អង្គការ​​សិទ្ធិមនុស្ស​អន្តរជាតិ​ទាម​ទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់

ដោយ ទីន ហ្សាការីយ៉ា
2019-10-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី នៃ​អង្គការ Human Rights Watch។
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី នៃ​អង្គការ Human Rights Watch។
រូប៖ Screenshot AFP

អង្គការ​​សិទ្ធិមនុស្ស​អន្តរជាតិ ស្នើ​យ៉ាង​ទទូច​ដល់​របប​ក្រុង​ភ្នំពេញ​ឱ្យ​បញ្ឈប់​ការ​ចាប់​ខ្លួន និង​​​ការ​​ឃុំ​​ឃាំង​​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ ​និង​សកម្មជន​សិទ្ធិមនុស្ស​ទាំង​ឡាយ​ ដែល​បាន​​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួក​គេ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​​របប លោក ហ៊ុន សែន កំពុង​​បង្កើន​ការ​ចាប់​ខ្លួន​ និង​​ចោទ​​ប្រកាន់​​មន្ត្រី​​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ជា​​ច្រើន​​នាក់​​នៅ​តាម​មូលដ្ឋាន​ពី​ការ​រួម​គំនិត​​​ក្បត់​ជាតិ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​​ដល់​​រដ្ឋាភិបាល​ និង​​ប្រទេស​​ម្ចាស់​​ជំនួយ​ ដាក់​សម្ពាធ​របប​ក្រុង​ភ្នំពេញ​ឱ្យ​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​​ដោយ​ខុស​ច្បាប់​ទាំងឡាយ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

នាយករង​ទទួល​បន្ទុក​​កិច្ច​​ការ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ​​ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​​ប្រសាសន៍​​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី២១ តុលា​ថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់​ ក្រោម​​ហេតុ​ផល​នយោបាយ បង្ហាញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន គ្មាន​បំណង​បញ្ឈប់​ទង្វើ​វាយ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​លើ​សំឡេង​ប្រឆាំង និង​សំឡេង​ឯករាជ្យ​ ដែល​បណ្តាល​ឱ្យ​កម្ពុជា​ស្ថិត​ក្នុង​ភាព​ខ្មៅ​ងងឹត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ឡើយ។ លោក​​ទាម​ទាម​ឱ្យ​របប​ក្រុង​ភ្នំពេញ​បញ្ឈប់​រលកនៃ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​សិទ្ធិ​មនុស្ស​ត​ទៅទៀត។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន បាន​ទេនៅថ្ងៃទី២១ តុលា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។ ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​រូប​នេះ​ធ្លាប់​បាន​អះអាង​កាល​ពី​ពេល​កន្លង​ទៅ​ថា ចំណាត់​ការ​ទាំងឡាយ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ជា​ការ​អនុវត្ត​ច្បាប់​លើ​​ក្រុម​ដែល​​លោក​ហៅ​ថា​ មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល៖ «ចំពោះ​ការ​ចាប់​ ការ​ឃាត់​ខ្លួននៃ​ក្រុម​មនុស្ស​មួយ​ក្រុមហ្នឹង គឺ​អាស្រ័យ​ដោយ​គេ​រៀប​ចំ​ចូល​រួម​ និង​រៀប​ចំ​ចលនា​ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ។ យើង​មិន​ចាប់​ប្រជា​ពលរដ្ឋ​នោះទេ។ បើ​សភាព​ការណ៍​មិន​មាន​ត​​ទៀតទេ គ្មាន​សារៈប្រយោជន៍​សម្រាប់​​យើង​ឃាត់​ខ្លួន​ ឬ​ចាប់​ខ្លួន​អ្នក​ធ្វើ​សកម្មភាព​ទាំងអស់​ហ្នឹង​ទេ។ គ្មាន​សកម្មភាព គ្មាន​ចំណាត់​ការ»

គិត​ត្រឹម​ថ្ងៃទី២១ តុលា អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៥០នាក់​ហើយ ស្រប​ពេល​​សកម្មជន​ជាង ១៨០នាក់​​ផ្សេង​​ទៀត ត្រូវ​បាន​កោះហៅ ឬ​តាម​ចាប់​ខ្លួន​ ក្រោម​អង្គហេតុ​​មិន​ច្បាស់លាស់។ ក្រៅ​ពី​នេះ សកម្មជន​បក្ស​ប្រឆាំង​ចំនួន ​១២នាក់​ទៀត បាន​រង​ការ​វាយ​ដំ​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ។ ការ​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ស្រាក​ស្រាន្ត​នេះ បាន​ធ្វើ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់ បង្ខំ​ចិត្ត​រត់​​ភៀស​ខ្លួន​ទៅ​ក្រៅ​​ប្រទេស ដើម្បី​រក​កន្លែង​មាន​សុវត្ថិភាព។

អ្នក​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែង​ទៀត​ថា របប​លោក ហ៊ុន សែន កំពុង​តែ​ញាត់​បំពេញ​ពន្ធនាគារ​ដោយ​ការ​ចាប់​ខ្លួន​សកម្មជន​ដែល​ហ៊ាន​និយាយ​អំពី​ទង្វើ​រំលោភ​បំពាន បង្ហោះ​សារ​រិះគន់​នៅ​តាម​ហ្វេសប៊ុក (Facebook) និង​សកម្មជន​ដែល​បាន​ជួប​ជុំ​គ្នា​ហូប​នំ​បញ្ចុក​។ ​លោក​សង្កត់​ធ្ងន់​ថា មន្ត្រី​អឺរ៉ុប​ទាំង​ឡាយ​ដែល​ជា​អ្នក​សម្រេច​ចិត្ត ត្រូវ​តែ​ពិចារណា​ឱ្យ​បាន​ដិតដល់ ​ចំពោះ​ការ​បន្ត​ដាំ​ក្បាល​ចុះ​នៃ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពេល​ដែល​ពិនិត្យ​មើ​ល​ជំហាន​បន្ទាប់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ទំនាក់​​ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង​នេះ។ ពួក​គេ​ក៏​ដូច​ជា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែរ គឺ​ចង់​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​យាយី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​អំពាវនាវ​ដល់​អ្នក​នយោបាយ​គណបក្ស​កាន់​អំណាច និង​​បក្ស​ប្រឆាំង​ ឱ្យ​ងាក​មក​រក​តុ​ចរចា​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ ដើម្បី​ផល​ប្រយោជន៍​​ជាតិ​វិញ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល