ក្រុម​ស្ត្រី​បក្ស​ប្រឆាំង​ភៀស​ខ្លួន​នៅ​ថៃ​ជួប​ជុំ​គ្នា​ថ្លែង​សារ​ជំរុញ​សកម្មជន​ក្នុង​ស្រុក​កុំ​ឱ្យ​ចាញ់​បោក​​លោក ហ៊ុន សែន បង្ខំ​ឱ្យ​ចុះ​ចូល

ដោយ ជាតិ ចំណាន
2019-10-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​សកម្មជន​គណបក្សសង្គ្រោះ​ជាតិ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ចូលរួម​ថ្លែង​សារ​នយោបាយ កាល​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ២០១៩។
ស្ត្រី​សកម្មជន​គណបក្សសង្គ្រោះ​ជាតិ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ចូលរួម​ថ្លែង​សារ​នយោបាយ កាល​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ២០១៩។
រូប៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ

ស្ត្រី​​សកម្មជន​គណបក្ស​ប្រឆាំង​មួយ​ក្រុម​ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ​បាន​ប្រមូលផ្ដុំ​គ្នា​ថ្លែង​សារ​ជំរុញ​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ស្រុក​កុំ​ឱ្យ​ចុះ​ញ៉ម​នឹង​​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ដែល​បាន​បង្ខំ​ពួកគាត់​ឱ្យ​ឈប់​ធ្វើ​សកម្មជន​ភាព​នយោបាយ​។ មន្ត្រី​អង្គការ​ស៊ីវិល ចាត់​ទុក​សកម្មភាព​នេះ​ថា ជា​សិទ្ធិ​សេរីភាព​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់។

សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​កំពង់ចាម​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​ស្រី គិន ស្រីអូន ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៧ តុលាការ​ថា ក្រុម​របស់​អ្នក​ស្រី​មាន​គ្នា​ជាង​ ១០​នាក់​បាន​ជួប​ប្រជុំ​គ្នា​ថ្លែង​សារ​នយោបាយ​នៅ​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​៦ តុលា។ អ្នក​ស្រី​ បន្ត​ថា ពួកគាត់​បាន​​​ប្ដូរផ្ដាច់​ស៊ូស្លាប់​ជា​មួយ​​​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​លោក​ កឹម សុខា និង​លោក​ សម រង្ស៊ី​ ធ្វើ​ជា​មេ​ដឹក​នាំ​ ដោយ​មិន​ទៅ​ចុះចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។អ្នក​ស្រី បញ្ជាក់​ថា មូលហេតុ​ដែល​ពួកគាត់​ថ្លែង​សារ​ ដោយសារ​ព្រួយបារម្ភ​ខ្លាច​សកម្មជន​គណបក្ស​របស់​អ្នក​ស្រី​ចាញ់បោក​លោក ហ៊ុន សែន បញ្ចុះបញ្ចូល​ឱ្យ​នាំ​គ្នា​ទៅ​សារភាព​ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ៖ «ហើយ​ពួក​ខ្ញុំ​ក៏​មាន​គំនិត​មួយ​ជួប​ជុំ​គ្នា​ពង្រឹង​ចលនា ស្ត្រី​សង្គ្រោះ​ជាតិ​ ដើម្បី​ឱ្យ​ពួកគាត់​រឹងមាំ​កុំ​តក់ស្លុត​នូវ​ពាក្យ​សំដី​ដែល​លោក​ ហ៊ុន សែន​ និយាយ​ ព្រោះ​តាំង​ពី​លោក​ហ៊ុន សែន កាត់​តំណែង​៤០​ឆ្នាំ​មក​ ខ្ញុំ​ឃើញ​ប្រជាពលរដ្ឋ​មាន​តែ​ទឹក​ភ្នែក​និង​ការ​បង្ហូរ​ឈាម​ដាក់​គ្នា​ ហើយ​ធ្វើ​ឱ្យ​បាត់បង់​ទឹក​ដី​មួយ​ឆ្នាំ​បន្តិច​ៗ។កត្តា​ទាំង​នេះ​បាន​ជា​ពួក​ខ្ញុំ​តស៊ូ​ដើម្បី​​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​ ដើម្បី​កូន​ចៅ​ជំនាន់​ក្រោយ​រស់​នៅ​សុខសប្បាយ»

រីឯ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កំពង់ស្ពឺ​ឯណោះ​វិញ​ អ្នក​ស្រី គុណ ម៉ាច ថ្លែង​ថា នៅ​ពេល​នេះ​លោក ហ៊ុន សែន កំពុង​តែ​ភ័យ​ខ្លាច​កម្លាំង​មហាជន​ចូល​រួម​អម​ដំណើរ​លោក​ សម រង្ស៊ី ច្រើន​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​របប​ដឹក​នាំ​របស់​លោក​ ទើប​លោក​បំភិតបំភ័យ​ដល់​សកម្មជន​គណបក្ស​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត​បែប​នេះ​។អ្នក​ស្រី​ បញ្ជាក់​ថា ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​តែ​មួយ​មុខ​គត់​គឺ កុំ​ចាញ់បោក​លោក ហ៊ុន សែន នាំ​គ្នា​ចុះចូល​ជា​មួយ​គណបក្ស​កាន់​អំណាច​នោះ៖ «ខ្ញុំ​តស៊ូ​សព្វ​ថ្ងៃ នេះ​ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ ដោយសារ​តែ​ប្រទេស​មួយ​ដឹក​នាំ​តែ​មនុស្ស​ម្នាក់​៤០​ឆ្នាំ​ហើយ​ ។យើង​ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នាយករដ្ឋមន្ត្រី​៥​ឆ្នាំ​ឬ​១០​ឆ្នាំ​ដូច​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាង​លិច​ដែរ​។ដើម្បី​ឱ្យ​ប្រទេស​រីក​ចំរើន​ទាល់​តែ​មាន​ការ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​ អីចឹង​បាន​យើង​ខ្ញុំ​ខំ​តស៊ូ​ធ្វើ​យ៉ាង​ណា​ឱ្យ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​បាន»

ប្រតិកម្ម​របស់​ក្រុម​ស្ត្រី​គណបក្ស​ប្រឆាំង​នេះ​ ដោយសារ​​ពួកគេ​មិន​ពេញ​ចិត្ត​នឹង​លោក ហ៊ុន សែន ដែល​បាន​និយាយ​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២ តុលា កន្លង​ទៅ​។លោក​ហ៊ុន សែន​ បាន​គំរាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ទាំង​ឡាយ​​ដែល​កៀរគរ​មនុស្ស​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី នៅ​ពេល​ខាង​មុខ​ ដោយ​លោក​ចាត់​ទុក​សកម្មជន​ប្រឆាំង​ទាំង​នោះ​ថា ​ជា​ក្រុម​រួម​គំនិត​ក្បត់​ ដែល​ចង់​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក៖ «អីចឹង​បាន​ខ្ញុំ​ថា​បើ​ទោះ​បី​ទឹក​នៅ​តែ​មួយ​ម៉ែត្រ​នៅ​ភ្នំពេញ​ក៏​នៅ​តែ​អុំទូក​ដែរ​។ ហើយ​អ្នក​នៅ​ក្នុង​ស្រុក​កុំ​ព្រហើន​ ដើរ​ដល់​ដំណាក់​កាល​ចូល​ដល់​រដ្ឋប្រហារ​ដែល​មាន​ការ​គ្រោង​ទុក​ហើយ​ ការ​រៀប​ចំ​កម្លាំង​។ បើ​អ្នក​មិន​ខ្លាច​ គឺ​អ្នក​ណា​ចូល​រួម​នឹង​ត្រូវ​មាន​ទោស​ ហើយ​បើ​សិន​ជា​អ្នក​បាន​ជា​ជ្រុល​ចូល​រួម​អ្នក​សារភាព​ឱ្យ​ត្រង់​នឹង​រួច​ទោស»

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) លោក​ សឹង សែន​ករុណា មាន​ប្រសាសន៍​ថា​ ក្រុម​ស្ត្រី​បក្ស​ប្រឆាំង​ប្រមូល​គ្នា​នេះ​ មិន​ខុស​ច្បាប់​នោះ​ទេ ព្រោះ​ជា​ការ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ទោះ​ជា​យ៉ាង​ណា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ យល់​ថា ​ការ​ឌឺដង​យក​ឈ្នះ​យក​ចាញ់​គ្នា​ទៅ​មក​​​នៃ​បក្ស​ប្រឆាំង​និង​បក្ស​កាន់​អំណាច​នេះ មិន​មែន​ជា​ដំណោះ​ស្រាយ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​​​នឹង​ធ្វើ​កម្ពុជា​ជួប​វិបត្តិ​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​វិញ​ទេ៖ «យើង​ចង់​ឱ្យ​អ្នក​នយោបាយ​ទាំង​អស់​មាន​ការ​ជជែក​រក​ដំណោះ​ស្រាយ​គ្នា​ដោយ​សន្តិវិធី ក្នុង​ន័យ​ជា​អ្នក​ចាស់​ទុំ​នយោបាយ​ គឺ​ត្រូវ​ប្រកួតប្រជែង​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ដោយ​ត្រូវ​ត្រូវ​ដោយ​សេរី​និង​ភាព​យុត្តិធម៌​។ប៉ុន្តែ​បើ​មេ​ដឹក​នាំ​រូប​ណា​ដែល​ប្រព្រឹត្ត​នូវ​អ្វី​ដែល​ផ្ទុយ​ពី​នេះ​ខ្ញុំ​បាទ​ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល​គឺ​មិន​ចង់​ឃើញ​រូប​នេះ​កើត​ឡើង​ទេ​បាទ

មន្ត្រី​បក្ស​ប្រឆាំង ដែល​កំពុង​ភៀសខ្លួន​នៅ​ថៃ​អះអាង​ថា ថ្វី​ត្បិត​តែ​អាជ្ញាធរ​របប​លោក​ ហ៊ុន សែន គំរាមកំហែង​និង​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​ក្ដី ក៏​​ពួកគេ​នៅ​តែ​ប្រកាន់​ជំហរ​ទៅ​ចូល​រួម​អម​ដំណើរ​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម​ រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ​ដដែល​។ ពួកគាត់​​សង្ឃឹម​ថា​ នៅ​ពេល​លោក​សម រង្ស៊ី​ ធ្វើ​មាតុភូមិនិវត្តន៍​នឹង​មាន​ដំណោះស្រាយ​នយោបាយ​ជា​មិន​ខាន​ ពី​ព្រោះ​​នៅ​ពេល​នោះ​នឹង​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​នឹង​ទៅ​ចូល​រួម​អម​ដំណើរ​លោក​ ដូច្នេះ​លោក ហ៊ុន​ សែន​ នឹង​មិន​អាច​ទប់ទល់​កម្លាំង​​ប្រជាពលរដ្ឋ​ដ៏​ច្រើន​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល