សមាគម​ខ្មែរ​ក្រោម​រក្សា​ជំហរ​ទាមទារ​ទឹក​ដី​កម្ពុជា​ក្រោម​វិញ

ដោយ ខែ សុណង
2020-06-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ពិធី​ប្រារព្ធ​ខួប​ទិវា​កាន់​ទុក្ខ​ជាតិ​ខ្មែរ​លើក​ទី៧១ ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០ ដែល​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម។
សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ពិធី​ប្រារព្ធ​ខួប​ទិវា​កាន់​ទុក្ខ​ជាតិ​ខ្មែរ​លើក​ទី៧១ ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០ ដែល​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម។
រូប៖ ពលរដ្ឋ​ខ្មែរក្រោម

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ហៅ​ថ្ងៃ​ទី៤ ខែ​មិថុនា​ថា ជា​ថ្ងៃ​កាន់​ទុក្ខ​ជាតិ​ខ្មែរ​ដោយ សារ​បារាំង​កាត់​ដី​​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង​ទាំង​ខុស​ច្បាប់។ ពួក​គេ​នៅ​រក្សា​ជំហរ​ទាមទារ​ទឹក​ដី​កម្ពុជា ក្រោមមកវិញ។ ប៉ុន្តែអ្នកនាំពាក្យបក្ស កាន់អំណាចថា ការចង់បានទឹកដីកម្ពុជាមកវិញគ្រាន់តែ​ជា​អារម្មណ៍នឹកស្តាយស្រណោះទឹកដីតែប៉ុណ្ណោះ ប៉ុន្តែករណីជាក់ស្ដែងមិនអាចទាមទារបាន​មកវិញ​ឡើយ។

ប្រធាន​សហគម​ន៍ខ្មែរ​កម្ពុជា​ក្រោម​និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី​ ​លោក ​ថាច់ សេដ្ឋា លើក​ឡើង​ថា តាម​ផ្លូវ​ច្បាប់​ទឹក​ដី​ខ្មែរ​ក្រោម​មិន​ទាន់​ផុត​អាជ្ញាយុកាល​នៃ​ការ​ទាមទារ​នោះ​ទេ។ លោក​បញ្ជាក់​ថា ទឹកដី​កម្ពុជា​ក្រោម ​ឬ​កូសាំងស៊ីន​ដែល​មាន​​ខេត្ត​​​ចំនួន​២១ មិនមែន​ជា​ទឹក​ដី ដែល​ខ្មែរ​បោះបង់​ចោល ឬ​ប្រគល់​ទៅ​ឱ្យ​វៀតណាម​ដោយ​កិច្ចព្រមព្រៀង​ណា​មួយ​នោះ​ឡើយ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គឺ​អាណានិគម​បារាំង​ឃុបឃិត​ជាមួយ​វៀតណាម​ផ្ទេរ​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង៖ «ដូច្នេះ​បើ​យើង​និយាយ​ពី​អាជ្ញាយុកាល​នៃ​ច្បាប់​អត់​ផុត​ទេ ដូច្នេះ​បងប្អូន​បាន​សិក្សា​ពី​ច្បាប់​រួច​ហើយ​​ដូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​អំពី​ច្បាប់​ដីធ្លី​ដូច​ថា គេ​រំលោភ​យើង​គេ​នៅ​លើ​ដី​យើង​ចំនួន​ប្រាំ​ឆ្នាំ​ដោយ​គ្មាន​ការ​តវ៉ា ឬ​បោះបង់​ចោល​បាន​បាត់បង់​សិទ្ធិ ប៉ុន្តែ​បើ​មាន​គេ​តវ៉ា​គេ​ទាមទារ អាហ្នឹង​អាជ្ញាយុកាល​អត់​ផុត​នៅ​តែ​មាន​ដរាប។ ដូច្នេះ​ទឹក​ដី​ខ្មែរ​ក្រោម​ខ្មែរ​ក្រោម​មិន​ដែល​បោះបង់​ចោល​ម្ដង​ណា​ទេ»

លោក ថាច់ សេដ្ឋា​​ លើកឡើង​បែប​នេះ ក្នុង​ពិធី​ប្រារព្ធ​ខួប​ទិវា​កាន់​ទុក្ខ​ជាតិ​ខ្មែរ​លើក​ទី៧១ ថ្ងៃ​ទី៤ ខែ​មិថុនា​។​ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នៅ​ឆ្នាំ​នេះ មិន​បាន​ធ្វើ​ការ​ជួប​ជុំ​ធំ​ដុំ​នោះ​ទេ ហើយ​ក៏​មិន​បាន​យាង​ព្រះរាជ​តំណាង​ព្រះមហាក្សត្រ​ចូលរួម​ក្នុង​ពិធី​នេះ​ដែរ ដោយសារ​តែ​ការ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។

ចំណែក​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​បាន​ប្ដូរ រូប​លើ​ប្រូហ្វាល (Profile) របស់​ខ្លួន នូវ​រូប​សញ្ញា​កាន់​ទុក្ខ​ជា​រូប​ទង់​ជាតិ​កម្ពុជា​ក្រោម ដោយ​សរសេរ​ថា កាន់​ទុក្ខ​ជាតិ​ខ្មែរ ៤ មិថុនា ១៩៤៩ យួន​ត្រួតត្រា​កម្ពុជា​ក្រោម។

យុវជន​ខ្មែរក្រោម លោក ខឿន វី​រ៉ាត់ និយាយថា គោលបំណងនៃការកាន់ទុក្ខនេះដើម្បីផ្ញើសារ​ទៅ​រដ្ឋាភិបាលកុម្មុយនីសវៀតណាមត្រូវគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ក្នុងនាមជាម្ចាស់ទឹកដី​កម្ពុជា​ក្រោម។ លោកបន្តថា ខ្មែរក្រោមសព្វថ្ងៃស្ទើរបាត់បង់សិទ្ធិទទួលបានការអប់រំ ជំនឿសាសនា វប្បធម៌ប្រពៃណី និងទំនៀមទំលាប់ជាដើម៖ «ជា​សារ​ផ្ញើទៅរដ្ឋាភិបាលយួនត្រូវគោរពសិទ្ធិ​ប្រជាពលរដ្ឋកម្ពុជា ត្រូវគោរពពលរដ្ឋកម្ពុជាក្រោមក្នុងមានជាម្ចាស់ទឹកម្ចាស់ដី​នៅក្នុងថ្ងៃនេះខ្មែរ​ក៏ដោយអង្គការសមាគមខ្មែរកម្ពុជាក៏ដោយគឺធ្វើពិធីនេះឡើងក្នុងគោលដីរំលឹកជារៀងរាល់ឆ្នាំអំពីការបាត់សិទ្ធិពលរដ្ឋខ្មែរក្រោម»

ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មិន​យល់​ដូច្នេះ​ទេ។ លោក​យល់​ថា ប្រទេសបារាំងបានប្រគល់ទឹកដីកម្ពុជាក្រោមឱ្យវៀតណាមដោយស្របច្បាប់​និងត្រឹមត្រូវតាម​នីតិវិធី​រួច​រាល់អស់ហើយ។ លោក​បន្តថា ចំពោះឆន្ទៈពលរដ្ឋខ្មែរដែលចង់ទាមទារទឹកដីកម្ពុជាមកវិញ ជា​មនោសញ្ចេតនា និងការឈឺចាប់របស់បុគ្គល ប៉ុន្តែលោកថាតាមផ្លូវច្បាប់គឺមិនអាចទាមទារបាន​ឡើយ៖ «អញ្ចឹងខ្ញុំយល់ថា បងប្អូនដែលសោកស្ដាយចំពោះការបាត់បង់ទឹកដីកម្ពុជា​ក្រោមគ្រាន់តែ​ជា​មនោសញ្ចេតនារបស់បុគ្គលក៏ដូចបងប្អូនកម្ពុជាក្រោមដែលមានរាប់លាននាក់នៅពេលនោះ ប៉ុន្តែបើតាមផ្លូវច្បាប់ខ្ញុំយល់ថា អត់មានលទ្ធភាពក្នុងការទាមទារ»

សាស្ត្រា​ចារ្យ​ផ្នែក​ប្រវត្តិ​សាស្រ្ត និង​ខេមរ​វិទ្យា នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​កម្ពុជា លោក សំបូរ ម៉ា​ណ្ណា​រ៉ា យល់ថា ដើម្បី​អាច​ទាមទារ​ទឹក​ដី​មក​វិញ​ត្រូវ​ពង្រឹង​ចំណេះដឹង និង​រៀន​ពី​ប្រវត្តិសាស្ត្រ​ឲ្យ​បាន​ជ្រៅជ្រះ។ លោក​បន្ត​ថា​ បើ​ទោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​រង​ការ​រឹតត្បិត​ក្នុង​ការ​សិក្សា​ពី​ប្រវត្តិសាស្រ្ត​ក្តី ប៉ុន្តែ​ខ្មែរ​ក្រោម​អាច​រៀន​សូត្រ​ពី​ឪពុក​ម្តាយ និង​តាម​ប្រព័ន្ធ​អ៊ីនធើណែត៖ «ការ​បាត់បង់​ទឹក​ដី​ដោយសារ​យើង​បែកបាក់​ឬ​ក៏​ដោយសារ​យើង​រឹងមាំ​នេះ​ជា​ចំណុច​មួយ​ដែល​យើង​ត្រូវ​សិក្សា​រៀន​សូត្រ​អញ្ចឹង​ដើម្បី​ចងចាំ ៤ មិថុនា យើង​ត្រូវ​នាំ​គ្នា​សិក្សា​ប្រវត្តិសាស្ត្រ»

កម្ពុជា​បាន​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ឬ​កូសាំងស៊ីន​ដែល​មាន​​ខេត្ត​​​ចំនួន​២១​​កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩ ដោយសារ​តែ​បារាំង​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជាក្រោម​ទៅ​ឱ្យ​វៀតណាម​ទាំង​ខុស​ច្បាប់​និង​គ្មាន​ការ​យល់​ព្រម​ពី​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។

អគ្គលេខាធិការ​សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍ ​លោក សឺន ជុំជួន លើក​ឡើង​ថា ទឹកដីកម្ពុជា​ក្រោម​មិន​ទាន់​បាត់បង់​ឬ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​វៀតណាម​នោះ​ទេ។ លោក​បន្ត​ថា ផ្អែក​លើ​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​ឆ្នាំ១៩៤៦ ដែល​ចែង​មុន​ពេល​បារាំង​ផ្ទេរ​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​បាន​ចែង​ថា រដ្ឋ​ណា​មួយ ដែល​ខ្លួន​ឯង​មិន​មែន​ជា​ម្ចាស់​រដ្ឋ​នោះ​មិន​អាច​ផ្ទេ​សិទ្ធិ​ឱ្យ​ទៅ​ភាគី​ណាមួយ​នោះ​ទេ។

ចាប់តាំង​ពី​បាន​សិទ្ធិ​គ្រប់គ្រង​ពី​បារាំង​មក វៀតណាម​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​បំបាត់​វប្បធម៌ អត្តសញ្ញាណ សាសនា និង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ។ វៀតណាម​ក៏បាន​ធ្វើទុក្ខ​បុក​ម្នេញ​ចាប់​ព្រះសង្ឃនិង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ដាក់​ពន្ធនាគារ ដើម្បី​កុំ​ឱ្យ​ងើប​ប្រឆាំង​ឬ​តវ៉ា​សិទ្ធិ​ជា​ជនជាតិ​ដើមកំណើត។

កាល​ពី​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម​លើក​ទី៧០ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ធ្វើជា​យុទ្ធនាការ​មួយ​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​កំពុង​ស្រែក​ឃ្លាន សិទ្ធិ​សេរីភាព​ផ្នែក​សាសនា អក្សរសាស្ត្រ ជំនឿ និង​ប្រពៃណី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល