លោក កឹម សុខា ជាប់ឃុំ​បណ្ដោះអាសន្ន​២​ឆ្នាំ​ ដោយ​គ្មាន​ការ​ជំនុំជម្រះ​

ដោយ មួង ណារ៉េត
2019-09-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​លោក ហ៊ុន សែន ដែល​ជា​បុរស​ខ្លាំង​ខាង​អំពើ​ហិង្សា និង​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម បញ្ជា​ឱ្យ​ចាប់ខ្លួន​ទាំង​កម្រោល​ទាំង​កណ្ដាល​យប់ កាល​ពី​ពីរ​ឆ្នាំមុន។

លោក​ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន ក្នុង​ពន្ធនាគារ និង​បន្ត​ឃុំខ្លួន​ក្នុង​ផ្ទះ​នេះ គឺ​អស់​រយៈពេល ២ ឆ្នាំ​ហើយ រហូត​ម​ដល់​ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ២០១៩​នេះ។

ទោះបីជា​ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រឆាំង ដ៏​ធំ​ជាង​គេ ដែល​មាន​ប្រជាពលរដ្ឋ​បោះឆ្នោត គាំទ្រ​ជាង​បី​លាន​នាក់ លោក កឹម សុខា បាត់បង់​សេរីភាព​សព្វ​បែប​យ៉ាង សូម្បី​សិទ្ធិ​ជួប​រាស្ត្រ​ម្ចាស់​ឆ្នោត​របស់​លោក។

ថ្ងៃនេះ កាលពី​ពីរ​ឆ្នាំមុន គឺ​នៅ​ទាំង​កណ្ដាល​អធ្រាត្រ កាលពី​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២០១៧ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន ចាប់ខ្លួន យ៉ាង​កម្រោល និង​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ ដោយសារតែ​ការ​ថ្លែង​សារ​ជា​សាធារណៈ នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​អូស្ត្រាលី កាលពី​បួន​ឆ្នាំ មុន​ការ​ចាប់ខ្លួន​នេះ ដែល​កាលណោះ​លោក កឹម សុខា និយាយ​អំពី​ការ​ចង់​បាន​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ដោយមាន​ការ​ជួយ​គាំទ្រ​ពី​ពលរដ្ឋ​នៃ​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ ដូចជា​សហរដ្ឋអាមេរិក និង​កាណាដា​ជាដើម។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​លោក កឹម សុខា រង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។ លោក​ធ្លាប់​ជាប់​ពន្ធនាគារ​ពីមុន ដោយសារ​ហេតុផល​ស្រដៀង​គ្នា​នេះ​ដែរ​ ហើយក៏​លោក​ធ្លាប់​ត្រូវ​បង្ខំចិត្ត​បង្ខាំង​ខ្លួន នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​​ជាតិ ដោយ​មិន​ចេញ​ទៅ​ណា​រាប់​ខែ​។ លោក​ថា គេ​អាច​ចាប់​លោក​ដាក់គុក​បាន ប៉ុន្តែ គេ​មិន​អាច​ដាក់គុក មនសិការ​ស្នេហា​ជាតិ​របស់​លោក​បាន​ឡើយ៖ «សមរភូមិ​ទាមទារ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នេះ គឺ​វា​មាន​ភាព​តឹងតែង​ណាស់​! មានការ​លំបាក​ណាស់​! ប៉ុន្តែ​ការ​លំបាក​របស់​យើង​នេះ បើ​យើង​នៅតែ​ព្យាយាម តស៊ូ ខ្ញុំ​ជឿ​ថា យើង​នឹង​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ជាមិនខាន»

ផ្លូវ​ធ្វើដំណើរ​ក្នុង​ការ​ព្យាយាម និង​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​នេះ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ត្រូវ​ជាប់​មន្ទីរឃុំឃាំង ព្រោះតែ​ញាំញី​ទៅ​ដោយ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​លោក ហ៊ុន សែន ដោយ​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ ជា​ឧបករណ៍ ក្នុងការ​បង្ក្រាប​សំឡេង​បក្សប្រឆាំង។

លោក កឹម សុខា ចាប់ផ្ដើម​ជាប់ពន្ធនាគារ​ដំបូង នៅ​ថ្ងៃ​៣១ ខែធ្នូ ឆ្នាំ​២០០៥ ដោយ​ការប្តឹង​របស់​លោក ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍ ជុំវិញ​បដា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដែល​របប​លោក ហ៊ុន សែន ចោទ​ថា មាន​ខ្លឹមសារ​ប្រឆាំង​របប​នេះ។ បដា​នោះ​សរសេរ​ថា ​“​សន្លឹកឆ្នោត​ខ្ញុំ គឺ​អាយុជីវិត​ខ្ញុំ​” និង “​ខ្ញុំ​មិន​បោះឆ្នោត​ឱ្យ​គណបក្ស​ណា ដែល​បំភិតបំភ័យ​គំរាម​ប្រជាពលរដ្ឋ”។

កាលណោះ​លោក​នៅ​ធ្វើជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។ តាំង​ពី​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​ក្នុង​ខែ​តុលា ឆ្នាំ២០០២ លោក កឹម សុខា បាន​ចុះ​អប់រំ និង​ពន្យល់​ពលរដ្ឋ​ឱ្យ​យល់ដឹង អំពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​។ បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត លោក​ត្រូវ​ផ្សាយ​ការ​អប់រំ​អំពី​សិទ្ធិមនុស្ស​នេះ តាម​វិទ្យុ​ផង​ដែរ ដោយ​អប់រំ​ទាំង​ផ្លូវលោក និង​ផ្លូវ​ធម៌។ រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស មាន​អាជ្ញាប័ណ្ណ បើក​ស្ថានីយ​វិទ្យុ​ផ្ទាល់ខ្លួន​នោះ​ទេ​។ លោក កឹម សុខា ត្រូវ​ជួល​ម៉ោង​ផ្សាយ​តាម​វិទ្យុ​សំបុក​ឃ្មុំ ដើម្បី​ផ្សព្វផ្សាយ៖ «ខ្ញុំ​ចុះ​បង្រៀន និង​ពន្យល់​ប្រជារាស្ត្រ​តាម​ជនបទ វេទិកា​សាធារណៈ ចាប់ពី​ឆ្នាំ២០០២ មក ទៅ​គ្រប់​កន្លែង​។ ពេល​ខ្ញុំ​ទៅ​ធ្វើ​ការ​ដំបូង គណបក្ស​ប្រជាជន​លើកគ្នា​មក លើក​កៅអី​រក​វាយ​ខ្ញុំ​ទៀត ប៉ុន្តែ ខ្ញុំ​អត់​ថយ។ ប្រជារាស្ត្រ​អត់​ហ៊ាន​ទេ​ពី​ដើម អត់​ហ៊ាន​ចូលរួម​ទេ។ ម្តង ១០០នាក់ ឡើង​ទៅ ៣០០នាក់ ឡើង​ទៅ ៥០០នាក់ ឡើង​ទៅ ១.០០០នាក់ ឡើង​ទៅ​រាប់​សែន​នាក់ ដូច​សព្វថ្ងៃ​នេះ ដោយសារ​អ្វី គឺ​ដោយសារ​ការ​សន្សំ​របស់​យើង គឺ​បណ្ដុះ​ប្រជាពលរដ្ឋ»

ប៉ុន្តែ ការ​ធ្វើ​ដូច្នេះ ជា​គ្រោះថ្នាក់​ខ្លាំង ដល់​ការ​បន្ត​ក្រាញ​អំណាច​របស់​លោក ហ៊ុន សែន​។ លោក កឹម សុខា ត្រូវ​ជាប់​ពន្ធនាគារ​អស់​រយៈពេល ១៧​ថ្ងៃ ដោយសារតែ​បដា​ទិវា​សិទ្ធិមនុស្ស​នោះ ទម្រាំ​លោក ហ៊ុន សែន ព្រម​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​​នៅ​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ២០០៦​។ ក្រោយ​ការ​ដោះលែង​នេះ លោក កឹម សុខា បាន​ដឹកនាំ​ក្បួន​ដង្ហែ​ព្យុហយាត្រា​មួយ ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ពី​ភ្នំពេញ​ទៅ​វត្ត​ឧត្តុង្គ ក្នុង​ខេត្ត​កំពង់ស្ពឺ ដើម្បី​សុំ​សេចក្ដី​សុខ និង​សន្តិភាព។

ក្រោយ​ចេញ​ពី​គុក​ភ្លាម លោក កឹម សុខា ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដក​បទ​បរិហារកេរ្តិ៍ ចេញពី​បទល្មើស​ព្រហ្មទណ្ឌ។ ជា​លទ្ធផល រដ្ឋសភា​កម្ពុជា​បាន​ដក​បទ​បរិហារកេរ្តិ៍​នេះ ចេញ​ពី​បទល្មើស​ព្រហ្មទណ្ឌ​នៅ ឆ្នាំ​២០០៧​។ ប៉ុន្តែ​ច្បាប់​នោះ នៅតែ​ដាក់ទោស​ព្រហ្មទណ្ឌ​ដដែល ប្រសិនបើ​ជនល្មើស​គ្មាន​លុយ​បង់​ប្រាក់​ផាក​ពិន័យ។

បាន​ជាង​មួយ​ឆ្នាំ គឺ​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ២០០៧ លោក កឹម សុខា បាន​បង្កើត​គណបក្ស​នយោបាយ​មួយ ដាក់​ឈ្មោះ​ថា គណបក្ស​សិទ្ធិមនុស្ស ដែល​លោក​ធ្វើជា​ប្រធាន​។ ប្រាំ​ឆ្នាំ​ក្រោយមក​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក លោក កឹម សុខា ចាប់ដៃ​គ្នា​ជាមួយ​លោក សម រង្ស៊ី បង្កើត​គណបក្ស​សង្គ្រោះជាតិ ដោយ​ច្របាច់​គណបក្ស​ពីរ​បញ្ចូល​គ្នា គឺ​គណបក្ស​សិទ្ធិមនុស្ស និងគណបក្ស​ សម រង្ស៊ី។ ចាប់ពី​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១២ នោះ​មក ការ​ធ្វើទុក្ខបុកម្នេញ ផ្នែក​នយោបាយ ចាប់ផ្ដើម​យ៉ាង​​សន្ធាប់​ទៅលើ​លោក កឹម សុខា លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង។

ទោះជា​រង​ការ​ធ្វើទុក្ខបុកម្នេញ​ខ្លាំង គណបក្ស​សង្គ្រោះជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ជា​ប្រធាន និង​លោក កឹម សុខា ជា​អនុប្រធាន ឈ្នះ​អាសនៈ រដ្ឋសភា​ចំនួន ៥៥ ក្នុងចំណោម ១២៣អាសនៈ កាលពី​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣។

ការ​ធ្វើទុក្ខបុកម្នេញ មក​លើ​ជីវិត​នយោបាយ​របស់​លោក កឹម សុខា ចាប់ផ្ដើម​កាន់តែ​ខ្លាំង នៅ​កៀក​បោះឆ្នោត​ឃុំ​-​សង្កាត់។ នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០១៦ ពោល​គឺ​ប្រហែល ១៣​ខែ មុន​បោះឆ្នោត​ឃុំ​-​សង្កាត់​មក​ដល់ លោក កឹម សុខា បាន​បង្ខំចិត្ត​បង្ខាំង​ខ្លួន នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដើម្បី​សុវត្ថិភាព និង​តវ៉ា​ទៅ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​បទ​សញ្ចរកម្ម ដែល​អ្នកវិភាគ​យល់​ថា ជា​ការ​បង្កើត​ឡើង ដើម្បី​ធ្វើបាប​លោក កឹម សុខា។

តុលាការ​បាន​កាត់ទោស​លោក​ដោយ​កំបាំងមុខ ដោយ​ផ្ដន្ទាទោស​លោក​ឱ្យ​ជាប់ពន្ធនាគារ ៥ខែ និង ពិន័យ​ជា​ប្រាក់ ៨០ម៉ឺន​​រៀល ពី​បទ​មិន​ព្រម​បង្ហាញខ្លួន​នៅ​តុលាការ​។ ការ​ផ្ដន្ទាទោស​នោះ គឺ​ធ្វើ​ឡើង​ទាំង​លោក​នៅ​មាន​អភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ទៀត មាន​លោក អ៊ុំ សំអាន និង​សមាជិក​ព្រឹទ្ធសភា គណបក្សប្រឆាំង​លោក ហុង សុខហួរ ក៏​រង​ការ​ចាប់ខ្លួន និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគា​រ ទាំង​មាន​អភ័យឯកសិទ្ធិ​នេះ​ផង​ដែរ​។ លោក កឹម សុខា ហៅ​ទង្វើ​បែបនេះ​ថា ​ជា​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​ច្បាប់​កំពូល​របស់​ជាតិ៖ «យើង​ដឹង​ហើយ​ថា សព្វថ្ងៃ​នេះ ប្រពន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​ខ្ទេចខ្ទាំ​អស់ហើយ​។ គេ​វាយបំបាក់​ខ្ទេច​អស់ហើយ​។ គេ​រំលោភបំពាន​លើ​អភ័យឯកសិទ្ធិ​របស់​អ្នក​តំណាង​។ គេ​ចង់​ហៅ​អ្នកតំណាងរាស្ត្រ យក​ទៅ​កាត់ទោស​ពេល​ណា​ក៏បាន​។ គេ​ធ្វើទុក្ខបុកម្នេញ​យ៉ាងម៉េច​ក៏បាន​។ មាន​ន័យថា ប្រជាពលរដ្ឋ​ខ្មែរ​យើង ត្រូវ​គេ​វាយ​តំណាង​គាត់​ដួល​។ គេ​វាយ​តំណាង​គាត់ មានន័យថា គេ​វាយ​គាត់​។ ដូច្នេះ ខ្ញុំ​គិត​ថា​ប្រជាធិបតេយ្យ​តាមរយៈ​តំណាង​ស្ទើរ​តែ​រលំហើយ នៅតែ​ប្រជាធិបតេយ្យ​ដោយ​ផ្ទាល់ តែប៉ុណ្ណោះ»

លោក កឹម សុខា ទទួល​បាន​ព្រះរាជទាន​លើកលែង​ទោស ពី​ព្រះមហាក្សត្រ នៅ​ដើម​ខែ​ធ្នូ ឆ្នាំ២០១៦ ក្រោយ​លោក​បង្ខាំង​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​បក្ស​អស់​កន្លះ​ឆ្នាំ។

ចេញ​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ទីស្នាក់ការ មិន​ទាន់​បាន​ប៉ុន្មាន​ផង នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ នោះ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច ចាប់ខ្លួន​ម្ដងទៀត និង​បន្ត​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ ចម្ងាយ​ប្រហែល ១០​គីឡូម៉ែត្រ ពី​ព្រំដែន​វៀតណាម។

កាល​នៅ​ជាប់​ឃុំ​នៅ​ទីនោះ គណបក្ស​របស់​លោក ត្រូវ​បាន​លោក ហ៊ុន សែន រម្លាយ​បាន​សម្រេច ហាមឃាត់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ទាំងអស់ រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​សរុប ១១៨​រូប​មិន​ឱ្យ​ធ្វើ​នយោបាយ រយៈពេល​ប្រាំ​ឆ្នាំ រួចហើយ​រម្លាយ​តំណែង​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ជាប់ឆ្នោត របស់​គណបក្ស​សង្គ្រោះជាតិ​ទាំង ៥.០០៧​នាក់ មុននឹង​រៀបចំ​ការបោះឆ្នោត​បង្គ្រប់​កិច្ច ដែល​គណបក្ស​កាន់អំណាច​របស់​លោក ហ៊ុន សែន កើប​យក​អាសនៈ​ទាំង ១២៥ តែ​ម្នាក់​ឯង ដោយ​គ្មាន​គូប្រកួត។

លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នោះ ជា​តឹកតាង​បង្ហាញ​យ៉ាង​ច្បាស់​ថា ​របប​លោក ហ៊ុន សែន ប្រកាន់​របប​ដឹកនាំ​បែប​ឯក​បក្ស។ អ្វីៗ ​ត្រូវ​របប​លោក ហ៊ុន សែន យក​ទៅ​ក្ដោបក្ដាប់​ទាំងស្រុង​នៅ​ក្នុង​ដៃ​។ ទោះជា​យ៉ាង​នេះ​​ក្តី លោក កឹម សុខា នៅតែ​ជឿជាក់​លើ​កម្លាំង​ប្រជាជន ដែល​ស្រលាញ់​ប្រជាធិបតេយ្យ៖ «ខ្ញុំ​មិន​ខកចិត្ត បើសិនជា​គេ​ចាប់​ខ្ញុំ​ទៅ ខ្ញុំ​អស់​សេរីភាព ខ្ញុំ​ស្លាប់​ក៏ដោយ ឱ្យ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ការ​តស៊ូ ដើម្បី​ឆន្ទៈ​ប្រជាពលរដ្ឋ​តទៅទៀត ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​។ ប៉ុន្តែ បើ​សិន​គេ​ចាប់​ខ្ញុំ​ហើយ ខ្ញុំ​អស់​សេរីភាព​ហើយ ខ្ញុំ​បាត់បង់​អ្វីៗ​ អស់​ហើយ តែ​​ប្រជាពលរដ្ឋ​​បញ្ឈប់​​ការ​​តស៊ូ ឬ​ចុះ​ញ៉ម​នូវ​អំពើ​អយុត្តិធម៌ ខ្ញុំ​ខកចិត្ត»

លោក កឹម សុខា រក្សា​ស្មារតី​នៅ​រឹងមាំ ប៉ុន្តែ លោក​រង​ទុក្ខ​យ៉ាង​ដំណំ​ផ្ទាល់ខ្លួន ដោយ​ស្ថានភាព​សុខភាព របស់​លោក​ថមថយ​ខ្លាំង នៅ​ក្នុង​មន្ទីរឃុំឃាំង​ត្រពាំង​ផ្លុង​នោះ​។ បញ្ហា​សុខភាព​ធំៗ ​បី គឺ​ជំងឺ​ទឹក​នោមផ្អែម លើស​ឈាម និង​ឆ្អឹង​កៀប​សរសៃ ដែល​តម្រូវ​ឱ្យ​មានការ​ពិនិត្យ​ព្យាបាល ពី​គ្រូពេទ្យ​ឯកទេស ជាពិសេស​គ្រូពេទ្យ​នៅ​ប្រទេស​សិង្ហបុរី ដែល​លោក​ធ្លាប់​ទៅ​ពិគ្រោះ​ជំងឺ​ជាប្រចាំ កាល​មុន​ចាប់​ខ្លួន។

មេធាវី​របស់​លោក កឹម សុខា ដាក់ពាក្យ​សុំ​ឱ្យ​លោក កឹម សុខា បាន​នៅ​ក្រៅ​ឃុំ និង​អាច​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​ជំងឺ នៅ​ក្រៅ​ប្រទេស​បាន​។ ប៉ុន្តែ រាល់​សំណើ​របស់​ពួកគាត់ ត្រូវ​បាន​តុលាការ​របប​លោក ហ៊ុន សែន ទាត់ចោល ដោយ​សំអាង​ថា នៅ​ត្រពាំង​ផ្លុង ក៏​មាន​ពេទ្យ​ខ្មែរ​ដែល​ជំនាញ អាច​ព្យាបាល​ជំងឺ​លោក កឹម សុខា បាន​ដែរ​។ ទោះជា​យ៉ាង​នេះ​ក្តី លោក កឹម សុខា មិន​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​នោះ​ឡើយ។

សហគមន៍​អន្តរជាតិ ថ្កោលទោស​របប​លោក ហ៊ុន សែន ជុំ​ទិស​ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ប្រធាន​បក្ស​ប្រឆាំង និង​មន្ត្រី និង​សកម្មជន​ដទៃ​ទៀត​នៃ​បក្ស​នេះ​។ ស្ថាប័ន​អង្គការ​សហប្រជាជាតិ ផ្នែក​ការឃុំខ្លួន​តាម​ទំនើងចិត្ត ប្រកាសថា ការឃុំខ្លួន​លោក កឹម សុខា គឺធ្វើឡើង​តាមតែ​ទំនើងចិត្ត និង​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា និង​សងជំងឺចិត្ត​ដល់​លោក ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​ទាំងនេះ​។ សហភាព​អឺរ៉ុប ក៏បាន​យក​ករណី​ដោះលែង​លោក កឹម សុខា ធ្វើជា​លក្ខខណ្ឌ​មួយ ក្នុង​ចំណោម​លក្ខខណ្ឌ​ជាច្រើន ជា​ថ្នូរ​នឹង​ការ​មិន​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA

ក្រោយ​រង​សម្ពាធ​ទាំង​នេះ របប​លោក ហ៊ុន សែន បាន​ផ្ទេរ​ការឃុំខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង មក​ជាប់ឃុំ​ក្នុង​ផ្ទះ​វិញ​។ លោក​ត្រូវ​បាន​គេ​ដឹក​ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ទៅដល់​គេហដ្ឋាន​របស់​លោក​នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដោយ​ស្ងៀមស្ងាត់ នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ២០១៨ ក្រោយ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​អស់​ជាង ១ឆ្នាំ។

ស្ថានភាព​ជាប់ឃុំ​ក្នុង​ផ្ទះ គឺ​មិន​ខុសគ្នា​ពី​ស្ថានភាព​ជាប់ឃុំ​នៅ​ពន្ធនាគារ​នោះ​ប៉ុន្មាន​ឡើយ ព្រោះ​លោក កឹម សុខា គ្មាន​សិទ្ធិ​សេរីភាព​ក្នុង​ជីវភាព​នយោបាយ​អ្វី​ទាំងអស់​។ លោក​ត្រូវ​គេ​វាស់ដី​ឱ្យ​ដើរ​។ លោក​គ្មាន​សិទ្ធិ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ម្ចាស់​ឆ្នោត ឬ​មន្ត្រី និង​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ​។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា មួយ​រូប​គឺ​លោក ចាន់ ចេន ប្រាប់​អាស៊ីសេរី កាលពី​ចុង​​ខែ​សីហា​ថា រហូត​មក​ដល់​ពេល​នេះ ស្ថានភាព​សេរីភាព​របស់​លោក កឹម សុខា នៅតែ​រង​ការ​រឹត​បន្តឹង​យ៉ាង​តឹងរ៉ឹង​បំផុត​។ លោក​បន្ត​ថា សូម្បីតែ​ក្រុម​គ្រួសារ ជាពិសេស​ភរិយា​របស់​លោក កឹម សុខា ក៏​ត្រូវ​គេ​តាម​ដាន ថត​រូបភាព​បំភិតបំភ័យ​ដែរ។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ​។ ប៉ុន្តែ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អ្នក​បញ្ជា​ឱ្យ​ដឹកជញ្ជូន​លោក កឹម សុខា ចេញពី​ពន្ធនាគារ​ទាំង​យប់ និង​ខិតខំ​កែច្នៃ​ឱ្យ​ឃុំខ្លួន​នៅផ្ទះ​ស្របតាម​ច្បាប់ បើ​ទោះ​គ្មាន​ច្បាប់​ចែង​ក្តី លោក​ធ្លាប់​ថ្លែង​ថា ក្រុម​លោក​ជា​អ្នក​រៀបចំ​យ៉ាងណា ឱ្យ​លោក កឹម សុខា មិន​អាច​ចោទ​ថា សមត្ថកិច្ច​តាម​បំភ័យ​បំភ័យ​ទេ ព្រោះ​លោក​បាន​បញ្ជា​ឱ្យ​គេ​សរសេរ​លិខិត ឱ្យ​គេ​សរសេរ​លិខិត​ឱ្យ​លោក កឹម សុខា ចុះហត្ថលេខា​ឱ្យ​មើល​ទៅ​ឃើញ​ថា លោក កឹម សុខា ព្រម​ថា​លោក​ត្រូវ​ការ​កម្លាំង​ការពារ៖ «បើ​កម្លាំង​យើង​ដាក់​នៅផ្ទះ​កើត​ទេ ពីព្រោះ​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ​វា​អត់​មាន​ច្បាប់ តែ​យើង​ដាក់​ខុសច្បាប់​។ អ៊ីចឹង​មានតែ​គូស​រង្វង់​ផ្ទះ កឹម សុខា នៅ​ហ្នឹង​អ៊ីចឹង​ទៅ អា​រង្វង់​ផ្លូវ​ខាងជើង ខាងត្បូង ខាងលិច ខាងកើត ហ្នឹង​ប៉ុន្មានៗ អ៊ីចឹង​ទៅ ហើយ​យើង​ការពារ​ហ្នឹង​។ ដល់​អ៊ីចឹង វា​នៅ​ក្នុង​បរិវេណ​ខាងក្នុង ក្នុង​រង្វង់​ហ្នឹង​វា​ទូលាយ​ពេក ដល់​អ៊ីចឹង​យើង​រក​វិធី​មួយ​ថា ឥឡូវ​ចេះ​ព្រាង​សំបុត្រ​មួយ​ឱ្យ​ហើយ ដើម្បី​ធានា​សន្តិសុខ ដោយ​បញ្ហា​សន្តិសុខ អ៊ី​យ​ចឹ​ង​ទៅ ខ្ញុំ​សូម​ស្នើ​អគ្គស្នងការ​នគរបាល​ជាតិ ជួយ​រៀបចំ​ការពារ​សន្តិសុខ សុវត្ថិភាព​សម្រាប់​ខ្ញុំ ហើយ​យើង​យក​ទៅ ផាន គេ​យក​ទៅ​ចរចា ចរចា​ឯកភាព​។ ឯកភាព តែ​យើង​អត់​យក​ក្រដាស​វ៉ៃ​ពុម្ព​ហើយ​ទៅ​ទេ អក្សរ​កុំព្យូទ័រ អូស​ពី​កុំព្យូទ័រ ហើយ​ទៅ​ទេ ឱ្យ​សរសេរ​ដៃ។ ដំបូង​ដាក់​ថា ការពារ​គេហដ្ឋាន ហើយ​ដល់​បងប្អូន​រាយការណ៍​មក​ថា ឥឡូវ​គេ​សុំ​លុប​ពាក្យ​គេហដ្ឋាន​ហ្នឹង ខ្ញុំ​ថា​ក៏បាន​ដែរ​ឱ្យ​តែ​ការពារ​សន្តិសុខ​ហ្នឹង​បាន​ហើយ ការពារ​សន្តិសុខ​ហ្នឹង មិនមែន​២​គីឡូ​ទេ ការពារ​សន្តិសុខ​នៅ​ជាប់​ហ្នឹង ការពារ​បាន​។ អ៊ីចឹង​លុប​អា​ពាក្យ​ហ្នឹង មិនមែន​ថា ដាក់​នៅផ្ទះ​មិន​បាន​ណា ដើម្បី​ការពារ​សន្តិសុខ​ដាក់​នៅ​ហ្នឹង​ផ្ទះ​ហ្នឹងហើយ​។ មាន​អី គាត់​អត់​ចោទ​យើង​កើត​ទេ ពីព្រោះ​អី គាត់​អ្នក​សុំ​កម្លាំង​ការពារ ព្រោះ​ច្បាប់​យើង​អ៊ីចឹង ច្បាប់​យើង​អត់​មាន​ឱ្យ​ឃុំខ្លួន​នៅផ្ទះ​ផង»

ចំណែក​ឯ​ស្ថានភាព​ជំងឺ​របស់​លោក កឹម សុខា ក៏​មិនបាន​ប្រសើរ​ឡើង​នោះ​ដែរ ដោយសារតែ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នេះ​។ លោក​មេធាវី ចាន់ ចេន បញ្ជាក់​ថា ជំងឺ​របស់​លោក កឹម សុខា នៅតែ​មិន​ទទួល​បាន​ការពិនិត្យ និង​ព្យបាល​នៅ​ឡើយ។

ការ​បន្ត​ឃុំខ្លួន​លោក កឹម សុខា បាន​អូសបន្លាយ​ពេល​ពីរ​ឆ្នាំ​ទៅ​ហើយ ដោយ​គ្មាន​ជំនុំជម្រះ​ក្តី​អ្វី​សោះ​ឡើយ បើ​ទោះ​បី​ជា​ច្បាប់​អនុញ្ញាត​ឱ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ មិន​ឱ្យ​ហួស​ពី ១៨ខែ​​​ក៏ដោយ​។ ជាង​នេះ​ទៅ​ទៀត សំណុំ​រឿង​នេះ ហាក់​នៅ​ជាប់​គាំង​មួយ​កន្លែង ដោយ​គ្មាន​កាលកំណត់​ជាក់លាក់​ថា ​នឹង​បញ្ចប់​ថ្ងៃ​ណា​នោះ​ឡើយ​។ រហូត​មក​ដល់​ពេល​នេះ តុលាការ​ក៏​មិនបាន​កោះហៅ​សាក្សី ដែល​ជា​រដ្ឋ​បរទេស ដូចជា​សហរដ្ឋអាមេរិក ដែល​តុលាការ​របប​លោក ហ៊ុន សែន ចោទ​លោក កឹម សុខា ថា​បាន​ឃុបឃិត​គ្នា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ដែរ។

អ្នកគាំទ្រ​បក្ស​ប្រឆាំង​នៅក្រៅ​ប្រទេស បន្ត​ធ្វើ​បាតុកម្ម​ជា​ហូរហែ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ​។ ចំណែក​ឯ​សហភាព​អឺរ៉ុប ក៏​កំពុង​បន្ត​នីតិវិធី​ដំណាក់កាល​ទី​ពីរ ដែល​ឈាន​ទៅ​សរសេរ​របាយការណ៍​សន្និដ្ឋាន​បឋម អំពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​របាយការណ៍​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី១២ ​ខែ​វិច្ឆិកា​ខាងមុខ​។ បើ​ស្ថានភាព​សិទ្ធិមនុស្ស នៅតែ​មិន​ប្រសើរ​ដូច​បច្ចុប្បន្ន សភាព​អឺរ៉ុប​នឹង​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ឆ្នាំក្រោយ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ សមាជិកសភា​អាមេរិក ក៏​កំពុង​ពន្លឿន​សេចក្ដី​ព្រាង​ច្បាប់ ដើម្បី​ដាក់ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន និង​ឈាន​ទៅ​សើរើ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP របស់​អាមេរិក​ដែរ បើ​ស្ថានការណ៍​នៅ​កម្ពុជា នៅ​តែ​មិន​ប្រសើរ។

លោក កឹម សុខា កាល​លោក​នៅ​មាន​សេរីភាព អាច​ផ្ដល់​បទ​សម្ភាស​ឱ្យ​អាស៊ីសេរី​បាន លោក​ធ្លាប់​បញ្ជាក់​ថា លោក​មិន​អស់​សង្ឃឹម​ទេ​។ លោក​នៅតែ​ជឿជាក់​ថា ការ​តស៊ូ​ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​មួយ នឹង​ទទួលជោគជ័យ នៅ​ថ្ងៃ​ណាមួយ​ជាក់​ជា​មិន​ខាន៖ «ខ្ញុំ​ស្គាល់​ច្បាស់​ពី​ច្បាប់​ធម្មជាតិ​។ គ្មាន​ស្អី​អមត​ទេ​។ ការ​អត់​អមត​នេះ មិនមែន​តែ​ពួក​ខ្ញុំ​អ្នករងគ្រោះ​ទេ អ្នក​ដែល​រំលោភ​លើ​ខ្ញុំ​ក៏​មិនមែន​អមត​នោះ​ដែរ»

ទោះ​យ៉ាង​នេះ​ក្តី លោក កឹម សុខា សរសេរ​សារ​តាម​ហ្វេសប៊ុក ពី​កន្លែង​ជាប់ឃុំ​ក្នុង​គេហដ្ឋាន​របស់​លោក កាលពី​ចុងខែ​មិថុនា​ថា មិន​ថា​រង​ទុក្ខ ឬ​ការ​ធ្វើ​បាប​តាម​រូបភាព​ណា​នោះ​ទេ លោក​គ្មាន​ទេ ពាក្យ​ថា ​ស្ដាយក្រោយ ចំពោះ​អ្វី​ដែល​លោក​បាន​បូជា​ជូន​ជាតិ ប្រជាពលរដ្ឋ ដើម្បី​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព អធិបតេយ្យភាព និង​ការផ្សះផ្សា​ជាតិ។

លោក​បន្ត​ទៀត​ថា ទោះបី​មាន​ឧបសគ្គ​យ៉ាងណា បើ​ដរាបណា​ព្រះអាទិត្យ​នៅតែ​រះ សូម​ប្រជា​ជាតិខ្មែរ​ជឿ​ចុះ​ថា លោក​នៅតែ​ភ្ញាក់​ឡើង ទន្ទឹង​រង់ចាំ​ថ្ងៃ ដែល​បាន​ជួបជុំ និង​បម្រើ​ជាតិខ្មែរ​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល