ។ ហើយ​ខ្ញុំ​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​រិះគន់​។ ខ្ញុំ​អត់​ខ្លាច​ទេ ព្រោះ​អី​ប្រទេស​មួយ មិនមែន​ប្រទេស​របស់​គេ​ទេ​។ បាទ​! ខ្ញុំ​មាន​សិទ្ធិ​ក្នុង​ហ្នឹង​ដែរ​។ ខ្ញុំ​មិនមែន​រិះគន់​ឱ្យ​គេ​អាក្រក់​ឯណា៎ ខ្ញុំ​រិះគន់​ឱ្យ​គេ​ល្អ​តើ បើ​គេ​មិន​កែ ហ្នឹង​ជា​រឿង​របស់​គេ»

អ្នក​បើក​រ៉ឺម៉ក​កង់​បី លោក ធឿន សារ៉ន ដែល​មក​ទទួល​លោក ភុន យុទ្ធ នៅ​ពន្ធនាគារ ឱ្យ​ដឹង​ថា លោក ផុន យុទ្ធ គឺ​ជន​ពិការ​ម្នាក់ ប្រឹងប្រែង​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ តាម​លទ្ធភាព​ដែល​គាត់​រក​បាន​ពី​ការ​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​ផ្សារ​រាត្រី "​ផាប់​ស្ទ្រីត" (Pub Street)«ខ្ញុំ​ដឹក​ភ្ញៀវ​នៅ ផាប់ទ្រីត​នេះ ឃើញ​ថា វា​វេទនា​ភ្នែក​មើល​ណាស់ ចុះ​ពី​រ៉ឺម៉ក់​ទៅ ដើរ​ខ្វាច់ៗ​ទៅ ដល់​ហើយ​។ អ្នក​ដឹក​ភ្ញៀវ​ទាំងអស់ ដណ្ដើម​គ្នា​ជួយ​ហើយ ដោយសារ​គេ​ថាបើ​មិន​ធ្វើបុណ្យ​អ្វីខ្លះ ជួយ​រុញ​រទេះ ជួយ​លើក​អីវ៉ាន់ ទៅ​ដាក់​កន្លែង​លក់​ហ្នឹង​ទៅ វា​ក៏​រំភើប​ពិត​ខ្លះ​ដែរ ពេល​ឃើញ​អ៊ីចឹង»។​

កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ប្រធាន​ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍ អ្នកស្រី យ៉េត ម៉ូលីន សម្រេច​ដោះលែង​ជន​ពិការ​ឈ្មោះ ភុន យុទ្ធ ដោយ​កាត់​តម្រឹម​ទោស​ឱ្យ​ជាប់ពន្ធនាគារ​ត្រឹម ៥​ខែ ៨​ថ្ងៃ ហើយ​ទោស​នៅសល់​ត្រូវ​ព្យួរ ដោយ​ផ្អែកលើ​ការ​សារភាព​ទទួលស្គាល់​កំហុស​របស់​ជនជាប់ចោទ និង​តម្រូវការ​ចាំបាច់​របស់​ជនជាប់ចោទ ដែល​ទទួល​រ៉ាប់រង​ប្រកប​របរ​ចិញ្ចឹម​បី​ប៉ាច់​កូនស្រី​អាយុ ៦​ឆ្នាំ និង​ប្រពន្ធ​ពិការ​ដូចគ្នា។

កាល​ពី​ចុងខែ​តុលា​កន្លង​ទៅ តុលាការ​ខេត្ត​សៀមរាប បាន​ផ្ដន្ទាទោស​លោក ភុន យុទ្ធ វ័យ ៣៦​ឆ្នាំ ដែល​ជា​ជនពិការ​ជើង​ទាំង​២ តាំងពី​កំណើត ឱ្យ​ជាប់​ពន្ធនាគារ ១៨​ខែ​ពី​បទ “​ញុះញង់​ឱ្យ​មាន​ការរើសអើង និង​ជេរប្រមាថ​ជា​សាធារណៈ​”​។ ការ​កាត់ទោស​នេះ បន្ទាប់ពី​លោក ភុន យុទ្ធ ប្រើ​គណនេយ្យ​ហ្វេសប៊ុកឈ្មោះ "​ខ្ញុំ​ចង់​បាន​នាយករដ្ឋមន្ត្រី​ថ្មី " និយាយ​រិះគន់​អំពី​ចំណុច​អវិជ្ជមាន របប​ដឹកនាំ​សព្វថ្ងៃ និង​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ចុះ​ចេញពី​តំណែង។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញ​ថា រាល់​អ្នក​ហ៊ាន​ចេញមុខ​រិះគន់​អំពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក អ្នក​ទាំងនោះ​តែងតែ​រង​ការចោទប្រកាន់ និង​ចាប់ខ្លួន​ជានិច្ច ដោយ​ជាប់ចោទ​ពី​បទ​ញុះញង់ និង​ជេរ​ប្រមាទ​ជា​សាធារណៈ។

អ្នកឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​ដល់​ថ្នាក់ដឹកនាំ​ប្រទេស ដែល​ជា​បុគ្គល​សាធារណៈ គួរ​បើក​ចិត្ត​ឱ្យ​ទូលាយ ទទួលយក​ការរិះគន់​ពី​គ្រប់​និន្នាការ​ទាំងអស់ ដោយ​មិន​គួរ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​ចំពោះ​ពលរដ្ឋ​ដែល​ហ៊ាន​ចេញមុខ​រិះគន់​បញ្ហា​សង្គម​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល