លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងមុនសេចក្តីប្រកាសជាផ្លូវការរបស់ក្រសួងសុខាភិបាលថា លោក និងក្រុមគ្រួសារ ធ្វើតេស្តលើកទីបីមិនមានជំងឺកូវីដ-១៩ ទេ ក្រោយក្រុមគ្រូពេទ្យ យកសំណាកទៅធ្វើតេស្តនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា។ ទោះបីជាយ៉ាងណា ក្រសួងសុខាភិបាលនៅមិនទាន់បង្ហាញលទ្ធផលតេស្ត អ្នកពាក់ព័ន្ធជាមួយគណៈប្រតិភូប្រទេសហុងគ្រី ឬហៅថា ព្រឹត្តិការណ៍០៣ វិច្ឆិកាជាច្រើននាក់ទៀត នៅឡើយទេនៅល្ងាចថ្ងៃទី១៤ វិច្ឆិកា។
លោក ហ៊ុន សែន បង្ហោះសារនៅលើទំព័រហ្វេសប៊ុក(Facebook) នៅថ្ងៃទី១៤ វិច្ឆិកាថា ទោះបីជាលោក និងភរិយា រួមទាំងអ្នកនៅជុំវិញលោកគ្មានជំងឺ កូវីដនៅពេលនេះក្តី ប៉ុន្តែ លោក នឹងបន្តធ្វើចត្តាឡឺស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដើម្បីបញ្ជាក់ថា លោក មានឬគ្មានជំងឺកូវីដ-១៩។
មេដឹកនាំដែលតែងមើលស្រាលជំងឺកូវីដរូបនេះសង្ឃឹមថា លោក និងគ្រួសាររបស់លោករួមទាំងមនុស្សប្រមាណជាងមួយពាន់នាក់ដែលធ្វើចត្តាឡឺស័កក្នុងពេលជាមួយគ្នាចាប់តាំងពីថ្ងៃទី៤ វិច្ឆិកាមក នឹងបន្តធ្វើតេស្ត ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីការឆ្លងរីករាលដាលជំងឺកូវីដ ហើយអាចឈានទៅបើកសាលារៀនឡើងវិញ។
ដោយឡែកមនុស្ស ជាង១ពាន់នាក់ទៀតដែលត្រូវបានក្រសួងសុខាភិបាលយកសំណាកទៅពិនិត្យនោះ ក្រសួងនៅមិនទាន់បង្ហាញលទ្ធផលធ្វើតេស្តនៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី១៤ វិច្ឆិកា។ អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ពាក់ព័ន្ធបញ្ហានេះបានទេនៅថ្ងៃទី១៤ វិច្ឆិកានេះ។
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ កំពុងរស់នៅសហរដ្ឋអាមេរិក លោក អ៊ុំ សំអាន ថ្លែង ថា ជារឿងចម្លែកដែលលោក ហ៊ុន សែន ប្រកាសថា គ្មានជំងឺកូវីដ មុនការប្រកាសរបស់ក្រសួងសុខាភិបាល។ លោកមើលឃើញថា បញ្ហាជំងឺកវីដនេះ របបលោក ហ៊ុន សែន ប្រើប្រាស់ជារឿងនយោបាយ ដើម្បីបំបិទសិទ្ធិសេរីភាពនិងបង្ក្រាបលើសំឡេងប្រឆាំង ប៉ុន្តែរបបលោក ហ៊ុន សែន ខ្លួនឯង តែងធ្វេសប្រហែសចំពោះការទប់ស្កាត់ជំងឺកូវីដតាំងពីដើមមកម្ល៉េះ។ តំណាងរាស្ត្របក្សប្រឆាំងរូបនេះ បន្តថា ជារឿងអាម៉ាស់ និងគ្មានចក្ខុវិស័យវែងឆ្ងាយទាល់តែសោះ ដែលមេដឹកនាំក្រុងភ្នំពេញ ស្នើសុំកុំឲ្យគណៈប្រតិភូហុងគ្រី ពាក់ម៉ាស់ ដោយសារតែចង់យកមុខយកមាត់ជ្រុល និងចង់អួតប្រាប់ពលរដ្ឋខ្មែរថា ប្រទេសហុងគ្រី គាំទ្ររបបរបស់គាត់ខុសពីប្រទេសជាសមាជិកសហភាពអឺរ៉ុបភាគច្រើនផ្សេងទៀតរឿងដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា៖ «ទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលស្នើឲ្យរដ្ឋមន្ត្រីការបរទេសហុងគ្រី មិនពាក់ម៉ាស់នោះ ធ្វើឲ្យជំងឺនេះរាល់ដាលទៅដល់ប្រជាពលរដ្ឋខ្មែរ និងមន្ត្រី របស់លោក ដែលជាហានិភ័យមួយដ៏ធ្ងន់ធ្ងរហើយប្រជាពលរដ្ឋគួរតែថ្កោលទោសចំពោះលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់គាត់»។
មន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី អះអាងកាលពីថ្ងៃទី១៣ វិច្ឆិកាថា ខាងមន្ត្រីរដ្ឋាភិបាលកម្ពុជា គឺជាអ្នកផ្ដួចផ្ដើមស្នើសុំមិនឲ្យរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី លោក ភីធើ ស៊ីចាតូ (Péter Szijjártó)ពាក់ម៉ាស់ក្នុងជំនួបផ្លូវការក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី ៣ ខែវិច្ឆិកា។ ក្រសួងការបរទេសហុងគ្រី បញ្ជាក់ថា រដ្ឋមន្ត្រីនិងគណៈប្រតិភូរបស់ខ្លួន ប្រកាន់ខ្ជាប់ខ្ជួនតាមគោលការណ៍បង្ការជំងឺកូវីដ-១៩ និងធ្វើតាមសំណូមពររបស់ប្រទេសម្ចាស់ផ្ទះ ព្រមទាំងបង្ហាញលិខិតបញ្ជាក់សុខភាពថា គ្មានជំងឺកូវីដទៀតផង។ លើសពីនេះ ក្រសួងការបរទេសហុងគ្រី ថា គ្មាននរណាអាចបញ្ជាក់បានថា អ្នកណាចម្លងជំងឺនេះពីអ្នកណាឲ្យប្រាកដនោះទេ។
គិតពីថ្ងៃទី០៤ ដល់ទី១៣ វិច្ឆិកា ក្រសួងសុខាភិបាល បានរកឃើញអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលក្នុងព្រឹត្តិការណ៍៣ វិច្ឆិកា កើនដល់ជាង២ ពាន់នាក់ហើយ (២.៥៦៧) និងបានធ្វើតេស្តរកជំងឺកូវីដក្នុងនោះ រកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន៤នាក់។ រដ្ឋាភិបាលបានសម្រេចបិទទីតាំងសេវាកម្សាន្ត និងទេសចរណ៍ ព្រមទាំងសាលារៀនមួយចំនួន ហើយវេទិកាសាធារណៈ និងពិធីដែលប្រមូលផ្តុំមនុស្សត្រូវផ្អាកជាបណ្ដោះអាសន្នសិនឡើងវិញ។ ចំណែកក្រុមប្រឹក្សាគណៈឱសថការីជាតិ បានអំពាវនាវដល់ឧសថការីទាំងឡាយ កុំតម្លើងថ្លៃម៉ាស អាកុល ជែលលាងដៃ ឧបករណ៍វាស់កម្ដៅ និងសម្ភារសម្លាប់មេរោគផ្សេងៗ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលបញ្ចប់ព្រឹត្តិការថ្ងៃ៣ វិច្ឆិកា ឲ្យឆាប់បំផុត។ក្រុមប្រឹក្សាគណៈឱសថការីជាតិ ព្រមានថា នឹងដាក់ទណ្ឌកម្មចំពោះឱសថការីណា ដែលមិនគោរពតាមសេចក្តីអំពាវនាវនេះ។
នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា រដ្ឋាភិបាល គួរតែបន្តរឹតបន្តឹងវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីតនេះឲ្យមានប្រសិទ្ធភាព ។ លោក សង្កេតឃើញថា មកទល់ពេលនេះ ក្រុមមន្ត្រីរដ្ឋាភិបាល វិស័យឯកជន រួមទាំងសង្គមស៊ីវិលនិងប្រជាពលរដ្ឋជាដើម ហាក់នៅធ្វេសប្រហែសដោយមិនសូវយកចិត្តទុកដាក់ការពារខ្លួននោះឡើយ៖ «រក្សាគម្លាត ការពាក់ម៉ាស់ជាប្រចាំ ពិធីផ្លូវការឬក៏ក្រៅផ្លូវការជាពិសេសពិធីផ្លូវការរបស់មន្ត្រីរដ្ឋាភិបាល គួរតែបង្ហាញនូវរូបភាពមួយជាគំរូដល់មហាជន ជាពិសេស ការជួបគ្នា ការប្រាស្រ័យទាក់ទងគ្នាដែលទូរទស្សន៍រដ្ឋ និងឯកជនគេយកមផ្សព្វផ្សាយនេះ ដើម្បីឲ្យក្មេងៗ និងយុវជនជាដើម ឃើញលោកយាយលោកតាអ៊ុំពូមីងរបស់ពួកគេ កំពុងតែមាន ការប្រុងប្រយ័ត្ន។ ដូច្នេះប្រសិនបើពួកគេបានឃើញរូបភាពទាំងអស់នេះ ការអនុវត្តតាមការគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល វាកាន់តែមានការប្រុងប្រយ័ត្នខ្ពស់»។
នៅថ្ងៃទី១៤ វិច្ឆិកានេះ ក្រសួងសុខាភិបាល ក៏បានធ្វើតេស្តរកឃើញ បុរសជនជាតិអាមេរិក ម្នាក់អាយុ ៦៩ឆ្នាំ ផ្ទុកជំងឺកូវីដ-១៩ ហើយកំពុងដាក់ឲ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរុស្ស៊ី។ បុរសរូបនេះ គឺជាអ្នកដំណើរមកពីអាមេរិក ហើយមកដល់កម្ពុជាថ្ងៃទី១៣ វិច្ឆិកា។ ចំណែករួមអ្នកដំណើរចំនួន៧០នាក់ផ្សេងទៀត មានលទ្ធផលធ្វើតេស្តអវិជ្ជមាន និងកំពុងដាក់ឲ្យធ្វើចត្តាឡឺស័ក នៅក្នុងសណ្ឋាគារ២៣កន្លែង និងនៅមណ្ឌលទ័ពអាកាស។
គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា កម្ពុជា រកឃើញអ្នកផ្ទុកជំងឺកូវីដកើនដល់ ៣០២នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន២៨៩នាក់ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំនួន១៣នាក់ ហើយមិនទាន់មានករណីស្លាប់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។