រដ្ឋាភិបាល​ថា បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​រឿង EBA

ដោយ មាន ឫទ្ធិ
2020-02-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​អះអាង​ជាថ្មី​ទៀត​ថា ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% មិន​មាន​ន័យថា កម្ពុជា​បាត់បង់​ទីផ្សារ​នាំចេញ​ផលិតផល​ទៅកាន់​សហភាព​អឺរ៉ុប​នោះ​ទេ​។ មន្ត្រី​រដ្ឋាភិបាល​ថា ទោះជា​ក្នុង​លក្ខខណ្ឌ​បែប​ណា​ក៏ដោយ ក៏​រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​រក្សា​បាន​នូវ​ផលប្រយោជន៍​សម្រាប់​កម្ម​ករ​ដែរ ក៏ប៉ុន្តែ​ខាង​សហជីព​ថា កម្មករ​រាប់​ម៉ឺន​នាក់​អាច​នឹង​ប៉ះពាល់​ដោយ​ផ្ទាល់ ប្រសិនបើ​សេចក្តី​សម្រេច​នេះ​ចូល​ជា​ធរមាន ហើយ​ក្រុមហ៊ុន​បញ្ជា​ទិញ​លែង​បញ្ជា​ទិញ​ទៅ​តាម​អត្រា​ពន្ធ​នេះ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​កញ្ចប់​រួចហើយ រួម​មាន ការ​កាត់បន្ថយ​ការ​ចំណាយ​មិន​សមរម្យ និង​បង្កើន​ភាព​ប្រកួតប្រជែង​នៃ​ផលិតផល​របស់​កម្ពុជា ជាដើម ដើម្បី​ប្រឈមមុខ​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ។ ទោះ​យ៉ាងណា លោក​ថា លោក​មិន​ទាន់​ដឹង​ថា តើ​រដ្ឋាភិបាល​នឹង​ផ្តល់​ការ​អនុគ្រោះ​អ្វី​បន្ថែម​ទៀត​សម្រាប់​វិស័យ​ឯកជន​នោះ​ទេ ព្រោះ​ចំណុច​នេះ នឹង​ត្រូវ​លើកឡើង​នៅ​ក្នុង​វេទិកា​រវាង​រដ្ឋាភិបាល​ជាមួយ​វិស័យ​ឯកជន ដែល​គ្រោង​ធ្វើ​នៅ​ខែ​ក្រោយ​នេះ៖ «នឹង​មាន​វេទិកា​រាជរដ្ឋាភិបាល​ជួប​ជាមួយ​នឹង​វិស័យ​ឯកជន នេះ​នឹង​មាន​ការ​ឆ្លង​ឆ្លើយ​រវាង​គ្នា​។ ដូច​ខ្ញុំ​បាន​ជម្រាប​ជូន យើង​រក្សា​ស្ថិរភាព​នៃ​ប្រាក់​បៀវត្ស​របស់​កម្មករ យើង​រក្សា​ភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប»

កាលពី​ឆ្នាំ​២០១៩ កន្លងទៅ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ឱ្យ​បន្ត​រកស៊ី​នៅ​កម្ពុជា​ទៀត ប្រឈមមុខ​នឹង​ភាព​មិន​ប្រាកដ​ប្រជា​នៃ​បញ្ហា EBA​។ វិធានការ​ទាំងនោះ​មាន​ជាអាទិ៍ ការ​បញ្ចប់​តួនាទី​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៅ​តាម​ទី​កន្លែង​ត្រួតពិនិត្យ​ទំនិញ ការ​លុបចោល​ភ្នាក់ងារ​កម្ពុជា​នាវាចរណ៍ (CAMSAB) ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​សម្រាប់​រោងចក្រ​ឧស្សាហកម្ម ការលុបចោល​ថ្ងៃ​ឈប់សម្រាក​៦ ថ្ងៃ​ចាប់ពី​ឆ្នាំ​២០២០ តទៅ ការ​បញ្ចុះ​ថ្លៃ​សេវា​លើកដាក់​កុងតឺន័រ និង​ការ​តាក់តែង​ច្បាប់​ថ្មី​ស្តីពី​ការ​វិនិយោគ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ជាដើម​។

ទាំង​សមាគម​ថៅកែ​រោងចក្រ និង​សមាគម​ស្បែកជើង លើកឡើង​ដូចគ្នា​ថា វិធានការ​នេះ​នឹង​ជួយ​បាន​មួយ​ផ្នែក ប៉ុន្តែ​មិនបាន​ទាំងស្រុង​នោះ​ទេ ប្រសិនបើ​សេចក្ដី​សម្រេច​របស់​សហ​ភាព​អឺរ៉ុប​ចូល​ជា​ធរមាន​មែន​។ សមាគម​ទាំងពីរ​បញ្ជាក់​ថា ពួកគេ​នឹង​មាន​សំណូមពរ​បន្ថែម​ទៀត​ទៅ​កាន់​រដ្ឋាភិបាល​ជុំវិញ​ការកាត់បន្ថយ​ថ្លៃដើម​នៃ​ការផលិត។

ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ យល់ថា ការ​ដោះស្រាយ​ទៅតាម​សំណូមពរ​របស់​ក្រុម​និយោជក ទោះ​តិច ឬ​ច្រើន​ក៏ដោយ ក៏​នឹង​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ និង​កម្មករ​ដែរ ដូច្នេះ​លោក​ថា មានតែ​ការ​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទេ ទើប​ភាគី​ពាក់ព័ន្ធ​មិន​បាត់បង់​ផលប្រយោជន៍។

លោក អាត់ ធន់ ថ្លែង​បន្ត​ថា ក្នុង​លក្ខខណ្ឌ​ដែល​សេចក្តី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ចូល​ជា​ធរមាន ហើយ​ក្រុមហ៊ុន​បញ្ជា​ទិញ​បញ្ឈប់​ការ​កុម្ម៉ង់​ទិញ​ពី​កម្ពុជា​តាម​អត្រា​ពន្ធ​ដែល​បាន​កំណត់​នោះ វា​អាច​នឹង​ប៉ះពាល់​ដោយ​ផ្ទាល់​លើ​រោងចក្រ​ប្រមាណ​៤០ ឬ​កម្មករ​ប្រមាណ​ជា​៨ ម៉ឺន​នាក់ ដែល​ទទួល​ផ្គត់ផ្គង់​ផលិតផល​ទាំងនោះ៖ «បើ​គេ​នៅតែ​បន្ត​ទិញ មាន​ន័យ​ថា វា​អត់​ប៉ះ​ទេ​។ យើង​និយាយ​នៅ​ក្នុង​ករណី​ដែល​សហភាព​អឺរ៉ុប​គេ​ផ្ដាច់​នៅ​ខែ​៨ ហើយ​បន្ទាប់មក​ពួក​អ្នកបញ្ជា​ទិញ គេ​លែង​ទិញ​ក្នុង​រង្វង់​២០% ហ្នឹង ឧទាហរណ៍​អ៊ីចឹង​តែម្ដង​។ ក្នុង​ករណី​ហ្នឹង ទំហំ​ដែល​ប៉ះពាល់​ហ្នឹង​តាម​យើង​ជជែក​គ្នា​ជាមួយ​ក្រុមហ៊ុន ឬក៏​សមាគម​ហ្នឹង​ថា ប្រហែលជា ៤០ រោងចក្រ ហើយ​យើង​គិត​ថា រឿង​ពិត​វា​អាច​ច្រើន​ជាង​នេះ​ទៀត»

យោង​តាម​សេចក្ដី​សម្រេច​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ គណៈកម្មការ​អឺរ៉ុប​បានសម្រេច​ដកហូត​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ចំនួន​៤០ មុខ នាំចូល​ពី​កម្ពុជា ស្រប​ពេល​ទំនិញ​រាប់ពាន់​មុខ​ផ្សេងទៀត​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ដដែល។

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ ថ្លែង​ថា នៅ​ក្នុង​តម្លៃ​ទំនិញ​ជាង​១ ពាន់ ៣ រយ​លាន​ដុល្លារ​អាមេរិក ដែល​គណៈកម្មការ​អឺរ៉ុប​ប្រកាស​ដក​ការ​អនុគ្រោះ​ពន្ធ​នោះ មាន​១ ពាន់​លាន​ដុល្លារ គឺជា​ផលិតផល​សំលៀកបំពាក់​។ លោក​ថា ក្រោម​អត្រា​ពន្ធ​១២% ផលិតផល​សំលៀកបំពាក់​ត្រូវ​ជាប់​ពន្ធ​១២០ លាន​ដុល្លារ ហើយ​បើ​បូក​ទាំង​ស្បែកជើង និង​កាបូប​ទៀត​នោះ គឺ​ពន្ធ​សរុប​កើន​ដល់​១៥០ លាន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា ពន្ធ​ទាំងនេះ​គឺ​ក្រុមហ៊ុន​បញ្ជា​ទិញ​ជា​អ្នក​ត្រូវ​បង់ មិនមែន​និយោជក​នៅ​ស្រុក​ខ្មែរ​ជា​អ្នក​បង់​នោះ​ទេ​។

លោក ខេន លូ ថ្លែង​ថា លោក​គ្មាន​យោបល់​អ្វី​ទេ​ជុំវិញ​តួលេខ​កម្មករ​ដែល​នឹង​រង​ផល​ប៉ះពាល់​ដល់​កម្មករ​ដោយ​ការ​ដក​ផ្នែក​ខ្លះ​នៃ EBA នេះ​ទេ ព្រោះ​វា​អាស្រ័យ​ទៅ​លើ​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ៖ «កង្វល់​របស់​ពួកគាត់​ហ្នឹង​ត្រូវ​ហើយ ប៉ុន្តែ​ជាក់ស្ដែង​អាច​មាន​ប៉ុន្មាន កម្មករ​ដែល​អាច​បាត់​បង់​ការងារ ឬក៏​មាន​ប៉ុន្មាន​រោងចក្រ​ដែល​អាច​បិទ យើង​អត់​ទាន់​ដឹង​ទេ ប៉ុន្តែ​អាច​។ អាហ្នឹង​ប្រើ​ពាក្យ​អាច​ត្រូវ​ហើយ»

ស្រដៀង​គ្នា​នេះ អគ្គលេខាធិការ​រង​សមាគម​ស្បែកជើង​កម្ពុជា លោក ងួន ចាន់ណារ៉ា ថ្លែង​ថា លោក​មិន​មាន​យោបល់​ជុំវិញ​តួលេខ​ដែល​ខាង​សហជីព​លើកឡើង​នោះ​ទេ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ប្រសិនបើ​ការសម្រេចចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប​ចូល​ជា​ធរមាន​មែន នោះ​វា​ប្រាកដជា​នឹង​ប៉ះពាល់​ដល់​រោងចក្រ​ស្បែកជើង​នៅ​កម្ពុជា​។ លោក​នៅតែ​អះអាង​ថា សមាគម​ស្បែកជើង​ចង់​ឱ្យ​សហភាព​អឺរ៉ុប​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​បន្ត​ទៀត សម្រាប់​ជា​ប្រយោជន៍​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ៖ «ប្រសិនបើ​កើតឡើង​មែន វា​ប្រាកដជា​ប៉ះ​ហើយ​។ ប៉ះ​តិច ប៉ះ​ច្រើន យើង​អត់​ទាន់​ដឹង​ទេ អ៊ីចឹង​ឥលូវ​នេះ​យើង​កំពុងតែ​សិក្សា​មើល​ថា តើ​សមាជិក​ទាំងអស់​ដែល​ជា​សមាជិក​របស់​ស​មា​គម​ហ្នឹង គាត់​ប៉ះពាល់​ប៉ុន្មាន​ភាគរយ ប៉ះពាល់​ទៅលើ​លេខ​កូដ​អ្វីខ្លះ​? អ៊ីចឹង​ខាង​សហជីព​អះអាង​ជា​រឿង​របស់​គាត់ ខ្ញុំ​អត់​មាន​យោបល់​លើ​រឿង​នេះ​ទេ»

ថ្វីដ្បិតតែ​លោក ខេន លូ និង​លោក ងួន ចាន់ណារ៉ា អះអាង​ថា ពួក​លោក​មិនទាន់​អាច​វាយតម្លៃ​ពី​ផល​ប៉ះពាល់​យ៉ាងណាក៏ដោយ ក៏​នៅ​ក្នុង​សេចក្ដី​​ថ្លែងការណ៍​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​សមាគម​ស្បែកជើង​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ បញ្ជាក់​ច្បាស់​ៗ​ថា ការ​ដក​ហូត EBA ២០% នេះ ទំនងជា​បណ្តាល​ឱ្យ​កម្មករ​រាប់​ម៉ឺន​នាក់​បាត់បង់​ការងារ ឬក៏​ថា​ធ្វើ​ឱ្យ​បាត់បង់​ការងារ​យ៉ាង​ច្រើន​សម្រាប់​ឧស្សាហកម្ម​នេះ​។ សមាគម​ទាំងពីរ​ដែល​តំណាង​ឱ្យ​និយោជក​នៃ​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា សុទ្ធតែ​សំណូមពរ​ដល់​គណៈកម្មការ​អឺរ៉ុប​ពិចារណា​ឡើងវិញ​ក្នុង​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ដល់​កម្ពុជា​វិញ ដើម្បី​បន្ត​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​ខ្មែរ​ឱ្យ​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ។សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ខាងមុខ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​មាន​ពេល​ជាង​៥ ខែ​ទៀត ដើម្បី​កែប្រែ​ស្ថានភាព​សិទ្ធិមនុស្ស​ឱ្យ​ល្អ​ឡើងវិញ ប្រសិនបើ​ចង់​ទទួល​បាន EBA ២០% នេះ​ឡើងវិញ និង​ថែរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កុំ​ឱ្យ​បាត់បង់​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល