លោក ហ៊ុន សែន ថា ស្ថានភាព​កម្ពុជា​មិនទាន់​ដល់​កម្រិត​ត្រូវ​ដាក់​ក្នុង​ភាព​អាសន្ន​ទេ

ដោយ សុជីវី
2020-04-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែងក្នុងសន្និសីទ​កាសែត នា​វិមានរដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែងក្នុងសន្និសីទ​កាសែត នា​វិមានរដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០២០។
រូប​ហ្វេសប៊ុក​លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​នៅ​ថ្ងៃ​ទី​០៧ មេសា​ថា ស្ថានភាព​កម្ពុជា មិនទាន់​តម្រូវ​ឱ្យ​លោក​ដាក់​ប្រទេស ក្នុង​គ្រា​មាន​អាសន្ន​នៅឡើយ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​កំពុង​ធ្វើ​ច្បាប់​ដាក់​ប្រទេស ស្ថិត​ក្នុង​ភាព​អាសន្ន​នេះ ដើម្បី​ទុក​ប្រើ នៅ​ពេល​ជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​។ ទោះបីជា​យ៉ាងណា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា លោក ហ៊ុន សែន ធ្វើ​ច្បាប់​នេះ​ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​ទៅវិញ​ទេ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន សម្ដែង​ការ​ខឹង​សម្បារ​ចំពោះ​អ្នក​រិះគន់​លោក​ជុំវិញ​ការ​ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន។

លោក ហ៊ុន សែន ថ្លែង​ដោយ​សម្ដី​អសុរោះ​ថា លោក​ដឹង​ថា ស្ថានភាព​កម្ពុជា​ពេលនេះ​មិនទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅឡើយ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវការ​ច្បាប់​នេះ​ជា​ចាំបាច់ ដើម្បី​ត្រៀម​ទប់ទល់​នឹង​ស្ថានភាព​អាសន្ន​ណាមួយ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។ លោក​បញ្ជាក់​ថា បើ​មិន​ដល់​កម្រិត​ចាំបាច់​ទេ ច្បាប់​នេះ​នឹង​មិន​ត្រូវ​បាន​យក​ទៅ​ប្រើ​នោះ​ទេ ព្រោះ​វា​អាច​សម្លាប់​សេដ្ឋកិច្ច​ជាតិ​បាន។ «»

ការប្រកាស​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ហាក់​ផ្សេងគ្នា​បន្តិច​ពី​ប្រសាសន៍​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៣០ មីនា ដែល​ថា លោក​ធ្វើ​ច្បាប់​នេះ​ដើម្បី​ត្រៀម​ទប់​ទល់នឹង​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ​-១៩​។ ម្យ៉ាងវិញទៀត បើ​ទោះ​ជា​លោក ហ៊ុន សែន ទទួល​ស្គាល់​ថា កម្ពុជា​មិនទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​ក៏ដោយ ក៏​របប​លោក​កំពុង​ពន្លឿន​ការ​ធ្វើ​ច្បាប់​នេះ​ដែរ។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ីសេរី​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​បញ្ជូន​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ទៅ​គណៈកម្មការ​ជំនាញ​ដើម្បី​ពិនិត្យ​ហើយ ហើយ​រដ្ឋសភា​អាច​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​ដើម្បី​អនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ។ «»

លោក ឡេង ប៉េងឡុង បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ មាន​ចំនួន​៥ ជំពូក ចែក​ជា​១២ មាត្រា ហើយ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​នឹង​ឯកសារ​ពង្រាង​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ក្រៅផ្លូវការ​នោះ​ដែរ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មាន​ប្រសាសន៍ថា ច្បាប់​ដ៏​សំខាន់​បែបនេះ គួរតែ​ឆ្លងកាត់​ការពិគ្រោះ​យោបល់​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​ពី​ភាគី​ពាក់ព័ន្ធ មិនគួរ​ណា​ធ្វើ​ឡើង​ដោយ​តក់ក្រហល់​បែប​នេះ​ឡើយ។«»

សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ដែល​របប​ក្រុងភ្នំពេញ​កំពុង​ធ្វើ​យ៉ាង​ប្រញាប់ប្រញាល់​នេះ ត្រូវ​បាន​អ្នកការពារ​សិទ្ធិមនុស្ស​វាយតម្លៃ​ថា ជា​ច្បាប់​គាបសង្កត់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ផ្ដល់​អំណាច​ច្រើន​លើសលប់​ដល់​រដ្ឋាភិបាល​។ ជាពិសេស​អ្នកការពារ​សិទ្ធិមនុស្ស​បារម្ភ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ងាយ​នឹង​ប្រើ​ច្បាប់​នេះ​ខុស​ទិសដៅ ដើម្បី​បង្ក្រាប​សំឡេង​ប្រឆាំង និង​សំឡេង​ឯករាជ្យ ដោយ​គ្រាន់តែ​យក​លេស​ថា ប្រទេសជាតិ​មាន​ភាព​អាសន្ន។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អេង ឆៃអ៊ាង មើលឃើញ​ថា វិបត្តិ​កូវីដ​-១៩ នេះ គឺជា​ឱកាស​ល្អ​បំផុត​ដែល​លោក ហ៊ុន សែន អាច​បង្កើត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដោយ​គ្មាន​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​។ លោក​យល់ថា លោក ហ៊ុន សែន ត្រូវការ​ច្បាប់​នេះ​ជា​ចាំបាច់ ដើម្បី​ទុក​ប្រើ​នៅ​ពេល​អំណាច​របស់​គាត់​រង​ការ​គំរាមកំហែង។ «»

លោក អេង ឆៃអ៊ាង ដែល​ជា​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ជាច្រើន​អាណត្តិ​មក​ហើយ​នោះ ជឿ​ថា សេចក្ដី​ព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ នឹង​ត្រូវ​បាន​អនុម័ត​ដោយ​គ្មាន​ការពិភាក្សា​ស៊ីជម្រៅ​ឡើយ ព្រោះ​អង្គ​នីតិប្បញ្ញត្តិ​នៅ​ស្រុក​ខ្មែរ​សុទ្ធសឹងតែ​ជា​ស្ថាប័ន​ចាំ​ប្រថាប់ត្រា​ឱ្យ​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល