លោក កឹម សុខា ជួប​ជាមួយ​ឯក​អគ្គ​រាជទូត​ស៊ុយអែត ពិភាក្សា​អំពី​ដំណើរ​ការ​ប្រជាធិបតេយ្យ

ដោយ ខែ សុណង
2020-05-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​ឯក​អគ្គ​រាជទូត​ស៊ុយអែត លោក ប៊ីចន ហែគម៉ាឃ (Björn Häggmark) ពិភាក្សា​អំពី​ដំណើរ​ការ​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ២០២០។
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​ឯក​អគ្គ​រាជទូត​ស៊ុយអែត លោក ប៊ីចន ហែគម៉ាឃ (Björn Häggmark) ពិភាក្សា​អំពី​ដំណើរ​ការ​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក កឹម សុខា

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ជួប​ពិភាក្សា​ជាមួយ​ឯក​អគ្គ​រាជទូត​ស៊ុយអ៊ែត ប្រចាំ​កម្ពុជា អំពី​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​បញ្ហា​សំខាន់ៗ មួយ​ចំនួន​ទៀត។ អ្នក​តាមដាន​បញ្ហា​នយោបាយ​នៅ​កម្ពុជា​យល់ថា កាយវិការ​របស់​តំណាង​ទូត​ដែល​បណ្ដាក់​គ្នា​ចូល​ជួប មេ​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​នេះ គឺ​មាន​បំណង​ជំរុញ និង​គាំទ្រ​ឲ្យ​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច ជួប​ចរចា​គ្នា​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​ជាប់​គាំង។

មេបក្ស​ប្រឆាំង​លោក កឹម សុខា សរសេរ​សារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​យ៉ាង​ខ្លី​ថា ក្នុង​ជំនួប​ជា មួយ​ឯក​អគ្គ​រាជ​ទូត​ស៊ុយអែត លោក ប៊ីចន ហែគម៉ាឃ (Björn Häggmark) នៅ​ថ្ងៃ​ទី១៩ ខែ​ឧសភា ក្រៅ​ពី​ការ​សួរ​សុខ​ទុក្ខ គឺ​មាន​ការ​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា និង​ស្វែង​យល់​អំពី​ដំណើរ​ការ​ប្រជាធិបតេយ្យ វិស័យ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា។ លោក​បន្ថែម​ថា ​ភាគី​ទាំង​ពីរ ក៏​បាន​ផ្ដោះប្ដូរ​​យោបល់​គ្នា​យ៉ាង​ច្រើន ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ផង​ដែរ។

មេបក្សប្រឆាំងរូបនេះឲ្យដឹងដែរថា ក្នុងសប្តាហ៍នេះ លោកក៏នឹងទទួលជួបឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូតនៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសំខាន់ៗ មួយចំនួន​ទៀត ដែលមកពីទ្វីប​ផ្សេងៗ ដូចជា ទ្វីបអាស៊ី អ៊ឺរ៉ុប និងអាមេរិក។

តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ការដែលតំណាងទូតនានា បណ្តាក់គ្នាចូលជួបលោក កឹម សុខា ដល់ផ្ទះរបស់លោកជាបន្តបន្ទាប់នេះ ក្រោយមានជំនួបរវាង លោក កឹម សុខា និងលោក ហ៊ុន សែន កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ គឺបង្ហាញថា តំណាង​​ប្រទេស​ទាំងនោះ កំពុងតែព្យាយាមសម្របសម្រួលឲ្យភាគីទាំងពីរ បន្តជួបគ្នាទៀតនៅពេល ដ៏ខ្លី​ខាងមុខ ដើម្បីដោះស្រាយវិបត្តិនយោបាយ៖ «»

ចំណែកអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថា ជំនួបរវាងមេបក្សប្រឆាំង ជាមួយបណ្តាតំណាងទូតបរទេសនោះ គឺជារឿងធម្មតា គ្មានឥទ្ធិពលអ្វីដើម្បីដាក់សម្ពាធឲ្យគណបក្សកាន់អំណាច​ជួបចចារជាជាមួយគណបក្សប្រឆាំង ជាបន្តទៀតនោះទេ៖ «»

ក៏ប៉ុន្តែ លោក រ៉ុង ឈុន អះអាងថា ជំនួបរបស់លោក កឹម សុខា ជាមួយបណ្តាតំណាង​ប្រទេស​ប្រជាធិបតេយ្យធំៗទាំងនោះ គឺមិនមែនជារឿងសាមញ្ញដូចការលើកឡើងរបស់អ្នកនាំពាក្យបក្ស កាន់អំណាចនោះឡើយ៖ «»

អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរូបនេះ លើកឡើងថា ប្រសិនបើគណបក្ស កាន់អំណាចនៅតែរក្សាជំហររឹងទទឹងមិនព្រមវិលចូលតុចរចារទៀត គឺសហគមន៍អន្តរជាតិ នឹងបន្ត ដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើកម្ពុជា ដូចជាការដកហូតប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA របស់សហភាព​អឺរ៉ុប និងប្រព័ន្ធ GSP របស់សហរដ្ឋអាមេរិក។ លើសពីនេះទៀត កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុប ក៏បានដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេសលាង​លុយ​កខ្វក់ទៀត​ផង។ លោក រ៉ុង ឈុន យល់​​ថា ​ទណ្ឌកម្មទាំងអស់នេះ នឹងធ្វើឲ្យកម្ពុជាទទួលរង​វិបត្តិសេដ្ឋកិច្ច និងបញ្ហា​សង្គម​ធ្ងន់ធ្ងរ ខណៈកម្ពុជាកំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩ ស្រាប់ផងនោះ។

កាលពីសប្តាហ៍មុននេះ លោក កឹម សុខា បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតបរទេសចំនួន៤ រួម​មាន​អាល្លឺម៉ង់ បារាំង សហភាពអឺរ៉ុប និងអូស្ត្រាលី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល