លោក ហ៊ុន សែន បញ្ជា​ឲ្យ​បង្ក្រាប​សកម្មជន​បក្ស​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស

ដោយ ហេង រស្មី
2019-10-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​ពិធី​ជួប​អ្នក​សារ​ព័ត៌មាន​មក​ពី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន​បោះពុម្ព​ផ្សាយ និង​ក្រុម​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម ចំនួន ៤.៥០០នាក់ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ២០១៩។
លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​ពិធី​ជួប​អ្នក​សារ​ព័ត៌មាន​មក​ពី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន​បោះពុម្ព​ផ្សាយ និង​ក្រុម​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម ចំនួន ៤.៥០០នាក់ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ បញ្ជា​ឲ្យ​បញ្ចេញ​កងទ័ព និង​អាវុធ ដើម្បី​បង្ក្រាប​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ក្នុង​ប្រទេស និង​កំពុង​រត់​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដែល​បាន​ប្រកាស គាំទ្រ​ដំណើរ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នៅ​ដើម​ខែ​ក្រោយ​នេះ។ សកម្មជន​បក្ស​ប្រឆាំង លើក​ឡើង​ថា របប​លោក ហ៊ុន សែន មិន​ដែល​ឲ្យ​គណបក្ស​ប្រឆាំង​បាន​សុខ​តាំង​ដើម​មក ដូច្នេះ ពួក​គេ​គ្មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​រួម​ដំណើរ​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ វិល​ទៅ​កម្ពុជា​នោះ​ទេ។

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បង្កើន​វោហារសាស្ត្រ​គំរាម​កំហែង​កាន់​តែ​ខ្លាំង ទៅ​លើ​មេ​ដឹក​នាំ និង​សកម្មជន​បក្ស​ប្រឆាំង ខណៈ​នៅ​សល់​តែ ១ខែ​ទៀតប៉ុណ្ណោះដល់​ថ្ងៃ​ដែល​ប្រធាន ស្ដីទី​គណបក្ស​ប្រឆាំង​ប្រកាស​វិល​ចូល​ប្រទេស​កម្ពុជា​វិញ។

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​សិស្ស​ប្រឡង​ជាប់​និន្ទេស A នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី៧ ខែ​តុលា លោក ហ៊ុន សែន បាន​បង្ហាញ​ទឹក​មុខ​មាំ អម​ដោយ​កាយវិការ និង​ប្រើប្រាស់​ភាសា​អសុរោះ​ជេរ​ប្រមាថ និង​គំរាម​កំហែង​ទៅ​លើ​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង។ លោក បាន​ចាត់​ទុក ដំណើរ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ថា មាន​គោលដៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក។ លោក បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ បញ្ចេញ​កម្លាំង​កងទ័ព និង​សព្វាវុធ​គ្រប់​ធុន ត្រៀម​ទប់​ស្កាត់ និង​បង្ក្រាប​កុំ​ឲ្យ​ផែនការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ជោគជ័យ៖ «ឃើញត្រង់ណាវ៉ៃ​ត្រង់​ហ្នឹង ខ្ញុំផ្ដល់សិទ្ធិឱ្យកងទ័ព​ចេញធ្វើសកម្មភាព ពង្រាយ​ទ័ព ប្រើ​អា​ហ្នឹង​ឃើញ​ត្រង់​ណា​វ៉ៃ​ត្រង់​ហ្នឹង មិន​ចាំបាច់​មាន​ដីកា​ចាប់​ខ្លួន​ទេ មិន​ចាប់​ខ្លួន​ទេ អា​នេះ​ឃើញ​ត្រង់​ណា​វ៉ៃ​ត្រង់​ហ្នឹង​តែ​ម្ដង។ ផ្ដល់​ឱកាស​ឱ្យ​កម្លាំង​ប្រដាប់​អាវុធ រួម​ទាំង​កងទ័ព​ចេញ​ធ្វើ​សកម្មភាព​ទៅ កងទ័ព​ត្រូវ​ដឹង​តួនាទី​នៅ​ពេល​សភាពការណ៍​ធម្មតា​ទ័ព អត់​ចេញ​ទេ។ ចេញ​តែ​ប៉ូលិស និង​កងរាជអាវុធហត្ថ​ទេ ហើយ​នគរបាល​យុត្តិធម៌ តែ​បើ​ប្រកាស​ទ័ព​បែប​នេះ​ហើយ​បាន​ន័យ​ថា ទ័ព​ត្រូវ​ពង្រាយ​ហើយ ហើយ​ប្រើ​អាវុធ​គ្រប់​ធុន ព្រោះ​អា​នេះ​មិន​មែន ជា​បាតុកម្ម​ទាមទារ​ឯណា អា​នេះ​ចូល​ដល់​ប្រដាប់​អាវុធ។ ហើយ​អ្នក​គាំទ្រ​ទាំង​ប៉ុន្មាន​អត់​ចាំបាច់​និយាយ​ទេ ឃើញ​ចាប់ៗ ខ្ញុំ​មិន​ចាំបាច់​និយាយ​ទេ ព្រោះ​អា​នេះ ភារកិច្ច​បាន​ប្រគល់​ដោយ​ច្បាប់​រួច​ទៅ​ហើយ»

មេ​ដឹក​នាំ​ដែល​កាន់​អំណាច​ជិត ៤០ឆ្នាំរូបនេះ ព្រមាន​ទៀត​ថា​ បើ​ប្រជាពលរដ្ឋ​ណា ដែល​មិន​គិត​ធ្វើ ស្រែ​ចម្ការ ហើយ​បែរ​ជា​បង្ហោះ​សារ​គាំទ្រ​ផែនការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នឹង​ត្រូវ​ចាប់​ខ្លួន​ទាំងអស់ ទោះ​បី​ជា​ខំ​រត់​ភៀស​ខ្លួន​ដល់​ក្រៅ​ប្រទេស​ក៏​ដោយ។ លោក​ប្រកាស​ថា អ្នក​ដែល​ប្រឆាំង​នឹង​លោក គឺ​លោក​មិន​ឲ្យ​បាន​សុខ និង​មាន​សុវត្ថិភាព​នោះ​ទេ៖ «ប្រឹង​ធ្វើ​ស្រែ​ធ្វើ​ចម្ការ កុំ​បង្ខំ​ទៅ​ងាប់​នៅ​ឯ​ណា? អា​រត់​ទៅ​ត្បូង​ឃ្មុំ អា​រត់​ពី​កំពង់ចាម​ថ្ងៃ​មុន ក៏​ចាប់​បាន​នៅ​ប៉ោយប៉ែត។ កុំ​ភ្លេច​ថា សំណាញ់​គេ​ញឹក​ញាស់។ អា​អ្នក​នៅ​បាងកក មិន​ប្រាកដ​ថា អ្នក​ឯង​មាន​សុវត្ថិភាព​ទេ ។អញ​តាម​យក​មក​ពី​ហ្នុង​វិញ​ទាំង​អស់ និយាយ​ត្រង់​អ៊ីចឹងតា​ហ្មង»

ការ​ចេញ​បទ​បញ្ជា​ជា​សាធារណៈ​នេះ បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ​ប្រកាស​អំពី​គម្រោង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា និង​អំពាវនាវ​ជា​បន្ត បន្ទាប់​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ អ្នក​គាំ​ទ្រ​របស់​លោក និង​ប្រជា​ពលរដ្ឋ​ទូទៅ​ឲ្យ​រួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច ហើយ​ស្ដារ​ប្រទេស​កម្ពុជា​ឲ្យ​មាន​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញ។

ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​លោក ម៉ន ផល្លា ដែល​បង្ខំ​ចិត្ត​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រយៈ​ពេល​ជាង ២ឆ្នាំ ​ដើម្បី​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ឆ្លើយ​តប​ថា លោក ហ៊ុន សែន គឺ​ជា​មេ​ដឹក​នាំ​ផ្ដាច់ការ កំពុង​តែ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស ធ្ងន់ធ្ងរ​បំផុត ដែល​សហគមន៍​អន្តរជាតិ​មិន​ត្រូវ​មើល​រំលង​នោះ​ទេ។ លោក​បន្ត​ថា លោក ហ៊ុន សែន តែង​តែ​មាន​ទម្លាប់​គំរាម​កំហែង និង​ធ្វើ​បាប​ប្រជាជន​ស្លូត​ត្រង់ ជា​ពិសេស សកម្មជន​បក្ស​ប្រឆាំង។ លោក​ចោទ​ប្រកាន់​ទៀត​ថា ថ្មីៗ នេះ របប​លោក ហ៊ុន សែន បាន​ប្រើ​កម្លាំង​បង្កប់ ប្រើ​ហិង្សា​លើ​សកម្មជន​បក្ស​ប្រឆាំង​ជាង ១០នាក់ នៅ​ក្រុង​ភ្នំពេញ ថែម​ទាំង​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចាប់​ខ្លួន និង​កោះ​ហៅ​សកម្មជន​បក្ស ប្រឆាំង​ដោយ​គ្មាន​មូលហេតុ​រាប់​សិប​នាក់។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា សកម្មជន​បក្ស ប្រឆាំង គ្មាន​ការ​ខ្លាច​រអា​នោះ​ទេ ហើយ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ដើម្បី​ស្វាគមន៍ និង​អម​ដំណើរ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ទៅ​កម្ពុជា​វិញ៖ «ខ្ញុំ​តស៊ូ​មតិ ដើម្បី​បុព្វហេតុ​ប្រជាធិបតេយ្យ តាម​គោល​ការណ៍​ប្រជាធិបតេយ្យ អត់​មាន​ប្រើ​ហិង្សា ដូច្នេះ យើង​អត់​មាន​ខ្លាច​ញញើត​ទេ។ ប្រជាពលរដ្ឋ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ដោយ​សន្តិវិធី ដូច្នេះ ពួក​ខ្ញុំ​ត្រូវ​តែ​ចូលរួម​អម​ដំណើរ​និវត្តន៍​លោក​ប្រធាន​ស្ដីទី សម រង្ស៊ី ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ឲ្យ​បាន»

អង្គការ​សង្គម​ស៊ីវិល បារម្ភ​អំពី​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ដែល​កាន់​តែ​ផុង​ជ្រៅ​ទៅៗ នៅ​ពេល​ដែល​មេ​ដឹក​នាំ​នយោបាយ បន្ត​ឌឺ​ដង​ពាក្យ​សម្ដី​បែប​ហិង្សា​ដាក់​គ្នា​ដោយ​លែង​ខ្វល់​ពី​រឿង​ច្បាប់ និង​សិទ្ធិ​មនុស្ស​បែប​នេះ។

អ្នក​នាំ​ពាក្យ​សមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ស្នើសុំ​ឲ្យ​មេ​ដឹក​នាំ​បក្ស​កាន់​អំណាច និង មេ​ដឹក​នាំ​បក្ស​ប្រឆាំង បន្ទន់​ឥរិយាបថ​ដាក់​គ្នា បញ្ឈប់​ប្រើ​ភាសា​ហិង្សា​នាំ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច ហើយ​វិល​ទៅ​រក​តុ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ។ លោក​បន្ត​ថា ការ​បង្កើន​វោហារសាស្ត្រ​ហិង្សា​បែប​នេះ គ្មាន​ភាព​ចំណេញ​អ្វី​នោះ​ទេ មាន​តែ​ធ្វើ​ឲ្យ​ជាតិ​បែក​បាក់ ពលរដ្ឋ​ឈឺ​ចាប់ និង​ប្រទេស​ជាតិ​ចុះ​ខ្សោយ​ថែមទៀត៖ «កម្ពុជា រងគ្រោះ​ដោយ​សារ​សង្គ្រាម​នេះ​រាប់​ទសវត្ស​មក​ហើយ យើង​មិន​ចង់​ឃើញ​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​ដោយសារ​តែ​រឿង​នយោបាយ​នេះ​ទេ ហើយ​យើង​ចង់​ឃើញ​បំផុត​នោះ គឺ​ដំណោះ​ស្រាយ​នយោបាយ​ដោយ​សន្តិវិធី ចង់​ឃើញ​អ្នក​នយោបាយ​របស់​ប្រទេស​យើង​មាន​ភាព​ចាស់​ទុំ នៅ​ក្នុង​រឿង​សង្គម​នយោបាយ​នៅ​ក្នុង​សង្គម​លទ្ធិ​ប្រជាធិបតេយ្យ»

រហូត​មក​ទល់​ពេល​នេះ របប​ក្រុង​ភ្នំពេញ បាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៣១នាក់​ហើយ ព្រម​ទាំង​ចេញ​ដីកា​តាម​ចាប់​ខ្លួន និង​កោះហៅ​ឱ្យ​ទៅ​បំភ្លឺ​ជាង ១៧០នាក់​ហើយ។ ជាមួយ​គ្នា​នេះ សកម្មជន​បក្ស​ប្រឆាំង​ជាង ១០នាក់​ទៀត នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ប្រហារ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ ស្រប​ពេល​សកម្មជន បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត បាន​នាំ​គ្នា​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ជា​បន្ត​បន្ទាប់ ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។

ទោះ​យ៉ាង​ណា មេ​បក្ស​ប្រឆាំង និង​សកម្មជន ​ប្តេជ្ញាវិលចូលកម្ពុជាវិញជាមួយគ្នានៅថ្ងៃទី៩ វិច្ឆិកា ខាងមុខ។ពួកគេ ជឿជាក់​ថា​ វត្តមាន​របស់​លោក សម រង្ស៊ី ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មានការ​ផ្លាស់​ប្ដូរ​ មាន​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​ព្រមទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ជាតិ​ដែល​របប​លោក​ ហ៊ុន​ សែន​មិន​អាច​ដោះស្រាយ​បាន​ជាពិសេស​គឺ​ជួយ​កុំ​ឱ្យ​មានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល