មេធាវី​អះអាងថា លោក កឹម សុខា នៅតែ​បន្ត​ធ្វើការ​សកម្មភាព​ទាំងឡាយ​ដែល​តុលាការ​អនុញ្ញាត

ដោយ មួង ណារ៉េត
2020-08-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា (រូប​បង់ក​ក្រមា​ខ្នូត​ខៀវ) ប្រធាន​គណបក្សសង្គ្រោះជាតិ ចុះជួបពលរដ្ឋ នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្ត នៅ​ខែ​កក្កដា ឆ្នាំ​២០២០។
លោក កឹម សុខា (រូប​បង់ក​ក្រមា​ខ្នូត​ខៀវ) ប្រធាន​គណបក្សសង្គ្រោះជាតិ ចុះជួបពលរដ្ឋ នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្ត នៅ​ខែ​កក្កដា ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក​ Kem Sokha

បើ​ទោះ​ជាមួយ​រយៈ​នេះ​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា មិន​បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​ទី​សាធារណៈ ដូច​មុនៗ​ក្ដី​ក៏​មេធាវី​របស់​លោក​ឱ្យ​ដឹង​ថា លោក កឹម សុខា នៅតែ​បន្ត​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​តុលាការ​បាន​អនុញ្ញាត ដែល​ក្នុង​នោះ​ក៏​មាន​ធ្វើដំណើរ​តាម​បណ្ដា​ខេត្ត​ជួប​ពលរដ្ឋ​ដែរ​។ រីឯ​អ្នកវិភាគ យល់ថា ការ​រក្សា​ភាព​ស្ងៀមស្ងាត់​របស់​លោក កឹម សុខា មិន​ផ្ដល់​ផល​ចំណេញ​ដល់​លោក ក្នុងនាម​ជា​អ្នកនយោបាយ​នោះ​ទេ។

លោក​មេធាវី ចាន់ ចេន មាន​ប្រសាសន៍ថា លោក កឹម សុខា នៅតែ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន រួម​ទាំង​សិទ្ធិ​ធ្វើដំណើរ​ក្នុង​ប្រទេស​ដដែល លើកលែងតែ​ការ​ចេញ​ក្រៅ​ប្រទេស និង​សិទ្ធិ​ធ្វើ​នយោបាយ ដែល​តុលាការ​បាន​ហាមឃាត់​។ ទោះ​យ៉ាងណា លោក​មេធាវី មិនទាន់​អាច​បញ្ជាក់​បានទេ​ថា លោក កឹម សុខា នឹង​ធ្វើ​ដំណើរ​ទៅតាម​ខេត្ត​ទៀត ឬ​យ៉ាងណា​នោះ​ដែរ៖ «ដោយសារ​ខ្ញុំ​អត់ បាន​ជួប​គាត់​(​លោក កឹម សុខា​) ខ្ញុំ​ធ្វើ​អត្ថាធិប្បាយ​អី​អត់​កើត​ទេ​ណា ប៉ុន្តែ​ដូច​ជម្រាប​ប្រាប់​លោក​អ៊ីចឹង​អ្វី​ដែល​មិន​ស្ថិត​ក្នុង​បម្រាម​ជា​សិទ្ធិ​របស់​លោក»

កាល​ពី​អំឡុង​ខែ​កក្កដា លោក កឹម សុខា បាន​ធ្វើ​ដំណើរ​ទៅតាម​ខេត្ត​មួយ​ចំនួន បាន​ជួប​សួរសុខទុក្ខ​អតីត​សហការី​របស់​លោក ទៅ​កន្លែង​សក្ការ​មួយ​ចំនួន ធ្វើ​ពិធី​បួងសួង​សុំ​ក្ដី​សុខ ដើរ​មើល​ប្រាសាទ​បុរាណ ហើយ​លោក​ក៏បាន​ជជែក​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ផង​ដែរ។

ប៉ុន្តែ​ភ្លាមៗ​ក្រោយ​រូបថត​សកម្មភាព​របស់​លោក កឹម សុខា ចុះ​តាម​ខេត្ត ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រោងព្រាត ខាត​តុលាការ​ចាត់វិធានការ​ទប់ស្កាត់​ភ្លាម ដោយ​ចាត់ទុកថា​ជា​សកម្មភាព​នយោបាយ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ចៅក្រម កូយ សៅ បាន​ចេញ​លិខិត​មួយ​ព្រមាន​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ទទួល​របាយការណ៍​ពី​មន្ត្រី​នគរបាល​យុត្តិធម៌ ដែល​ទទួលបន្ទុក​តាម​ដាន លោក កឹម សុខា ឱ្យដឹងថា លោក កឹម សុខា បាន​ធ្វើ​សកម្មភាព​មួយ​ចំនួន ជាពិសេស​នៅ​តាម​បណ្ដា​ខេត្ត ដោយ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ និង​ប្រមូលផ្ដុំ​ជួបជុំ​អ្នកគាំទ្រ​របស់​ខ្លួន​ក្រោម​រូបភាព​ផ្សេងៗ។ លិខិត​ចុះ​កាលពី​ថ្ងៃ​ទី២០ ខែ​កក្កដា បន្ត​ទៀត​ថា សកម្មភាព​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ឈាន​ទៅ​ហួស​ព្រំដែន ឬ​នាំ​ទៅ​ដល់​ការ​បំពាន​លើ​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។

បើ​ទោះ​បី​ជា​តុលាការ​ឃុំខ្លួន​លោក កឹម សុខា ក្នុង​ផ្ទះ​ទៀត​ក៏ដោយ ក៏​តុលាការ​បាន​កម្រិត​ព្រំដែន ដោយ​មិន​អនុញ្ញាត​ឱ្យ​លោក​ធ្វើដំណើរ​ចេញទៅ​ក្រៅ​ប្រទេស និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ពាក់ព័ន្ធ​នឹង​សកម្មភាព​ជាច្រើន​ទៀត​របស់​លោក កឹម សុខា ដែល​តុលាការ​កំណត់​ថា ជា​សកម្មភាព​នយោបាយ។

លិខិត​ព្រមាន​របស់​លោក កូយ សៅ នោះ រង​ប្រតិកម្ម​ជាច្រើន​ពី​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា។ សហ​មេធាវី​មួយរូប គឺ​អ្នកស្រី ម៉េង សុភា​រី សរសេរ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី ភ្លាមៗ​ក្រោយ​ឃើញ​លិខិត​នោះ ថា លោក កឹម សុខា តែងតែ​គោរព​ច្បាប់ ទាំង​ពេល​កន្លង​មក ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ អ្នកស្រី​បន្ថែម​ថា លោក កឹម សុខា យល់ដឹង​ច្បាស់​ណាស់​នូវ​អ្វី ដែល​គាត់​មាន​សិទ្ធិ និង​អ្វី​ដែល​គាត់​មិន​មាន​សិទ្ធិ។ អ្នកស្រី​បន្ត​ថា លិខិត​មួយ​សន្លឹក​នោះ បញ្ជាក់​ជូន​សាធារណជន ទាំង​ជាតិ​និង​អន្តរជាតិ ឱ្យ​យល់ឃើញ​កាន់តែ​ច្បាស់​ហើយ ថា​លោក កឹម សុខា សូម្បីតែ​ច្បាប់​មិន​បាន​ហាមឃាត់​សិទ្ធិ​ដើរហើរ​ក្នុង​ប្រទេស ឬ​ជួប​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​រាប់អាន សម្ដែង​នូវ​ក្ដី​នឹក​រលឹក​គាត់ ឬ​ទៅ​កន្លែង​សក្ការបូជា ក៏​ត្រូវ​ទទួល​ការ​ក្រើនរម្លឹក ឬ​អាច ថា ជា​ការ​ផ្ដល់​ភ្លើង​លឿង​ភ្លាមៗ ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ផង​ដែរ។

ទោះជា​មាន​ប្រតិកម្ម​យ៉ាង​នេះ​ក្ដី ចាប់​ពី​ពេល​នោះ​មក គេ​មិន​បាន​ឃើញ លោក កឹម សុខា ឬ​មេធាវី លោក កឹម សុខា និង​មន្ត្រី​ដែល​នៅ​ស្និទ្ធ​នឹង​លោក កឹម សុខា បង្ហាញ​រូបភាព​នៃ​ការ​ធ្វើ​ដំណើរ​របស់​លោក កឹម សុខា ទៀត​នោះ​ទេ គិត​ត្រឹម​ថ្ងៃ​ទី៦ ខែ​សីហា។

ទោះជា​យ៉ាងណា ស្រប​ពេល​តុលាការ​ព្រមាន​លោក កឹម សុខា រឿង​ចេញទៅ​ទីសាធារណៈ​ជួប​ពលរដ្ឋ​នេះ លោក កឹម សុខា បាន​ទៅ​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) នៅ​ថ្ងៃ​ទី៦ សីហា​។ លោក ប៉ាទ្រីក ម័រ​ហ្វី សរសេរ​លើ​បណ្តាញ​ធ្វីតធ័រ (Twitter) ថា លោក​បាន​ពិភាក្សា​ជាមួយ​លោក កឹម សុខា អំពី​ខួប​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ក្នុង​នោះ​ក៏​រួមបញ្ចូល​ទាំង​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ផ្នែក​សេដ្ឋកិច្ច អំឡុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ផង​ដែរ​។ លោក ប៉ាទ្រីក ម័រហ្វី បញ្ជាក់​ទៀត​ថា លោក​តែងតែ​កោតសរសើរ​ចំពោះ​ភាព​រាប​សារ និង​ការ​លះបង់​របស់​លោក កឹម សុខា ចំពោះ​ប្រទេស​កម្ពុជា។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត សេង សារី យល់​ថា ក្នុង​ស្ថានភាព​នេះ លោក កឹម សុខា គឺ​មិន​ត្រូវ​បំពាន​បម្រាម​របស់​តុលាការ​នោះ​ទេ។ ប៉ុន្តែ លោក កឹម សុខា ក៏​មិន​គួរ​នៅ​ស្ងៀម​ដែរ ខណៈ​លោក​មាន​សិទ្ធិ​ដើរហើរ​ជួប​ពលរដ្ឋ​នោះ។ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ដដែល បន្ត​ថា អ្វី​ដែល​លោក កឹម សុខា ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ពេល​ធ្វើដំណើរ​ចេញ​ក្រៅ​លើក​នេះ ទាមទារ​ឱ្យ​អ្នក​ហែហម​អម​ដំណើរ​លោក មិន​ត្រូវ​ប្រើប្រាស់​សារ​នយោបាយ​តាម​បណ្ដាញ​សង្គម​ដែល​ករណី​នេះ​អាច​ធ្វើ​ឱ្យ​តុលាការ​ចោទប្រកាន់៖ «ក្នុង​មាន​ជា​អ្នកនយោបាយ​ជាពិសេស​ជា​អ្នកនយោបាយ​ដែល​មាន​ប្រជាប្រិយភាព ជា​អ្នកនយោបាយ​លេចធ្លោ​ក្នុងចំណោម​អ្នកនយោបាយ​ខ្មែរ​តែ​ប៉ុន្មាន​ហ្នឹង សម្រាប់​ខ្ញុំ​ការ​ការ​ស្ងប់ស្ងាត់​មិនមែន​ការ​ធ្វើ​នយោបាយ​បែប​អហិង្សា​ទេ ជា​ការ​ធ្វើ​នយោបាយ​បែប​ភ័យខ្លាច​ទៅ​វិញ ដូច្នេះ​ហើយ​យើង​គ្រាន់តែ​កុំ​បំពាន​នូវ​ច្បាប់​ទៅ កុំ​បំពាន​នូវ​បម្រាម​តុលាការ​ទៅ»

ប្រធាន​គណបក្ស​សង្គ្រោះជាតិ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​ឃុំ​ក្នុង​ផ្ទះ​ក្រោយ​រង​ការចោទប្រកាន់ ពី​ទោស​ក្បត់ជាតិ កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​កាល​ពី​ចុង​ឆ្នាំ​២០១៩ តុលាការ​បាន​បន្ធូរបន្ថយ​ការ​ត្រួតពិនិត្យ ដោយ​អនុញ្ញាត​ធ្វើដំណើរ​ក្នុង​ប្រទេស តែ​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ។ នៅ​ពេល​តុលាការ​ចេញ​លិខិត ព្រមាន​ពី​សកម្មភាព​ចុះ​តាម​បណ្ដា​ខេត្ត​នានា កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា លោក កឹម សុខា បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា លោក​នៅតែ​នឹករលឹក ចង់​ជួប ចង់​ស្ដាប់ និង​ចង់​និយាយ​ឆ្លើយឆ្លង​សួរសុខទុក្ខ​ជាមួយ​ពលរដ្ឋ នៅ​ទីកន្លែង​នានា​បន្ត​ទៀត ឱ្យ​តែ​មានឱកាស៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល