សង្គម​ស៊ីវិល និង​ក្រុម​មគ្គុទ្ទេសក៍​អង្គរ​ថា ការ​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ ​​ប៉ះពាល់​ភ្ញៀវ​ទេសចរ​ និង​សេដ្ឋកិច្ច​ពលរដ្ឋ​

ដោយ វ៉ែន សុមេធ
2019-11-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​​ស្ងាត់​ភ្ញៀវ​​​ក្នុង​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
ទិដ្ឋភាព​​ស្ងាត់​ភ្ញៀវ​​​ក្នុង​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

មន្ត្រី​សង្គម​ស៊ីវិល​ និង​ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​ឱ្យ​ដឹង​ថា របប​ក្រុង​ភ្នំពេញ​បាន​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​ច្រើន​ស្អេកស្កះ​ តាមផ្លូវ​ជាតិ វាល​យន្តហោះ​ និង​តាម​ច្រក​ព្រំដែន​ ជា​រូបភាព​គំរាម​កំហែង​ស្មារតី​ពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ។ ពួក​គេ​អះអាង​ថា​ បញ្ហា​នេះ​ បង្ក​ប៉ះពាល់​ដល់​វិស័យ​ទេសចរ​ និង​ប្រាក់​ចំណូល​ប្រជាជន​មួយ​កម្រិត​ទៀត។

មន្ត្រី​សង្គម​ស៊ីវិល​ និង​ក្រុម​មគ្គុទ្ទេសក៍​អង្គរ​ បង្ហាញ​ក្ដី​កង្វល់​ជាថ្មី​ទៀត​ ពី​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ ទៅ​ទស្សនា​នៅ​តំបន់​អង្គរ​ខេត្តសៀមរាប​ ខណៈ​ដែល​របប​លោក​ ហ៊ុន​ សែន​ បាន​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ​ យាមល្បាត​ក្នុង​ក្រុង​សៀមរាប​ តាម​បណ្ដោយ​ផ្លូវ​ជាតិ វាល​យន្តហោះ​ក្រុង​សៀមរាប​ និង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-ថៃ​ជា​ដើម។ ពួក​គេ​អំពាវនាវ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ ដោះស្រាយ​រឿង​នេះ​ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​អវិជ្ជមាន​នានា​ លើ​ជីវភាព​ប្រជាជន​ និង​ស្មារតី​ពលរដ្ឋ​ស្លូតត្រង់។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ​ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក វន់ ពៅ​ ផ្តល់​យោបល់​ថា​ រដ្ឋាភិបាល​គួរ​ដក​កម្លាំង​ប្រដាប់​អាវុធ​ស្អេកស្កះ ហើយ​រក្សា​សន្តិ​សុ​ខស​ណ្ដាប់​ឱ្យ​ប្រសើរ​ឡើងវិញ​ ដើម្បី​ស្រោចស្រង់​ភ្ញៀវ​ទេសចរ​ដែល​កំពុង​ធ្លាក់ចុះ​យ៉ាង​គំហុក​។ លោក​ថា​ ពលរដ្ឋខ្មែរ​មួយចំនួន​បង្ហាញ​អារម្មណ៍​ភ័យខ្លាច​ មិន​ហ៊ាន​ធ្វើដំណើរ​ឆ្ងាយ​ និង​ខ្លះ​ទៀត​ភៀសខ្លួន​មួយ​រយៈ​ដោយសារ​ បារម្ភ​ពី​ជម្លោះ​នយោបាយ។ ចំណែក​ពលរដ្ឋ​មាន​ប្រភព​ចំណូល​ពី​វិស័យ​ទេសចរ​ ក៏​កំពុង​ប្រឈម​មុខ​នឹង​ការ​ខាតបង់​ប្រាក់​ចំណូល​កាន់តែ​ធ្ងន់ធ្ងរ​។ លោក​បន្ថែម​ថា ការ​បង្ហាញ​កងកម្លាំង​ប្រដាប់​អាវុធ​យ៉ាងច្រើន​បែបនេះ​ នឹង​ប៉ះពាល់​ស្មារតី​ពលរដ្ឋ​ទូទាំង​ប្រទេស​ គំរាមកំហែង​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ ជាពិសេស​ប៉ះពាល់​សេដ្ឋកិច្ច​ជាតិ​ធំធេង៖ «ផល​ប៉ះពាល់​ទី១ វិស័យ​ទេសចរ ទី២​ ការ​ប្រកប​មុខ​របប​អាជីវកម្ម​របស់​ពលរដ្ឋ។ ការ​មើល​ឃើញ​របស់​ខ្ញុំ រដ្ឋាភិបាល​គួរ​បង្ក​បរិកាស​នយោបាយ ឱ្យស្ងប់ស្ងាត់វិញ ឱ្យ​មាន​ភាព​ត្រូវរូវ​គ្នា រវាង​អ្នក​នយោបាយ​ទាំង​អស់​ហ្នឹង។ ឱ្យ​ប្រទេស​ជាតិ​មាន​ការ​ស្ងៀបស្ងាត់ កុំ​ឱ្យ​ដាក់​កម្លាំង​ប្រដាប់​អាវុធ ដក​​កម្លាំង​​ប្រដាប់​​អាវុធ​​ចេញ​​ទាំង​​អស់។ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ដូច​ដើម​វិញ នេះ​ជា​ចំណុច​មួយ​ល្អ»

បុគ្គលិក​សណ្ឋាគារ​ម្នាក់​នៅ​ក្រុង​សៀមរាប​ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​នៅ​ថ្ងៃទី៩​ វិច្ឆិកា​ថា​ អំឡុង​ពេល​នយោបាយ​តាង​តឹង​ខ្លាំង​ ភ្ញៀវ​ទេសចរ​មួយចំនួន​ ដែល​បាន​កក់​បន្ទប់​រួចរាល់​ បែរ​ជា​ផ្អាក​ទៅ​វិញ​ ដោយសារ​ពួកគេ​បារម្ភ​ពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា​។ លោក​ថា ម្ចាស់​សណ្ឋាគារ​មួយចំនួន​ នៅ​ក្រុង​ខេត្តសៀមរាប​ បាន​បិទទ្វារ​ និង​បញ្ឈប់​បុគ្គលិក​របស់​ខ្លួន​ជាប​ណ្ដើរៗ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​ប្រជាជន​ក្នុង​តំបន់។ រី​ឯពលរដ្ឋ​ដែល​មាន​ប្រភព​ចំណូល​ពី​វិស័យ​ទេសចរ​ ក៏​កំពុង​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ ជំពាក់បំណុល​គេ​ និង​ខ្លះទៀត​គ្មាន​ប្រាក់​បង្វិល​សង​ម្ចាស់បំណុល​វិញ៖ «សៀមរាប​យើង មាន​អូតែល​ជា​ច្រើន ដែល​ផ្អាក​បុគ្គលិក មាន​ដូច​ជា សុខា​ អូតែល អង្គរអេរ៉ា និង​អង្គរ​អេរ៉ា​បាយ័ន ហើយ​នៅ​សុខាល័យ​ដូច​គ្នា ដែល​អត់​មាន​ភ្ញៀវ ហើយ​នៅ​សុខា​អូតែល​នៅ​ផ្លូវ ៦០ សឹង​តែ​ថា បិទ​តែ​ម្តង។ បុគ្គលិក​មួយ​ចំនួន គេ​ផ្អាក​អ៊ីចឹង អត់​មាន​ចំណូល ក៏​ដូច​ជា​បង់​សង​ធនាគារ។ ស្ថានភាព​ភ្ញៀវ​ធ្លាក់​ចុះ អាក្រក់​បំផុត បើ​ធៀប​ឆ្នាំ​កន្លង​ទៅ។ នេះ​បើ​ខ្ញុំ​ធ្វើការ​ផ្ទាល់ គឺ​វា​ជា​ឆ្នាំ​អាក្រក់​បំផុត»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អភិបាល​ខេត្ត​សៀមរាប​ លោក​ ទៀ​ សីហា​ និង​ អ្នកនាំពាក្យ​ក្រសួង​ទេសចរ​ ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​នេះ​ តែ​ទូរ​ស័ព្ទ​ហៅ​ចូល​ គ្មាន​អ្នកលើ​កនៅ​ថ្ងៃទី៩ វិច្ឆិកា​។

រី​ឯអ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​ លោក​ ឡុង​ កុសល​ ក៏​មិន​លើក​ទូរ​ស័ព្ទ​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ​។  ​

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​អង្គរ​ លោក​ ខៀវ​ ធី​ មាន​ប្រសាសន៍​ថា​ វិបត្តិ​នយោបាយ​ គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ខ្លាំង​ ប៉ះពាល់​ជីវភាព​ពលរដ្ឋ​។ លោក​ចង់​ឃើញ​ អ្នក​នយោបាយ​ដោះ​ស្រាយ​បញ្ហា​នេះ​ ដោយ​ស្មោះត្រង់​ កម្កល់​ប្រយោជន៍ជាតិ​ជាធំ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​ស្ដារ​សេដ្ឋកិច្ច​ប្រជាជន​។ លោក​បារម្ភ​ថា​ បើ​អ្នកនយោបាយ​នៅតែ​មានៈ​ ឈ្លោះ​ប្រកែក​​គ្នា​តទៀត​ ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​នឹង​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​កាន់តែ​ធ្ងន់ធ្ងរ​ ហើយ​សេដ្ឋកិច្ច​កាន់តែ​ធ្លាក់ចុះ​ខ្លាំង៖ «កាល​ណា​នយោបាយ​មិន​ល្អ​ទេសចរណ៍ អត់​សូវ​មក បើ​នយោបាយ​យើង​ល្អ​ទេសចរ​នឹង​មក។ ចង់​ឱ្យ​អ្នក​នយោបាយ​ពិភាក្សា​គ្នា មេត្តា​ចរាច​គ្នា សម្របសម្រួល​គ្នា ហ្នឹង​បាន​ល្អ​សម្រាប់​ទេសចរណ៍​ស្រុក​ខ្មែរ។ ឆ្នាំ២០១៩ នេះ មិន​សូវ​ល្អ​ទេ ឆ្នាំ២០១៩ ទេសចរ​យើង​ធ្លាក់​ចុះ»

របាយការណ៍​គ្រឹះស្ថាន​អង្គរ​បង្ហាញ​ថា​ រយៈ​ពេល​ ៧ខែ​ ក្នុង​ឆ្នាំ២០១៩ នេះ​ មាន​ភ្ញៀវ​ទេសចរ​ជិត​ ១លាន​ ៤សែន​នាក់​។ ចំនួន​នេះ គឺ​ធ្លាក់​ចុះ​ជាង​ ១០ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​​នៅ​ឆ្នាំ២០១៨។ មន្ត្រី​សង្គម​ស៊ីវិល​ ពលរដ្ឋ​ និង​ក្រុម​មគ្គុទ្ទេសក៍​បារម្ភ​ថា​ ប្រសិនបើ​ជម្លោះ​នយោបាយ​នៅតែ​អូស​បន្លាយ​ពេល​រហូត​ផ្ដាច់​អនុគ្រោះ​ពន្ធ EBA នឹង​បង្ក​ផល​ប៉ះពាល់​ធំធេង​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ប្រជាជន​ទាំង​មូល​ជា​ពិសេស​ នឹង​ផ្ទុះ​ឡើង​ នូវ​វិបត្តិ​សង្គម​នានា​ រួម​មាន​ ការ​រឹបអូស​ដីធ្លី​ ផ្ទះ​សម្បែង​ពី​សំណាក់​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ជា​ដើម៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល