របប​ក្រុងភ្នំពេញ​ការពារ​ទង្វើ​របស់​លោក ហោ ណាំបូរ៉ា ថា ជា​រឿង​ត្រឹមត្រូវ

ដោយ អាស៊ីសេរី
2019-11-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី (ឆ្វេង) រំខាន​សន្និសីទរបស់​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពីថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។
លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី (ឆ្វេង) រំខាន​សន្និសីទរបស់​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពីថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។
AP

របប​លោក ហ៊ុន សែន អះអាង​ថា ទង្វើ​របស់​ប្រមុខ​ការទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី មិន​នាំ​ភាព​អាម៉ាស់​ដល់​ប្រទេសជាតិ​នោះ​ទេ ប៉ុន្តែ​នេះ​ជា​ការ​ការពារ​ផលប្រយោជន៍​ជាតិ​ទៅ​វិញ។ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ចេញ​មុខ​មក​រារាំង​ដំណើរការ​សន្និសីទកាសែត​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ដែល​ធ្វើឡើង​នៅ​រដ្ឋធានី​ហ្សាកាតា (Jakarta) កាលពី​ថ្ងៃ​ទី៦ វិច្ឆិកា កន្លង​ទៅ។

របប​ក្រុងភ្នំពេញ​ចាត់ទុក​សកម្មភាព​របស់ លោក ហោ ណាំបូរ៉ា ដែល​អុកឡុក​រំខាន​សន្និសីទ​កាសែត​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ថា​ជា​រឿង​ត្រឹមត្រូវ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​ខ្មែរ។

ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៧ វិច្ឆិកា ថា សកម្មភាព​របស់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី លោក ហោ ណាំបូរ៉ា គឺជា​ការ​បង្ហាញ​ការទទួលខុសត្រូវ​ចំពោះ​ផលប្រយោជន៍​ជាតិ​នៅ​ក្រៅ​ប្រទេស​។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​យកចិត្តទុកដាក់​ចំពោះ​មតិ​រិះគន់​ទាំងឡាយ​លើ​លោក ហោ ណាំបូរ៉ា ឡើយ ព្រោះ​រដ្ឋាភិបាល​យល់​ថា ទង្វើ​របស់​មន្ត្រី​ទូត​រូប​នេះ​ជា​រឿង​ត្រឹមត្រូវ៖ «គាត់​ធ្វើ គឺ​ត្រឹមត្រូវ ក្នុង​ន័យ​ការពារ​ផលប្រយោជន៍​របស់​ជាតិ​របស់​គាត់​។ គាត់​ធ្វើ​មិនមែន​ដើម្បី​ផ្គាប់ចិត្ត​អ្នកណា​ក្រៅ​តែ​អំពី​សន្តិសុខ​ជាតិ ហើយ​និង​ផលប្រយោជន៍​ជាតិ​ជា​អាទិភាព»

កាលពី​ថ្ងៃ​ទី​០៦ វិច្ឆិកា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី លោក ហោ ណាំបូរ៉ា ដែល​ជា​កូនប្រុស​បង្កើត​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង បាន​ចេញ​មុខ​មក​រំខាន​សន្និសីទកាសែត​ដែល​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ឥណ្ឌូណេស៊ី​រៀបចំឡើង​សម្រាប់​អ្នកស្រី មូរ សុខហួរ ដើម្បីឱ្យ​អ្នកស្រី​ថ្លែង​ពី​ជំហរ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​​ការ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ។

លោក ហោ ណាំបូរ៉ា ដែល​ធ្លាប់​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស និង​មាន​បទពិសោធន៍​ការទូត​ជាច្រើន​ឆ្នាំ​ផង​នោះ បាន​ដើរ​រេរា និយាយ​ឆ្ការ​ដៃ​ឆ្ការ​ជើង និង​ឈរ​ពាំង​ពីមុខ​តុ​សន្និសីទ មិន​ឱ្យ​អ្នកស្រី មូរ សុខហួរ ថ្លែង​ទៅកាន់​ក្រុម​អ្នកកាសែត​ឡើយ​។ លើស​ពី​នេះ លោក​បាន​គំហក​ដាក់​អ្នកកាសែត​បរទេស​ឱ្យ​បិទមាត់ នៅ​ពេល​ពួកគេ​សួរ​លោក​ថា តើ​សន្និសីទកាសែត​នេះ​ខុសច្បាប់​យ៉ាង​ដូចម្តេច​។ មន្ត្រី​ការទូត​រូប​នេះ​បាន​បដិសេធ​មិន​ទទួល​សំណួរ​របស់​អ្នកកាសែត នៅ​ពេល​អ្នក​រៀបចំ​កម្មវិធី​ផ្ដល់​សិទ្ធិ​ឱ្យ​លោក​និយាយ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែង​ថា លោក ហោ ណាំបូរ៉ា គ្មាន​សិទ្ធិអំណាច​ចាត់ចែង​អ្វី​នៅ​លើ​ដែន​អធិបតេយ្យ​របស់​ឥណ្ឌូណេស៊ី​នោះ​ទេ ព្រោះ​ទាំង​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ និង​មន្ត្រី​បក្ស​ប្រឆាំង​សុទ្ធសឹងតែ​ជា​ភ្ញៀវ​របស់​ឥណ្ឌូណេស៊ី។ លោក​ថា ការ​សរសេរ​លិខិត​ទៅ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី គឺជា​មធ្យោបាយ​ការទូត ដែល​ឯកអគ្គរាជទូត​ខ្មែរ​អាច​ធ្វើ​បាន ប្រសិនបើ​ចង់​ចាប់ខ្លួន​អ្នកស្រី មូរ សុខហួរ។ លោក​បន្ត​ថា ការ​ទៅ​ប្រកូក​ប្រកាស​ក្នុង​សន្និសីទកាសែត​បែបនេះ មិនមែន​ជា​ឥរិយាបថ​អ្នកការទូត​ឡើយ៖ «ប្រកូក​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អ៊ីចឹង វា​មិន​ចំណេញ​ដល់​កាយវិការ​ការទូត​ទេ​។ វា​ឃើញ​ភាព​ឆ្គាំឆ្គង ច្រងេងច្រងាង។ អ្នកការទូត​ត្រូវ​មានការ​ទន់ភ្លន់ យល់ដឹង​អំពី​ច្បាប់​ជា​មូលដ្ឋាន នេះ​យើង​បាត់បង់​កន្លែង​នេះ​ហើយ ធ្វើ​ឱ្យ​អន្តរជាតិ​គេ​អាច​វាយតម្លៃ​ផ្សេង​។ គាត់​ទៅ​ប្រចាំ​នៅ​ឥណ្ឌូណេស៊ី គាត់​តំណាង​ពលរដ្ឋ​ខ្មែរ គាត់​ជា​បុគ្គល​សាធារណៈ អ៊ីចឹង​កាយវិការ​របស់​គាត់ កាលណា​ខូច​កិត្តិនាម បាន​ន័យថា ខូច​ដល់​ពលរដ្ឋ​ខ្មែរ​ដែរ​។ មិនមែន​ខូច​តែ​គាត់​ម្នាក់​ទេ​រឿង​នេះ ប៉ុន្តែ​ខ្ញុំ​គិត​ថា គាត់​ធ្វើ​អ្វី​ដើម្បី​ឆ្លើយតប​ទៅ​នឹង​គណបក្ស​កាន់អំណាច​ទេ»

ទោះជា​យ៉ាងណា ក្រោយ​បរាជ័យ​ក្នុង​ការ​បញ្ឈប់​សន្និសីទ​កាសែត​របស់​មន្ត្រី​បក្ស​ប្រឆាំង នៅ​ថ្ងៃ​ដដែល​នោះ លោក ហោ ណាំបូរ៉ា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ស្នើ​ឱ្យ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់ខ្លួន​អ្នកស្រី មូរ សុខហួរ បញ្ជូន​ទៅ​កម្ពុជា​វិញ​ជាបន្ទាន់ ដោយ​លោក​បញ្ជាក់​ថា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ ជា​អ្នក​រត់គេច​ពី​ការ​តាម​ចាប់ខ្លួន​របស់​អាជ្ញាធរ​កម្ពុជា។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ លោក​បាន​បង្ហាញ​ការ​សោកស្ដាយ​ដែល​អាជ្ញាធរ​ឥណ្ឌូណេស៊ី​អនុញ្ញាត​ឱ្យ​អ្នកស្រី មូរ សុខហួរ ចូល​ក្នុង​ប្រទេស​ដោយ​មិន​ចាប់ខ្លួន ហើយ​អនុញ្ញាត​ឱ្យ​អ្នកស្រី​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ទីក្រុង​ហ្សាកាតា។

លោក ហោ ណាំបូរ៉ា បាន​អះអាង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា នេះ​ជា​ការ​ចេញមុខ​ការពារ​កិត្តិយស​ជាតិ ហើយ​លោក​ហ៊ាន​ចេញ​មុខ​ធ្វើ​សកម្មភាព​នេះ​គ្រប់​ពេល។

ទោះជា​យ៉ាងណា អាជ្ញាធរ​ឥណ្ឌូណេស៊ី​មិន​បាន​ចាប់ខ្លួន​អ្នកស្រី មូរ សុខហួរ តាម​ការ​ស្នើ​របស់​ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​ហ្សាកាតា​នោះ​ឡើយ ហើយ​អ្នកស្រី​ក៏បាន​ឡើង​យន្តហោះ​មក​ប្រទេស​ម៉ាឡេស៊ី​វិញ​នៅ​យប់​ថ្ងៃ​ដដែល​នោះ។ ប្រព័ន្ធ​ឃោសនា និង​មន្ត្រី​របប​ក្រុងភ្នំពេញ​មួយ​ចំនួន បាន​ឆក់​ឱកាស​នេះ​បំប៉ោង​ព័ត៌មាន​ថា ប្រទេស​ឥណ្ឌូណេស៊ី​បណ្ដេញ​អ្នកស្រី មូរ សុខហួរ ចេញពី​ប្រទេស ដែល​តាម​ការពិត​អ្នកស្រី​មាន​កិច្ចប្រជុំ​ផ្សេងទៀត​នៅ​ប្រទេស​ម៉ាឡេស៊ី​ទេ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់​សម្ភាស​ដល់​អាស៊ីសេរី​ថា អ្នកស្រី​ហួសចិត្ត​នឹង​ឥរិយាបថ​ច្រងេងច្រងាង និង​ឫកពា​មិន​ថ្លៃថ្នូរ​របស់​មន្ត្រី​ការទូត​របប​ក្រុងភ្នំពេញ។ អ្នកស្រី​ថា លោក ហោ ណាំបូរ៉ា បាន​លក់​មុខ​ប្រទេស​កម្ពុជា និង​ធ្វើ​ឱ្យ​ជាតិខ្មែរ​អាម៉ាស់​យ៉ាង​ខ្លាំង​ចំពោះ​កាយវិការ​គ្មាន​ភាព​ការទូត​របស់​គាត់។

ចំណែក អ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​បាន​តាមដាន​ករណី​នេះ ក៏​បញ្ចេញ​ប្រតិកម្ម​រិះគន់​ធ្ងន់ៗ​លើ​មន្ត្រី​ការទូត​ខ្មែរ​នេះ​ដែរ​។ ពួកគេ​យល់ថា នេះ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​អំណាច​ដោយ​រំលោភបំពាន ជា​ទង្វើ​ប្រមាថ​គ្មាន​លក្ខណៈ​ការទូត និង​ជា​ការ​ព្យាយាម​រំខាន​ដល់​សេរីភាព​បញ្ចេញមតិ និង​ការជួបប្រជុំ​នៅ​ឯ​ក្រៅ​ប្រទេស ប្រព្រឹត្ត​ដោយ​មន្ត្រី​របប​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល