ក្រសួងមហាផ្ទៃ​បង្កើត​ក្រុមការងារ​រៀបចំ​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ

ដោយ សុ ជីវី
2018-11-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ពន្ធនាគារ​ព្រៃស។ រូបថត​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤។
មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ពន្ធនាគារ​ព្រៃស។ រូបថត​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤។
RFA

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បង្កើត​ក្រុមការងារ​ថ្មី​មួយ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។ ក្រុមការងារ​នេះ​មាន​សមាស​ភាពជា​មន្ត្រី​ជាន់ខ្ពស់​ពី​ក្រសួងមហាផ្ទៃ ក្រសួង​យុត្តិធម៌ អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​ពន្ធនាគារ។ អង្គការ​សង្គម​ស៊ីវិល ដែល​គាំទ្រ​ការស្វែងរក​ដំណោះស្រាយ​នេះ​ស្នើ​អោយ​មន្ត្រី​របប​លោក ហ៊ុន សែន បំពេញការងារ​អោយ​បាន​ឆាប់ ទាន់​ពេល​វេលា​ឆ្លើយតប​នឹង​បញ្ហា។

ក្រុមការងារ​ថ្មី​នេះ​មាន​តួនាទី រៀបចំ​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ដើម្បី​ជំរុញ​ពន្លឿន​នីតិវិធី​ជំនុំ​ជម្រះក្ដី និង​ចេញ​សាលក្រម ឬ​សាលដីកា​ស្ថាពរ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​សមាជិក​ក្រុមការងារ​ថ្មី​នេះ លោក ជិន ម៉ាលីន ថ្លែង​ថា ក្រុម​ការងារ​នេះ​នឹង​រៀបចំ​ការងារ​សម្រាប់​រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង​មួយ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ នៅ​ពេល​ខាងមុខ៖ «ក្រោយពី​ក្រុមការងារ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទៅលើ​ខ្លឹមសារ​នឹង​អាច​មាន​ជា​សំណើ លើ​យន្តការ​ជាក់ស្ដែង​មួយ​ចំនួន និង​ដាក់​ជូន​កិច្ចប្រជុំ​អន្តរជាតិ​ដឹកនាំ​ដោយ​សម្ដេច​ក្រឡាហោម​ធ្វើការ​ពិនិត្យ ពិភាក្សា និង​សម្រេច ហើយ​ចេញពី​ហ្នឹង​ទៅ​នឹង​អាច​មាន​ជា​វិធានការ​ជាក់ស្ដែង​ណាមួយ ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង។ ដោយសារ​ក្រុមការងារ​ទើប​បង្កើត​អ៊ីចឹង​អាច​ចាប់ផ្ដើម​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នឹង​ហើយ ប្រហែលជា​អាច​ដើម​សប្ដាហ៍​ក្រោយ​មានការ​កោះ​ប្រជុំ ប៉ុន្តែ​ពេលនេះ​ពុំ​ទាន់​មាន​កំណត់​កាលបរិច្ឆេទ​ទេ»

ក្នុង​សេចក្ដី​សម្រេច​បង្កើត​ក្រុមការងារ​របស់​ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា ក្រុមការងារ​នេះ​មាន​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​លោក សក់ សេដ្ឋា ជា​ប្រធាន ក្នុង​នោះ​ក៏​មាន​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន អគ្គនាយក​ពន្ធនាគារ​លោក ចាន់ គឹមសេង ជា​សមាជិក។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ធ្លាប់​មាន​ប្រសាសន៍​ថា​លោក​គាំទ្រ​ដំណើរការ​អោយ​មាន​ដំណោះស្រាយ​នេះ និង​ថា​ត្រូវ​ធ្វើ​ឡើង​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ឆ្លើយតប​ឱ្យ​បាន​ទាន់​ពេលវេលា​ទៅ​នឹង​បញ្ហា​ដែល​កំពុង​កើតមានឡើង៖ «ជា​រឿង​មួយ​ដែល​គួរ​អោយ​ព្រួយបារម្ភ កាលណា​កំណើន​កាន់តែ​ខ្លាំង ហើយ​ពន្ធនាគារ​កាន់តែ​ចង្អៀត​ទៅ នោះ​ភាព​ប៉ះពាល់​ទៅដល់​សុខភាព​អ្នក​ជាប់ឃុំ​វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ មួយទៀត​វា​ទាក់ទង​ទៅ​នឹង​របប​អាហារ​ហូបចុក អនាម័យ​ហើយ​នឹង​អ្វីៗ​ផ្សេងទៀត​រួម​ទាំង​កម្លាំង​សមត្ថកិច្ច​ពន្ធនាគារ ដើម្បី​រក្សា​ការពារ​សុវត្ថិភាព​ក៏​ជួប​ការ​លំបាក​កាន់តែ​ធ្ងន់​ដែរ​ដែល​យើង​ត្រូវតែ​ស្វះ​ស្វែងរក​មធ្យោបាយ​អោយ​បាន​ទាន់​ពេល​វេលា»

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។ លោក ស ខេង បញ្ជាក់​ថា​ស្ថានភាព​ចង្អៀត​ណែន​បាន​កើត​ឡើង​នៅ​ស្ទើរ​គ្រប់​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស ហើយ​គិត​ត្រឹម​ចុងខែ​កញ្ញា ឆ្នាំ​២០១៨ ជន​ជាប់ឃុំ​សរុប​មាន​ជាង ៣​ម៉ឺន​នាក់ ក្នុង​នោះ​អ្នក​ជាប់ឃុំ​ដែល​ស្ថិត​ក្នុង​នីតិវិធី​តុលាការ​មាន​ជាង​២​ម៉ឺន​នាក់ ស្មើនឹង​ជិត ៧២ភាគរយ។

ចំណែក​អង្គការ​លីកាដូ​វិញ​រក​ឃើញ​ថា ពន្ធនាគារ​ចំនួន​១៨​ក្នុងចំណោម​២៨​កន្លែង​នៅ​ទូទាំងប្រទេស​មាន​អ្នក​ជាប់ពន្ធនាគារ​ច្រើនជាង​មួយ​ភាគ​បី គឺជា​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​។ ចំណែក​នៅ​ក្នុង​ពន្ធនាគារ​មួយ​ចំនួន​អ្នក​ជាប់ឃុំ​ច្រើនជាង​ពាក់​កណ្តាល មិនទាន់​ត្រូវ​បាន​តុលាការ​បើកសវនាការ​ជំនុំជម្រះ​នៅឡើយ​។ ជាមួយ​គ្នា​នេះ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៣០ នាក់ ម្តាយ​ចំនួន ១៣៥​នាក់ និង​កុមារ​អាយុ​ក្រោម ៣ឆ្នាំ ចំនួន ១៣៨ នាក់​កំពុង​រស់នៅ​ក្នុង​ពន្ធនាគារ​ចំនួន ១៨ កន្លែង​នៅ​ទូទាំង​ប្រទេស។

បើទោះបីជា​មិន​ទាន់​មាន​កិច្ចប្រជុំ​អន្តរក្រសួង​ក្ដី លោក ជិន ម៉ាលីន ទទួល​ស្គាល់ថា​មានលទ្ធភាព​មួយ​ចំនួន ដែល​អាច​សម្រួល​ដល់​ការ​បន្ធូរបន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​បាន ដែល​រួមមាន​កា​ពន្លឿន​នីតិវិធី​តុលាការ និង​ការ​រិះរក​មធ្យោបាយ ដើម្បី​អោយ​អ្នក​ជាប់ទោស​អាច​អនុវត្ត​ទោស​នោះ​ក្រៅ​ពន្ធនាគារ។

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​អ្នក​ជាប់ឃុំ​ដែល​ពុំ​មាន​ភស្តុតាង​រឹងមាំ និង​ស្នើ​ឱ្យ​តុលាការ​កម្ពុជា​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ មុន​នឹង​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​លើ​ជន​ណា​ម្នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល