លោក ហ៊ុន សែន ប្រាប់​លោក សម រង្ស៊ី ឱ្យ​ជិះ​យន្តហោះ​ពី​បារាំង​មក​កម្ពុជា​ដោយ​ផ្ទាល់

ដោយ ជី វិតា
2019-11-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញ​សារ​ឌឺដង​ដាក់​លោក សម រង្ស៊ី ឱ្យ​ជិះ​យន្តហោះ​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មកដល់​ប្រ​លាន​យន្តហោះ​ណាមួយ នៅ​កម្ពុជា​ដោយ​ផ្ទាល់ ដោយ​មិន​គួរ​ចុះចត​នៅ​ប្រទេស​ថៃ​នោះ​ឡើយ ប្រសិនបើ​មេ​បក្ស​ប្រឆាំង​រូប​នេះ ប្រកាន់​ជំហរ​ថា វិល​ចូល​ស្រុក​ដើម្បី​ចង់​ចាប់​រូបលោក នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ពិតប្រាកដ​មែន​នោះ​។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ថា​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​គ្រាន់តែ​ការ​បិទបាំង​ភាព​កំសាក​របស់​​របប​ក្រុងភ្នំពេញ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​ទី​០៧ វិច្ឆិកា​ថា ក្រុម​បក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នឹង​មិន​មក​ដល់​ប្រទេស​កម្ពុជា តាម​គម្រោងការ​របស់​ខ្លួន​នោះ​ទេ ព្រោះ​លោក​ដឹង​ថា មេ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​រូប​នេះ បាន​លើក​ពេល​ជិះ​យន្តហោះ ចេញពី​ទីក្រុង​ប៉ារីស​ទៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ទៅ​ក្រោយ​ថ្ងៃ​ទី​៩ វិច្ឆិកា វិញ។

លោក ហ៊ុន សែន បញ្ជាក់​ចំពោះ​មុខ​អង្គទូត​មួយ​ចំនួន ថា របប​លោក​នឹង​ប្រើ​គ្រប់​វិធានការ​ទាំងអស់ មិន​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល​ណាមួយ ដោយសារ​ក្រុម​បក្ស​ប្រឆាំង​បាន​ឡើយ៖ «ឥឡូវ​ធ្វើ​ឯង​ចូល​ស្រុក កប៉ាល់​ហោះ​មិន​ជិះ​ទេ ខ្លះ​ថា​ជិះ​កប៉ាល់​ហោះ ខ្លះ​ថា​ជិះ​កប៉ាល់ទឹក ទី​ចុង​បំផុត​អាហ្នឹង​ត្រឹម​ជិះ​ឆ្កែ​តើ ប៉ុន្តែ​ឆ្កែ​មិន​បាន​ជិះ​ទៅទៀត​។ ឥឡូវ​បងប្អូន​គិត​មើល មក​ថា​មក​ថ្ងៃ​៧ ដើម្បី​មកដល់​ថៃ​ថ្ងៃ​៨ ថ្ងៃ​៩​ចូល​មក។ ឥឡូវ​ដូរ​សំបុត្រ​យន្ត​ចេញ​ថ្ងៃ​៩ មក​សុវណ្ណ​ភូមិ​បាងកក​។ អ៊ីចឹង​! តើ​វា​យ៉ាង​មិច​ឥឡូវ​ហ្នឹង អ្នកគាំទ្រ​ទាំងឡាយ​។ បន្តិចទៀត​នឹង​ប្រកាស​ថា នឹង​មិន​មក​ទេ ដោយ​ប្រកាស​ថា ដោយសារ​ថៃ​មិន​ឱ្យ​ចូល​។ ចុះបើ​ថៃ​មិន​ឱ្យ​ចូល ចុះ​មិច​ក៏​មិន​ជិះ​យន្តហោះ ចុះ​នៅ​សៀមរាប ចុះ​នៅ​ភ្នំពេញ តែម្ដង​ទៅ​។ មិច​ក៏​មក​តាម​ហ្នឹង»

ទោះជា​មានការ​ប្រកាស​បើកផ្លូវ​ពី​លោក ហ៊ុន សែន បែបនេះ​ក្តី ក៏ប៉ុន្តែ អាកាសចរណ៍​ស៊ីវិល​កម្ពុជា បាន​ព្រមាន​ក្រុមហ៊ុន​យន្តហោះ​ចំនួន​៤៧ មិន​ឱ្យ​ដឹក​លោក សម រង្ស៊ី និង​មន្ត្រី​គណបក្សប្រឆាំង ចូល​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខនេះ​។ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ប្រឈមមុខ​ជាប់ទោស​ពី​បទ​ឧក្រិដ្ឋ។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ថា គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រក្សា​ដដែល ហើយ​គ្មាន​ការប្រែប្រួល​ដូច​លោក ហ៊ុន សែន និយាយ​នោះ​ទេ​។ លោក​ហៅ ការ​លើកឡើង​របស់​មេ​ដឹកនាំ​របប​ក្រុងភ្នំពេញ នៅ​ពេល​នេះ ថា​ជា​លេស​និយាយ​យករួចខ្លួន ដើម្បី​បិទបាំង​ភាព​កំសាក​របស់​ខ្លួន ដែល​ព្យាយាម​បិទ​គ្រប់​ផ្លូវ​ទាំងអស់ មិន​ឱ្យ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង និង​អ្នកគាំទ្រ​បាន​អាច​វិល​ចូល​ប្រទេស​វិញ​បាន។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ យល់ថា ប្រសិនបើ លោក ហ៊ុន សែន តាំង​ខ្លួន​ជា​បុរស​ខ្លាំង​មែន​នោះ គួរ​ណាស់​តែ​ហ៊ាន​ដក​បម្រាម​អាកាសចរណ៍​ស៊ីវិល ដក​កម្លាំង​ប្រដាប់​អាវុធ​ចេញ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ​-​ថៃ​ចេញ​ឱ្យ​អស់ ហើយ​បើក​ច្រក​ព្រំដែន​ឱ្យ​លោក សម រង្ស៊ី និង​អ្នកគាំទ្រ វិល​ចូល​កម្ពុជា​វិញ​ដោយ​សន្តិវិធី៖ «អ្នកណា​ក៏​ដឹង​ដែរ​ថា ពី​ប្រទេស​លោក​ខាងលិច​ទៅ ពី​ប្រទេស​អាមេរិក​ទៅ​ប្រទេស​កម្ពុជា​ហ្នឹង វា​អត់​មាន​ជើង​យន្តហោះ​ផ្ទាល់​ទេ​។ អត់​មាន​ក្រុមហ៊ុន​យន្ត​ហោះ​ណា​ដឹក​មនុស្ស​ពី​ប៉ារីស ទៅ​ដល់​ប្រទេស​កម្ពុជា​ផ្ទាល់​ទេ។ អាហ្នឹង​! គាត់​គ្រាន់តែ​និយាយ​បង្វែរ​ដាន ធ្វើ​គាត់​ជា​អ្នក​មិន​ខ្លាច​ការ​ចូល​ទៅកាន់​ប្រទេស​កម្ពុជា​វិញ របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ ប្រសិន​គាត់​ជា​អ្នក​ចិត្តសឿង គាត់​មិនបាច់​ហាមឃាត់​ទេ គាត់​បើក​ច្រក​ទាំងអស់​ទៅ ហើយ​ពួក​យើង​នឹង​ចូល​ទៅកាន់​កម្ពុជា អត់​ខ្លាច​លោក ហ៊ុន សែន ចាប់​ទេ​។ បាទ​! អាហ្នឹង បាន​ហៅ​ចិត្តសឿង»

គិត​ត្រឹម​ថ្ងៃ​ទី​០៧ វិច្ឆិកា នៅ​សល់តែ​២​ថ្ងៃ​ទៀត ដល់​ពេល​កំណត់ ដែល​លោក សម រង្ស៊ី ថា នឹង​វិល​ទៅ​កម្ពុជា​វិញ ដោយមាន​មន្ត្រី​បក្ស​ប្រឆាំង សមាជិកសភា​អឺរ៉ុប​មួយ​ចំនួន និង​ពលករ​ខ្មែរ​ពី​ក្រៅ​ស្រុក​អម​ដំណើរ​ផង គឺ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ត្រូវ​នឹង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល