អ្នក​វិភាគ​ថា ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ជួប​លោក កឹម សុខា ម្ដង​ហើយ​ម្ដង​ទៀត គឺ​បង្ហាញ​ថា ប្រទេស​លោក​សេរី​ចង់​ឲ្យ​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ចូលរួម​ការ​បោះ​ឆ្នោត​វិញ

ដោយ ទីន ហ្សាការីយ៉ា
2020-10-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋអាមេរិក ជួប​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ នៅថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ២០២០។
លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋអាមេរិក ជួប​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ នៅថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក កឹម សុខា

ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋអាមេរិក លោក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បាន​ទៅ​ជួប​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ឯ​គេហដ្ឋាន​របស់​លោក នៅ​មួយ​ថ្ងៃ​មុន​ក្រុម​អង្គការ​សង្គម​ស៊ីវិល គ្រោង​នឹង​រៀបចំ​ខួប​លើក​ទី២៩ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី២៣ តុលា។

អ្នកវិភាគ​លើក​ឡើង​ថា តំណាង​ទូត​លោក​សេរី នៅ​តែ​ទៅ​ជួប​លោក កឹម សុខា ម្ដង​ហើយ​ម្ដង​ទៀត​នេះ គឺ​បង្ហាញ​ថា ប្រទេស​លោក​សេរី នៅ​តែ​ចាត់​ទុក​លោក កឹម សុខា គ្មាន​ទោស​កំហុស និង​ចង់​ឲ្យ​របប​ឯក​បក្ស​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ ដែល​ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផង និង​រដ្ឋធម្មនុញ្ញ​ផង។

អ្នក​វិភាគ​លើក​ឡើង​ថា ទោះ​បី​ជា​របប​ឯក​បក្ស​បាន​រំលាយ​គណបក្ស​ប្រឆាំង​ចោល​មាន​រយៈ​ពេល​ប្រមាណ ៣ឆ្នាំ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​សម្រាប់​សហគមន៍​អន្តរជាតិ​ប្រទេស​លោក​សេរី​វិញ នៅ​តែ​ទទួល​ស្គាល់​គណបក្ស​នេះ​ដដែល។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា ជំនួប​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក លោក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ដែល​ជា​តំណាង​ឲ្យ​ប្រទេស​មហា​អំណាច​នៃ​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា សហរដ្ឋ​អាមេរិក ឬ​ប្រទេស​លោក​សេរី ចង់​ឲ្យ​ប្រទេស​កម្ពុជា​អនុវត្ត​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​អនុវត្ត​តាម​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​ស្ដីពី​ជម្លោះ​នយោបាយ​នៅ​កម្ពុជា គឺ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ១៩៩១៖ «ប្រទេស​ប្រជាធិបតេយ្យ​នៅ​តែ​ឲ្យ​តម្លៃ​លើ​ការ​បោះ​ឆ្នោត​ដោយ​សេរី ហើយ​គេ​នៅ​តែ​ទទួល​ស្គាល់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត ដោយសារ​តែ​គណបក្ស​នេះ​មាន​ការ​ទទួល​ស្គាល់​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ស្ទើរ​ពាក់​កណ្ដាល​ប្រទេស»

ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​សរសេរ​នៅ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី២២ តុលា​ថា លោក​ឯក​អគ្គ​រដ្ឋ​ទូត​បាន​ជួប​លោក កឹម សុខា ដើម្បីធ្វើការឆ្លុះបញ្ចាំងពីខួបលើកទី២៩ឆ្នាំ នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ស្ថានទូត​សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា និង​សេចក្ដី​ប្រាថ្នា​ចង់​បាន​សន្តិភាព វិបុលភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ​ទៀត នៅ​ក្នុង​ជំនួប​នោះ ក៏​ជជែក​អំពី​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​ទឹក​ជំនន់​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​ដែរ។

ទាក់ទង និង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ជំនួប​រវាង​ឯក​អគ្គ​រដ្ឋទូត​អាមេរិក និង លោក កឹម សុខា នេះ គ្រាន់តែ​ជា​ការ​សួរ​សុខ​ទុក្ខ​ធម្មតា​ទេ។ រីឯ​ការ​រំលាយ​គណបក្ស​ប្រឆាំង​វិញ គឺ​ជា​ការ​អនុវត្ត​ទៅ​តាម​ច្បាប់​របស់​កម្ពុជា៖ «អ្នក​វិភាគ គាត់​និយាយ​ទៅ​តាម​មាន​និន្នាការ​ទៅ​បក្ស​ប្រឆាំង​ ព្រោះថា អតីត​គណបក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​កំពូល​បាន​រំលាយ​រួច​ទៅ​ហើយ គឺ​មាន​តែ​ប៉ុណ្ណឹង​តើ​ផ្លូវ​ច្បាប់

ទោះ​បី​ជា​បែប​នេះ​ក្ដី អ្នក​វិភាគ​នយោបាយ លោក គឹម សុខា លើក​ឡើង​ផ្ទុយ​ពី​ការ​អះអាង​របស់​លោក សុខ ឥសាន នេះ។ លោក គឹម សុខ អះអាង​ថា ប្រទេស​លោក​សេរី គេ​មើល​ឃើញ​លោក កឹម សុខា មាន​កំហុស​ដូច​ដែល​របប​លោក ហ៊ុន សែន ចោទ​ថា ក្បត់ជាតិ ហើយ​ឈាន​ទៅ​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​រំលាយ​គណបក្ស​ប្រឆាំង គឺ​ជា​ផែនការ​បន្ត​អំណាច​របស់​ត្រកូល ហ៊ុន ​តែ​ប៉ុណ្ណោះ ដោយ​លោក ហ៊ុន សែន មើល​ឃើញ​សក្ដានុពល​គណបក្ស​ប្រឆាំង​ទាញ​យក​អ្នក​គាំទ្រ​កាន់​តែ​ច្រើន​នៅ​ក្នុង​ឆ្នាំ២០១៧ នោះ៖ «ការ​លើក​ទឹក​ចិត្ត​នៅ​ក្នុង​ស្ថានភាព​លំបាក ហើយ​គេ​នៅ​តែ​គាំទ្រ​អ្នក​ប្រជាធិបតេយ្យ​ក្នុង​ការ​បង្រួបបង្រួម​គ្នា នៅ​ក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា​ដ៏​លំបាក​នេះ»

លោក កឹម សុខា វិញ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក ក្រោយ​ពី​ជួប​លោក​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី២២ តុលា ថ្លែង​អំណរ​គុណ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី២៣ ខែតុលា ឆកនាំ១៩៩១ ដែល​បាន​ផ្តល់​ជំនួយ​ដល់​រាជ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​សន្ធឹកសន្ធាប់​លើ​វិស័យ​នានា រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ លោក កឹម សុខា បន្ត​ថា ជំនួប​នេះ ក៏​ពិភាក្សា​គ្នា ផ្ដោត​អំពី​បញ្ហា​សិទ្ធិមនុស្ស សេដ្ឋកិច្ច សង្គម ជាពិសេស ផ្តោត​លើ​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​រាតត្បាត កូវីដ-១៩ បញ្ហា​គ្រោះ​ទឹក​ជំនន់​ និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ជា​ដើម។

លោក កឹម សុខា សរសេរ​បន្ត​ថា «បុណ្យ​ក៏​ធ្វើ ទាន​ក៏​ធ្វើ ទូត​ក៏​ជួប ដើម្បី​ប្រជាជាតិ​ខ្មែរ»។ លោក កឹម សុខា អះអាង​ថា លោក​បាន​ជួប​ឯក​អគ្គ​រដ្ឋ​ទូត​នេះ នៅ​បន្ទាប់​ពី​លោក បាន​ធ្វើ​បុណ្យ​កឋិនទាន​ និង​ចុះ​ជួប​ចែក​ជំនួយ​សប្បុរសធម៌​ ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់។ លោក​បន្ត​ថា ថ្ងៃ​នេះ​ជា​កិត្តិយស​លើក​ទីពីរ ដែល​លោក ប៉ាទ្រីក ម័រហ្វី ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ បាន​មក​ជួប​នៅ​គេហដ្ឋាន​របស់​លោក ក្នុង​ចំណោម​ជំនួប ៥លើក ក្នុង​រយៈ​ពេល​ប្រមាណ​មួយ​ឆ្នាំ​នៃ​បេសកកម្ម​របស់​លោក​នៅ​កម្ពុជា។​

លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​ឃុំ​ក្នុង​ផ្ទះ​ក្រោយ​រង​ការចោទប្រកាន់ ពី​បទ ​ក្បត់ជាតិ កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​កាល​ពី​ចុង​ឆ្នាំ​២០១៩ តុលាការ​បាន​បន្ធូរបន្ថយ​ការ​ត្រួតពិនិត្យ ដោយ​អនុញ្ញាត​ធ្វើដំណើរ​ក្នុង​ប្រទេស តែ​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ។ កាល​ពី​ពេល​ថ្មីៗ នេះ លោក កឹម សុខា បាន​ធ្វើ​សកម្មភាព​ចុះ​ប្រជាពលរដ្ឋ​ឡើង​វិញ ក្រោយ​ពី​តុលាការ​ធ្លាប់​បាន​ចេញ​លិខិត​ព្រមាន​កាល​ពី​ខែ​កក្កដា​មិន​ឲ្យ​លោក​ដើរ​ចុះ​ជួប​ពលរដ្ឋ។ សកម្មភាព​របស់​លោក កឹម សុខា ដើរ​ចុះ​ជួប​ពលរដ្ឋ​នេះ ដូចជា លោក ដើរ​ចុះ​ចែក​អំណោយ​ជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ និង​សកម្មភាព​ធ្វើ​បុណ្យ​ទាន​ជា​ដើម។ លោក កឹម សុខា មិន​បាន​ថ្លែង​សារ​នយោបាយ​អ្វី​នោះ​ទេ។

ថ្វីដ្បិត​តែ​លោក កឹម សុខា ហាក់​មាន​សេរីភាព​ដើរ​ហើរ​បាន​ជាង​ពី​ពេល​មុន​បន្តិច​ក្ដី ក៏​ប៉ុន្តែ​សមាជិក​គណបក្ស​របស់​លោក​មួយ​ចំនួន​វិញ ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់។ នៅ​ទន្ទឹម​នឹង​លោក កឹម សុខា ជួប​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​នៅ​ថ្ងៃ​ទី២២តុលានេះ សមត្ថកិច្ច​ខែត្រ​ត្បូង​ឃ្មុំ​បាន​ចាប់​ខ្លួន សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ខែត្រ​ត្បូង​ឃ្មុំ​ពីរ​រូប គឺ​លោក ស៊ូ យាន និង​លោក វណ្ណ សុផាត ។

ក៏​ប៉ុន្តែ​ក្នុង​ចំណោម​សកម្មជន​បក្ស​ប្រឆាំង​ទាំង​ពីរ​នាក់ ដែល​អាជ្ញាធរ​ខេត្ត​ត្បូង​ឃ្មុំ​ចាប់​ខ្លួន​នេះ សមត្ថកិច្ច​បាន​ដោះ​លែង​ម្នាក់​វិញ​ហើយ កាលពីព្រលប់ថ្ងៃទី២២តុលាដដែលនេះ គឺ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ក្រូច​ឆ្មារ លោក វណ្ណ សុផាត។ លោក វណ្ណ សុផាត ឲ្យ​អាស៊ី​សេរី​ដឹង​ក្រោយ​ពី​សមត្ថកិច្ច​ដោះ​លែង​ថា សមត្ថកិច្ច​បាន​តម្រូវ​ឱ្យ​លោក ផ្ដិត​មេដៃ ធ្វើ​កិច្ច​សន្យា​ហាម​មិន​ឱ្យ​ចូលរួម​រំលឹក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ តុលា ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រៀបចំ​ឡើង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ។ រីឯ​អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ លោក ស៊ួ យាន វិញ មក​ទល់​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​ដោះ​លែង​វិញ​នៅ​ឡើយ​ទេ។

ប្រពន្ធ​លោក ស៊ូ យាន គឺ​លោកស្រី ស្រី ស៊ាត ឱ្យ​អាស៊ី​សេរី​ដឹង​ថា ប៉ូលិស​ស្លៀក​ពាក់​ស៊ីវិល​មាន​គ្នា៦ នាក់ បាន​ចាប់​ប្តី​លោកស្រី​នៅ​ពេល​គាត់​កំពុង​ជិះ​ម៉ូតូឌុប​លោកស្រី​នៅ​តាម​ផ្លូវ។​ លោក​ស្រី​អះអាង​ថា ប៉ូលិស​បាន​វាយ​ប្តី​លោកស្រី​មួយ​ដៃ ពេញទំហឹង ចំ​សៀត​ផ្កា រួច​រុញ​ចូល​ក្នុង​រថយន្ត បើក​ចេញ​ទៅ​បាត់។ លោកស្រី​ថា រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ នៅ​មិន​ទាន់​ដឹង​ថា សមត្ថកិច្ច​បាន​នាំ​ខ្លួន​ប្តី​ទៅ​ឃុំ​ខ្លួន​នៅ​ទីណា​នៅ​ឡើយ​ទេ។

លោកស្រី​ចាត់​ទុក ទង្វើ​នេះ គឺ​ជា​រឿង​អយុត្តិធម៌​ម្ដង​ហើយ​ម្ដង​ទៀត ព្រោះ​ប្ដី​លោកស្រី ធ្លាប់​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​រួច​ហើយ ដោយសារ​រិះគន់​ប្រមុខ​រដ្ឋាភិបាល តាម​បណ្ដាញ​សង្គម៖ «គេ​មិន​និយាយ​អី​ទេ​គេ​រុញ​ប្ដី​ខ្ញុំ​ចូល​ឡាន​តែ​ម្ដង ប្ដី​ខ្ញុំ​ក្រាញ​មិន​ឱ្យ​ចាប់​គេ​វ៉ៃ​មួយ​កំផ្លៀង​ទះ​មួយ​ទំហឹង។ ខ្ញុំ​ខឹង​ហ្មង​អយុត្តិធម៌​ពេក​ប្ដី​ខ្ញុំ​មាន​ធ្វើ​អី​ណា ប្ដី​ខ្ញុំ​ជូន​ខ្ញុំ​ទៅពេទ្យ​តើ​ហេតុ​អី​ចាប់​ប្តី​ខ្ញុំ»

នេះ​ជា​លើក​ទីពីរ​ហើយ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​លោក ស៊ួ យាន។ កាល​ពី​ខែ​មេសា ឆ្នាំ ២០១៩ អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូង​ឃ្មុំ លោក ស៊ូ យាន ត្រូវ​បាន​តុលាការ​ខេត្ត​នេះ ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ តាម​បណ្ដឹង​របស់​ក្រុម​យុវជន​ស្រឡាញ់​សន្តិភាព ដែល​មាន​និន្នាការ​គាំទ្រ លោក ហ៊ុន សែន។ លោក​ទើប​ត្រូវ​តុលាការ​ដោះ​លែង​វិញ នៅ​ខែ​មេសា ឆ្នាំ ២០២០នេះ ក្រោយ​ពី​បាន​ជាប់​ពន្ធនាគារ ១ឆ្នាំ ដែល​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ជាតិ អន្តរជាតិ​ចាត់​ទុក​ថា ជា​រឿង​នយោបាយ។

សមត្ថកិច្ច​ចាប់​ខ្លួន​លោក ស៊ួ យាន នេះ នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ព្រមាន សកម្មជន​បក្ស​ប្រឆាំងកាលពីថ្ងៃទី២១តុលា ចំពោះ​អ្នក​ណា​ចូលរួម​រំលឹក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី២៣តុលានេះ ដោយ​លោក ហ៊ុន សែន ចោទ​ថា លោក សម រង្ស៊ី ជា​អ្នក​រៀបចំ​នៅ​ពី​ក្រោយ​ខ្នង។

ទោះ​បី​ជា​បែប​ណា​ក៏​ដោយ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា ពន្យល់​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដោយ​គ្មាន​ដីកា​ពី​តុលាការ ឬ​ពុំ​មែន​ជា​បទ​ល្មើស​ជាក់​ស្តែង គឺ​ជា​ទង្វើ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់៖ «បើ​មិនមែន​ជា​បទល្មើស​ជាក់​ស្ដែង​ទេ​ត្រូវតែ​បង្ហាញ​ដីកា​ត្រូវតែ​បង្ហាញ​មូលហេតុ​អំពី​ការ​ចាប់​ខ្លួន មិន​អាច​យើង​ទៅ​ចាប់ខ្លួន​គេ​តាម​ទីវាល​ឬ​តាម​ទីកន្លែង​គ្រប់​ហើយ អត់​មាន​បង្ហាញ​ពី​ហេតុផល និង​អត់​មាន​ការ​បង្ហាញ​ពី​ដីកា​ទៅ​ចាប់​ឆៅៗ អ៊ីចឹង​ទេ។ នេះ​គេ​ហៅ​ថា សកម្មភាព​មួយ​នៃ​ការ​ចាប់​ខ្លួន​ផ្ទុយ​នឹង​ច្បាប់​ហើយ»

ចាប់​តាង​ពី​ខែ​មករា ឆ្នាំ២០២០ មក មាន​សកម្មជន​គណបក្សប្រឆាំង ក្រុម​យុវជន អ្នក​ចម្រៀង​រ៉ែប និង ព្រះសង្ឃ​សរុប​ជិត ៤០នាក់​ហើយ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន និង​ដាក់​ឃុំ​នៅ​ពន្ធនាគារ។ តុលាការ​បាន​ចោទ​ប្រកាន់​អ្នក​ទាំងនោះ​ពី​បទ រួម​គំនិត​ក្បត់​ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​ជា​ដើម។

ទាក់ទង និង​បញ្ហា​នេះ អ្នក​វិភាគ​លើក​ឡើង​ថា ទាំង​សំណុំ​រឿង​លោក កឹម សុខា ទាំង​សំណុំរឿង​ចាប់​ចង​សកម្មជន​បក្ស​ប្រឆាំង​នេះ គឺ​ជា​រឿង​នយោបាយ ដែល​របប​លោក ហ៊ុន សែន បង្ក្រាប​សំឡេង​អ្នក​រិះគន់ និង​សំឡេង​ប្រឆាំង ដើម្បី​មហិច្ឆតា​អំណាច​របស់​ខ្លួន ហើយ​ទាញ​ប្រទេស​កម្ពុជា​ទៅ​ជា​ការ​ដឹក​នាំ​តាម​របប​ឯក​បក្ស និង​ផ្ដាច់ការ ដែល​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល