អាជ្ញាធរ​នៅ​កំពង់ចាម​រង​ការ​ចោទ​ថា​រើសអើង​លើ​អ្នក​រង​គ្រោះ​ដោយ​ទឹក​ជំនន់

ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ត្អូញត្អែរ​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​ភូមិ​ដែល​មាន​ការ​រើសអើង​ចំពោះ​ប្រជាជន​ដែល​មាន​និន្នាការ​នយោបាយ​ទៅ​រក​គណបក្ស​ប្រឆាំង។
ដោយ សូត សុខប្រាថ្នា
2013-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២២-កញ្ញា-២០១៣៖ ប្រជាពលរដ្ឋ​នៅ​ឃុំ​ទន្លេបិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ធ្វើ​ដំណើរ​តាម​ទូក​ចូល​គេហដ្ឋាន​វិញ បន្ទាប់​ពី​ទឹក​ជំនន់​ជន់​លិច​ផ្លូវ។
២២-កញ្ញា-២០១៣៖ ប្រជាពលរដ្ឋ​នៅ​ឃុំ​ទន្លេបិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ធ្វើ​ដំណើរ​តាម​ទូក​ចូល​គេហដ្ឋាន​វិញ បន្ទាប់​ពី​ទឹក​ជំនន់​ជន់​លិច​ផ្លូវ។
RFA

ប្រជាពលរដ្ឋ​​បាន​លើក​ឡើង​ថា អាជ្ញាធរ​ដែល​ចុះ​ស្រង់​ឈ្មោះ​អ្នក​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់ បែរ​ជា​មាន​ការ​រើស​អើង​ចំពោះ​ពួកគាត់ ដោយ​មេ​ភូមិ​លើក​ឡើង​ថា​ ពួក​គាត់​បោះ​ឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ឱ្យ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ជួយ។ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​បាន​មេ​ភូមិ​ព្រែករំដេងកើត បដិសេធ​ថា លោក​មិន​បាន​រើស​អើង​នោះ​ទេ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ចោទ​ប្រកាន់​មេ​ភូមិ​ថា បាន​​ប្រកាន់​បក្សពួក ហើយ​និយាយ​ស្ដី​សម្ដី​ធ្ងន់ធ្ងរ​មក​កាន់​​ពួក​គាត់​ នៅ​ពេល​ដែល​មេ​ភូមិ​ដើរ​ស្រង់​ឈ្មោះ​ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់។

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​រំដេង​​កើត ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម អ្នកស្រី ប៉េង នីន បាន​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​២៧ កញ្ញា ប្រធាន​ភូមិ​បាន​ដើរ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​មក​ដល់​មុខ​ផ្ទះ​អ្នកស្រី អ្នកស្រី​ក៏​បាន​ស្រែក​សួរ​ថា ជួយ​កត់​ឈ្មោះ​ពួក​គាត់​ផង ពីព្រោះ​ពួកគាត់​ក៏​ជា​អ្នក​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ដែរ ប៉ុន្តែ​មេ​ភូមិ​បែរ​ជា​មាន​ការ​រើសអើង​ចំពោះ​ពួក​គាត់ ហើយ​ក៏​បាន​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទៅ​កាន់​គាត់​ទៀត​ផង។

អ្នកស្រី ប៉េង នីន៖ «ខ្ញុំ​ថា ពូ​អើយ​ពូ កុំ​ដល់​ថ្នាក់​ហ្នុង​ពេក ធ្វើ​ឪ​គេ! គាត់​ថា​ហើយ​ថា​ទៀត ហើយ​ខ្ញុំ​ក៏​អត់​មិន​បាន ក៏​ថា​ធ្វើ​ឪ​គេ កុំ​ជេរ​គេ!...»

អ្នកស្រី​បន្ត​ថា សកម្មភាព​របស់​មេ​នេះ​ធ្វើ​ឱ្យ​ពួកគាត់​ដែល​ជា​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច។ អ្នកស្រី​ក៏​សូម​អំពាវនាវ​ដែរ​ថា កុំ​ឱ្យ​អាជ្ញាធរ​ទាំង​អស់​​​ប្រកាន់​ឥរិយាបថ​រើស​អើង​ និង​ទង្វើ​បែប​នេះ​ត​ទៅ​ទៀត​ចំពោះ​ប្រជាពលរដ្ឋ។

អ្នក​ភូមិ​ម្នាក់​ទៀត អ្នកស្រី លី មុំ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា សកម្មភាព​របស់​មេ​ភូមិ​នេះ គឺ​បាន​បង្ហាញ​ពី​ភាព​រើស​អើង​ចំពោះ​ពួកគាត់ ដែល​ធ្វើ​ឱ្យ​អ្នកស្រី​មិន​ស្ងប់​ចិត្ត​​​​ដោយ​សារ​ពាក្យ​សម្ដី​របស់​មេ​ភូមិ​នោះ​ដែរ៖ «មើល​អ្នក​ណា​លិចលង់ រួច​ទៅ​បងស្រី​ខ្ញុំ​ក៏​ថា ខ្ញុំ​ក៏​លិច​ដែរ​ក្រោម​ផ្ទះ! រួច​ថា អើ! បើ​លិច​ម៉េច​ឱ្យ​អា​សង្គ្រោះ​ជាតិ​ហ្នឹង​ជួយ...។ ជេរ​បង​ខ្ញុំ​អ៊ីចឹង ជេរ​ពួក​ខ្ញុំ​អ៊ីចឹង...»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មេ​ភូមិ​ព្រែក​រំដេងកើត​ លោក ហុង លីន បាន​បដិសេធ​ទាំង​ស្រុង ​ថា លោក​មិន​បាន​និយាយ​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​លោក​ក៏​មិន​ដែល​រើសអើង​ប្រជាពលរដ្ឋ​ខ្លួន​ឯង​នោះ​ដែរ ហើយ​ការ​ស្រង់​ឈ្មោះ​នោះ គឺ​មិន​ទាន់​ដល់​វេន​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។

លោក​បន្ត​ថា​ ចំពោះ​ការ​ចោទ​ថា គាត់​ប្រើ​ពាក្យ​​មិន​សមរម្យ​នោះ គឺ​ជា​ពាក្យ​មិន​ពិត​ទេ៖ «ខ្ញុំ​ថា​វា​អ៊ីចេះ! វា​ថា​រក​ខ្ញុំ​ជួយ ខ្ញុំ​ថា អញ​មិន​ទាន់​មក​ដល់​កន្លែង​សង្គ្រោះ​នោះ​ទេ ពីព្រោះ​អញៗ មក​ដើម្បី​ស្រង់​ឈ្មោះ​ទេ។ វា​ហៅ​យើង​ហ្នឹង​ឱ្យ​ទៅ​ជួយ​វា​ឥឡូវ​ហ្នឹង។ ថា​ខ្ញុំ​គ្រាន់តែ​ទៅ​ស្រង់​ឈ្មោះ​បង​ប្អូន​ណា​លិចលង់​តែ​ប៉ុណ្ណឹង​ទេ»

តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ទាំង​នោះ​សូម​ឱ្យ​អាជ្ញាធរ​ភូមិ​ទាំង​អស់​គប្បី​​កុំ​មាន​ការ​រើសអើង​ចំពោះ​ប្រជាពលរដ្ឋ​ ហើយ​មាន​ការ​សង្ស័យ​ចំពោះ​ប្រជាពលរដ្ឋ​ត​ទៅ​ទៀត ដែល​វា​អាច​នាំ​ទៅ​រក​ការ​រើសអើង​នឹង​គ្នា​គ្រប់​ទី​កន្លែង​អាច​ឈាន​ទៅ​រក​អស្ថិរភាព​សង្គម​ទៀត​ផង។

បញ្ហា​រើស​អើង​​ចំពោះ​អ្នក​ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រឆាំង​នេះ ត្រូវ​បាន​ប្រធាន​គណៈកម្មាធិការ​​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ចាម លោក សេង ស៊ាងលី បាន​មាន​ប្រសាសន៍​ថា ទង្វើ​រើសអើង​​ពី​សំណាក់​អាជ្ញាធរ​ភូមិ​តែង​តែ​កើត​ឡើង​ជា​ប្រចាំ​ទៅ​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សេង ស៊ាងលី៖ «មុន​បោះ​ឆ្នោត និង​ក្រោយ​បោះ​ឆ្នោត ភាគ​ច្រើន​នៃ​មេ​ភូមិ​តែង​តែ​មាន​ការ​រើស​អើង​គណបក្ស​នយោបាយ​ជានិច្ចកាល​អ៊ីចឹង​តែម្ដង ពីព្រោះ​អី​គាត់​មិន​បាន​គិត​ថា តួនាទី​ខ្លួន​ជា​មេ​ភូមិ ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ​ទូទៅ​ទេ ខ្លួន​ច្រើន​តែ​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ ជាពិសេស​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច​តែម្ដង»

លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា សូម​ឱ្យ​អាជ្ញាធរ​ភូមិ​ទាំង​អស់​ត្រូវ​ប្រកាន់​យក​តួនាទី​បម្រើ​ប្រជាពលរដ្ឋ គិតគូរ​ប្រយោជន៍​ប្រជាពលរដ្ឋ​ទូទៅ​ គប្បី​កុំ​មាន​ការ​រើស​អើង​និន្នាការ​នយោបាយ​​ ដើម្បី​ធានា​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ ជា​ជាង​ការ​បាត់​បង់​នូវ​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ។ លោក​ក៏​បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​ឱ្យ​កំណត់​​អាណត្តិ​ឱ្យ​មេ​ភូមិ​ឱ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ការ​ប្រកាន់​បក្ស​ពួក​ដែល​នាំ​ឱ្យ​មាន​ការ​រើសអើង​នៅ​ក្នុង​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
Share

អ្នក​អាន​អនាមិក

សូមជូនយោបលដល់ភ្នាក់ងារជួយសង្គ្រោះ។ លក្ខណវិនិច្ឆ័យដើម្បីទទួលបានអំណោយសង្រ្គោះ របស់អស់លោកមិនត្រឹមត្រូវទេ។ ពេលទឹកលិចភូមិស្រុក គឺលេចទាំងអស់គ្នា ប៉ះពាល់សេដ្ឋកិច្ច ដូច គ្នា។ ដូចនេះពេលចែកអំណោយត្រូវចែកទាំងអស់គ្នា និងស្មើៗគ្នា។ លោកអាចវាស់ចិត្តមនុស្សរង គ្រោះបានពេលរាប់សន្លឹកឆ្នោត!។ បើមិនជឿចាំឆ្នាំ ២០១៧-២០១៨ អស់លោកនឹងដឹងហើយ។

Oct 01, 2013 03:01 AM

អ្នក​អាន​អនាមិក

នាយករដ្ឋមន្រ្តីនិយាយពីកែទំរង់ស៊ីជំរៅ ឯមន្រ្តីថ្នាក់ក្រោមរួមទាំងលោកមេភូមិធ្វើឡប់នេះផងបែរជាស៊ីកាន់តែជ្រៅ!ណ្ហើយកំណែទំរង់ស៊ីជំរៅរបស់នាយករដ្ឋមន្រ្តីថ្មីមុខកញ្ចាស់នេះមិនអាចទៅមុខបានប៉ុន្មានជំហាននោះទេ គ្រាន់តែឈានជើងដើរ អាម៉ីអាថោងប៉ែងបាត់ទៅហើយ!!!

Sep 30, 2013 10:23 PM

ខ្មែរស្រឡាញ់ខ្មែរ

ពី ៉អង្គរបូរី

អូ! ព្រះពុទ្ធជាម្ចាស់ថ្លៃអើយ!..
ចាំខ្ញុំទៅជួយភ្លាមឥឡូវហ្នឹង!..កុំភ័យអីពុកម៉ែបងប្អូនអើយ!...
ទោះបីមេសង់គ្រោះជាតិបានយកលុយទិញឡានជិះ ឬវាបានបោកប្រាស់បងប្អូនឲ្យធើទៅចុះ!..
ទោះបីពុកម៉ែបងប្អូធ្លាប់បានយកអំនោយCPP ហើយបានបោះឆ្នោតឲ្យសង់គ្រោះក៏ដោយ ក៏ក្រុមការងារCPPខ្ញុំមិនឈឺចិត្តដែរ!!..រីករាយជួយទៀតដោយក្តីស្រឡាញ់!..
...ព្រោះយើងមានបេះដូងខ្មែរដូចគ្នា!!..ខ្មែរគឺតែ១!!!!!!!!!!'

Sep 29, 2013 12:18 PM

អ្នក​អាន​អនាមិក

_. បើគណបក្ស សង្គ្រោះជាតិ ជាអ្នកកាន់អំណាច វិញ បែរ ជាមិនជួយប្រជារាស្ត្រ ទប់ស្កាត់ទឹកជំនន់ ជាមុន និងជួយជន រងគ្រោះ អោយទាន់ពេលវេលា ទេ នោះ ! ប្រជារាស្ត្រទាំងអស់ត្រូវដេញគាត់ចេញពីអំណាច ! _. ប៉ុន្តែ អីឡូវ នេះ គាត់គ្មានអំណាច ក្នុងរដ្ឋាភិបាលជាអ្នក កាន់លុយផង នឹង . សូមពិចារណារ ផង .!

Sep 30, 2013 12:15 PM

សមាជិកCNRP

ពី Kg.Cham

យីអើវ៉ី!..បើដឹងគេរើសអើងអញ្ចឹងដែរម៉េចក៏ សង់គ្រោះជាតិ និងRFAឯងមិនតូវជួយភ្លាមតូវ!??..
បើតាមដឹងមេបក្សសង់គ្រោះជាតិយកលុយរៃអង្គាសនៅស្រុកបារាំងទិញឡាន570ជិះអស់ហើយ!..ចុះRFAឯងលុយបានមកខ្ចប់ៗមិនដែលឃើញធើCharityសោះ!..ជំនាញតែខាងញុះញុងបង្កររឿង!..

Sep 29, 2013 11:44 AM

សាច់កម្មជន

ពី កំពង់ចាម

ជយោ! សង់គ្រោះជាតិ!..អូស៍សង្គ្រោះជាតិ!..
ជួយផង!..ឥឡូវខ្ញុំជាពលរដ្ឋរងគ្រោះទឹកជំនន់ហើយ!..សង្គ្រោះជាតិអើយជួយផង!..
ចាំតើស៍!.ដល់យូរបានជួយ!..ទុកលុយទិញឡានជិះ និងធើបាតុកម្មវិញ!!!..
...ហាស៍ ហាស៍ ហា !!..ចាក់អង្ករយកអង្កាម!..

Sep 29, 2013 10:37 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល