លោក ហ៊ុន សែន បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រក្សា​សន្តិភាព ក្នុង​ពេល​លោក​ប្រឹង​កម្ចាត់​គណបក្ស​ប្រឆាំង

ដោយ ខែ សុណង
2020-05-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ទិដ្ឋភាព​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ២០១៧។ (ខាង​ស្ដាំ​ក្រោម) នគរបាល​យក​ដីកា​តុលាការ​ទៅ​បិទ​ទីស្នាក់ការ​នេះ នៅ​ថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០២០។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ទិដ្ឋភាព​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ២០១៧។ (ខាង​ស្ដាំ​ក្រោម) នគរបាល​យក​ដីកា​តុលាការ​ទៅ​បិទ​ទីស្នាក់ការ​នេះ នៅ​ថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​សកម្មជន CNRP

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២០ ឧសភា​នេះ ប្រកាស​ឱ្យ​​ពលរដ្ឋ​បន្ត​ថែរក្សា​សន្តិភាព ដើម្បី​ការ​អភិវឌ្ឍ​ជាតិ​ទៅ​ថ្ងៃមុខ ក៏​ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​ថា របប​បច្ចុប្បន្ន​កំពុង​ដឹក​នាំ​ប្រទេស​តាម​របៀបពួក​ខ្មែរ​ក្រហម​​ ដោយ​​បំបិទ​សិទ្ធិ​ពលរដ្ឋ​ស្ទើរ​គ្រប់​យ៉ាង។

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ថា ដើម្បី​កុំ​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​វិល​ត្រឡប់​មក​វិញ​បាន ពលរដ្ឋ​គ្រប់រូប​ត្រូវ​ចូល​រួម​ថែរក្សា​សន្តិភាព​ឱ្យ​បាន​គង់វង្ស ពីព្រោះ​លោក​ថា សន្តិភាព​នេះ​បាន​ផ្ដល់​ឱកាស​គ្រប់​យ៉ាង​ក្នុង​ការ​កសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ​ ឱ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត។

លោក​រំឭក​ថា ពលរដ្ឋ​កម្ពុជា​បាន​ឆ្លង​កាត់​សោកនាដកម្ម​ដ៏​ជូរចត់​ជិត៣ ទសវត្សរ៍ ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម ការ​កាប់​សម្លាប់ ការ​បំផ្លិច​បំផ្លាញ ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ និង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​ដូច​សត្វធាតុ​ ជាដើម។ លោក​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​ស្លាប់​ដោយ​គ្មាន​ថ្នាំ​សង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិ សេរីភាព គ្មាន​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​សូម្បី​តែ​សិទ្ធិរស់​រាន​មាន​ជីវិត​ពី​កំណើត ក៏​គ្មាន​ដែរ។

លោក ហ៊ុន សែន លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ទិវា​ជាតិ​នៃ​ការ​ចងចាំ ២០ ឧសភា ដែល​រដ្ឋាភិបាល​របស់​លោក​បាន​កំណត់​យក​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវ​ការ​កាល​ពី​ឆ្នាំ២០១៨ ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ និង​អំពើ​ឧក្រិដ្ឋ​ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ពី​ថ្ងៃ​ទី១៧ មេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃទី០៦ មករា ឆ្នាំ១៩៧៩។ ជា​រៀង​រាល់​ឆ្នាំ ទិវា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍ និង​ទីតាំង​ឧក្រិដ្ឋ​កម្ម​មួយ​ចំនួន​ ប៉ុន្តែ​ឆ្នាំនេះ ការ​រៀប​ចំ​ពិធី​ទាំងនេះ​ត្រូវ​បាន​ផ្អាក ​ដោយសារ​តែ​វិបត្តិ​​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ-១៩។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក ម៉ន ផល្លា លើក​ឡើង​ថា លោក ហ៊ុន សែន បាន​ដឹង​ច្បាស់​ពី​ឧក្រិដ្ឋកម្ម​របស់​ពួក​ខ្មែរ​ក្រហម ក៏​ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​លោក​ក៏​កំពុង​ដឹកនាំ​ប្រទេស​តាម​របៀប​ផ្ដាច់​ការ​ដូច​ពួក​ខ្មែរ​ក្រហម​ដែរ។ លោក​​ថា នាយក​រដ្ឋ​មន្ត្រី​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ បាន​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ស្ទើរ​គ្រប់​យ៉ាង និង​​បំភិត​បំភ័យ​ពលរដ្ឋ ដើម្បី​តែ​រក្សា​អំណាច​របស់​ខ្លួន៖ «របប​បច្ចុប្បន្ន​ហ្នឹង​ គឺ​គ្រាន់​តែ​ផ្លាស់​ប្តូរ​រូបភាព​នៃ​របៀប​គ្រប់​គ្រង​តែ​បន្តិច​ទេ តាម​ពិត​មាន​សណ្ឋាន​ប្រហាក់​ប្រហែល​​គ្នា​ទាក់ទង​នឹង​ការ​បំបិទ​សិទ្ធិ​របស់​ប្រជា​​ពលរដ្ឋ ​មិន​ឱ្យ​ធ្វើអ្វី​ដែល​ស្រប​ទៅតាម​រដ្ឋ​ធម្មនុញ្ញ»

របប​ក្រុង​ភ្នំពេញ​បាន​បើក​យុទ្ធនាការ​កម្ចាត់​សំឡេង​ប្រឆាំង និង​សំឡេង​ឯករាជ្យ​ តាំង​ពី​ឆ្នាំ២០១៧ រហូត​មក។ របប​នេះ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នក​គាំទ្រ​ជិត​ពាក់​កណ្ដាល​ប្រទេស បិទ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ធ្វើ​ច្បាប់​កម្រិត​សេរីភាព​របស់​អង្គការ-សមាគម និង​សហជីព ព្រម​ទាំង​ប្រើ​តុលាការ​ដើម្បី​ចាត់​ការ​អ្នក​​ហ៊ាន​រិះគន់​ ជាដើម។ អ្នក​សង្កេតការណ៍​វាយ​តម្លៃ​ថា វិធានការ​ទាំង​នេះ​បាន​បំផ្លាញ​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​លើ​ក្រុម​អ្នក​កាន់​អំណាច​ និង​កំពុង​ធ្វើ​ឱ្យ​ប្រជាជាតិ​ខ្មែរ​បែក​បាក់​គ្នា។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់​ឡូត ទទួល​ស្គាល់​ថា មាន​​សន្តិភាព ទើប​មាន​​ការ​អភិវឌ្ឍ ប៉ុន្តែ​កម្ពុជា​​ត្រូវ​តែ​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ជា​ចម្បង ស្រប​ទៅតាម​រដ្ឋ​ធម្មនុញ្ញ​។ លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កំពុង​ប្រើ​ប្រាស់​ពាក្យ​សន្តិភាព​ហួស​ព្រំដែន និង​ជា​លេស ដើម្បី​កម្ចាត់​គណបក្ស​ប្រឆាំង និង​សំឡេង​ឯករាជ្យ​ទៅ​វិញ​ទេ៖ «ពាក្យ​សន្តិភាព​នេះ មួយ​ផ្នែក​ត្រូវ​បាន​អ្នក​នយោបាយ​ប្រើ​ដើម្បី​ជា​ការ​រួប​រួម ប៉ុន្តែ​មួយ​​ផ្នែក​ប្រើ​ដើម្បី​ជា​លេស​ក្នុង​ការ​កម្ចាត់​ដៃ​គូ​នយោបាយ​របស់​ខ្លួន ក៏​ដូច​ជា​រឹតត្បិត​សិទ្ធិ​សេរីភាព​ទៅដល់​​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន»

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ឃ្លាំមើល​សង្គម​យល់​ឃើញ​ស្រប​គ្នា​ថា មេដឹកនាំ​នយោបាយ​ខ្មែរ​គួរ​តែ​ផ្ដល់​តម្លៃ​ខ្ពស់​បំផុត​ដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ព្រោះ​ជា​កិច្ច​ព្រមព្រៀង​បញ្ចប់​សង្គ្រាម​ស៊ីវិល​ ដែល​បើក​ផ្លូវ​ឱ្យ​កម្ពុជា​បោះជំហាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ ជាពិសេស​គឺ​រដ្ឋាភិបាល​ត្រូវ​អនុវត្ត​ខ្លឹម​សារ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ឱ្យ​បាន​ពេញលេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល