អាជ្ញាធរ​ខេត្ត​កណ្ដាល​ បន្ត​អះអាង​ថា យោធា​វៀតណាម​រើ​តង់​ចេញ​អស់​​ តែ​​អ្នក​ឃ្លាំ​មើល​​ទាមទារ​​​ចុះ​ទៅ​មើល​​ព្រំដែន​ផ្ទាល់

ដោយ មួង ណារ៉េត
2020-05-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ដែល​ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ ស្នងការដ្ឋាននគរបាល​ខេត្ត​កណ្ដាល​
នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ដែល​ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ ស្នងការដ្ឋាននគរបាល​ខេត្ត​កណ្ដាល​
រូប៖ នគរបាល​ជាតិ

អាជ្ញាធរ​ខេត្ត​កណ្ដាល នៅ​តែ​អះអាង​ថា យោធា​វៀតណាម​បាន​រុះរើ​តង់ ថយ​​​​ពី​តំបន់​កៀក​ព្រំដែន នៅ​ស្រុក​កោះធំ និង​ស្រុក​លើក​ដែក​ អស់​ហើយ​។ ប៉ុន្តែ​​ក្រុម​អ្នក​ឃ្លាំមើល​ មិន​​ជឿ​ការ​អះអាង​នេះ​ទេ។ ពួកគេ​ទាមទារ​ឲ្យ​អាជ្ញាធរ​ សម្រួល​ឲ្យ​អ្នក​នយោបាយ ​​យុវជន និង​ពលរដ្ឋ​ បាន​ចុះ​មើល​ផ្ទាល់​ដល់​ទីតាំង​ព្រំដែន ទើប​ជឿជាក់។

អភិបាល​ខេត្ត​កណ្ដាល លោក គង់ សុភ័ណ្ឌ ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៥ ឧសភាថា ​កង​កម្លាំង​​ប៉ូលិស​​ និង​​យោធា​ការពារ​ព្រំដែន​វរៈ ៦០១ ពិត​ជា​បាន​ថត អំពី​សកម្មភាព​វៀតណាម​រើ​តង់​ចេញ​​អស់​មែន​។ លោក អះអាង​ថា ​កង​ទ័ព​វៀតណាម បាន​រុះរើ​​​នៅ​​ចំណុច​​កៀក​ព្រំដែន​​​​​កម្ពុជា តាម​ការ​ស្នើសុំ​របស់​អាជ្ញាធរ​ខេត្ត​កណ្ដាល អស់​ហើយ៖ «វរៈ ៦០១ ហ្នឹង គឺ​គាត់​ថត​តាំង​ពី​វៀតណាម គាត់​រើ គាត់​អ្វី​ៗ​ហ្នឹង តង់​គាត់​ហ្នឹង ថត​យក​មក​ឲ្យ​យើង​ឃើញ ជាក់​ស្ដែង។ អ៊ីចឹង មក​ដល់​ម៉ោង​នេះ ចំណុច​ដែល​កៀកៗ ហ្នឹង គឺ​គាត់​បាន​រើ​ហើយ ហើយ​វា​នៅ​ដែល​ឆ្ងាយ​ពី​កន្លែង​យើង​ទៅ នៅ​ក្នុង​តំបន់​របស់​គាត់​នោះ​ទេ»

លោក​អភិបាល​ខេត្ត ប្រាប់​ថា ការ​រុះរើ​តង់​នោះ គឺ​ធ្វើឡើង​ភ្លាមៗ​តាម​លិខិត​ស្នើសុំ​ ឲ្យ​រុះរើ​​ជា​បន្ទាន់​​របស់​ភាគី​កម្ពុជា។​ លោក គង់ សុភ័ណ្ឌ ឲ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម បញ្ជាក់​ថា​ ការ​​បោះ​​តង់​កៀក​ព្រំដែន​នោះ គ្មាន​បំណង​អាក្រក់​ទេ គឺ​ដើម្បី​ទប់ទល់​ជំងឺ​​កូវីដ​១៩ (Covid-19) ប៉ុណ្ណោះ។

ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំមើល​ព្រំដែន អះអាង​​ថា វៀតណាម​មិន​ទាន់​រុះរើ​តង់​ចេញ​​ពី​តំបន់​ព្រំដែន​មិន​ទាន់​ឯកភាព​គ្នា​ទេ ខណៈ​​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ​ឲ្យ​ដឹង​ថា ត្រឹម​ថ្ងៃ​ទី​២២ ឧសភា ថា រដ្ឋាភិបាល​វៀតណាម ​មិន​ទាន់​ឆ្លើយ​តប​​កំណត់​ទូត​ របស់​កម្ពុជា ក្នុង​ការ​ទាមទារ​ឲ្យ​រុះ​តង់​ចំនួន​២៨ នៅ​តំបន់​ព្រំដែន​មិន​ទាន់​​ឯកភាព​គ្នា នៅ​ស្រុក​កោះធំ និង​ស្រុក​លើក​ដែក​ នៅ​ឡើយ​ទេ។

ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ និង​ជា​​​​មន្ត្រី​ប្រឹក្សា​ផ្ដល់​យោបល់​ឲ្យ​រដ្ឋាភិបាល លោក គង់ ម៉ូនីកា​​ បាន​បរាជ័យ ចុះ​ទៅ​មើល​ព្រំដែន​ នៅ​តំបន់​ភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ កាល​ពី​ថ្មីៗ​នេះ។ លោក គង់ ម៉ូនីកា ប្រាប់​ថា ទោះ​បី​លោក​មាន​​លិខិត​បេសកកម្ម​រដ្ឋបាល​​ក៏​ដោយ​ តែ​អាជ្ញាធរ​​ស្រុក​កោះ​ធំ មិន​អនុញ្ញាត​​ឲ្យ​​លោក ចូល​​ទៅ​មើល​​ដល់​​ព្រំដែន​ ដែល​មាន​ការ​សង្ស័យ​ថា វៀតណាម​បន្ត​បោះ​តង់​នោះ​ទេ ដោយ​សំអាង​ហេតុផល​ថា សមត្ថកិច្ច​មូលដ្ឋាន មិន​​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​របស់​​ខ្លួន​។ ម្យ៉ាង​ដោយសារ​ ទីតាំង​ព្រំដែន​នៅ​តំបន់​នោះ មិន​ទាន់​ឯកភាព​​បោះ​បង្គោល​​ត្រឹមត្រូវ ដូច្នេះ​ខ្លាច​យោធា​វៀតណាម​ចាប់​ចង ដោយ​​ចោទ​ថា ​ចូល​ទឹក​ដី​វៀតណាម។

ទោះ​យ៉ាងណាក្តី លោក គង់ ម៉ូនីកា សោកស្ដាយ​ចំពោះ​ការ​រារាំង​​នេះ ដោយសារ​ថា​ ព្រំដែន​កម្ពុជា​វៀតណាម នៅ​តំបន់​នោះ​ ខណ្ឌ​ដោយ​ព្រែក​ជ្រៃ​យ៉ាង​ធំ ដែល​លោក​មិន​អាច​ឆ្លង​បាន​ទេ​។ លោក​ អះអាង​ថា ​លោកទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ខ្មែរ​​នៅ​តំបន់​នោះ​​​​ថា តង់​​របស់​យោធា​វៀតណាម ​បាន​​ដក​តង់​​តែ​​៣​គត់ ក្នុង​ចំណោម​៩​តង់​ នៅ​តំបន់​ព្រែក​ស្បូវ​​ហើយ​ដក​តង់ គឺ​ថយ​តែ​៥​ទៅ​៦​ម៉ែត្រ​ទេ ដោយ​នៅ​កៀក​ព្រំដែន​ដដែល។

អ្នក​នយោបាយ​រូប​នេះ អះអាង​ថា នឹង​រក​វិធី​បន្ថែម​ទៀត ​​ចុះ​ទៅ​អង្កេត​​នៅ​ព្រំដែន​​​​ស្រុក​កោះធំ និង​ស្រុក​លើក​ដែក ឲ្យ​ទាល់​តែ​បាន​​។ លោក ​អំពាវនាវ​ឲ្យ​​រដ្ឋាភិបាល ​អាជ្ញាធរ​​​ព្រំដែន ត្រូវ​ធ្វើការ​ករណី​​នេះ ​ប្រកប​ដោយ​តម្លាភាព បើក​ចំហ​ឲ្យ​ពលរដ្ឋ​​​បាន​មើល​ និង​ចូលរួម​ការពារ​ទឹក​ដី​ទាំង​អស់​គ្នា៖ «សង្ឃឹម​ជឿជាក់​ថា រាជរដ្ឋាភិបាល នឹង​បើក​ទូលាយ​ឲ្យ​អ្នក​នយោបាយ ក៏​ដូចជា​ប្រជាពលរដ្ឋ និស្សិត​ផ្សេងៗ អាច​ទៅ​ស្វែង​យល់​ពី​បញ្ហា​ព្រំដែន​របស់​ខ្លួន បាន​ដោយ​មិន​មាន​ការ​រារាំង»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង បាន​ទេ នៅ​ថ្ងៃ​ទី២៥ ឧសភា ដោយសារ​ទូរស័ព្ទ​ចូល​ច្រើន​ដង លោក​ចុច​ផ្ដាច់​វិញ។

ប៉ុន្តែ លោក បាន​ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី២២ ឧសភា ថា កម្ពុជា​ កំពុង​រង់​ចាំ​ការ​ឆ្លើយ​តប​កំណត់​ទូត ពី​ភាគី​វៀតណាម។ កំណត់​ទូត​នោះ បាន​ផ្ញើ​ទៅ​រដ្ឋាភិបាល​វៀតណាម កាល​ពី​ថ្ងៃ​ទី១៣ ឧសភា ដោយ​​កម្ពុជា ស្នើសុំ​វៀតណាម ឱ្យ​រុះរើ​តង់ និង​យោធា ចំនួន ២៨កន្លែង ចេញ​ពី​តំបន់​កៀក​ព្រំដែន​ ដែល​មិន​ទាន់​ឯកភាព​គ្នា នៅ​ស្រុក​កោះធំ និង​ស្រុក​លើកដែក ព្រោះ​ទង្វើ​នេះ ជា​ការ​រំលោភ​​សន្ធិសញ្ញា​ព្រំដែន​គោក​ នៃ​ប្រទេស​ទាំង​២។ កម្ពុជា ក៏​ស្នើ​សុំ​វៀតណាម កុំ​ឲ្យ​មាន​ករណី​​បោះតង់ ដាក់​ទ័ព កៀក​ព្រំដែន​មិន​ទាន់​ឯកភាព​គ្នា ​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​ដែរ។

សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ជំរុញ​ឲ្យ​អាជ្ញាធរ​​ខេត្ត​កណ្ដាល​​បង្ហាញ​ការ​ពិត បើក​​ចំហ​ឲ្យ​ពលរដ្ឋ​ បាន​ចូលរួម​ មើល​​កន្លែង​វៀតណាម​ រុះរើ​តង់​ចេញ​ពី​ព្រំដែន​មិន​ទាន់​ឯកភាព​គ្នា ​ដើម្បី​ជា​សាក្សី ឲ្យ​ពលរដ្ឋ​ជឿ​ទុក​ចិត្ត​ទាំង​អស់​គ្នា។

លោក រ៉ុង ឈុន ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ គួរត្រូវ​លើក​ទឹក​ចិត្ត និង​ជួយ​​ពលរដ្ឋ ​​ឲ្យ​បាន​ទៅ​មើល​ព្រំដែន​​ផ្ទាល់ ដូច​ករណី​អាជ្ញាធរ​វៀតណាម​នាំ​កូនសិស្ស​ ចុះ​ទៅ​មើល​ព្រំដែនដែរ​​។ លោក​ថា អាជ្ញាធរ មិន​គួរ​លាក់បាំង​ និង​ហាម​ឃាត់​ទេ ព្រោះ​ពលរដ្ឋ​ ជា​អ្នក​​ចូលរួម​ការពារ​ទឹក​ដី អធិបតេយ្យ​ជាតិ៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ត្រូវ​តែ​លុប​ចោល​នូវ​​សន្ធិសញ្ញា​បំពេញ​បន្ថែម​ទៅ​លើ​សន្ធិសញ្ញា ឆ្នាំ​៨៥ (១៩៨៥)​ហ្នឹង ហើយ​បញ្ហា​ទាំង​អស់​ហ្នឹង ដាក់​ទៅ​ប្រទេស​ម្ចាស់​ហត្ថលេខី ទៅ​តាម​ ខ មួយ​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ស្ដីពី​បញ្ហា​កម្ពុជា​ហ្នឹង ថា បើ​សិន​ជា​​រដ្ឋាភិបាល​កម្ពុជា​យើង​មាន​អ្វី បញ្ហា​អ្វី នឹង​ប្រទេស​ជិត​ខាង ​មាន​ការ​រំលោភ​បំពាន​ ត្រូវ​លើក​បញ្ហា​ហ្នឹង ដាក់​ជូន​ទៅ​ប្រទេស​ម្ចាស់​ហត្ថលេខី។ យើង​ដឹង​ហើយ រដ្ឋាភិបាល​យួន ក៏​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី ទីក្រុង​ប៉ារីស​យើង​ផង​ដែរ»

កម្ពុជា និង​វៀតណាម ជាប់​ព្រំដែន​គោក ជាមួយ​គ្នា ប្រវែង ១.២៧០គីឡូម៉ែត្រ។ រដ្ឋាភិបាល​​ប្រទេស​ទាំង​ពីរ​ បាន​ឯកភាព​គ្នា បោះ​បង្គោល​ព្រំដែន បាន​ប្រមាណ ៨៤ភាគ​រយ ស្មើ​នឹង ៣១៤បង្គោល​ហើយ។ នៅ​សល់ ១៦ភាគ​រយ​ទៀត ជា​តំបន់​មិន​ទាន់​ឯកភាព​គ្នា និង​កំពុង​ស្នើសុំ​​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​ប្រទេស​​បារាំង ព្រោះ​បារាំង​ ធ្លាប់​ដាក់​អាណានិគម​ប្រទេស​ទាំង​ពីរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល