លោក ហ៊ុន សែន ថា ការ​បិទ​ជើង​ហោះហើរ​ពី​ចិន គឺ​ជា​ការ​សម្លាប់​សេដ្ឋកិច្ច​កម្ពុជា និង​​ប៉ះ​ពាល់​​ទំនាក់ទំនង​​ទ្វេ​ភាគី

ដោយ ខែ សុណង
2020-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​វិមាន​សន្តិភាព នៅថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២០។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​វិមាន​សន្តិភាព នៅថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២០។
Photo: RFA

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លើកឡើង​ថា អាជ្ញាធរ​គ្មាន​វិធានការ​បិទ​ជើង​ហោះហើរ​ពី​ចិន ដើម្បី​ការពារ​វីរុស​កូរ៉ូណា​នោះ​ទេ ដោយ​លោក​អះអាង​ថា វិធានការ​នេះ​គឺ​ស្មើ​នឹង​សម្លាប់​សេដ្ឋកិច្ច​កម្ពុជា និង​កាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​ចិន​។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា រដ្ឋាភិបាល គួរតែ​ចែក​ឱ្យ​ដាច់ រវាង ទំនាក់ទំនង​អន្តរជាតិ​ជាមួយ​នឹង​ផល​ប៉ះពាល់​នៃ​ជំងឺឆ្លង ព្រោះ​ក្នុង​ករណី​វីរុស​ថ្មី​នេះ ឆ្លង​ដល់​ពលរដ្ឋ​កម្ពុជា គឺ​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ដូចគ្នា ហើយ​ថែមទាំង​ពិបាក​ទប់ស្កាត់​ទៀត​ផង។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៣០ មករា​ថា លោក​មិន ទទួលយក​សំណើ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ស្នើសុំ​ឱ្យ​បិទ​ជើង​ហោះហើរ​ពី​ប្រទេស​ចិន​នោះ​ទេ ទោះបីជា​ជំងឺឆ្លង​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស កូរ៉ូណា​មាន​ប្រភព​ពី​ប្រទេស​ចិន កំពុង​រាតត្បាត​ស្ទើរ​ពេញ​ពិភពលោក​ក្ដី។ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​មិន​ខ្វល់​រដ្ឋាភិបាល​ប្រទេស​ផ្សេងៗ​គិត​យ៉ាង​ម៉េច​នោះ​ទេ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​របស់ លោក គឺ​គ្មាន​វិធានការ​បិទ​ជើង​ហោះហើរ​ពី​ប្រទេស​ចិន និង​គ្មាន​វិធានការ​ជម្លៀស​ពលរដ្ឋ និង​និស្សិត​ខ្មែរ​ឡើយ​។ លោក​ថា ជំហរ​បែបនេះ​គឺ​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​មហាអំណាច​កុម្មុយនិស្ត​ចិន​។ មេដឹកនាំ​ដែល​ចាត់​ទុក​របប​ក្រុង​ប៉េកាំង ជា​សម្ពន្ធមិត្ត​ចាក់​ទឹក​មិន​លិច​រូប​នេះ ក៏​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​និស្សិត​ខ្មែរ មួយ​ចំនួន​ដែល​នាំគ្នា​ចាកចេញ ពី​ប្រទេស​ចិន មិន​ព្រម​នៅ​រួមសុខទុក្ខ​ជាមួយ​ប្រជាជន​ចិន ដែល​កំពុង​មាន​បញ្ហា​វីរុស​កូរ៉ូណា​នោះ​ផង​ដែរ៖ «អត់​មាន​តម្រូវការ​ទាក់ទិន​នឹង​ការ​​បញ្ឈប់​​ជើង​ហោះហើរ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សម្លាប់​សេដ្ឋកិច្ច​ខ្មែរ និង​ជា​ផ្នែក​មួយ​នៃ​ការកាត់បន្ថយ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន អត់​មាន​តម្រូវការ​នៃ​ការ​ជម្លៀស​និស្សិត​ខ្មែរ អ្នក​ការ​ទូត​ខ្មែរ កុងស៊ុល​​ខ្មែរ​នៅ​តាម​ទីកន្លែង​នានា​ក្នុង​ប្រទេស​ចិន មក​កាន់​កម្ពុជា​ទេ ដោយ​យើង​ទុក​នៅ​ទីនោះ ដែល​ជា​ការ​រួមសុខ​រួម​ទុក្ខ​ជាមួយ​គ្នា ជា​ការ​ដោះស្រាយ​បញ្ហា ហើយ​ប្រសិនបើ​បានជា​ជ្រុល​ជម្លៀស​ហើយ​មិន​ចាំ​បាច់​សុំ​អាហារូបករណ៍​ចិន​ទៀត​ទេ។ ខ្ញុំ​មិន​ដឹង​ថា ចិន​គិត​ម៉េច​ទេ ប៉ុន្តែ​បើ​ខ្ញុំ​ជា​ចិន​ខ្ញុំ​មិន​ឱ្យ​ទៀត​ទេ»

លោក ហ៊ុន សែន លើកឡើង​ដែរ​ថា ជំងឺ​ដែល​ប្រទេស​កម្ពុជា កំពុង​ជួបប្រទះ​បច្ចុប្បន្ន​នេះ គឺ​មិនមែន​ជា​ជំងឺ​រលាក​សួត​ ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នោះ​ទេ ប៉ុន្តែ​គឺជា​ជំងឺ​ភ័យខ្លាច​ជ្រុល​ហួសហេតុ​របស់​ប្រជាពលរដ្ឋ ហើយ​លោក​ថែមទាំង​គំរាម​បណ្ដេញ​អ្នកសារព័ត៌មាន​ណា​ដែល​ពាក់​ម៉ាស់ ចេញ​ពី​កន្លែង​ដែល​លោក​កំពុង​ថ្លែង​សុន្ទរកថា​នោះ​ទៀត​ផង៖ «បើសិន​ជា​មាន​អ្នក​ពាក់​ម៉ាស់ ខ្ញុំ​ដេញ​ចេញ អត់​ឱ្យ​នៅ​ទីនេះ​ទេ ឱ្យ​ហ្អែង​ទៅ​ស៊ី​ជាមួយ​ម៉ាស់​ទៅ ​នៅ​ជាមួយ​ម៉ាស់​ទៅ​។ ខ្លា​មិន​ខ្លាច​ទៅ​ខ្លាច​អាចម៍​ខ្លា អត់​ទាន់​ងាប់​ម្នាក់​ផង ខ្មែរ​អត់​ទាន់​មាន​ឆ្លង​ម្នាក់​ផង»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​បែបនេះ ជា​ការ​ឆ្លើយតប​នឹង​សំណើ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន ដែល​បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ផ្អាក​ជើង​ហោះ​ហើរ​ពី​ប្រទេស​ចិន បណ្ដោះអាសន្ន​​ដោយ​បារម្ភ​ថា ការអនុញ្ញាត​ឱ្យ​ជនជាតិ​ចិន​ចូល​មក​កម្ពុជា​ច្រើន​ក្នុង ពេលនេះ គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​នាំ​មេរោគ​កូរ៉ូណា​មក​កម្ពុជា​។

ទោះជា​យ៉ាងណា ក្រោយ​លោក ហ៊ុន សែន ប្រកាស​បែបនេះ ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​បង្ហោះ​សារ​ឌឺដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​សរសេរ​ថា ការ​បិទ​ជើង​ហោះហើរ​មួយ​រយៈ មិន​ប៉ះពាល់​សេដ្ឋកិច្ច​និង​ទំនាក់ទំនង​ជាមួយ​ចិន​ធ្ងន់ធ្ងរ​អ្វី​ទេ ប៉ុន្តែ​ដើម្បី​សុខទុក្ខ​របស់​ពលរដ្ឋ​។ អ្នក​ខ្លះ​ទៀត រិះគន់​ថា ប្រសិនបើ​គ្រាន់តែ​បិទ​ជើង​ហោះហើរ​ពី​ចិន ខ្លាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទៅ​ហើយ ចុះ​ហេតុអ្វី​លោក ហ៊ុន សែន មិន​ខ្វល់ខ្វាយ​ចំពោះ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ​ EBA របស់​សហភាព​អឺរ៉ុប និង​ប្រព័ន្ធ GSP របស់​អាមេរិក ដែល​ផ្ដល់​ប្រយោជន៍​ធំធេង​សម្រាប់​សេដ្ឋកិច្ច កម្ពុជា​ទៅវិញ​។​

និស្សិត​មួយ​រូប​ដែល​ទើបតែ​មកដល់​ប្រទេស​កម្ពុជា គឺ​លោក សោម ពេជ្រដូល្លា ថ្លែង​ថា លោក​សុំ​មិន​ឆ្លើយតប​ច្រើន​ចំពោះ​ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ឡើយ ប៉ុន្តែ​លោក​គ្រាន់តែ បញ្ជាក់​​ថា ប្រសិនបើ​បន្ត​ស្នាក់នៅ​ប្រទេស​ចិន គឺ​ពិតជា​ល្អ​ជាង​មក​កម្ពុជា​មែន ព្រោះ​សាលា និង​រដ្ឋាភិបាល​ចិន មាន​ការ​យកចិត្តទុកដាក់ ខ្ពស់​ចំពោះ​សុវត្ថិភាព​និង​សុខភាព​របស់​ពលរដ្ឋ​គ្រប់រូប មិន​ថា​ជនបរទេស​នោះ​ទេ​។ ម្យ៉ាងវិញទៀត និស្សិត​រូប​នេះ យល់​ថា ការដែល​រដ្ឋាភិបាល​កម្ពុជា លើកឡើង​ថា ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​រួមសុខទុក្ខ​ជាមួយ​ប្រជាជន​ចិន​នោះ ប្រហែល​អាច​ដោយសារតែ​រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជម្លៀស​ពលរដ្ឋ​និង​និស្សិត​ចេញពី​តំបន់​ប្រឈម ក្នុង​ប្រទេស​ចិន​ដូច​ប្រទេស​គេ​ជឿន​លឿន៖ «បើ​យើង​និយាយ​ប្រៀបធៀប​ជាមួយ​បរទេស​ដែល​មាន​ភាព​ជឿនលឿន​ជាង​ប្រទេស​យើង បើ​និយាយ​ពី​ស្ថានភាព​ប្រទេស​យើង​និង​ប្រទេស​គេ​គឺ​ខុសគ្នា ដូច្នេះ មិន​អាច​និយាយ​រឿង​ប្រៀបធៀប​ដែល​យើង​អាច​ទៅ​យក​បានទេ ព្រោះ​ការ​ទៅ​យក គឺ​យើង​ត្រូវ​ទំនាក់ទំនង​ទៅ​ដល់​​រដ្ឋាភិបាល​គេ (ចិន)»

ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ បាន​ផ្ទុះឡើង​នៅ​ទីក្រុង​វូហាន ខេត្ត​ហ៊ូ​បេ (Hubei) ប្រទេស​ចិន ចាប់​តាំង​ពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មករា វីរុស​កូរ៉ូណា​ថ្មី​នេះ បាន​សម្លាប់​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​ជាង ១៧០​នាក់ និង​បាន​ឆ្លង​ទៅ​មនុស្ស​ជិត ៨​ពាន់​នាក់​។​

សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និង​សិង្ហបុរី រួម​ទាំង​ប្រទេស​មួយ​ចំនួន​ទៀត បាន​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញ ពី​តំបន់​ផ្ទុះ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ និង​ថែមទាំង​រឹត​បន្តឹង និង​កាត់បន្ថយ​ជើង​ហោះហើរ​ពី​ប្រទេស​ចិន​ផង​ដែរ​។ ដោយឡែក រដ្ឋាភិបាល​កម្ពុជា​វិញ គ្មាន​ផែនការ​ជម្លៀស​ពលរដ្ឋ និង​និស្សិត​របស់​ខ្លួន​ចេញពី​តំបន់​ដែល​ផ្ទុះ​មេរោគ​កូរ៉ូណា​នោះ​ឡើយ ហើយ​ដោយសារ​ហេតុផល​នេះ​ហើយ​ទើប​ក្រុម​និស្សិត​កម្ពុជា​មួយ​ចំនួន ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន បាន​សម្រេច​ទិញ​សំបុត្រ​យន្តហោះ​ដោយ​ខ្លួនឯង​មក​កម្ពុជា​វិញ ដើម្បី​គេច​ចេញ​ពី​ជំងឺឆ្លង​មួយ​នេះ ប៉ុន្តែ​ក៏​មាន​ការ​អនុញ្ញាត​​ពី​​សាលា​​របស់​​ពួក​គេ​​ដែរ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា លោកនាយក​រដ្ឋមន្ត្រី មិ​នគួរ​ប្រើ​ភាសា​បែប​នយោបាយ​ឡើយ ព្រោះ​មិនមែន​តែ​ពលរដ្ឋ​កម្ពុជា​នោះ ទេ ពោល​គឺ​ពិភពលោក​ទាំងមូល​រួម​ទាំង​ចិន​និង​ប្រទេស​ជឿនលឿន​ផ្នែក​សុខាភិបាល សុទ្ធ​តែ​មាន ការ​ព្រួយ​បារម្ភ​កម្រិត​ខ្ពស់​ជុំវិញ​ការ​ចម្លង​វីរុស​កូរ៉ូណា​ពី​អ្នកដំណើរ​ជនជាតិ​ចិន​នេះ​ដែរ​។ លោក​ទទួល ស្គាល់​ថា ការ​បិទ​ជើង​ហោះហើរ​ពី​ប្រទេស​ចិន គឺ​អាច​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ផ្នែក​ខ្លះ ប៉ុន្តែ​ប្រសិនបើ​មាន​ករណី​ជនជាតិ​ចិន នាំ​វីរុស​កូរ៉ូណា​ថ្មី​មក​ចម្លង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាយថាហេតុ​នោះ គឺ​នឹង​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដូចគ្នា និង​ថែមទាំង​ប៉ះពាល់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ថែម​ទៀត​ផង​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ មើល​ឃើញ​ដែរ​ថា ការ​ជួយ​ជម្លៀស​និស្សិត​និង​ពលរដ្ឋ​ខ្មែរ​ចេញ ពី​ទីក្រុង​វូហាន​ដែល​ផ្ទុះ​មេរោគ​ថ្មី​នេះ គឺ​មិន​អាច​នាំ​ភាព​ល្អក់​កករ​ដល់​ទំនាក់ទំនង​កម្ពុជា​-​ចិន​ឡើយ​៖ «ចំណុច​ទី​២ រឿង​ពលរដ្ឋ​និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​វូហាន​នេះ ខ្ញុំ​គិត​ថា ពួកគេ​ស្ថិត​នៅ​ទីនោះ​មិនមែន ជា​ក្រុម​ជួយសង្គ្រោះ ឬ​ក្រុម​ដែល​មាន​ប្រព័ន្ធ​ការពារ សុវត្ថិភាព ក្នុង​ទម្រង់​ឬមួយ​ក៏​ជា​គ្រូពេទ្យ​អី​ទេ ខ្ញុំ​គិត​ថា ពួកគេ​នៅ​ទីនោះ ប្រឈម​ខ្លាំង​នឹង​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ថ្មី​នេះ ដូច្នេះ​ការ​ជម្លៀស ពួកគេ​ចេញ វា​នឹង​មិ​នមាន​ផល​ប៉ះពាល់​នៃ​ចំណង មិត្តភាព​កម្ពុជា​-​ចិន​នោះទេ ខណៈ​ប្រទេស​ផ្សេង គេ​ក៏​មាន​ចំណងទាក់ទង​ជាមួយ​ចិន​ដែរ ប៉ុន្តែ​គេ​នៅតែ​ស្ទុះស្ទា​ប្រយ័ត្នប្រយែង​ហើយ​នឹង​រក​មធ្យោបាយ​ដើម្បី​ជម្លៀស​ពលរដ្ឋ​របស់​គេ​ចេញ​ពី ទីកន្លែង​ដែរ​មាន​មេរោគ​ឆ្លង​ដ៏​កាច​សាហាវ​នោះ»

គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មករា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​ឱ្យ​ដឹង​ថា កម្ពុជា​មិន​ទាន់​​រក​​ឃើញ​​ករណី​​ឆ្លង​​ថ្មី​ទៀត​​នោះ​​ទេ។ ចំណែក​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា ​ដែល​​ជា​ជន​ជាតិ​ចិន​​ម្នាក់​​នោះ គឺ​បន្ត​មាន​សុខ​ភាព​ល្អ គ្មាន​រោគសញ្ញា​ផ្លូវ​ដង្ហើម​ទៀត​ទេ ហើយ​អ្នក​ប៉ះពាល់ និង​អ្នក​ជិះ​យន្តហោះ​ជាមួយ​អ្នកជំងឺ សរុប​ទាំងអស់​ប្រមាណ ១០០​នាក់ ក៏​ពុំ​ទាន់​មាន​អ្នក​ចេញ​រោគសញ្ញា​អ្វី​នៅឡើយ​ដែរ​។ ក្រុម​គ្រូពេទ្យ​កម្ពុជា នឹង​បន្ត​តាមដាន​សុខភាព ពួកគេ​ជា​រៀងរាល់ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល