​អាជ្ញាធរ​ភ្នំពេញ​មិន​ឱ្យ​​ខ្មែរ​កម្ពុជា​ក្រោម ​រំលឹកខួប​ថ្ងៃ​បាត់បង់​ទឹកដី​​នៅ​ទី​សាធារណៈ

ដោយ យន់ សាមៀន
2019-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះរាជ​តំណាង​របស់​ព្រះមហាក្សត្រ សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស យាង​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​ទី​៦៦ និង​គោរព​វិញ្ញាណខក្ខន្ធ។
ព្រះរាជ​តំណាង​របស់​ព្រះមហាក្សត្រ សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស យាង​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​ទី​៦៦ និង​គោរព​វិញ្ញាណខក្ខន្ធ។
Photo: RFA

សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ខួប ៧០​ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង​នៅ​ទីកន្លែង​សាធារណៈ​នោះ​ទេ ទោះបី​ក្នុង​ពិធី​នោះ មាន​តំណាង​ព្រះមហាក្សត្រ​ចូលរួម​ក៏ដោយ។ មន្ត្រី​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ចាញ់​មតិ និង​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី ៣០​ឧសភា​ថា ដោយសារ​តែ​​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​នេះ សហគមន៍​បាន​បង្ខំចិត្ត​ប្រារព្ធ​ពិធី​ខួប គម្រប់ ៧០​ឆ្នាំ​ នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​សហគមន៍ ដែល​មាន​អាសយដ្ឋាន​នៅ សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ វិញ៖ «សូម្បីតែ​យើង​ធ្វើ​កម្មវិធី​បញ្ចេញមតិ​ ក៏​យើង​មិនដែល​ឃើញ​សាលា​រាជធានី​នេះ​អនុញ្ញាត​ដែរ។ ឥឡូវ​ សូម្បីតែ​ធ្វើបុណ្យ​ហ្នឹង ​ក៏​មានការ​រឹតត្បិត​ដែរ»

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​​រៀបចំ​ខួប ៧០​ឆ្នាំ នៃ​ថ្ងៃ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ថ្ងៃទី៤ មិថុនា​ខាងមុខ​។ ពិធី​នេះ មាន​រៀបចំ​រាប់បាត្រ​ប្រគេន ព្រះសង្ឃ ១៩៤៩​អង្គ ជា​តំណាង​ឆ្នាំ​នៃ​ការបាត់បង់​ទឹកដី ដើម្បី​ឧទ្ទិស​កុសល​ជូន​ព្រះ​វិញ្ញាណក្ខន្ធ​​ព្រះ​វីរសមណៈ និង​បុព្វបុរស​ខ្មែរ​ស្នេហា​ជាតិ។ ពិធី​នេះ នឹង​មាន​មនុស្ស​ចូលរួម​ប្រមាណ​ពីរ​រយ​នាក់។ លិខិត​សាលា​រាជធានី​ភ្នំពេញ​ផ្ញើ​ទៅកាន់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឱ្យ​សហគមន៍​ធ្វើ​ពិធីបុណ្យ​បាត់បង់​ទឹកដី​នៅ​ក្នុង​ទីស្នាក់ការ​កណ្តាល​។ ដំបូង​ឡើយ​សហគមន៍​ស្នើ​ធ្វើ​ពិធី​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ខណ្ឌ​ឬស្សីកែវ។ សម្រាប់​ឆ្នាំនេះ ក៏ដូចជា​ឆ្នាំ​មុនៗ ​ដែរ ព្រះមហាក្សត្រ បាន​ប្រោស​ព្រះរាជទាន សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស យាង​ជា​តំណាង ក្នុង​ពិធី​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​។ សម្រាប់​ឆ្នាំនេះ សហគមន៍​ក៏​នឹង​មាន​កម្មវិធី​ពិសេស ជា​វេទិកា​បញ្ចេញ​មតិ​សាធារណៈ​សម្រាប់​យុវជន​បញ្ចេញមតិ​ទាក់ទង​ទៅ​នឹង​ខួប ៧០​ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម៖ «ដើម្បី​ឱ្យ​ពលរដ្ឋ​ហ្នឹង​ លោក​បាន​យល់​ថ្ងៃ ៤ មិថុនា ១៩៤៩ បារាំង​កាត់​ដី​ខ្មែរ​ឱ្យ​យួន​គ្រប់គ្រង​បន្ត»

អាណានិគម​បារាំង​ បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​ត្រួតត្រា​ទាំង​ខុសច្បាប់ ​កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ ១៩៤៩​។ ចាប់​តាំង​ពី​បាន​សិទ្ធិ​គ្រប់គ្រង​ពី​បារាំង​មក វៀតណាម​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់ ​ដើម្បី​បំបាត់​វប្បធម៌ អត្តសញ្ញាណ សាសនា និង​ទំនៀមទម្លាប់​ខ្មែរ​។ វៀតណាម​ក៏បាន​ធ្វើទុក្ខបុកម្នេញ​ចាប់ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ដាក់​ពន្ធនាគារ ដើម្បី​កុំ​ឱ្យ​ងើប​ប្រឆាំង​ការ​តវ៉ា​សិទ្ធិ​ជា​ជនជាតិ​ដើមកំណើត​។ លោក ថាច់ សេដ្ឋា អំពាវនាវ​ឱ្យ​ខ្មែរ​កម្ពុជា​ក្រោម​និង​ពលរដ្ឋ​គ្រប់រូប​ចូលរួម​ពិធី​នេះ ដោយ​បាន​ច្រើន​កុះករ។៖ «សូម​អំពាវនាវ​ដល់​ពលរដ្ឋ និង​ព្រះសង្ឃ​មេត្តា​ចូលរួម​រាប់បាត្រ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​វីរសមណៈ និង​បុព្វបុរស​ខ្មែរ»

ក្នុង​ឱកាស​នៃ​ខួប​លើក​ទី៧០ នៃ​ថ្ងៃ​ដែល​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម ឱ្យ​ទៅ​វៀតណាម​កាន់កាប់​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ក៏បាន​សហការ​គ្នា​ជាមួយ​អង្គការ​តំណាង​ឱ្យ​ប្រជាជាតិ និង​ប្រជាពលរដ្ឋ​ដែល​គ្មាន​តំណាង​នៅ​អង្គការសហប្រជាជាតិ (UNPO) និង​វិទ្យាស្ថាន​ហាវ៉ៃ ដើម្បី​សិទ្ធិមនុស្ស នឹង​រៀបចំ​សន្និសីទ​មួយ នៅ​ទី​ក្រុង​ឡាអេ នៅ​ថ្ងៃទី​១ ខែ​មិថុនា​។ សន្និសីទ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ទីតាំង​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​។ អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​ស្ដីពី​បញ្ហា​ខ្មែរ​ក្រោម និង​ការ​តស៊ូ ដើម្បី​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ជនជាតិ​ដើម​ភាគតិច នឹង​ជជែក​វែកញែក ផ្ដល់​បទ​បង្ហាញ​នានា សម្រាប់​ជា​ប្រយោជន៍​ដល់​ចលនា​តស៊ូ​របស់​ខ្មែរ​ក្រោម។

ព្រះភិក្ខុ សឺង យ៉ឹងរតនា មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ព្រះចៅ​អធិការ​វត្ត​ខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា (California) មាន​ថេរដីកា​ថា ប្រតិភូ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ប្រមាណ​ជិត ៣​រយ​នាក់ បាន​មក​ទល់ អឺរ៉ុប ដើម្បី​ចូលរួម​ពិធី​ខួប ៧០​ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ហើយ​។ ព្រះអង្គ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​មិន​ថា​ខ្មែរ​កណ្ដាល ឬ​ខ្មែរ​ក្រោម​ឡើយ ត្រូវ​ចូលរួម​ប្រារព្ធ​ខួប ៧០​ឆ្នាំ នៃ​ការ​បាត់បង​ទឹកដី​នេះ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី១ មិថុនា៖ «ការរៀបចំ​ខួប​៧០​ឆ្នាំ មាន​សារៈសំខាន់​ណាស់​ដោយសារតែ​ជា​ខួប​ ៧០​ឆ្នាំ​ដែល​ខ្មែរ​ក្រោម រាប់​​លាន​នាក់​​រស់​នៅ​​ក្រោម​​នឹម​​អាណានិគម យួន​ហើយ​យើង​រស់នៅ​ដោយ​គ្មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នៅ​ក្រោម​នឹម​អាណានិគម​យួន»

អ្នកយកព័ត៌មាន​អាស៊ីសេរី ក៏​នឹង​មាន​សេចក្ដីរាយការណ៍​ផ្ទាល់​ពី​ក្រុង​ឡាអេ ជូន​​លោក​​អ្នក​នាង​​នូវ​​ព្រឹត្តិការណ៍​​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល