សកម្មជន​បក្ស​ប្រឆាំង​ភៀស​ខ្លួន​នៅ​ថៃ ស្វាគមន៍​ឱ្យ​លោក ហ៊ុន សែន ដែល​ទៅ​ចាប់​ពួក​គាត់​នៅ​បាងកក

ដោយ មួង ណារ៉េត
2019-10-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​សកម្មជន​គណបក្សសង្គ្រោះ​ជាតិ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ចូលរួម​ថ្លែង​សារ​នយោបាយ កាល​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ២០១៩។
ស្ត្រី​សកម្មជន​គណបក្សសង្គ្រោះ​ជាតិ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ចូលរួម​ថ្លែង​សារ​នយោបាយ កាល​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ២០១៩។
រូប៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ

សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន ​ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ អះអាង​ថា ពួក​គេ​មិន​ខ្លាច​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក​ ហ៊ុន សែន​ គំរាម​ចាប់​ខ្លួន​នោះ​ទេ។ ពួក​គាត់​បញ្ជាក់​ថា មូលហេតុ​ដែល​ភៀស​ខ្លួន​ ដោយសារ​មិន​ចង់​ឱ្យ​បាត់បង់​ធនធាន​មនុស្ស​ ដើម្បី​ដឹក​នាំ​ប្រជាពលរដ្ឋ​ទៅ​ចូល​រួម​​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ថ្លែង​ថា មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ប្រហែល​ជា​ភ័យ​ខ្លាច​កម្លាំង​មហាជន​តវ៉ា​ទាមទារ​យក​អំណាច​ពី​របប​ដឹក​នាំ​សព្វ​ថ្ងៃ​ហើយ បាន​ជា​លោក ហ៊ុន សែន គំរាម​ចាប់​សកម្មជន​បក្ស​ពួក​លោក​ម្ដង​ហើយ​ម្ដង​ទៀត​នេះ។

សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​លោក ស៊ន សុវណ្ណ​ថេត ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១០​តុលា​ថា ​សកម្មជន​ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​នៅ​ពេល​នេះ​សុខ​ចិត្ត​ជាប់​គុក ដោយ​មិន​ទៅ​ចុះ​ញ៉ម​តាម​ការ​គំរាមកំហែង​របស់​លោក​ហ៊ុន សែន នោះ​ឡើយ។ លោក​បញ្ជាក់​ថា បើ​ទោះ​បី​ជា​មួយ រយៈ​នេះ​ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​ក្ដី ក៏​ពួកគេ​មិន​បោះបង់​គម្រោង​ទៅ​អម​ដំណើរ​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ដែរ​ ពីព្រោះ​លោក​មាន​ជំនឿ​ថា ការ​ធ្វើ​មាតុភូមិ​និវត្ត​នេះ ​គឺ​ជា​ក្ដី​សង្ឃឹម​ចុង​ក្រោយ​​របស់​ប្រជាពលរដ្ឋ​ ដែល​អាច​ស្ដារ​វិបត្តិនយោបាយ​នៅ​កម្ពុជា​បាន​នៅ​ពេល​ខាង​មុខ៖ «នៅ​សល់​តែ ៣០ថ្ងៃ​ទៀត យើង​វិល​ទៅ​ស្រុក​វិញ​ បើ​ទោះ​បី​របប​លោក ហ៊ុន សែន ខំ​ប្រឹង​បង្កើត​ ឥទ្ធិពល​ពង្រីក​កម្លាំង​របស់​ខ្លួន​យ៉ាង​ណា ក៏​មិន​អាច​ទប់​ទល់​នឹង​កម្លាំង​មហាជន​បាន​ដែរ​ហើយ រឿង​ចុង​ក្រោយ​ដែល​ពលរដ្ឋ​ត្រូវ​តែ​ងើប​ឈរ​ដោយ​សារ​ចុង​ក្រោយ​នេះ​លោក ហ៊ុន សែន កាត់​ទឹក​ដី​ឱ្យ​ទៅ​វៀតណាម​ដោយ​ខុស​ច្បាប់ ព្រោះ​របប​ដឹក​នាំ​សព្វ​ថ្ងៃ​នេះ​ជា​របប​ខុស​ច្បាប់​មិន​មែន​ជា​របប​ត្រូវ​ច្បាប់​ទេ។ អីចឹង​ហេតុ​អី​បាន​លោក​ហ៊ុន សែន​ទៅ​ចុះ​ហត្ថលេខា​កាត់​ដី​ឱ្យ​បរទេស​បែប​នេះ»

រីឯ​សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម​ឯណោះ​វិញ លោក គង់ ស៊ីវង្ស ថ្លែង​ថា ប្រសិន​បើ​លោក ហ៊ុន សែន ចង់​ចាប់​អ្នក​ភៀស​ខ្លួន​នៅ​បាងកក គឺ​ពួក​គាត់​ស្វាគមន៍​គ្រប់​ពេល ពី​ព្រោះ​មក​ដល់​ដំណាក់​កាល​នេះ​ហើយ បើ​ទោះ​បី​ជា​រត់​ក៏​គ្មាន​ប្រយោជន៍​ដែរ។ លោក​បញ្ជាក់​ថា សកម្មជន​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​រឹងមាំ​ជា​និច្ច​ ដោយ​មិន​ត្រឡប់​ថយ​ក្រោយ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​​បាន​ត្រៀម​កម្លាំង​រួច​ហើយ ដើម្បី​រួម​កម្លាំង​ជា​មួយ​អ្នក​ប្រជាធិបតេយ្យ​ដទៃ​ទៀត ត្រឡប់​ទៅ​មាតុភូមិ​វិញ ស្ដារ​ប្រជាធិបតេយ្យ​នៅ​ពេល​ខាង​មុខ៖ «ខ្ញុំ​សួរ​ថា​ពលរដ្ឋ​សព្វ​ថ្ងៃ​បាន​សេចក្ដី​អត់​ទេ? ហើយ​ទឹក​ដី​បាន​គង់វង្ស​ទេ​សព្វ​ថ្ងៃនេះ? រួច​បើ​យើង​ទៅ​ចុះ​ចូល​ជា​មួយ​លោក​ ហ៊ុន សែន បាន​ន័យ​ថា​យើង​ចូល​រួម​បំផ្លាញ​ជាតិ​ ចូល​រួម​ធ្វើ​ឱ្យ​ពលរដ្ឋ​ទឹក​ដែរ។ អីចឹង​ក្នុង​នាម​យើង​ជា​ពលរដ្ឋ​ដែល​ស្រលាញ់​ជាតិ​​ តើ​យើង​អាច​យក​ខ្លួន​យើង​ទៅ​ឱ្យ​ហ៊ុន សែន​ ប្រើ​គ្រប់បែប​យ៉ាង​ដើម្បី​មហិច្ឆតា​លោភលន់​របស់​គាត់​ដើម្បី​បំពេញ​ត្រូវ​ការ​របស់​បរទេស​បាន​ទេ

ប្រតិកម្ម​របស់​សកម្មជន​បក្ស​ប្រឆាំង​នេះ​ គឺ​ដោយ​សារ​ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​លោក​ ហ៊ុន សែន​ ដែល​បាន​គំរាម​ចាប់​ដាក់​គុក​ជា​បន្ត​បន្ទាប់។

នៅ​ពេល​ជួប​សំណេះសំណាល​​ជាមួយ​សិស្ស​ប្រឡង​ជាប់​បាក់ឌុប និទ្ទេស​អេ (A) នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី៧​ តុលា លោក​ហ៊ុន សែន មាន​ប្រសាសន៍​ថា សកម្មជន​បក្ស​ប្រឆាំង​ទាំង​ឡាយ ​ដែល​ធ្វើ​សកម្មភាព​ចូល​រួម​យុទ្ធនាការ​អម​​ដំណើរ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​ គឺ​ជា​ជន​ក្បត់​ជាតិ​ ហើយ​សមត្ថកិច្ច​របស់​លោក​ ក៏​នឹង​តាម​ចាប់​ពួក​គេ​ដាក់​គុក​ទាំង​អស់​ ដោយ​មិន​ឱ្យ​រួច​ខ្លួន​នរណា​ម្នាក់​ឡើយ៖ «អា​រត់​ពី​កំពង់ចាម​ថ្ងៃ​ទី​មុន​ ក៏​ទៅ​ចាប់​នៅ​ប៉ោយប៉ែត​ដែរ។ កុំ​ភ្លេច​ថា សំណាញ់​របស់​គេ​ញឹក​ណាស់ ហើយ​អា​អ្នក​នៅ​បាងកក​មិន​ប្រាកដ​ថា​អ្នក​ឯង​មាន​សុវត្ថិភាព​ទេ​ អញ​តាម​យក​បី​ហ្នុង​មក​ទៀត​ អញ​និយាយ​ត្រង់​អីចឹង​ហ្មង។ ទោះ​អ្នក​ឯង​នៅ​បាងកក ក៏​ប៉ុន្តែ​កុំ​ភ្លេច​ថា​ កម្ពុជា​នឹង​ថៃ​សហប្រតិបត្តិ​ការ​ជា​មួយ​គ្នា»

មន្ត្រី​អង្គការ​ស៊ីវិល​បាន​លើក​ឡើង​ថា អាជ្ញាធរ​តាម​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​នេះ​ ជា​រឿង​នយោបាយ​ ដោយសារ​ពួក​គេ​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​វិញ​​របស់​លោក​ សម រង្ស៊ី។

ទោះ​ជា​យ៉ាង​ណា​ក្ដី នាយក​រង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​គំរាម​ និង​ចាប់​ចង​សកម្មជន​បក្ស​ប្រឆាំង​ជា​ហូរហែ​មក​នេះ មិន​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​កាន់​តែ​​ធ្វើ​ឱ្យ​មាន​ស្ថានការណ៍​អាក្រក់​​ដល់​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ គូស​បញ្ជាក់​ថា ​សព្វ​ថ្ងៃ​គណបក្ស​ប្រឆាំង​​មាន​ពលរដ្ឋ​គាំទ្រ​ច្រើន​មិន​ទាន់​ថយ​ចុះ​នៅ​ឡើយ​ទេ​ ហើយ​ពួក​គេ​អាច​នឹង​ងើប​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ពេល​ខាង​មុខ៖ «គឺ​យើង​បាន​ការ​បារម្ភ​ ហើយ​មួយ​ទៀត​ការ​ធ្វើ​នេះ គឺ​បង្ហាញ​ថា យើង​កំពុង​តែ​រឹតត្បិត​សេរីភាព​ក្នុង​ការ ដែល​មាត្រ​ទី៣៥ នៃ​រដ្ឋធម្មនុញ្ញ​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​យ៉ាង​សកម្ម​ក្នុង​ការ​ចូល​រួម​ជីវភាព​នយោបាយ​សេដ្ឋកិច្ច​ សង្គម​ និង​វប្បធម៌​ ហើយ​រដ្ឋធម្មនុញ្ញ​បាន​ទទួល​ស្គាល់​បទដ្ឋាន​ទាំង​ឡាយ​នៃ​អន្តរជាតិ​ ដែល​ជា​សិទ្ធិមនុស្ស​ ជា​ពិសេស​គឺ សិទ្ធិ​និង​សិទ្ធិ​នយោបាយ។ អ៊ីចឹង​វា​ហាក់​មាន​ការ​រឹត​បន្តឹង ជា​ពិសេស ទៅ​លើ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ហ្នឹង»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ នៅ​តែ​ទទូច​ដល់​មេ​ដឹក​​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង ឈប់​ឌឺដង​ដាក់​គ្នា​ នាំ​ឱ្យ​ខាត​បង់​ដល់​សេដ្ឋកិច្ច​ជាតិ ជា​ពិសេស​កម្មករ​រោង​ចក្រ​អត់​ការ​ងារ​ធ្វើ​ ដោយសារ​សហភាព​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធEBA ។ លោក អំ សំអាត បញ្ជាក់​បន្ថែម​ថា ​ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​នេះ​កើត​ឡើង​ មាន​តែ​មេ​ដឹក​នាំ​គណបក្ស​ទាំង​២​ ងាក​មក​រក​តុចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​​ឱ្យ​បាន​ឆាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល