ភាគី​ពាក់ព័ន្ធ​ឱ្យ​លោក កឹម សុខា ពន្យល់​ពី​ពាក្យ​ផ្លាស់ប្ដូរ​ក្នុង​សវនាការ​សាលាដំបូង

ដោយ មួង ណារ៉េត
2020-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
RFA

សវនាការ​ជម្រះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សវនាការ​សប្ដាហ៍​ទី​៣ ​ថ្ងៃ​ទី​២​ នេះ​ តុលាការ​ប្រើ​ពេល​តែ​រយៈពេល​មួយ​ព្រឹក​ប៉ុណ្ណោះ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា​​។ ក្នុង​សវនាការ​នេះ មាន​ការ​ចោទសួរ លោក កឹម សុខា ពី​ពាក្យ​ផ្លាស់ប្ដូរ ពាក្យស្លោក​មួយ​ចំនួន​ទៀត ​ដែល​​លោក កឹម សុខា តែងតែ​​ប្រើប្រាស់​ជា​សារ​នយោបាយ​នា​ពេល​កន្លង​មក។

ក្នុង​សវនាការ​នា​ពេល​កន្លង​​​មក លោក កឹម សុខា បាន​ពន្យល់​ប្រាប់​តុលាការ​ថា លោក​បាន​រៀន​ទ្រឹស្ដី​ និង​ការអនុវត្ត​ពី​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ ដែល​មិនមែន​ជា​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​ការ​បដិវត្តន៍​ពណ៌ ឬ​ដោយ​អំពើ​ហិង្សា​នោះ​ទេ​។ លោក កឹម សុខា ក៏បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​មុន​ពេល​ចេញ​ទៅ​តុលាការ​ថា មាន​ការ​ចោទប្រកាន់​ដោយ​យកពាក្យ​ផ្លាស់ប្ដូរ​ដែល​លោក​តែងតែ​និយាយ​នា​ពេល​កន្លងមក ដោយ​ពួកគេ​ចាត់ទុកថា ពាក្យ​នេះ​គឺជា​ការ​ផ្តួល​រំលំ និង​ការ​ធ្វើ​បដិវត្តន៍​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ការចោទប្រកាន់​បែបនេះ​អាច​ជា​ការ​ភ័ន្តច្រឡំ និង​មិនទាន់​យល់​ពី​អត្ថន័យ​​ពាក្យ​ផ្លាស់ប្ដូរ​ក្នុង​សង្គម​ប្រជាធិបតេយ្យ៖ «គឺ​យើង​បាន​បញ្ជាក់​ហើយ​ថា ការ​ផ្លាស់ប្តូរ​តាមរយៈ​ការ​បោះឆ្នោត​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ ប៉ុន្តែ​ជា​ការ​យល់​ប្រ​ឡំ ឬ​មិន​យល់​គ្នា​យ៉ាង​ម៉េច​ណា​យើងខ្ញុំ​ផ្លាស់ប្ដូរ ប៉ុន្តែ​គេ​ថា​ ជា​ការ​ធ្វើ​បដិវត្តន៍​ទៅវិញ»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ដែល​បាន​ចូល​ឃ្លាំមើល​សវនាការ​នេះ​សង្កេត​ឃើញ​ថា ការ​ពន្យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ផ្លាស់ប្ដូរ​របស់​លោក កឹម សុខា ដែល​លើក​ឡើង​ថា ជា​ការ​ផ្លាស់ប្ដូរ​តាមរយៈ​ការបោះឆ្នោត​គឺ​ដូចគ្នា​ទៅ​នឹង​សកម្មភាព​របស់​លោក កឹម សុខា ដែល​បាន​ធ្វើ​នា​ពេល​កន្លងមក​ដែរ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់ថា នៅ​ក្នុង​សង្គម​​ប្រជាធិបតេយ្យ​ពាក្យ​ផ្លាស់ប្ដូរ​គ្មាន​អី​ធ្ងន់ធ្ងរ​នោះ​ទេ៖ «ពាក្យ​ហ្នឹង​ជា​ពាក្យ​ធម្មតា​មិនមែន​ធ្វើ​ឱ្យ​ប៉ះពាល់​យើង​មើល​ឃើញ​ថា អ្វី​ដែល​(​លោក កឹម សុខា​) លើកឡើង​ព្យាយាម​ពន្យល់​គឺ​គាត់​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា ក្នុង​ការ​ធ្វើ​គឺ​អហិង្សា តាមរយៈ​ការបោះឆ្នោត តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​អី​ជាដើម»

ការ​សួរ​ដេញ​ដោយ​នៅ​ថ្ងៃ​នេះ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បាន​ចោទសួរ​លោក កឹម សុខា នូវ​សំណួរ​ជាច្រើន​ពាក់ព័ន្ធ​លុយ​ជំនួយ​នានា ជាពិសេស​គឺ​ជំនួយ​របស់​សហរដ្ឋអាមេរិក​រួមមាន​៖ វិទ្យាស្ថាន IRI វិទ្យាស្ថាន NDI និង​USAID ជាដើម កាល​ពី​លោក កឹម សុខា ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​សួរ​ជជីក​ចង់​ដឹង ឫសគល់​ពី​ប្រភព​ថវិកា​របស់​គណបក្ស​សិទ្ធិមនុស្ស​ដែល​កាលនោះ​លោក កឹម សុខា ជា​ប្រធាន។

ទាក់ទង​ចំណុច​នេះ លោក កឹម សុខា ប្រាប់​អ្នកសារព័ត៌មាន​ថា ជំនួយ​ដែល​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា​មនុស្ស​ទទួល​បាន​គឺ​ស្របច្បាប់​។ លោក​បន្ត​ថា ម្ចាស់​ជំនួយ​នានា​រួមមាន វិទ្យាស្ថាន​IRI NDI មិនមែន​ជួយ​តែ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ទេ គឺ​អង្គការ​ផ្សេងៗ​ទៀត​ក៏​គេ​ជួយ​ដែរ៖ «គេ​មិនមែន​មក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ដែល​ខ្ញុំ​ដឹកនាំ​ទេ គេ​ជួយ​ទៅ​អង្គការ​ផ្សេងៗ​ទៀត ភ្នាក់ងារ​ជំនួយ​អន្តរជាតិ​ហ្នឹង​គេ​មាន​ចុះបញ្ជី គឺ​មាន​ទូត​គេ​នៅ​កម្ពុជា ហើយ​គេ​មាន​កិច្ច​សហប្រតិបត្តិការ​មិន​មែន​ជួយ​តែ​អង្គការ​រដ្ឋាភិបាល​ទេ គេ​ជួយ​ស្ថាប័ន​ខ្លះ​របស់​រដ្ឋាភិបាល​ទៀត​ផង»

លោក កឹម សុខា បញ្ជាក់​ទៀត​ថា គណបក្ស​សិទ្ធិមនុស្ស​កើត​ពី​ពលរដ្ឋ​ខ្មែរ និង​ទទួល​បាន​ថវិកា​ពី​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​នេះ។ តុលាការ​នឹង​បន្ត​ជំនុំជម្រះ​បន្ត​ទៀត នៅ​ថ្ងៃ​ទី៥ ទី៦ ខែ​កុម្ភៈ ដែល​ជា​ថ្ងៃ​តុលាការ​កំណត់​យក​រៀង​រាល់ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ធ្វើការ​ជំនុំជម្រះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល