អ្នកវិភាគ​ថា រដ្ឋាភិបាល​អនុវត្ត​ស្តង់ដារ​ពីរ​លើ​ការ​រឹត​បន្តឹង​ជនបរទេស​ចូល​កម្ពុជា​ករណី​កូវីដ-១៩

ដោយ ហេង រស្មី
2020-04-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
Photo: RFA

អ្នកឃ្លាំមើល​សង្គម​រិះគន់​ថា រដ្ឋាភិបាល​កំពុង​អនុវត្ត​ស្តង់ដារ​ពីរ​ចំពោះ​វិធានការ​បន្ត​ផ្អាក​មិន​ឱ្យ​ជនបរទេស​ចូល​មក​ប្រទេស​កម្ពុជា​ក្នុង​ពេល​ជំងឺ​កូវីដ-១៩ កំពុង​រាតត្បាត។ ទោះ​បី​យ៉ាងណា មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា​គ្មាន​ការរើសអើង​ជនបរទេស​នោះ​ទេ។

អ្នកវិភាគ​សង្គម​លោក​បណ្ឌិត មាស នី មានប្រសាសន៍ថា នៅ​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​នេះ រដ្ឋាភិបាល​ហាក់​បី​ដូច​មិន​បាន​សម្រេចចិត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​ហើយ​ធ្វើ​ឱ្យ​ចំ​ទិសដៅ​នោះ​ទេ ដោយសារតែ​កន្លែង​ណា​មាន​បញ្ហា​គឺ​បាន​គេច​ចេញពី​កន្លែង​នោះ មិន​បាន​ធ្វើ​ឱ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។

លោក​បញ្ជាក់​ថា កន្លងមក​ប្រទេស​កម្ពុជា​មិន​ហ៊ាន​បិទ​ជើង​ហោះហើរ​ពី​ប្រទេស​ចិន​ទេ ទើប​បង្ក​ឱ្យ​មានការ​រិះគន់ ថា​រដ្ឋាភិបាល​កំពុង​អនុវត្ត​ស្តង់ដារ​ពីរ​រឿង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩៖ «នៅ​ស្រុក​ខ្មែរ​យើង​អា​រឿង​ស្តង់ដារ​ពីរ​មាន​គ្រប់​តែ​រឿង។ សំបូរ​រឿង​ណាស់​អា​រឿង​ស្តង់ដារ​ពីរ​ហ្នឹ​ង​។ ប៉ុន្តែ​នៅក្នុង​លក្ខខណ្ឌ​បញ្ហា​ដែល​យើង​កំពុង​ជជែក​គ្នា​នេះ ខ្ញុំ​មើល​ទៅ​មិនមែន​ជា​ការរើសអើង​ទេ ប៉ុន្តែ​វា​ជា​ជម្រើស​ដើម្បី​រស់។ បើ​ផ្លូវ​វា​ចង្អៀត។ អ៊ីចឹង​បើសិន​បិទ​ទាំង​ចិន​ផង វា​នឹង​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នេះ​រឿង​ហ្នឹង​ដែល​ខ្ញុំ​មើល​ទៅ​បញ្ហា​ហ្នឹង​ធំ​ជាង មិនមែន​ជា​ការរើសអើង​អី​ទេ ប្រសិនបើ​បញ្ហា​ដើម្បី​រស់រាន​ផ្នែក​សេដ្ឋកិច្ច​តែម្ដង»

ការ​លើកឡើង​របស់​អ្នកវិភាគ​សង្គម​នេះ​បាន​កើតឡើង ក្រោយ​ពី​ក្រសួងការបរទេស​កាល​ពី​ថ្ងៃ​ទី​១៦ មេសា ​បាន​ចេញ​លិខិត​មួយ​ប្រាប់​ទៅ​ឯកអគ្គរាជទូត និង​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​បរទេស​ទាំងអស់​ឱ្យ​បន្ត​អនុវត្ត​វិធានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ និង​ការ​ផ្អាក​មិន​ឱ្យ​ជនបរទេស​ទាំង​មកពី​ប្រទេស​ចំនួន​៦ មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា។

ប្រទេស​ទាំង​០៦​នោះ​រួមមាន​ប្រទេស​បារាំង ( France) អាល្លឺម៉ង់ (Germany) អ៊ីរ៉ង (Iran) អ៊ីតាលី (Italy) អេស្ប៉ាញ ( Spain) និង សហរដ្ឋអាមេរិក​( United State) ដោយឡែក​កម្ពុជា​មិន​បាន​ហាមឃាត់​ប្រទេស​ចិន​ដែល​ជា​ដើមចម​នៃ​ការ​កកើត​ជំងឺ​កូវីដ​១៩ នៅ​ទូទាំង​ពិភពលោក រដ្ឋាភិបាល​មិនបាន​ហាមឃាត់​នោះ​ទេ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក កុយ គួង មិន​បាន​ពន្យល់​បន្ថែម​ទាក់ទិន​ទៅ​នឹង​បម្រាម​នេះ​ទេ។ លោក​ស្នើ​ឱ្យ​ទាក់ទង​ក្រសួង​សុខាភិបាល​ដើម្បី​បាន​ព័ត៌មាន​បន្ថែម។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ទេ កាលពី​ថ្ងៃ​ទី​១៦​ខែ​មេសា។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១៦ មីនា កន្លងទៅ​អ្នកស្រី​បាន​អះអាង​ថា កម្ពុជា​បាន​អនុវត្ត​ទៅលើ​ជនបរទេស​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​ក្នុង​គោលបំណង​តែមួយគត់ គឺ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ​១៩​ចូល​មក​កម្ពុជា៖ «លោក​ប្អូន​គួរតែ​សួរ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ដែល​គេ​ហាម​មិន​ឱ្យ​ប្រទេស​នេះ​ប្រទេស​នោះ​ចូល​ទៅ​ក្នុង​ប្រទេស​របស់​គេ​ផង​ដែរ។ អានេះ​វា​ជា​វិធាន​ការ​ដែល​ត្រូវ​ប្រកាន់​យក​ដើម្បី​ទប់ស្កាត់​នូវ​ការចំ​លង​ជំងឺ​កូវីដ​១៩។ យើង​ត្រូវ​យល់​ពី​ចំណុច​នេះ​ទាំងអស់​គ្នា អត់​មាន​អ្វី​ដែល​ពាក់ព័ន្ធ​ទៅលើ​ការសម្រេចចិត្ត​នេះ​ទេ​ក្រៅ​តែ​ពី​លក្ខណៈ​បច្ចេកទេស​ក្រៅ​តែ​ពី​គោលបំណង​តែមួយគត់​គឺ​ការទប់ស្កាត់​នូវ​ការ​នាំ​ចូល​នៅ​វីរុស​កូវីដ​១៩​នេះ មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង»

ទោះ​បី​យ៉ាងណា អ្នកវិភាគ​នយោបាយ​លោក គឹម សុខ មាន​ប្រសាសន៍​ថា ការណ៍​ដែល​កម្ពុជា​មិន​ហ៊ាន​ប៉ះពាល់​ដល់​ប្រទេស​ចិន​នេះ ដោយសារតែ​ប្រទេស​ចិន​ជា​បង្អែក​ចុង​ក្រោយ​ដើម្បី​រក្សា​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ហើយ​លើស​ពី​ការ​មិន​ហ៊ាន​បិទ​ចិន​នឹង​ទៅ​ទៀត ខ្ញុំ​មើល​ឃើញ​ថា កូវីដ​១៩​ក្លាយទៅជា​មូលដ្ឋាន​អាវុធ​ចិត្តសាស្ត្រ​នយោបាយ​ដែល​លោក ហ៊ុន សែន ប្រើ​ជា​មធ្យោបាយ​រក​គន្លឹះ​ចូល​ឱ្យ​កាន់តែ​កៀក​ចិន។ ឧទាហរណ៍​មានការ​បង្កើត​ក្រុមការងារ​ទំនាក់ទំនង​កម្ពុជា​-​ចិន​ដែល​ទាក់ទង​គ្នា​កាន់តែ​ញឹកញាប់ និង​ស៊ី​ជម្រៅ​នៅ​ក្នុង​ឈ្មោះ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ជាដើម។ ហើយ​ច្បាស់​ជាង​នេះ​តទៅទៀត​នៅ​ពេល​ដែល​មាន​ការ​រីក​រាលដាល​ខ្លាំង នៃ​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​កម្ពុជា​ទៅ​ហើយ​លោក ហ៊ុន សែន នៅ​តែ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ចិន»

ក្រសួង​សុខាភិបាល​មក​ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា នេះ ថា មិន​មាន​អ្នកជំងឺ​ថ្មី​ណា​ម្នាក់​បាន​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩​នោះ​ទេ​។ មក​ទល់​ពេល​នេះ ចំនួន​អ្នក​កើត​ជំងឺ​នេះ​នៅ​ទូទាំង​ប្រទេស​គឺ​មាន​ចំនួន ១២២​នាក់​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល