ជប៉ុន​ផ្ដល់​ជំនួយ​ជិត​៣៤​លាន​ដុល្លារ​ដល់​កម្ពុជា

ប្រទេស​ជប៉ុន ផ្ដល់​ជំនួយ​ឥត​សំណង​ជា​ទឹក​ប្រាក់​ជិត ៣៤​លាន​ដុល្លារ​អាមេរិក​មក​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន ៣ នៅ​ឆ្នាំ​២០១៣ នេះ។
ដោយ សុខ សេរី
2013-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២១-មីនា-២០១៣៖រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ជា​ឧប​នាយករដ្ឋមន្ត្រី លោក ហោ ណាំហុង (ស្ដាំ) ចុះ​ហត្ថលេខា​ទ្វេ​ភាគី​ជាមួយ​ឯក​អគ្គរាជទូត​ជប៉ុន​នៅ​កម្ពុជា លោក កូម៉ាម៉ារ៉ូ យ៉ូជី (Kumamaru Yuji) នា​រាជធានី​ភ្នំពេញ ដើម្បី​ទទួល​យក​ប្រាក់​ជំនួយ។
២១-មីនា-២០១៣៖រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ជា​ឧប​នាយករដ្ឋមន្ត្រី លោក ហោ ណាំហុង (ស្ដាំ) ចុះ​ហត្ថលេខា​ទ្វេ​ភាគី​ជាមួយ​ឯក​អគ្គរាជទូត​ជប៉ុន​នៅ​កម្ពុជា លោក កូម៉ាម៉ារ៉ូ យ៉ូជី (Kumamaru Yuji) នា​រាជធានី​ភ្នំពេញ ដើម្បី​ទទួល​យក​ប្រាក់​ជំនួយ។
Photo: RFA

គម្រោង​នោះ​មាន​ដូចជា ទី​១ គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​មន្ទីរ​ពេទ្យ​បង្អែក​នៅ​ខេត្ត​ព្រះសីហនុ ចំនួន​ជាង ១៤​លាន​ដុល្លារ​អាមេរិក។ ទី​២ គម្រោង​សាងសង់ និង​កែ​លំអ​រោងចក្រ​វារីអគ្គិសនី​ខ្នាត​តូច​នៅ​ខេត្ត​រតនគិរី ចំនួន​ជាង ១៣​លាន​ដុល្លារ​អាមេរិក និង​ទី​៣ គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បន្ទប់ និង​ឧបករណ៍​ពិសោធន៍​នៅ​វិទ្យាស្ថាន​បច្ចេកទេស​វិទ្យា​កម្ពុជា ចំនួន​ជាង ៦​លាន​ដុល្លារ​អាមេរិក។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧប​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា បាន​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​ជាមួយ​ឯក​អគ្គរាជទូត​ជប៉ុន នៅ​ប្រទេស​កម្ពុជា លោក កូម៉ាម៉ារ៉ូ យ៉ូជី (Kumamaru Yuji) នៅ​ឯ​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​ទទួល​យក​ប្រាក់​ជំនួយ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ក្រសួង​ការបរទេស​ក្រោយ​ពី​ចុះ​ហត្ថលេខា​ថា ជំនួយ​នេះ គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ប្រទេស​ជប៉ុន ជា​មិត្ត​ដ៏​ល្អ៖ «ជប៉ុន​ជា​ប្រទេស​មួយ​ដែល​ផ្ដល់​ជំនួយ​ច្រើន​ដល់​កម្ពុជា​យើង ហើយ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា​យើង។ ឆ្នាំ​នេះ​ជា​ខួប​លើក​ទី ៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន ក្រសួង​ការបរទេស​ជាមួយ​ស្ថានទូត​ជប៉ុន បាន​រៀបចំ​កម្មវិធី​ដើម្បី​ធ្វើ​សកម្មភាព​នានា ដើម្បី​រំលឹក​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​យើង​ទាំង​ពីរ​នេះ​ទៀត ហើយ​ទន្ទឹម​ហ្នឹង កម្ពុជា​ក៏​ជា​ប្រទេស​សម្របសម្រួល​របស់​អាស៊ាន ជាមួយ​ជប៉ុន​ដែរ»

ជាមួយ​គ្នា​នេះ ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​នៅ​ប្រទេស​កម្ពុជា លោក កូម៉ាម៉ារ៉ូ យ៉ូជី បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ដែរ​ថា ជំនួយ​នេះ​គឺ​ជា​ផ្នែក​មួយ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ៖ «នៅ​ក្នុង​ឱកាស​នៃ​ការ​ចុះ​ហត្ថលេខា​នេះ សម្រាប់​គម្រោង​សំខាន់​ចំនួន ៣ ខ្ញុំ​សង្ឃឹម​ថា គម្រោង​នេះ​អាច​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​រស់​នៅ​នៃ​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ការ​អនុវត្ត​គម្រោង​នេះ យើង​អាច​ពង្រឹង​ទំនាក់ទំនង​នៃ​ប្រទេស​យើង​ទាំង​ពីរ»

គេ​បាន​កត់​សំគាល់​ថា ការ​ចុះ​ហត្ថលេខា​ទទួល​ជំនួយ​ជា​ថ្មី​ពី​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​២១ ខែ​មីនា នេះ គឺ​ជា​ជំនួយ​ឥត​សំណង​ទ្រង់ទ្រាយ​ធំ​លើក​ទី​២ ក្រោយ​ពី​ការ​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១១ កន្លង​ទៅ ដើម្បី​ទទួល​ជំនួយ​ឥត​សំណង​ចំនួន ៥៤​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ និង​គម្រោង​បង្កើន​គុណភាព​បរិក្ខារ​អប់រំ​ផ្នែក​ធនធាន​រ៉ែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល