ក្រសួងមហាផ្ទៃ​ថា នឹង​បន្ត​ចាប់ខ្លួន​អ្នកគាំទ្រ​បក្ស​ប្រឆាំង បើ​ពួកគេ​គាំទ្រ​គម្រោង​លោក សម រង្ស៊ី

ដោយ សុ ជីវី
2019-10-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស ខេង (ឆ្វេង) រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក ស ខេង (ឆ្វេង) រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
RFA

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​បន្ទរ​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា សមត្ថកិច្ច​នឹង​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ថែមទៀត ប្រសិនបើ​ពួកគេ​ធ្វើ​សកម្មភាព​គាំទ្រ​គម្រោង​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្សប្រឆាំង​។ អ្នកការពារ​សិទ្ធិមនុស្ស​ថា ចំណាត់ការ​របស់​អាជ្ញាធរ​លើ​សកម្មជន​បក្ស​ប្រឆាំង​ជា​រឿង​នយោបាយ ច្រើនជាង​ការអនុវត្ត​ច្បាប់។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​៩ តុលា​ថា ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ គឺ​ដោយសារ​ពួកគេ​គាំទ្រ​សកម្មភាព និង​ការ​ប្រកូក​ប្រកាស​របស់​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី​។ លោក​បន្ត​ថា ទង្វើ និង​ពាក្យ​សម្តី​របស់​លោក សម រង្ស៊ី គឺជា​អំពើ​ល្មើស​ច្បាប់ ហើយ​ចំណាត់​ការ​លើ​ក្រុម​អ្នកគាំទ្រ​មេ​បក្ស​ប្រឆាំង​រូបនេះ មិនមែន​​​​ជា​ការ​គំរាមកំហែង​សិទ្ធិ​បញ្ចេញមតិ​នោះ​ឡើយ៖ «បើ​គាត់​ធ្វើ​សកម្មភាព​គាំទ្រ​អ្វី​ដែល សម រង្ស៊ី បាន​សម្រេច​ចិត្ត បាន​ប្រកូក​ប្រកាស​ហ្នឹង នេះ​ជា​ការ​ខុសច្បាប់​។ ដូច្នេះ វា​មិនមែន​ជា​ការ​គំរាមកំហែង​ទៅលើ​សិទ្ធិ​បញ្ចេញមតិ ឬ​ស្អី​ទេ​។ គាត់​ធ្វើ​បំពាន​ច្បាប់ ការប្រមាថ​ព្រះមហាក្សត្រ ឬក៏​គាត់​ចង់​ធ្វើ​រដ្ឋប្រហារ តាមរយៈ​បដិវត្តន៍​ពណ៌»

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ បាន​ប្រកាស​ថា លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ដែល​ចំ​ថ្ងៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​។ លោក​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ក្រោក​ឡើង​ប្រឆាំងនឹង​ការដឹកនាំ​បែប​ផ្តាច់ការ​របស់លោក ហ៊ុន សែន និង​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​បង្វែរ​ចុង​កាណុង​សំដៅ​ទៅ​ក្រុម​មេទ័ព​វិញ បើ​ពួកគេ​បញ្ជា​ឱ្យ​បាញ់​ប្រហារ​ពលរដ្ឋ​ដែល​ទៅ​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​។ លោក សម រង្ស៊ី បាន​ថ្លែង​ទៀតថា ព្រះមហាក្សត្រ​ប​ច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន ហើយ​ការ​វិលត្រឡប់​របស់​លោក​នេះ ក៏​ដើម្បី​ទៅ​រំដោះ​ព្រះអង្គ​ចេញពី​កណ្ដាប់ដៃ​របស់​លោក ហ៊ុន សែន ផង​ដែរ។

ទោះជា​យ៉ាងណា ក្រុម​មន្ត្រី​របប​ក្រុងភ្នំពេញ និង​មេទ័ព​ស្មោះស្ម័គ្រ​នឹង​លោក ហ៊ុន សែន បាន​ចេញមុខ​ថ្កោលទោស​លោក សម រង្ស៊ី ជា​បន្តបន្ទាប់ និង​អះអាង​ថា ពួកគេ​បាន​ត្រៀម​រួចជាស្រេច​ដើម្បី​អនុវត្ត​តាម​បញ្ជា​ឱ្យ​ចាប់ខ្លួន ឬ​កម្ចាត់​លោក សម រង្ស៊ី និង​ក្រុម​អ្នកគាំទ្រ​។ ទន្ទឹម​នឹង​នេះ តុលាការ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​បាន​បង្កើន​ការ​កោះហៅ និង​ចាប់ខ្លួន​អ្នកគាំទ្រ​បក្ស​ប្រឆាំង បន្ទាប់ពី​ក្រសួងយុត្តិធម៌​ដែល​ជា​សេនាធិការ​របប​ក្រុងភ្នំពេញ​បាន​ចង្អុល​បង្ហាញ និង​សន្មត​ទុកជាមុន​ថា គម្រោង​វិលត្រឡប់​របស់​លោក សម រង្ស៊ី គឺជា​ផែនការ​ផ្លូវស្រួល​រដ្ឋាភិបាល។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ការ​ចាប់ខ្លួន និង​ចោទប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​នេះ ស្ថិត​ក្នុង​រូបភាព​នយោបាយ​ច្រើនជាង​ការអនុវត្ត​ច្បាប់​។ លោក​ពន្យល់​ថា ការ​បង្ហោះ​សារ​គាំទ្រ​មេ​បក្ស​ប្រឆាំង​ដូចដែល​ពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើ​​នោះ ជា​ការ​អនុវត្ត​សិទ្ធិ​នយោបាយ និង​ជា​សេរីភាព​បញ្ចេញ មិន​មែន​ជា​បទល្មើស​នោះ​ទេ​។ លោក​អំពាវនាវ​ដល់​គណបក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង ដោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ និង​ងាក​មក​គិត​រឿង​បញ្ហា​របស់​ជាតិ​វិញ ជាជាង​បន្ត​ហែកហួរ​គ្នា​បែបនេះ៖ «បើ​ការអនុវត្ត​ច្បាប់ ទាល់​តែ​មាន​ធាតុ​ផ្សំ​នៃ​បទ​ល្មើស​​គ្រប់គ្រាន់ មាន​មូលដ្ឋាន​គ្រប់គ្រាន់ ហើយ​វា​មាន​ព្យសន​កម្ម​កើតឡើង អា​ហ្នឹង​បាន​គេ​ចោទ​ទៅលើ​បញ្ហា​ផ្លូវច្បាប់ តាម​ក្រមព្រហ្មទណ្ឌ ហើយ​បើ​រឿង​ខ្លះ​មិន​​បង្ក​​ជា​​ភាព​វឹកវរ វា​មិន​បង្ក​ជា​ព្យសនកម្ម វា​មិន​អី អាហ្នឹង​វា​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​»។​

គិត​ត្រឹម​រសៀល​ថ្ងៃទី៩ ខែតុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣៦​នាក់​ហើយ ត្រូវ​របប​លោក ហ៊ុន សែន ចាប់ខ្លួន និង​ឃុំឃាំង​ក្នុង​ពន្ធនាគារ ចំណែក ចំនួន​សកម្មជន​ដែល​ត្រូវ​អាជ្ញាធរ​កោះហៅ និង​តាម​រក​ចាប់ខ្លួន​មាន​ចំនួន​ ១៧៩នាក់​ហើយ​។ ក្រៅ​ពី​នេះ​ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់​ទៀត បាន​រត់​ភៀសខ្លួន ដើម្បី​គេចចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពីរ​បប​ក្រុងភ្នំពេញ។

អ្នកវិភាគ​នយោបាយ​ចាស់​វស្សា​បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថា ការ​បង្ហោះ​សារ​គាំទ្រ​គម្រោង​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី គឺជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ មិន​មាន​អ្វី​ខុសច្បាប់​ឡើយ​។ លោក​បន្ថែម​ថា ប្រសិនបើ​របប​លោក ហ៊ុន សែន ចង់​ចាប់​ពលរដ្ឋ​បន្តបន្ទាប់​ទៀត​នោះ របប​នេះ​គួរតែ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ទើប​អាជ្ញា​ធរមាន​សិទ្ធិ​អំណាច​តាម​ផ្លូវ​ច្បាប់ អាច​ចាប់​មនុស្ស​ដែល​ជាប់​សង្ស័យ​ក្នុង​អំពើ​ល្មើសច្បាប់​បាន​តាម​អំពើ​ចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល